

អ្នកការពារសិទ្ធិពលករចំណាកស្រុកប្រចាំនៅប្រទេសថៃបានឱ្យដឹងថា អាជ្ញាធរថៃបាន ប្រកាស រំសាយក្រុមការងាររុករក និងជួយសង្គ្រោះ ក្នុងហេតុការណ៍លិចទូកនេសាទ របស់ថៃនៅក្នុង ខេត្តត្រាត ដែលមាន ពលករខ្មែរ ចំនួនចំនួន៤នាក់ រួមនឹងជនជាតិថៃម្នាក់ បានស្លាប់ និងបាត់ខ្លួន អស់រយៈពេលជាង១០ថ្ងៃមកហើយ ខណៈអាជ្ញាធរ បានរកឃើញសាកសពមនុស្ស៣នាក់ និងមនុស្សពីរនាក់ទៀត ដែលជាជនជាតិខ្មែរ រកពុំទាន់ឃើញនោះឡើយ។
អស់រយៈពេល១៤ ថ្ងៃហើយ ដែលពលករខ្មែរ ចំនួន៤នាក់ និងជនជាតិថៃម្នាក់ដែល ធ្វើការលើទូកនេសាទ ក្នុងដែនសមុទ្រ ខេត្តត្រាត ប្រទេសថៃ ជួបឧប្បត្តិហេតុ ទូកលិចបណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ និង២នាក់ទៀត បាត់ខ្លួន ដោយរកពុំទាន់ឃើញនោះឡើយ។ អ្នកការពារសិទ្ធិពលករខ្មែរ យល់ថា ករណីនេះរដ្ឋាភិបាល និងមន្ត្រីឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសថៃ គួរតែតាមដាន និងរកហេតុផលពិតប្រាកដនៃការលិចទូកនោះ ដើម្បីទាមទារ សំណងពីថៅកែថៃ ផ្ដល់ជូនគ្រួសារជនរងគ្រោះ ឱ្យបានសមរម្យ។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៣ ខែកក្កដាថា ចាប់តាំងពីមានហេតុការណ៍ទូកលិចក្នុងដែនសមុទ្រ ខេត្តត្រាត ប្រទេសថៃមក មានពលករខ្មែរចំនួន២នាក់ និងជនជាតិថៃម្នាក់ បានរក ឃើញថា ស្លាប់ ហើយសាកសពទាំងនោះ អាជ្ញាធរថៃ បញ្ជូនទៅបូជានៅទីរួមខេត្តត្រាត ចំណែក ពលករខ្មែរពីរនាក់ទៀត រកពុំទាន់ ឃើញនោះទេ។
លោក លឹង សុផុន បានឱ្យដឹងថា ក្នុងហេតុការណ៍នេះ អាជ្ញាធរថៃ បានប្រើប្រាស់ក្រុមការងារជាច្រើនរួមមាន កងទ័ពជើងទឹកដែនសមុទ្រ គណៈកម្មការរក្សាលំហសន្តិសុខសមុទ្រ ក្រុមការងារ ជួយសង្គ្រោះ និង មានទាំងកងទ័ពជើងអាកាស ក្នុងការប្រើប្រាស់យន្តហោះមើលពីលើ អស់រយៈពេលជាង១០ថ្ងៃ រកឃើញត្រឹមតែ៣នាក់ប៉ុណ្ណោះ ។ ទោះជាយ៉ាងណា លោកថា មកទល់ពេលនេះ គេនៅពុំទាន់ដឹងនោះទេ ថាតើដើមហេតុចម្បងអ្វីខ្លះ បានធ្វើឱ្យទូកនោះលិចទឹក នោះឡើយ ក្រៅតែពីការសន្និដ្ឋាន ជាបឋមថា លិចដោយសារខ្យល់ព្យុះ។ ដូច្នេះ លោកទទូចឱ្យមន្ត្រីឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសថៃ គួរតែតាមដានលើករណីនេះ ដើម្បីឱ្យភាគីថៃ គិតគូរ និងធានាសុវត្ថិភាពជូនពលករខ្មែរ ដែលធ្វើការលើទូកនេសាទឱ្យបានត្រឹមត្រូវ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករខ្មែរធ្វើការចុះទូក ប្រចាំខេត្តត្រាត មានជាង១ម៉ឺននាក់ ដែលភាគីច្រើន ពួកគាត់មក ធ្វើការដោយស្របច្បាប់ ហើយមកជា លក្ខណៈជាគ្រួសារតជំនាន់។ បន្ថែមពីលើនោះ លោកទទូចឱ្យមន្ត្រីឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសថៃ ជួយសម្របសម្រួល ដាក់ពាក្យបណ្ដឹង ទៅកាន់អាជ្ញាធរថៃ និងថៅកែ ដើម្បីឱ្យផ្ដល់សំណងដល់គ្រួសារ ជូនរងគ្រោះដែលបានស្លាប់ ទៅតាមច្បាប់ថៃ ព្រោះបារម្ភថា ប្រសិនបើ មន្ត្រីឯកអគ្គរាជទូតខ្មែរ មិនជួយអើពើទេ ពលករខ្មែរស្លាប់ ទៅដោយគ្មានការទទួលខុសត្រូវ ពីសំណាក់អ្នកពាក់ព័ន្ធ។
លោក លឹង សុផុន៖ «ស្ថានទូត ឬក៏ស្ថាប័នដែលពាក់ព័ន្ធដូចជាកុងស៊ុលអញ្ចឹងណា៎ ជួយដំណើរការទាមទារប្រាក់សំណង។ ខ្ញុំគិតថាវាមិនពិបាកទេ បាទ! ឱ្យតែមានអ្នកនាំជួយធ្វើ ជួយរៀបចំឯកសារអញ្ចឹងណា៎។ តែបើសិនជាអត់មានទេ ភាគច្រើនពលរដ្ឋខ្មែរយើងនៅថៃហ្នឹង គាត់មិនដឹងថាតើធ្វើយ៉ាងម៉េចអញ្ចឹងណា៎ បាទ។ ហើយទាក់ទងរឿងថៅកែ ពេលខ្លះទាមទារប្រាក់សំណងហ្នឹង គេៗជួយឯកសារ ជួយអីអញ្ចឹងឯង ហើយកន្លែងខ្លះវាតម្រូវការឯកសារពាក់ព័ន្ធអញ្ចឹងដែរ»។
មកទល់ពេលនេះ ទូរទស្សន៍អាស៊ីសេរី នៅពុំទាន់អាចទំនាក់ទំនង គ្រួសារជនរងគ្រោះ ដើម្បីបញ្ជាក់ បន្ថែម ជុំវិញរឿងនេះបានទេ។ ប៉ុន្តែយ៉ាងណា កាលពីថ្ងៃទី១៧ ខែកក្កដា គេឃើញមានសារព័ត៌មាន ក្នុងស្រុក បានចុះផ្សាយអំពីគ្រួសារ ជនរងគ្រោះម្នាក់ នៅខេត្តកំពត បានរៀបចំពិធីបុណ្យ ខួប៧ថ្ងៃ នៃការស្លាប់ប្ដី ឈ្មោះ ឃឹម ឡាច អាយុ៤៨ នៅក្នុងហេតុការណ៍លិចទូកនេសាទនៅប្រទេសថៃ នោះ។ ប៉ុន្តែ ការរៀបចំពិធីបុណ្យ ខួប៧ថ្ងៃនោះ គឺមានតែត្រឹមតែរូបថតមួយសន្លឹក និងទៀនធូប ដាក់តំណាងប៉ុណ្ណោះ ខណៈសាកសពរកពុំឃើញនោះឡើយ។
មូលនិធិសង្គ្រោះមនុស្សធម៌ជួយខេត្តត្រាតប្រទេសថៃបានបង្ហោះសារនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន បង្ហាញថា សាកសពដែលរកឃើញក្នុងហេតុការណ៍លិចទូកនោះ មាន ឈ្មោះថា យឹម ទិត្យ (Tit Yim ) ភេទប្រុស អាយុ ៤៧ ឆ្នាំ ឈ្មោះនួន វណ្ណថង (Wanthong Nuan) ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលជាពលករខ្មែរ និងសាកសពជនជាតិថៃម្នាក់ ឈ្មោះ តារ៉េត ពុទ្ធាកាសឹម (Tadet Putthakasem ) ភេទប្រុស អាយុ៣១ឆ្នាំ។
ទូរទស្សន៍អាស៊ីសេរី ពុំទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា និងមន្ត្រីស្ថានទូតខ្មែរ ប្រចាំនៅប្រទេសថៃ ដើម្បីឆ្លើយតបជុំវិញរឿងនេះបាន ទេនៅថ្ងៃទី ២៣ ខែ កក្កដា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
រហូតមកទល់ពេលនេះ គេនៅពុំទាន់មានមន្ត្រីរដ្ឋាភិបាល និង មន្ត្រីស្ថានទូតខ្មែរ ប្រចាំនៅប្រទេសថៃ ចេញសារ ឬសេចក្ដីថ្លែងការណ៍ណាមួយពាក់ព័ន្ធ ករណីពលករខ្មែរលិចទូកស្លាប់នៅប្រទេសថៃនោះដែរ បើទោះបីជា សារព័ត៌មានថៃបានចុះផ្សព្វផ្សាយព្រោងព្រាតក្ដី។
កន្លងទៅអង្គការសង់ត្រាល់ ធ្លាប់បានចេញរបាយការណ៍រកឃើញថា ពលករខ្មែរ ដែលធ្វើការលើទូកនេសាទនៅប្រទេសថៃ ប្រឈមបញ្ហាជាច្រើន ទាំងអាយុជីវិត និងការរំលោភសិទ្ធិការងារ។ ក្នុងនោះមានក្រុមគ្រួសារ ពលករខ្មែរ ជាច្រើនបានមកដាក់ពាក្យបណ្ដឹងស្វែងរកសាច់ញាតិរបស់ខ្លួន ដែលបានបាត់ខ្លួននៅលើទូកនេសាទថៃ ខណៈអ្នកខ្លះបានបាត់ដំណឹងសូន្យឈឹងលើសពី១០ ឆ្នាំ ទៅ២០ឆ្នាំ ក្រោយពីពួកគាត់ ត្រូវបានចាញ់បោកមេខ្យល់ ឱ្យទៅធ្វើការ។ ទន្ទឹមគ្នានោះ ជារឿយៗមាន ករណីលិចទូកនេសាទ ដោយសារខ្យល់ព្យុះ ឬការប៉ះទង្គិចគ្នានៅដែនសមុទ្រ ដែលបណ្ដាលឱ្យពលករខ្មែរស្លាប់ និងបាត់ខ្លួនជាបន្តបន្ទាប់។
ប៉ុន្តែយ៉ាងណា មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃ អង្គការសង់ត្រាល់ លោក លឹង សុផុន បានបញ្ជាក់ថា បច្ចុប្បន្ន ករណីអំពើហិង្សា និងការធ្វើការងារដោយបង្ខំ នៅលើទូកនេសាទ ពុំសូវកើតមានច្រើនដូចមុននោះទេ ប៉ុន្តែករណីលិចទូកនេសាទនៅតែ បន្តកើតមានជាបន្តបន្ទាប់ ជាពិសេស នៅរដូវវស្សា។ លោកថា ពលករខ្មែរភាគច្រើន ដែលធ្វើការនៅលើទូកនេសាទក្នុងប្រទេសសុទ្ធសឹងតែជាអ្នកមានជីវភាពខ្វះខាត ហើយជំពាក់បំណុលធនាគារ នៅឯស្រុកខ្មែរ រួមនឹងមានកូនតូចៗ មករស់នៅជាមួយ ដូច្នេះនៅពេលគ្រួសារណាម្នាក់ជួបឧប្បត្តិហេតុ លិចទូក រហូតដល់ស្លាប់បែបនេះ គឺធ្វើឱ្យពួកគាត់កាន់តែលំបាកក្នុងជីវភាព ដែលរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋ៕









