

ពលរដ្ឋម្នាក់ជាអ្នកនេសាទនៅខេត្តកោះកុងបានស្លាប់នៅថ្ងៃទី១៣ កក្កដា ដោយសារព្យុះភ្លៀង ខ្យល់កន្ត្រាក់ បក់ទូកនេសាទរបស់គាត់ក្រឡាប់លិចនៅកណ្តាលសមុទ្រ។ ជំនន់ទឹកភ្លៀងក៏កំពុងបង្កផលប៉ះពាល់ដល់ដំណាំ ផ្លូវថ្នល់ ស្ពាន ផ្ទះពលរដ្ឋ ខណៈពលរដ្ឋមួយចំនួនជាប់គាំងនៅតំបន់ភ្នំ ក្រោយភ្លៀងធ្លាក់យ៉ាងគំហុក ចាប់ពីថ្ងៃទី១០ ដល់១៣ កក្កដា។
ក្រៅពីបង្កឱ្យមានមនុស្សស្លាប់ ភ្លៀងបន្តធ្លាក់ខ្លាំងនៅតំបន់ទំនាបកណ្តាលជួរភ្នំក្រវាញ បង្កជាទឹកជំនន់រហ័ស ធ្វើឲ្យខេត្តមួយចំនួនរងផលប៉ះពាល់ ដូចជាខេត្តបាត់ដំបង កោះកុង ព្រះសីហនុ កំពង់ស្ពឺ ពោធិ៍សាត់ កំពត ផ្នែកខ្លះនៃខេត្តប៉ៃលិន និងតំបន់ឆ្នេសមុទ្រផងដែរ។
នៅស្រុកសំឡូត ខេត្តបាត់ដំបង ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្តាលឲ្យមានជំនន់ទឹកភ្លៀងហក់ឡើងយ៉ាងគំហុក ធ្វើឲ្យលិចផ្លូវ ស្ពាន ស្រែចំការ និងប៉ះពាល់យ៉ាងដំណំដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ចំណែកចំណុចចំការស្ទឹង អាជ្ញាធរបានជម្លៀសសំភារៈរបស់ប្រជាពលរដ្ឋដែលរស់នៅជាប់មាត់ស្ទឹង ទៅទីទួលមានសុវត្ថិភាព និងត្រៀមលក្ខណៈក្នុងការជម្លៀសប្រជាពលរដ្ឋផងដែរ។
មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង បានបើកទ្វារទឹកអាងពហុបំណងបាត់ដំបង សេកសក ដើម្បីបន្ធូរបរិមាណទឹកដែលពេញ និងដើម្បីទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម។ នេះបើតាមសេចក្តីជូន ដំណឹងរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ចុះថ្ងៃទី១៣ កក្កដានេះ។
ចំណែក នៅខេត្តកោះកុងវិញ ជំនន់ទទឹកភ្លៀងបានហូរខ្លាំងពីតំបន់ជួរភ្នំ ហើយអាជ្ញាធរប្រកាសផ្អាកទទួលភ្ញៀវទេសចរមកកម្សាន្តបណ្ដោះអាសន្ន នៅតំបន់ទេសចរណ៍ធម្មជាតិ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ចាប់ពីថ្ងៃទី១២ កក្កដា នេះ បន្ទាប់ពីជំនន់ទឹកភ្លៀងហូរយ៉ាងសន្ធោសន្ធៅ ដែលបង្កការលំបាកដល់ភ្ញៀវទេសចរ។ សហគមន៍ទេសចរណ៍ជីផាត ខេត្តកោះកុង ក៏បានប្រកាសផ្អាកដំណើរការកំពង់ចម្លង(ស្រឡាង)ជាបណ្ដោះអាសន្នផងដែរ ចាប់ពីថ្ងៃទី១២ ខែកក្កដា តទៅ ដោយសារទឹកស្ទឹងជីផាត ហក់ឡើងខ្ពស់ និងមានល្បឿនហូរខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ។ ទោះជាយ៉ាងណានៅថ្ងៃទី១៣ កក្កដានេះ ទឹកភ្លៀងបានស្រកជាបណ្តើរនៅតំបន់ជីផាត ខេត្តកោះកុងនេះ។
នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ភ្ញៀវទេសចរណ៍ចំនួន ២៥នាក់ បានជាប់គាំងដោយសារជំនន់ទឹកភ្លៀង នៅចំណុចស្ទឹងអូរស្លារ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ អាជ្ញាធរស្រុកកំពង់សិលា ឲ្យដឹងនៅថ្ងៃទី១៣ កក្កដា ថា ភ្ញៀវទេសចរណ៍ទាំងនោះបានជាប់គាំង ចាប់តាំងពីថ្ងៃទី១២ កក្កដា ហើយអាជ្ញាធរស្រុក បានអន្តរាគមន៍ជួយពួកគាត់រួចរាល់ នៅថ្ងៃទី១៣ កក្កដា ដោយប្រើប្រាស់ក្បូន ដើម្បីជួយចម្លងពួកគេ និងម៉ូតូសរុប ១៧គ្រឿង ទាំងអស់មកកាន់ទីទួលសុវត្ថិភាព ដោយជោគជ័យ។
រីឯនៅខេត្តកំពង់ស្ពឺ ទឹកបន្តហូរចុះ ពីលើភ្នំយ៉ាងគំហុក ធ្វើឲ្យបាក់ស្ពាន បង្កផលលំបាកដល់ភ្ញៀវទេសចរណ៍ក្នុងការឡើងនិងចុះភ្នំ។ ក្មេងស្រីម្នាក់ឈ្មោះ វឿន ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិអូរឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជាប់នៅទំនប់បង្ហៀរទឹក ក្រោយយុវតីរូបនោះបានឆ្លងទឹកចំពេលទឹកហូរខ្លាំង បណ្ដាលអោយគួចធ្លាក់ ទៅទើរលើមែកឈើ ស្របពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី១២ ខែកក្កដា។ អាជ្ញាធរបានអន្តរាគមន៍ជួយក្មេងស្រីរូបនោះរួចរាល់ នៅថ្ងៃដដែល។
មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍បានជម្លៀសភ្ញៀវទេសចរ ជាង៥០០នាក់ (៥៥១នាក់) ចេញពីតំបន់ទេសចរភ្នំខ្នងផ្សារទៅទីទួលមានសុវត្ថិភាព នៅថ្ងៃទី១៣ កក្កដានេះ។ នេះបើតាមសារព័ត៌មានក្នុងស្រុកបានចុះផ្សាយ។
អាជ្ញាធរស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរកម្សាន្តតាមតំបន់ភ្នំនានា ខណៈភ្លៀងនៅតែបន្តធ្លាក់ និងធ្វើឱ្យកម្រិតទឹកស្ទឹង និងអូរមួយចំនួនកើនឡើងខ្ពស់។
ករណីជំនន់ទឹកភ្លៀងនេះ បណ្តាលមកពីប្រទេសកម្ពុជាទទួលឥទ្ធិពលពីព្យុះទី៩ បាវី បានធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាជំនន់ទឹកភ្លៀង។ ព្យុះទី៩ ជះឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង រួមជាមួយខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងនៅថ្ងៃ១៣ កក្កដានេះថា ព្យុះនេះ នឹងបាត់ទៅវិញនៅថ្ងទី១៥ កក្កដា ខាងមុខ ប៉ុន្តែកម្ពុជានឹងបន្តជួបព្យុះជាបន្តបន្ទាប់ទៀតគឺព្យុះទី១១ ឈ្មោះ ហៃសិន នឹងបន្តឥទ្ធិពលរហូតដល់ថ្ងៃទី១៧ កក្កដា៕









