សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើកដំបូង​លើ​បុគ្គល និង​ក្រុមហ៊ុន​នៅ​កម្ពុជា ពាក់ព័ន្ធ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ

អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

សហភាព​អឺរ៉ុប (EU) បាន​ចាត់វិធានការ​ជា​លើកដំបូង ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ៧​នាក់ និង​អង្គភាព ៣ ដែល​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​ឆបោក​តាមប្រព័ន្ធ​អនឡាញ (Scam Centres) នៅ​អាស៊ីអាគ្នេយ៍ ក្នុង​នោះ​រួមមាន​សម្ព័ន្ធ​ក្រុមហ៊ុន​ធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​របស់​ពួកគេ។

ការ​សម្រេច​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​៣០ ខែកក្កដា ដោយ​ចោទ​ប្រកាន់​ថា បុគ្គល និង​អង្គភាព​ទាំងនោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រួមមាន​ការ​ជួញដូរ​មនុស្ស ការ​ឃុំខ្លួន​ដោយ​ខុសច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​បង្ខំ​ឱ្យ​ជនរងគ្រោះ​ប្រព្រឹត្ត​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។

ក្នុងចំណោម​អ្នក​ដែល​រង​ទណ្ឌកម្ម មាន​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Holding Group) និង​ប្រធាន​ក្រុមហ៊ុន លោក ចេន ហ្សី (Chen Zhi) ព្រមទាំង​ក្រុមហ៊ុន ជីនប៉ី (Jin Bei Group) និង​ប្រធាន​ក្រុមហ៊ុន លោក ហ្សូ ហ្សុងប៉ាវ (Zhu Zhongbiao) ដែល​សហភាព​អឺរ៉ុប​ចោទ​ថា បាន​អភិវឌ្ឍ និង​គ្រប់គ្រង​បរិវេណ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា និង​មីយ៉ាន់ម៉ា។

ការ​ដាក់ទណ្ឌកម្ម​លើក​នេះ គឺជា​លើកដំបូង​របស់​សហភាព​អឺរ៉ុប​ដែល​ផ្តោត​លើ​បណ្ដាញ​ឆបោក​អនឡាញ​នៅ​កម្ពុជា​។ កន្លងមក​មានតែ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក​អនឡាញ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ