

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងលំហសេរីភាពនយោបាយនៅកម្ពុជា នៅតែបន្តរងការរឹតត្បិត។ ការរឹតត្បិតទាំងនេះភាគច្រើនកើតឡើងតាមរយៈការអនុវត្តក្រមព្រហ្មទណ្ឌលើអ្នកបញ្ចេញមតិតាមបណ្ដាញសង្គម សកម្មជននយោបាយ និងអ្នកសារព័ត៌មាន ដែលរាយការណ៍ ឬបញ្ចេញទស្សនៈអំពីបញ្ហាសង្គម។
លោកបានឲ្យដឹងទៀតថា លោកនៅតែបារម្ភចំពោះការប្រើប្រាស់ក្រមព្រហ្មទណ្ឌលើអ្នកបញ្ចេញមតិ អ្នកសារព័ត៌មាន និងសកម្មជននយោបាយ។ ព្រោះធ្វើឲ្យប៉ះពាល់ដល់លំហសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងលំហនយោបាយ ដែលជាមូលដ្ឋានសំខាន់នៃសង្គមប្រជាធិបតេយ្យ។ លោកបានព្រមានថា ប្រសិនបើការរឹតត្បិតនៅតែបន្ត ប្រជាពលរដ្ឋនឹងកាន់តែភ័យខ្លាចក្នុងការបញ្ចេញមតិ ឬចែករំលែកព័ត៌មានតាមបណ្ដាញសង្គម ដោយសារការបារម្ភពីការចាប់ខ្លួន ការឃុំខ្លួន និងការផ្ដន្ទាទោស។
លោក អំ សំអាត៖ «អញ្ចឹង បើសិនជាអាជ្ញាធរ និងតុលាការ មិនបានបែងចែក ឬក៏ពិចារណាឱ្យបានច្បាស់លាស់ថា មួយណាជាសេរីភាពក្នុងការបញ្ចេញមតិ មួយណាជាបទល្មើស អាហ្នឹងវាបង្កឱ្យមានការ អឺភ័យខ្លាច ហើយប្រជាពលរដ្ឋ លោកនឹងកំណត់នូវសេរីភាពនៅក្នុងការបញ្ចេញមតិ ឬក៏មិនហ៊ានក្នុងការបញ្ចេញមតិរបស់ខ្លួន ដោយសារការបារម្ភ។ អញ្ចឹង គឺវាប៉ះពាល់សម្រាប់សង្គមជាតិ»។
ការអះអាងនេះ បន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញរបាយការណ៍ស្ថានភាពសិទ្ធិមនុស្ស ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ នៅថ្ងៃទី២៩ ខែកក្កដា ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់ត្រាករណីរឹតត្បិត និងរំលោភសិទ្ធិមនុស្សចំនួន ៤១ករណី នៅទូទាំងប្រទេស ក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៦។ ក្នុងចំណោមករណីទាំងនោះ មាន ២៣ករណី ពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាពបញ្ចេញមតិ ដែលភាគច្រើនជាការចាត់វិធានការលើអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបញ្ចេញទស្សនៈផ្ទាល់ខ្លួន ឬរិះគន់ការដោះស្រាយរបស់រដ្ឋាភិបាលលើជម្លោះព្រំដែនកម្ពុជា-ថៃ។
CCHR ក៏បានកត់ត្រា ១៦ករណី ពាក់ព័ន្ធនឹងសិទ្ធិលំនៅឋាន និងសិទ្ធិដីធ្លី រួមមានការចោទប្រកាន់អំពីការរំលោភយកដីធ្លី ការកាប់ឆ្ការព្រៃ និងសកម្មភាពរុករករ៉ែដែលពាក់ព័ន្ធនឹងក្រុមហ៊ុនឯកជន។ ក្រៅពីនេះ របាយការណ៍ក៏បានលើកឡើងពីករណីផ្សេងទៀត រួមមានការចាប់ខ្លួនអ្នកស្រឡាញ់ភេទដូចគ្នា និងការបដិសេធសំណើសុំនៅក្រៅឃុំរបស់ព្រះសង្ឃមួយអង្គ។
ទាក់ទងទៅនឹងបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ ទូរទស្សន៍អាស៊ីសេរី ថា ការរកឃើញរបស់ CCHR ឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃសិទ្ធិមនុស្ស និងសេរីភាពនយោបាយនៅកម្ពុជា។ លោក ថា សេរីភាពបញ្ចេញមតិគឺជាមូលដ្ឋានសំខាន់មួយនៃសង្គមប្រជាធិបតេយ្យ ព្រោះវាអនុញ្ញាតឱ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហា និងជួយឱ្យអាជ្ញាធរទទួលបានព័ត៌មានសម្រាប់ដោះស្រាយបញ្ហាសាធារណៈ។
លោកបានបន្ថែមថា ក្នុងសង្គមប្រជាធិបតេយ្យ ការរិះគន់ និងការបញ្ចេញមតិ គួរត្រូវបានចាត់ទុកថាជាធាតុផ្សំមួយសម្រាប់ការកែលម្អអភិបាលកិច្ច មិនមែនជាហេតុនាំទៅរកការចាត់វិធានការផ្លូវច្បាប់នោះទេ។ លោកថា ប្រសិនបើការបញ្ចេញមតិណាមួយមិនពិត ឬខ្វះភស្តុតាង សាធារណជននឹងជាអ្នកវាយតម្លៃដោយខ្លួនឯង ដោយមិនចាំបាច់មានការរឹតត្បិតពីអាជ្ញាធរឡើយ។
លោក ស៊ឹង សែនករុណា៖ «សង្គមប្រជាធិបតេយ្យនៃបណ្ដាប្រទេសជឿនលឿន គេផ្ដល់ឱកាសណាស់ ទោះបីថា មតិហ្នឹងយ៉ាងណាក៏ដោយ គេឱ្យមានការបញ្ចេញមតិផុសផុល ដើម្បីឱ្យគេបានដឹងអំពីអ្វីដែលកំពុងកើតឡើងពិតប្រាកដនៅក្នុងសង្គមគេ ហើយគេចុះធ្វើការស្រាវជ្រាវ និងរកដំណោះស្រាយជូន មិនមែនរកស្រាវជ្រាវហើយ មានវិធានការទៅលើអ្នកទាំងអស់ហ្នឹងទេ»។
ជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីឆ្នាំ២០២៥ ធ្លាប់បានគំរាមថា លោកនឹងបន្តកម្ទេចក្រុមប្រឆាំងឥតឈប់ឈររហូតទាល់តែអស់ពីទឹកដីខ្មែរ ចំណែកឯ វិធានការងើបមួយវ៉ៃមួយគឺនៅតែបន្តអនុវត្តដូចមុនដដែល ទោះបីលោកបានផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅឱ្យលោក ហ៊ុន ម៉ាណែត រួចហើយក៏ដោយ។
រដ្ឋាភិបាលកម្ពុជា ធ្លាប់បានបដិសេធការចោទប្រកាន់ពីការរឹតត្បិតសិទ្ធិមនុស្ស ដោយអះអាងថា កម្ពុជាគោរពសិទ្ធិ និងសេរីភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិ ហើយថា វិធានការផ្លូវច្បាប់ដែលអនុវត្តលើបុគ្គលមួយចំនួន គឺផ្អែកលើការអនុវត្តច្បាប់ មិនមែនដោយសារការបញ្ចេញមតិ ឬទស្សនៈនយោបាយរបស់ពួកគេនោះទេ។
កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប (EU) តាមរយៈរបាយការណ៍របស់ខ្លួនបានវាយតម្លៃថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តរួមតូច បើទោះបីជារដ្ឋមួយនេះបានប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងក្របខ័ណ្ឌគោលនយោបាយសំខាន់ៗមួយចំនួនក៏ដោយ។ សហភាពអឺរ៉ុប ព្រមានថា ប្រសិនបើកម្ពុជានៅតែបន្តយាយីដល់សិទ្ធិនយោបាយ និងសិទ្ធបញ្ចេញមតិ ការអនុគ្រោះពន្ធក្រោមប្រព័ន្ធ «គ្រប់យ៉ាងលើកលែងតែសព្វាវុធ» ឬ EBA នឹងនៅតែបន្តព្យួរ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ លើកឡើងថា រដ្ឋាភិបាលកម្ពុជាមានជម្រើសតែមួយគត់គឺស្តារប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ព្រមទាំងរៀបចំឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឡើងវិញនោះ ទើបកម្ពុជាអាចធានាបញ្ចៀសនូវវិបត្តិគ្រប់បែបយ៉ាង ជាពិសេស ប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុប ២០%៕









