ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១០ឆ្នាំគត់នៃឃាតកម្មលើលោក បណ្ឌិត កែម ឡី។ រយៈពេលមួយទសវត្សរ៍ក្រោយការបាត់បង់អ្នកវិភាគនយោបាយដ៏ក្លាហានរូបនេះ រដ្ឋាភិបាលត្រកូលហ៊ុន ហាក់បានក្លាយជារបបដែលអាចប្រមូលផ្ដុំអំណាច និងដឹកនាំប្រទេសក្នុងកណ្ដាប់ដៃគ្រួសារតាមបែបជិះសេះលែងដៃ។
ត្រកូលហ៊ុន ដែលកាន់កាប់អំណាចស្ទើរគ្រប់ស្ថាប័នរដ្ឋ ហើយថែមទាំងមានឥទ្ធិពលលើព្រះរាជបល្ល័ង្កផងនោះ បានបន្តរឹតត្បិតសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋកាន់តែខ្លាំងឡើង ដោយប្រើយុទ្ធសាស្ត្រ «ងើបមួយ វៃមួយ»។ ក្នុងបរិយាកាសនៃការគំរាមកំហែងឥតឈប់ឈរនេះ ប្រជាពលរដ្ឋ និងបញ្ញវន្តមួយចំនួន បានជ្រើសរើសរស់នៅតាមរបៀប «ត្រីហែលបណ្ដោយទឹក» ដើម្បីរក្សាសុវត្ថិភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ មរតករបស់លោក បណ្ឌិត កែម ឡី មិនបានរសាត់បាត់ទៅតាមកាលវេលានោះឡើយ។ នៅតែមានមនុស្សមួយចំនួនហ៊ានបន្តដើរតាមមាគ៌ារបស់លោក ដោយមិនចុះញ៉ម និងមិនសុខចិត្តរស់នៅក្រោមការភ័យខ្លាច។ ពួកគេនៅតែបន្តក្រោកឈរតតាំងនឹងការដឹកនាំបែបផ្ដាច់ការរបស់ត្រកូលហ៊ុន ទោះបីដឹងថា ផ្លូវដែលពួកគេជ្រើសរើសពោរពេញទៅដោយឧបសគ្គ ការគំរាមកំហែង និងគ្រោះថ្នាក់ក៏ដោយ។
តើអ្វីជាក្ដីសង្ឃឹម ដែលធ្វើឱ្យមនុស្សមួយចំនួនជ្រើសរើសដើរតាមផ្លូវរបស់បណ្ឌិត កែម ឡី ?






