តុលាការ​ផ្ដន្ទាទោស​​អ្នកកាសែត​អនឡាញ លោក ហែម វណ្ណា ដាក់​ពន្ធនាគារ ៦​ខែ ដោយ​ព្យួរ​ទោស

0
45
លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online។ រូប៖ បណ្ដាញសង្គម
លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online។ រូប៖ បណ្ដាញសង្គម

សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ផ្ដន្ទាទោស​ចាងហ្វាង​កាសែត​អនឡាញ លោក ហែម វណ្ណា ឲ្យ​ជាប់ពន្ធនាគារ ៦​ខែ ដោយ​ព្យួរទោស និង​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ពិន័យ​អ្វី​ទាំងអស់ នៅ​រសៀល​ថ្ងៃទី ២៨ កក្កដា​នេះ។

ចាងហ្វាង​កាសែត​អន​ឡាញ លោក ហែម វណ្ណា បាន​អនុវត្ត​ទោស​រួចរាល់​ចំនួន ២​ខែ ៣​ថ្ងៃ ហើយ​ទោស​ដែល​នៅសល់​ទាំងអស់​តុលាការ​សម្រេច​ឲ្យ​ព្យួរ។ នេះ​បើ​តាម​ការ​អះអាង​របស់​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត។

ចៅក្រម​ស៊ើបសួរ​ខេត្តបន្ទាយមានជ័យ បាន​ឃុំខ្លួន​លោក ហែម វណ្ណា កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ហើយ​បាន​ដោះលែង​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាល​ថ្ងៃទី៧ មេសា បន្ទាប់ពី​បាន​ទទួល​ស្គាល់​កំហុស​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​ខ្លួន និង​បាន​ចេញ​លិខិត​សុំទោស។

ចាងហ្វាង​កាសែត HVNN TV Online លោក ហែម វណ្ណា ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ២០២៦ ក្រោយ​បាន​រាយការណ៍​ព័ត៌មាន​តាម​អន​ឡាញ​ពី​ទីតាំង​អគារ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ដែល​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ការប្រើប្រាស់​ហិង្សា​លើ​ជនជាតិ​ចិន។ ទីតាំង​ឆបោក​អនឡាញ​នោះ ស្ថិតនៅ​ខាងក្រោយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ប្រមាណ ១០០​ម៉ែត្រ ទៅ​២០០​ម៉ែត្រ​ប៉ុណ្ណោះ។

សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ចោទប្រកាន់​លោក ហែម វណ្ណា ពី​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» និង​បទ​«​ស្តាប់ ឬ​ថត​ពាក្យសំដី​ឯកជន​»។

ទោះជា​យ៉ាងណា នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​សោកស្តាយ​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​ផ្ដន្ទាទោស​លើ​អ្នក​សារព័ត៌មាន ដែល​បាន​បំពេញការងារ​តាម​វិជ្ជាជីវៈ ហើយ​ត្រូវ​បាន​យាយី គំរាមកំហែង​ការ​ចាប់​ដាក់​ពន្ធនាគារ ដោយ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។

លោក អំ សំអាត៖ «​ករណី​នេះ​ហើយ​ដែល​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន អង្គការ សមាគម​សារព័ត៌មាន​ជាតិ អន្តរជាតិ​សម្ដែង​ការ​ព្រួយ​បារម្ភ​ទាក់ទង​ការប្រើប្រាស់​នូវ​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ផ្សេងៗ​ដែល​ជា​ការ​ដាក់​ទោសទណ្ឌ​ទៅលើ​អ្នកសារព័ត៌មាន​ជា​ការ​រឹតត្បិត​ទៅលើ​លំហ​សេរីភាព​សារព័ត៌មាន​ដោយ​មិនបាន​អនុវត្ត​យក​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​មក​អនុវត្ត​នោះ»។

កន្លងមក អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ចាត់ទុក​ការ​ចាប់​ឃុំខ្លួន​លោក ហែម វណ្ណា ជា​ការ​បំបិទ​សំឡេង​របស់​អ្នក​សារព័ត៌មាន ក្រោយពី​អ្នកសារព័ត៌មាន​យ៉ាងហោចណាស់​ចំនួន​៥​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ឃុំខ្លួន ដោយសារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ចាប់តាំងពី​ខែ​មករា​មក​។ ពួកគាត់​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​អ្នកសារព័ត៌មាន​ដើម្បី​ពួកគេ​អាច​បំពេញ​មុខងារ​វិជ្ជាជីវៈ​ដោយ​មិន​មាន​ការ​ភ័យខ្លាច ការ​យាយី ការ​រឹតត្បិត និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ