

សាធារណជន ទាមទារឲ្យតុលាការផ្ដន្ទាទោសកូនស្រីឧកញ៉ាម្នាក់ ឱ្យបានធ្ងន់ធ្ងរ បន្ទាប់ពីនារីរូបនេះ បើករថយន្តក្នុងល្បឿនលឿន ទៅបុកបុរសជិះម៉ូតូម្នាក់ ឲ្យស្លាប់ នៅនឹងកន្លែង ហើយរត់គេចខ្លួន។
បន្ទាប់ពីរងការរិះគន់ខ្លាំងពីសាធារណជន នៅលើបណ្ដាញសង្គម ក្នុងរយៈពេល ២ថ្ងៃមកនេះ ទីបំផុត សមត្ថកិច្ចបានឃាត់ខ្លួននារីឈ្មោះ សាម ម៉ីជូ អាយុ ២៧ឆ្នាំ ដែលត្រូវជាកូនស្រីរបស់ឧកញ៉ា តុង ហុកសេង ហើយ។ នារីជាជនសង្ស័យឈ្មោះ សាម ម៉ីជូ គឺជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ បើកឡានបុកលោក គួច លឹមហាន អាយុ ៣៥ឆ្នាំ ឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ បុរសរងគ្រោះ គឺជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ។
រយៈពេល២ថ្ងៃមកនេះ សាធារណជន ដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នា ធ្វើការរិះគន់ធ្ងន់ៗ និងព្រោងព្រាត ហៅស្ត្រីឈ្មោះ សាម ម៉ីជូ ដែលជាកូនស្រីឧកញ៉ា តុង ហុកសេង ថាជានារីគ្មានសីលធម៌ មានចរិតសាហាវ និងអាងអំណាចឥទ្ធិពលទឹកប្រាក់របស់គ្រួសារ ពីព្រោះ បើកឡានបុកមនុស្ស ឱ្យដេកស្លាប់ភ្លាមៗនៅនឹងមុខហើយ បែរជាដើរចេញធ្វើព្រងើយ ដូចគ្មានរឿងអ្វី។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ម៉ៅ វុត្ថា (Mao Vutha) និយាយថា នារីកូន ឧកញ៉ានោះ ហាក់យកជីវិតមនុស្សធ្វើជាល្បែង។ ចំណែកឈ្មោះ សោ ភ័ណ្ឌ រិះគន់ថា សាហាវណាស់ អត់មើលជនរងគ្រោះ គ្នានៅមានដង្ហើមនៅឡើយ បែរជារត់គេចខ្លួន ខណៈឈ្មោះ អ៊ីកា ជា (ikaa Chea ) សួរថា តើចិត្តសាងពីអី បានសាហាវដល់ម្លឹង? រីឯឈ្មោះ វណ្ណៈ សាឡុន (Van NakSalon) ចំអកថា ហេតុ តែគេជាកូនអ្នកធំ បុកមនុស្សស្លាប់ហើយ ដើរយ៉ាងរំភើយ គ្មានរន្ធត់ចិត្តអីបន្តិច។
បន្ទាប់ពីមានប្រតិកម្មខ្លាំងៗបែបនេះរបស់មហាជន ស្នងការនគរបាលរាជធានី ភ្នំពេញ លោក ជួន ណារិន្ទ នៅថ្ងៃទី២៩ ខែកក្កដា បានប្រាប់ឲ្យកូនស្រីឧកញ៉ា តុង ហុកសេង ឈប់ព្យាយាមរត់គេចខ្លួន ហើយចូលសារភាព ប៉ុន្តែ ជនបង្កមិនព្រម ចូលតាមការអំពាវនាវនោះទេ។ សារព័ត៌មានក្នុងស្រុក រាយការណ៍ថា សមត្ថកិច្ច បានឃាត់ខ្លួនជនបង្ក សាម ម៉ីជូ នៅព្រលានយន្ដហោះតេជោ នៅថ្ងៃទី៣០ ខែ កក្កដានេះ ខណៈនារីរូបនេះ ប្រុងហោះហើរទៅក្រៅប្រទេស។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅមុខផ្សារទំនើបអ៊ីអន២ ផ្លូវ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា។
អ្នកឃើញហេតុការណ៍ រៀបរាប់ថា នារីឈ្មោះ សាម ម៉ីជូ ដែលជាកូនស្រីឧកញ៉ា តុង ហុកសេង បានបើករថយន្តទំនើបមួយគ្រឿង ពាក់សា្លកលេខកម្ពុជា V.C.8989 ឡើងវ៉ាជែងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យលោក គួច លឹមហាន ស្លាប់នៅនឹងកន្លែង។ ភ្លាមៗនោះ ជនល្មើសឈ្មោះ សាម ម៉ីជូ និងនារីវ័យក្មេងម្នាក់ទៀត នៅក្នុងឡានបង្កហេតុជាមួយគ្នា បានហៅកង់បី ជិះរត់គេចខ្លួនបាត់ទៅ។
សាធារណជនទាមទារឱ្យសមត្ថកិច្ច និងតុលាការ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ទៅលើជនល្មើស ដោយគ្មានការយោគយល់ ដើម្បីផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះ និងក្រុមគ្រួសារ។
ក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក សង្ឃឹមថាច្បាប់នឹង ដាក់ទោសនាងឱ្យធ្ងន់ធ្ងរ ព្រោះនាងមានចេតនាអាក្រក់ គេចវេសពី ទោសទណ្ឌ ហើយត្រូវសំណងផ្លូវច្បាប់ដល់ក្រុមគ្រួសារជនរងគ្រោះ។
អ្នកលេងហ្វេសប៊ុកជាច្រើននាក់ អះអាងថា ការបើកបរក្នុងល្បឿនហួសកំណត់ ឬក្នុងស្ថានភាពស្រវឹង ទៅបុកសម្លាប់មនុស្ស គឺជាទោសមួយ ប៉ុន្តែការរត់គេចខ្លួន ជាកំហុសផ្នែកច្បាប់មួយទៀត។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ធ្លាប់ ដាក់បញ្ជាឲ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះករណីបែបនេះដែរ។ «»
ប៉ុន្តែ អ្នកលេងហ្វេសប៊ុក ឈ្មោះ ហ្សេ ដែត (Zeii Det) បញ្ចេញមតិថា យុត្តិធម៌គ្មានសម្រាប់អ្នកក្រទេ ស្រុកខ្មែរពុករលួយ។ ឈ្មោះ រិទ្ធ ណារាជ (Rith Nareach) ហាក់ដូចជាមិនរំពឹងលើយុត្តិធម៌ទេ ដោយបញ្ចេញមតិថា ចាំមើលសាច់រឿងតទៀត ២ខែក្រោយ ១ឆ្នាំក្រោយ ២ឆ្នាំក្រោយ….។
បទពិសោធន៍ជាច្រើន ដែលពួកកូនចៅបក្ខពួកអ្នកមានប្រាក់ សេដ្ឋី និងអ្នកមានអំណាច រួចខ្លួនងាយៗ ពីឧក្រិដ្ឋកម្មរបស់ពួកគេ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់។
ជាក់ស្ដែង អនុប្រធានរដ្ឋសភា លោក ជាម យៀប បានរួចខ្លួន ពីសំណាញ់ច្បាប់ រហូតមកដល់សព្វថ្ងៃ ដោយផ្ដល់សំណងជាង បី ពាន់ (៣.៤៥០) ដុល្លារ ប៉ុណ្ណោះ បន្ទាប់រថយន្តរបស់លោក បើករត់គេចខ្លួន ពេលបើកបុកបុរសស្ត្រីប្ដីប្រពន្ធ ពីរនាក់បណ្ដាលឱ្យស្ត្រីជាប្រពន្ធ មានផ្ទៃពោះស្លាប់ និង ប្ដីរង របួសធ្ងន់ នៅក្នុងស្រុកកៀនស្វាយ កាលពីឆ្នាំ២០១៣។
មួយករណីទៀតកាលពីឆ្នាំ២០២១ គឺលោក ថង សាវុន អតីតអភិបាលខេត្តមណ្ឌលគិរី និងបច្ចុប្បន្ន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបើកឡានទំនើប បុកពលរដ្ឋ ២នាក់ស្លាប់ភ្លាមៗ ហើយមកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់បានបង្ហាញរបាយការណ៍ស្រាវជ្រាវ និងផ្ដល់យុត្តិធម៌ ជូនជន រងគ្រោះនៅឡើយទេ។
កាលពីឆ្នាំ២០២២វិញ ជនបង្កឈ្មោះ សោម ណូរីទីឃា បានរួចខ្លួនពីសំណាញ់ច្បាប់ ដែរ បន្ទាប់ពីជននេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកម៉ូតូមួយគ្រឿង នៅលើស្ពានជ្រោយចង្វា បណ្ដាលឱ្យមនុស្ស ចំនួន ៣នាក់ រងរបួសធ្ងន់ និងទារក អាយុ ២ខែម្នាក់ស្លាប់។ សាលាដំបូងរាជធានីភ្នំពេញ នៅឆ្នាំ២០២៣ គ្រាន់តែ សម្រេចចោទប្រកាន់ ឈ្មោះ សោម ណូរីទីឃា ពីបទ«បើកបរដោយធ្វេសប្រហែស និងខ្ជីខ្ជា»ប៉ុណ្ណោះ ដែលជាទោសស្រាលបំផុត។
រីឯក្នុងឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ដែលជាកូនប្រុសរបស់ មេធាវី ព្រហ្ម វិចិត្រសុភា បានបើកឡានប្រណាំង ទៅបុកលោក សៀង គីមហុង ដែលជា កីឡាករវាយសីដ៏ឆ្នើមរបស់កម្ពុជា បណ្ដាលឱ្យស្លាប់។ ក្រោយពីការកើតហេតុ ជនបង្កបានរត់គេចខ្លួន ហើយអាជ្ញាធរបានត្រឹមតែអំពាវនាវឱ្យជនបង្ក ចូលខ្លួនសារភាពកំហុស ដោយគ្មានចំណាត់ការអ្វីទាំងអស់ រហូតដល់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ចេញធ្វើអន្តរាគមន៍ ទើបជនបង្កព្រមចូលខ្លួនសារភាព។
អ្នកឃ្លាំមើលលើកឡើងថា នៅមានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនទៀត ដែលបង្កឡើងដោយកូនចៅបក្ខពួកអ្នកមានសេដ្ឋី និងអ្នកមានអំណាចបណ្ដាលឱ្យមនុស្សស្លាប់ ប៉ុន្តែ ជនបង្កទាំងនោះ តែងតែរួចផុតពីការកាត់ទោស ឬ រងការផ្ដន្ទាទោសបន្តិចបន្តួចប៉ុណ្ណោះ តាមរយៈឥទ្ធិពលពុករលួយ និងអំណាចគ្រួសាររបស់ជនបង្ក៕









