២៧​ឆ្នាំក្រោយ​ឃាតកម្ម អ្នកស្រី ពិសិដ្ឋ ពិលីកា នៅតែ​មិនទាន់​ទទួល​បាន​យុត្តិធម៌

អ្នកស្រី ពិសិដ្ឋ ពិលីកា នៅ​ក្នុង​ឈុត​សម្ដែង​ចម្រៀង​ខារ៉ាអូខេ​មួយ។ Screen-shot
អ្នកស្រី ពិសិដ្ឋ ពិលីកា នៅ​ក្នុង​ឈុត​សម្ដែង​ចម្រៀង​ខារ៉ាអូខេ​មួយ។ Screen-shot

រយៈពេល ២៧ ឆ្នាំ​បន្ទាប់ពី​តារាភាពយន្ត និង​អ្នក​រាំ​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ល្បីល្បាញ អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវ​បាន​បាញ់ប្រហារ សំណុំរឿង​ឃាតកម្ម​នេះ​នៅតែ​មិនទាន់​ត្រូវ​បាន​ដោះស្រាយ ខណៈ​គ្មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ឬ​ផ្ដន្ទាទោស​នៅឡើយ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​លើកឡើង​ថា ការដែល​ឃាតក​អាច​រួច​ផុត​ពី​ការទទួលខុសត្រូវ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ឆ្លុះបញ្ចាំង​ពី​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌ និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា។ ពួកគេ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត និង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ ទោះបី​សំណុំរឿង​ឃាតកម្ម​នេះ​បាន​កន្លងទៅ​ផុត​ទៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក៏ដោយ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា សំណុំរឿង​អ្នកស្រី ពិសិដ្ឋ ពិលីកា បើ​ពិនិត្យ​អំពី​ដំណើរការ​នីតិវិធី​ច្បាប់ មន្ត្រី​អនុវត្ត​ច្បាប់​ទាំងឡាយ ហាក់ដូចជា​បំភ្លេច​ចោល និង​កប់​ទុកចោល​បាត់​ទៅ​ហើយ​។ លោក ក៏​មិន​ដឹង​ថា ត្រូវ​រំពឹង​ទៅលើ​ការស្វែងរក​យុត្តិធម៌​តាមរបៀប​ណា​នោះ​ដែរ ពីព្រោះ​វា​បាន​បង្ហាញ​អំពី​ភាព​ទន់ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា គឺ​តុលាការ​គ្មាន​សមត្ថភាព គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ទៅលើ​អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​សម្លាប់​ក្រៅច្បាប់​នោះ​ទេ។

លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា លុះត្រា​តែ​មាន​កំណែទម្រង់ ទៅលើ​ប្រព័ន្ធ​អនុវត្ត​ច្បាប់ ឱ្យ​ច្បាស់លាស់ ម៉ឺងម៉ាត់ គឺ​ត្រូវ​ពិនិត្យមើល សមត្ថភាព​អ្នក​អនុវត្ត​ច្បាប់​ដែល​គ្មាន​សមត្ថភាព ដែល​មាន​តួនាទី​ដោយ​ការ​សូកប៉ាន់ គឺ​ត្រូវ​ដក​មន្ត្រី​ទាំងអស់​នោះ​ចេញ ហើយ​ជ្រើសរើស​អ្នក​អនុវត្ត​ច្បាប់ ដែល​មាន​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ និង​ត្រូវ​ផ្ដល់​សិទ្ធិអំណាច​ឱ្យ​ពួកគេ អនុវត្ត​ច្បាប់​ដោយ​ពុំ​មាន​ការភ័យខ្លាច នោះ​ទើប​អា​ចរក​យុត្តិធម៌​ទៅដល់​ជន​ទាំងឡាយ​ដែល​ត្រូវ​បាន​រងគ្រោះ​ដោយ​ការ​បាញ់​សម្លាប់​ក្រៅច្បាប់​បាន។

លោក ស៊ឹង សែនករុណា៖ «អ៊ីចឹង យើង​និយាយ​អំពី​ការ​រំពឹង​ទៅលើ​រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​យើង​មើល ឃើញ​ទាំងអស់គ្នា​ហើយ គឺ អឺ​បញ្ហា​ត្រង់​ទៅលើ​ការអនុវត្ត​ច្បាប់ ពីព្រោះ​ថាបើ​ករណី​ពាក់ព័ន្ធ​សំណុំរឿង​ធំៗ ហើយ​រឿង​នេះ​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ ទៅលើ​មេដឹកនាំ​ទៅទៀត គ្រួសារ​មេដឹកនាំ​ប្រទេស​ទៅទៀត អ៊ីចឹង វា​កាន់តែ​រឹតតែ​ឆ្ងាយ​ទៅ​ហើយ ដោយសារ​គ្មាន​មន្ត្រី​ណា​ហ៊ាន​បើក​ការស៊ើបអង្កេត​ទេ បើ​មន្ត្រី​ណា​ហ៊ាន​បើក​ការស៊ើបអង្កេត ត្រូវ​ត្រៀម ចិត្ត​ប្រឈម​ទៅ​នឹង​ការ​ដក​តំណែង ហើយ​ការ​រង​ការ​បំផ្លិចបំផ្លាញ អឺ​គាបសង្កត់​ផ្សេងៗ​ទៅទៀត អាច​ថា នឹង​ត្រូវ​រង​ទុក្ខ ដោយសារតែ​ការអនុវត្ត​ច្បាប់​របស់​ខ្លួនឯង​ហ្នឹងឯង»។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា មន្ត្រី​អនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង​ធំៗ គឺ​មន្ត្រី​តែងតែ​មិន​អើពើ ឬក៏​មិន​ហ៊ាន​ធ្វើ ពីព្រោះ​ខ្លាច ប៉ះពាល់​ទៅដល់​ខ្លួនឯង និង​គ្រួសារ​ខ្លួនឯង​។ ដូច្នេះ​លោក​ថា កុំ​រំពឹង​ថា រដ្ឋាភិបាល​ឬក៏​ប្រព័ន្ធ​នៃ​ការដឹកនាំ​នៅក្នុង​សង្គម​បច្ចុប្បន្ន អាច​ស្វែងរក​យុត្តិធម៌​បាន​ទៅលើ​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់។

អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​១៩៩៩ នៅ​ក្បែរ​ផ្សារ​អូរឫស្សី ក្នុង​រាជធានី​ភ្នំពេញ​។ អ្នកស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ប៉ុន្តែ​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​១៩៩៩ ក្នុង​វ័យ ៣៤ ឆ្នាំ ដោយសារ​របួស​ធ្ងន់ធ្ងរ។

ការ​ស្លាប់​របស់​អ្នកស្រី​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​សង្គម​កម្ពុជា និង​ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​សិល្បៈ​។ ក្រៅពី​ជា​តារាភាពយន្ត អ្នកស្រី​ក៏​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ជា​អ្នក​រាំ​របាំ​ព្រះរាជ​ទ្រព្យ​ផង​ដែរ។

ទោះជា​យ៉ាងណា រហូតមកដល់​បច្ចុប្បន្ន អាជ្ញាធរ​មិន​ទាន់​បាន​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​ដែល​នាំ​ទៅ​ដល់​ការកំណត់​អត្តសញ្ញាណ ឬ​ការ​ផ្តន្ទាទោស​ជន​ដៃដល់​ក្នុង​សំណុំ​រឿង​នេះ​នៅឡើយ។

ជុំវិញ​មូលហេតុ​នៃ​ឃាតកម្ម​នេះ អតីត​មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី ធ្លាប់​អះអាង​កន្លងមក​ថា ករណីនេះ​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រីកោណ ហើយ​បាន​ចោទប្រកាន់​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថា​មាន​ជាប់​ពាក់ព័ន្ធ ដោយ​ផ្អែកលើ​ឯកសារ​ដែល​លោក​អះអាង​ថា ទទួល​បាន​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ។

រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ​ជា​បន្តបន្ទាប់ ដោយ​ចាត់ទុកថា ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ។

អ្នកឃ្លាំមើល​សង្គម​មួយចំនួន​បាន​លើកឡើង​ថា ការដែល​ឃាតក​អាច​រួច​ផុត​ពី​ការទទួលខុសត្រូវ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ឆ្លុះបញ្ចាំង​ពី​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌ និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។ ពួកគេ​អះអាង​ថា ករណីនេះ​បាន​ប៉ះពាល់​ដល់​ទំនុកចិត្ត​សាធារណៈ​លើ​ស្ថាប័ន​យុត្តិធម៌ និង​បង្ហាញ​ពី​បញ្ហា​និទ្ទណ្ឌភាព​ក្នុង​សំណុំរឿង​ឃាតកម្ម​ដែល​មាន​ការចាប់អារម្មណ៍​ខ្ពស់។

អ្នកឃ្លាំមើល​សង្គម​ទាំងនោះ ក៏បាន​ប្រៀបធៀប​សំណុំ​រឿង​នេះ​ទៅ​នឹង​ឃាតកម្ម​លើ​បុគ្គល​ល្បីៗ​មួយចំនួន​ទៀត រួមមាន​មេដឹកនាំ​សហជីព លោក ជា វិជ្ជា អ្នកការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី ដែល​ពួកគេ​អះអាង​ថា នៅតែ​ពិបាក​ក្នុង​ការ​ស្វែងរក​យុត្តិធម៌។

ក្រោយ​រយៈពេល ២៧ ឆ្នាំ សំណុំរឿង​ឃាតកម្ម​លើ​អ្នកស្រី ពិសិដ្ឋ ពិលីកា នៅតែ​ស្ថិត​ក្នុងចំណោម​សំណុំរឿង​ដ៏​ល្បី​មួយ​ដែល​មិនទាន់​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​កម្ពុជា ខណៈ​ក្រុម​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​សង្គម បន្ត​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ប្រកបដោយ​ឯករាជ្យ និង​តម្លាភាព ដើម្បី​ស្វែងរក​ការពិត និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ