អាជ្ញាធរ​ថៃ​បាន​បញ្ឈប់​ការរុករក ពលករ​ខ្មែរ​ចំនួន​២​នាក់​ដែល​បាត់បង់​ខ្លួន ក្នុង​ហេតុការណ៍​លិច​ទូក​នេសាទ ក្នុង​ដែន​សមុទ្រ​ថៃ

ទិដ្ឋភាពទូកនេសាទថៃ​ដែល បាត់ដំណឹង កាល​ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពទូកនេសាទថៃ​ដែល បាត់ដំណឹង កាល​ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នកការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន ប្រកាស រំសាយ​ក្រុមការងារ​រុករក និង​ជួយសង្គ្រោះ ក្នុង​ហេតុការណ៍​លិច​ទូក​នេសាទ របស់​ថៃ​នៅក្នុង ខេត្ត​ត្រាត ដែល​មាន ពលករ​ខ្មែរ ចំនួន​ចំនួន​៤​នាក់ រួម​នឹង​ជនជាតិ​ថៃ​ម្នាក់ បាន​ស្លាប់ និង​បាត់​ខ្លួន អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ខណៈ​អាជ្ញាធរ បាន​រក​ឃើញ​សាកសព​មនុស្ស​៣​នាក់ និង​មនុស្ស​ពីរ​នាក់​ទៀត ដែល​ជា​ជនជាតិ​ខ្មែរ រក​ពុំ​ទាន់​ឃើញ​នោះ​ឡើយ។

អស់​រយៈពេល​១៤ ថ្ងៃ​ហើយ ដែល​ពលករ​ខ្មែរ ចំនួន​៤​នាក់ និង​ជនជាតិ​ថៃ​ម្នាក់​ដែល ធ្វើការ​លើ​ទូក​នេសាទ ក្នុង​ដែនសមុទ្រ ខេត្ត​ត្រាត ប្រទេស​ថៃ ជួប​ឧប្បត្តិហេតុ ទូក​លិច​បណ្ដាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​២​នាក់​ទៀត បាត់​ខ្លួន ដោយ​រក​ពុំ​ទាន់​ឃើញ​នោះ​ឡើយ​។ អ្នកការពារ​សិទ្ធិ​ពលករ​ខ្មែរ យល់ថា ករណីនេះ​រដ្ឋាភិបាល និង​មន្ត្រី​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ គួរតែ​តាមដាន និង​រក​ហេតុផល​ពិតប្រាកដ​នៃ​ការ​លិច​ទូក​នោះ ដើម្បី​ទាមទារ សំណង​ពី​ថៅកែ​ថៃ ផ្ដល់​ជូន​គ្រួសារ​ជនរងគ្រោះ ឱ្យ​បាន​សមរម្យ។

មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ​នៃ​អង្គការ​សង់ត្រាល់ លោក លឹង សុផុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា​ថា ចាប់តាំងពី​មាន​ហេតុការណ៍​ទូក​លិច​ក្នុង​ដែនសមុទ្រ ខេត្ត​ត្រាត ប្រទេស​ថៃ​មក មាន​ពលករ​ខ្មែរ​ចំនួន​២​នាក់ និង​ជនជាតិ​ថៃ​ម្នាក់ បាន​រក ឃើញ​ថា ស្លាប់ ហើយ​សាកសព​ទាំងនោះ អាជ្ញាធរ​ថៃ បញ្ជូន​ទៅ​បូជា​នៅ​ទី​រួម​ខេត្ត​ត្រាត ចំណែក ពលករ​ខ្មែរ​ពីរ​នាក់​ទៀត រក​ពុំ​ទាន់ ឃើញ​នោះ​ទេ។

លោក លឹង សុផុន បាន​ឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នេះ អាជ្ញាធរ​ថៃ បាន​ប្រើប្រាស់​ក្រុមការងារ​ជាច្រើន​រួមមាន កងទ័ពជើងទឹក​ដែនសមុទ្រ គណៈកម្មការ​រក្សា​លំហ​សន្តិសុខ​សមុទ្រ ក្រុមការងារ ជួយសង្គ្រោះ និង មាន​ទាំង​កងទ័ព​ជើង​អាកាស ក្នុង​ការ​ប្រើប្រាស់​យន្តហោះ​មើល​ពីលើ អស់​រយៈពេល​ជាង​១០​ថ្ងៃ រក​ឃើញ​ត្រឹមតែ​៣​នាក់​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា លោក​ថា មក​ទល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​នោះ​ទេ ថា​តើ​ដើមហេតុ​ចម្បង​អ្វីខ្លះ បាន​ធ្វើ​ឱ្យ​ទូក​នោះ​លិច​ទឹក នោះ​ឡើយ ក្រៅ​តែ​ពី​ការ​សន្និដ្ឋាន ជាបឋម​ថា លិច​ដោយសារ​ខ្យល់ព្យុះ​។ ដូច្នេះ លោក​ទទូច​ឱ្យ​មន្ត្រី​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ថៃ គួរតែ​តាមដាន​លើ​ករណីនេះ ដើម្បី​ឱ្យ​ភាគី​ថៃ គិតគូរ និង​ធានា​សុវត្ថិភាព​ជូន​ពលករ​ខ្មែរ ដែល​ធ្វើការ​លើ​ទូក​នេសាទ​ឱ្យ​បាន​ត្រឹមត្រូវ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ធ្វើការ​ចុះទូក ប្រចាំ​ខេត្ត​ត្រាត មាន​ជាង​១​ម៉ឺន​នាក់ ដែល​ភាគី​ច្រើន ពួកគាត់​មក ធ្វើការ​ដោយ​ស្របច្បាប់ ហើយ​មក​ជា លក្ខណៈ​ជា​គ្រួសារ​ត​ជំនាន់​។ បន្ថែម​ពីលើ​នោះ លោក​ទទូច​ឱ្យ​មន្ត្រី​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ថៃ ជួយ​សម្របសម្រួល ដាក់ពាក្យ​បណ្ដឹង ទៅកាន់​អាជ្ញាធរ​ថៃ និង​ថៅកែ ដើម្បី​ឱ្យ​ផ្ដល់​សំណង​ដល់​គ្រួសារ ជូន​រងគ្រោះ​ដែល​បាន​ស្លាប់ ទៅតាម​ច្បាប់​ថៃ ព្រោះ​បារម្ភ​ថា ប្រសិនបើ មន្ត្រី​ឯកអគ្គរាជទូត​ខ្មែរ មិន​ជួយ​អើពើ​ទេ ពលករ​ខ្មែរ​ស្លាប់ ទៅ​ដោយ​គ្មាន​ការទទួលខុសត្រូវ ពី​សំណាក់​អ្នក​ពាក់ព័ន្ធ។

លោក លឹង សុផុន៖ «ស្ថានទូត ឬក៏​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដូចជា​កុងស៊ុល​អញ្ចឹង​ណា៎ ជួយ​ដំណើរការ​ទាមទារ​ប្រាក់​សំណង​។ ខ្ញុំ​គិតថា​វា​មិន​ពិបាក​ទេ បាទ​! ឱ្យ​តែ​មាន​អ្នក​នាំ​ជួយ​ធ្វើ ជួយ​រៀបចំ​ឯកសារ​អញ្ចឹង​ណា៎​។ តែ​បើសិនជា​អត់​មាន​ទេ ភាគច្រើន​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ថៃ​ហ្នឹង គាត់​មិន​ដឹង​ថា​តើ​ធ្វើ​យ៉ាងម៉េច​អញ្ចឹង​ណា៎ បាទ​។ ហើយ​ទាក់ទង​រឿង​ថៅកែ ពេលខ្លះ​ទាមទារ​ប្រាក់​សំណង​ហ្នឹង គេៗ​ជួយ​ឯកសារ ជួយ​អី​អញ្ចឹង​ឯង ហើយ​កន្លែង​ខ្លះ​វា​តម្រូវការ​ឯកសារ​ពាក់ព័ន្ធ​អញ្ចឹង​ដែរ»។

មក​ទល់​ពេល​នេះ ទូរទស្សន៍​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទំនាក់ទំនង គ្រួសារ​ជនរងគ្រោះ ដើម្បី​បញ្ជាក់ បន្ថែម ជុំវិញ​រឿង​នេះ​បានទេ​។ ប៉ុន្តែ​យ៉ាងណា កាលពី​ថ្ងៃទី​១៧ ខែកក្កដា គេ​ឃើញ​មាន​សារព័ត៌មាន ក្នុងស្រុក បាន​ចុះផ្សាយ​អំពី​គ្រួសារ ជនរងគ្រោះ​ម្នាក់ នៅ​ខេត្តកំពត បាន​រៀបចំ​ពិធីបុណ្យ ខួប​៧​ថ្ងៃ នៃ​ការ​ស្លាប់​ប្ដី ឈ្មោះ ឃឹម ឡាច អាយុ​៤៨ នៅក្នុង​ហេតុការណ៍​លិច​ទូក​នេសាទ​នៅ​ប្រទេស​ថៃ នោះ​។ ប៉ុន្តែ ការរៀបចំ​ពិធីបុណ្យ ខួប​៧​ថ្ងៃ​នោះ គឺ​មាន​តែ​ត្រឹមតែ​រូបថត​មួយ​សន្លឹក និង​ទៀន​ធូប ដាក់​តំណាង​ប៉ុណ្ណោះ ខណៈ​សាកសព​រក​ពុំ​ឃើញ​នោះ​ឡើយ។

មូលនិធិ​សង្គ្រោះ​មនុស្សធម៌​ជួយ​ខេត្ត​ត្រាត​ប្រទេស​ថៃ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន បង្ហាញ​ថា សាកសព​ដែល​រក​ឃើញ​ក្នុង​ហេតុការណ៍​លិច​ទូក​នោះ មាន ឈ្មោះថា យឹម ទិត្យ (Tit Yim ) ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ឈ្មោះ​នួន វណ្ណថង (Wanthong Nuan) ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ដែល​ជា​ពលករ​ខ្មែរ និង​សាកសព​ជនជាតិ​ថៃ​ម្នាក់ ឈ្មោះ តារ៉េត ពុទ្ធាកាសឹម (Tadet Putthakasem ) ភេទ​ប្រុស អាយុ​៣១ឆ្នាំ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា និង​មន្ត្រី​ស្ថានទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន ទេ​នៅ​ថ្ងៃទី ២៣ ខែ កក្កដា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

រហូត​មក​ទល់​ពេលនេះ គេ​នៅ​ពុំ​ទាន់​មាន​មន្ត្រី​រដ្ឋាភិបាល និង មន្ត្រី​ស្ថានទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ថៃ ចេញ​សារ ឬ​សេចក្ដីថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ ករណី​ពលករ​ខ្មែរ​លិច​ទូក​ស្លាប់​នៅ​ប្រទេស​ថៃ​នោះ​ដែរ បើ​ទោះ​បីជា សារព័ត៌មាន​ថៃ​បាន​ចុះ​ផ្សព្វផ្សាយ​ព្រោងព្រាត​ក្ដី។

កន្លងទៅ​អង្គការ​សង់ត្រាល់ ធ្លាប់​បាន​ចេញ​របាយការណ៍​រក​ឃើញ​ថា ពលករ​ខ្មែរ ដែល​ធ្វើការ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ ប្រឈម​បញ្ហា​ជាច្រើន ទាំង​អាយុជីវិត និង​ការរំលោភ​សិទ្ធិ​ការងារ។ ក្នុង​នោះ​មាន​ក្រុម​គ្រួសារ ពលករ​ខ្មែរ ជាច្រើន​បាន​មក​ដាក់ពាក្យ​បណ្ដឹង​ស្វែងរក​សាច់ញាតិ​របស់​ខ្លួន ដែល​បាន​បាត់​ខ្លួន​នៅ​លើ​ទូក​នេសាទ​ថៃ ខណៈ​អ្នកខ្លះ​បាន​បាត់​ដំណឹង​សូន្យឈឹង​លើស​ពី​១០ ឆ្នាំ ទៅ​២០​ឆ្នាំ ក្រោយពី​ពួកគាត់ ត្រូវ​បាន​ចាញ់បោក​មេខ្យល់ ឱ្យទៅ​ធ្វើការ​។ ទន្ទឹមគ្នា​នោះ ជារឿយៗ​មាន ករណី​លិច​ទូក​នេសាទ ដោយសារ​ខ្យល់ព្យុះ ឬ​ការ​ប៉ះទង្គិច​គ្នា​នៅ​ដែនសមុទ្រ ដែល​បណ្ដាល​ឱ្យ​ពលករ​ខ្មែរ​ស្លាប់ និង​បាត់​ខ្លួន​ជា​បន្តបន្ទាប់។

ប៉ុន្តែ​យ៉ាងណា មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ​នៃ អង្គការ​សង់ត្រាល់ លោក លឹង សុផុន បាន​បញ្ជាក់​ថា បច្ចុប្បន្ន ករណី​អំពើ​ហិង្សា និង​ការ​ធ្វើ​ការងារ​ដោយ​បង្ខំ នៅ​លើ​ទូក​នេសាទ ពុំ​សូវ​កើតមាន​ច្រើន​ដូច​មុន​នោះ​ទេ ប៉ុន្តែ​ករណី​លិច​ទូក​នេសាទ​នៅតែ បន្ត​កើត​មាន​ជា​បន្តបន្ទាប់ ជាពិសេស នៅ​រដូវវស្សា​។ លោក​ថា ពលករ​ខ្មែរ​ភាគច្រើន ដែល​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​សុទ្ធសឹងតែ​ជា​អ្នកមាន​ជីវភាព​ខ្វះខាត ហើយ​ជំពាក់​បំណុល​ធនាគារ នៅ​ឯ​ស្រុក​ខ្មែរ រួម​នឹង​មាន​កូនតូចៗ មក​រស់នៅ​ជាមួយ ដូច្នេះ​នៅពេល​គ្រួសារ​ណា​ម្នាក់​ជួប​ឧប្បត្តិហេតុ លិច​ទូក រហូតដល់​ស្លាប់​បែបនេះ គឺ​ធ្វើ​ឱ្យ​ពួកគាត់​កាន់តែ​លំបាក​ក្នុង​ជីវភាព ដែល​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ពលរដ្ឋ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ