មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា

0
7
ទឹកជំនន់នៅ​តំបន់ជីផាត នាខេត្ត​កោះកុង កាល​ពីថ្ងៃទី១៣ កក្កដា ២០២៦។ រូប៖ បណ្ដាញសង្គម
ទឹកជំនន់នៅ​តំបន់ជីផាត នាខេត្ត​កោះកុង កាល​ពីថ្ងៃទី១៣ កក្កដា ២០២៦។ រូប៖ បណ្ដាញសង្គម

ពលរដ្ឋ​ម្នាក់​ជា​អ្នកនេសាទ​នៅ​ខេត្តកោះកុង​បាន​ស្លាប់​នៅ​ថ្ងៃទី​១៣ កក្កដា ដោយសារ​ព្យុះភ្លៀង ខ្យល់​កន្ត្រាក់ បក់​ទូក​នេសាទ​របស់​គាត់​ក្រឡាប់​លិច​នៅ​កណ្តាល​សមុទ្រ​។ ជំនន់​ទឹកភ្លៀង​ក៏​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ដំណាំ ផ្លូវថ្នល់ ស្ពាន ផ្ទះ​ពលរដ្ឋ ខណៈ​ពលរដ្ឋ​មួយចំនួន​ជាប់​គាំង​នៅ​តំបន់​ភ្នំ ក្រោយ​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក ចាប់ពី​ថ្ងៃទី​១០ ដល់​១៣ កក្កដា។

ក្រៅពី​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​នៅ​តំបន់​ទំនាប​កណ្តាល​ជួរ​ភ្នំក្រវាញ បង្ក​ជា​ទឹកជំនន់​រហ័ស ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​រង​ផល​ប៉ះពាល់ ដូចជា​ខេត្តបាត់ដំបង កោះកុង ព្រះសីហនុ កំពង់ស្ពឺ ពោធិ៍សាត់ កំពត ផ្នែក​ខ្លះ​នៃ​ខេត្ត​ប៉ៃលិន និង​តំបន់​ឆ្នេ​សមុទ្រ​ផង​ដែរ​។

នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ បណ្តាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​យ៉ាង​គំហុក ធ្វើ​ឲ្យ​លិច​ផ្លូវ ស្ពាន ស្រែ​ចំការ និង​ប៉ះពាល់​យ៉ាងដំណំ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ចំណែក​ចំណុច​ចំការ​ស្ទឹង អាជ្ញាធរ​បាន​ជម្លៀស​សំភារៈ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់មាត់​ស្ទឹង ទៅ​ទីទួល​មាន​សុវត្ថិភាព និង​ត្រៀមលក្ខណៈ​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ផង​ដែរ។

មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តបាត់ដំបង បាន​បើកទ្វារ​ទឹក​អាង​ពហុ​បំណង​បាត់ដំបង សេក​សក ដើម្បី​បន្ធូរ​បរិមាណ​ទឹក​ដែល​ពេញ និង​ដើម្បី​ទប់ទល់​ពេល​មាន​ភ្លៀង​ធ្លាក់​បន្ថែម​។ នេះ​បើ​តាម​សេចក្តី​ជូន ដំណឹង​របស់​មន្ទីរ​ធ​ន​ធាន​ទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង ចុះ​ថ្ងៃទី​១៣ កក្កដា​នេះ។

ចំណែក នៅ​ខេត្តកោះកុង​វិញ ជំនន់​ទទឹកភ្លៀង​បាន​ហូរ​ខ្លាំង​ពី​តំបន់​ជួរ​ភ្នំ ហើយ​អាជ្ញាធរ​ប្រកាស​ផ្អាក​ទទួលភ្ញៀវ​ទេសចរ​មក​កម្សាន្ត​បណ្ដោះអាសន្ន នៅ​តំបន់​ទេសចរណ៍ធម្មជាតិ ឃុំ​ដងពែង ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ចាប់ពី​ថ្ងៃទី​១២ កក្កដា នេះ បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​ហូរ​យ៉ាង​សន្ធោសន្ធៅ ដែល​បង្ក​ការ​លំបាក​ដល់​ភ្ញៀវ​ទេសចរ។ សហគមន៍​ទេសចរណ៍​ជីផាត ខេត្ត​កោះកុង ក៏បាន​ប្រកាស​ផ្អាក​ដំណើរការ​កំពង់ចម្លង​(​ស្រឡាង​)​ជា​បណ្ដោះអាសន្ន​ផង​ដែរ ចាប់ពី​ថ្ងៃទី​១២ ខែ​កក្កដា តទៅ ដោយសារ​ទឹកស្ទឹង​ជីផាត ហក់​ឡើង​ខ្ពស់ និង​មាន​ល្បឿន​ហូរ​ខ្លាំង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​។ ទោះជា​យ៉ាងណា​នៅ​ថ្ងៃទី​១៣ កក្កដា​នេះ ទឹកភ្លៀង​បាន​ស្រក​ជា​បណ្តើរ​នៅ​តំបន់​ជីផាត ខេត្ត​កោះកុង​នេះ។

នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ភ្ញៀវ​ទេសចរណ៍​ចំនួន ២៥​នាក់ បាន​ជាប់​គាំង​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ចំណុច​ស្ទឹង​អូរស្លារ ក្នុង​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ អាជ្ញាធរ​ស្រុក​កំពង់​សិលា ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ កក្កដា ថា ភ្ញៀវ​ទេសចរណ៍​ទាំង​នោះ​បាន​ជាប់​គាំង ចាប់​តាំង​ពី​ថ្ងៃទី​១២ កក្កដា ហើយ​អាជ្ញាធរ​ស្រុក បាន​អន្តរាគមន៍​ជួយ​ពួកគាត់​រួចរាល់ នៅ​ថ្ងៃទី១៣ កក្កដា ដោយ​ប្រើប្រាស់​ក្បូន ដើម្បី​ជួយ​ចម្លង​ពួកគេ និង​ម៉ូតូ​សរុប ១៧​គ្រឿង ទាំងអស់​មកកាន់​ទីទួល​សុវត្ថិភាព ដោយ​ជោគជ័យ​។​

រីឯ​នៅ​ខេត្តកំពង់ស្ពឺ ទឹក​បន្ត​ហូរ​ចុះ ពីលើ​ភ្នំ​យ៉ាង​គំហុក ធ្វើ​ឲ្យ​បាក់​ស្ពាន បង្ក​ផល​លំបាក​ដល់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ការ​ឡើង​និង​ចុះ​ភ្នំ​។ ក្មេងស្រី​ម្នាក់​ឈ្មោះ វឿន ស្រីនិច ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​អូរ​ឈើ​នាង ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​ជាប់​នៅ​ទំនប់​បង្ហៀរទឹក ក្រោយ​យុវតី​រូប​នោះ​បាន​ឆ្លង​ទឹក​ចំ​ពេល​ទឹក​ហូរ​ខ្លាំង បណ្ដាល​អោយ​គួច​ធ្លាក់ ទៅ​ទើរ​លើ​មែកឈើ ស្របពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​ថ្ងៃទី​១២ ខែ​កក្កដា​។ អាជ្ញាធរ​បាន​អន្តរាគមន៍​ជួយ​ក្មេងស្រី​រូប​នោះ​រួចរាល់ នៅ​ថ្ងៃ​ដដែល។

មន្ត្រី​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហគមន៍​បាន​ជម្លៀស​ភ្ញៀវ​ទេសចរ ជាង​៥០០​នាក់ (៥៥១​នាក់​) ចេញពី​តំបន់​ទេសចរ​ភ្នំ​ខ្នង​ផ្សារ​ទៅ​ទីទួល​មាន​សុវត្ថិភាព នៅ​ថ្ងៃទី​១៣ កក្កដា​នេះ​។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ។

អាជ្ញាធរ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ​ដល់ ភ្ញៀវ​ទេសចរ​និង​ប្រជាពលរដ្ឋ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ជៀសវាង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​ភ្នំ​នានា ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ និង​ធ្វើ​ឱ្យ​កម្រិត​ទឹកស្ទឹង និង​អូរ​មួយ​ចំនួន​កើន​ឡើង​ខ្ពស់។

ករណី​ជំនន់​ទឹកភ្លៀង​នេះ បណ្តាល​មក​ពី​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ព្យុះ​ទី​៩ បាវី បាន​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។ ព្យុះ​ទី​៩ ជះឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូសុង​និរតី ដែល​បក់​លើ​ឈូង​សមុទ្រ​បេងហ្គាល សមុទ្រ​អាន់ដាម៉ាន់ សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង រួម​ជាមួយ​ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់ៗ។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៣ កក្កដា​នេះ​ថា ព្យុះ​នេះ នឹង​បាត់​ទៅវិញ​នៅ​ថ្ង​ទី​១៥ កក្កដា ខាងមុខ ប៉ុន្តែ​កម្ពុជា​នឹង​បន្ត​ជួប​ព្យុះ​ជា​បន្តបន្ទាប់​ទៀត​គឺ​ព្យុះ​ទី​១១ ឈ្មោះ ហៃសិន នឹង​បន្ត​ឥទ្ធិពល​រហូតដល់​ថ្ងៃទី​១៧ កក្កដា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ