

សហភាពអឺរ៉ុប (EU) បានចាត់វិធានការជាលើកដំបូង ដាក់ទណ្ឌកម្មលើបុគ្គល ៧នាក់ និងអង្គភាព ៣ ដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ (Scam Centres) នៅអាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានសម្ព័ន្ធក្រុមហ៊ុនធំៗចំនួនពីរនៅកម្ពុជា និងថ្នាក់ដឹកនាំរបស់ពួកគេ។
ការសម្រេចនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ខែកក្កដា ដោយចោទប្រកាន់ថា បុគ្គល និងអង្គភាពទាំងនោះ បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានការជួញដូរមនុស្ស ការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបង្ខំឱ្យជនរងគ្រោះប្រព្រឹត្តការឆបោកតាមប្រព័ន្ធអនឡាញ។
ក្នុងចំណោមអ្នកដែលរងទណ្ឌកម្ម មានក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Holding Group) និងប្រធានក្រុមហ៊ុន លោក ចេន ហ្សី (Chen Zhi) ព្រមទាំងក្រុមហ៊ុន ជីនប៉ី (Jin Bei Group) និងប្រធានក្រុមហ៊ុន លោក ហ្សូ ហ្សុងប៉ាវ (Zhu Zhongbiao) ដែលសហភាពអឺរ៉ុបចោទថា បានអភិវឌ្ឍ និងគ្រប់គ្រងបរិវេណដែលត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលឆបោកនៅកម្ពុជា និងមីយ៉ាន់ម៉ា។
ការដាក់ទណ្ឌកម្មលើកនេះ គឺជាលើកដំបូងរបស់សហភាពអឺរ៉ុបដែលផ្តោតលើបណ្ដាញឆបោកអនឡាញនៅកម្ពុជា។ កន្លងមកមានតែសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសប៉ុណ្ណោះ ដែលបានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកអនឡាញនៅកម្ពុជា៕









