អង្គការ​សង្គម​ស៊ីវិល ថា​អ្នកសារព័ត៌មាន និង​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​បន្ត​ប្រឈម​ការ​យាយី​ផ្លូវច្បាប់

របាយការណ៍របស់អង្គការលីកាដូ ចេញ​ផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ២០២៦។ រូប៖ លីកាដូ
របាយការណ៍របស់អង្គការលីកាដូ ចេញ​ផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ២០២៦។ រូប៖ លីកាដូ

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា នៅតែ​បន្ត​រង​ការ​រឹតត្បិត​។ ការ​រឹតត្បិត​ទាំងនេះ​ភាគច្រើន​កើតឡើង​តាមរយៈ​ការអនុវត្ត​ក្រមព្រហ្មទណ្ឌ​លើ​អ្នក​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម សកម្មជន​នយោបាយ និង​អ្នកសារព័ត៌មាន ដែល​រាយការណ៍ ឬ​បញ្ចេញ​ទស្សនៈ​អំពី​បញ្ហា​សង្គម។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​នៅតែ​បារម្ភ​ចំពោះ​ការប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​លើ​អ្នក​បញ្ចេញមតិ អ្នកសារព័ត៌មាន និង​សកម្មជន​នយោបាយ។ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​លំហ​នយោបាយ ដែល​ជា​មូលដ្ឋាន​សំខាន់​នៃ​សង្គម​ប្រជាធិបតេយ្យ​។ លោក​បាន​ព្រមាន​ថា ប្រសិនបើ​ការ​រឹតត្បិត​នៅតែ​បន្ត ប្រជាពលរដ្ឋ​នឹង​កាន់តែ​ភ័យខ្លាច​ក្នុង​ការ​បញ្ចេញមតិ ឬ​ចែករំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ដោយសារ​ការ​បារម្ភ​ពី​ការ​ចាប់ខ្លួន ការ​ឃុំខ្លួន និង​ការ​ផ្ដន្ទាទោស។

លោក អំ សំអាត៖ «អញ្ចឹង បើសិនជា​អាជ្ញាធរ និង​តុលាការ មិនបាន​បែងចែក ឬក៏​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ថា មួយ​ណា​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ មួយ​ណា​ជា​បទល្មើស អាហ្នឹង​វា​បង្ក​ឱ្យ​មាន​ការ អឺ​ភ័យខ្លាច ហើយ​ប្រជាពលរដ្ឋ លោក​នឹង​កំណត់​នូវ​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ ឬក៏​មិន​ហ៊ាន​ក្នុង​ការ​បញ្ចេញមតិ​របស់​ខ្លួន ដោយសារ​ការ​បារម្ភ។ អញ្ចឹង គឺ​វា​ប៉ះពាល់​សម្រាប់​សង្គមជាតិ»។

ការ​អះអាង​នេះ បន្ទាប់ពី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​របាយការណ៍​ស្ថានភាព​សិទ្ធិមនុស្ស ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០២៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​កត់ត្រា​ករណី​រឹតត្បិត និង​រំលោភ​សិទ្ធិមនុស្ស​ចំនួន ៤១​ករណី នៅ​ទូទាំង​ប្រទេស ក្នុង​រយៈពេល​ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២៦​។ ក្នុងចំណោម​ករណី​ទាំងនោះ មាន ២៣​ករណី ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ដែល​ភាគច្រើន​ជា​ការ​ចាត់វិធានការ​លើ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ដែល​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន ឬ​រិះគន់​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​លើ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

CCHR ក៏បាន​កត់ត្រា ១៦​ករណី ពាក់ព័ន្ធ​នឹង​សិទ្ធិ​លំនៅឋាន និង​សិទ្ធិ​ដីធ្លី រួមមាន​ការចោទប្រកាន់​អំពី​ការរំលោភ​យក​ដីធ្លី ការ​កាប់​ឆ្ការព្រៃ និង​សកម្មភាព​រុករក​រ៉ែ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឯកជន​។ ក្រៅ​ពី​នេះ របាយការណ៍​ក៏បាន​លើកឡើង​ពី​ករណី​ផ្សេងទៀត រួមមាន​ការ​ចាប់ខ្លួន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ការ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​ព្រះសង្ឃ​មួយ​អង្គ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា បាន​ប្រាប់ ទូរទស្សន៍​អាស៊ីសេរី ថា ការ​រក​ឃើញ​របស់ CCHR ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​សិទ្ធិមនុស្ស និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា​។ លោក ថា សេរីភាព​បញ្ចេញមតិ​គឺជា​មូលដ្ឋាន​សំខាន់​មួយ​នៃ​សង្គម​ប្រជាធិបតេយ្យ ព្រោះ​វា​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​លើកឡើង​ពី​បញ្ហា និង​ជួយ​ឱ្យ​អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ដោះស្រាយ​បញ្ហា​សាធារណៈ។

លោក​បាន​បន្ថែម​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការរិះគន់ និង​ការ​បញ្ចេញមតិ គួរ​ត្រូវ​បាន​ចាត់ទុកថា​ជា​ធាតុ​ផ្សំ​មួយ​សម្រាប់​ការ​កែលម្អ​អភិបាលកិច្ច មិនមែន​ជាហេតុ​នាំទៅរក​ការ​ចាត់​វិធានការ​ផ្លូវច្បាប់​នោះ​ទេ​។ លោក​ថា ប្រសិនបើ​ការ​បញ្ចេញមតិ​ណាមួយ​មិន​ពិត ឬ​ខ្វះ​ភស្តុតាង សាធារណជន​នឹង​ជា​អ្នក​វាយ​តម្លៃ​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​មានការ​រឹតត្បិត​ពី​អាជ្ញាធរ​ឡើយ។

លោក ស៊ឹង សែន​ករុណា៖ «សង្គម​ប្រជាធិបតេយ្យ​នៃ​បណ្ដា​ប្រទេស​ជឿនលឿន គេ​ផ្ដល់​ឱកាស​ណាស់ ទោះ​បី​ថា មតិ​ហ្នឹង​យ៉ាងណាក៏ដោយ គេ​ឱ្យ​មាន​ការ​បញ្ចេញមតិ​ផុសផុល ដើម្បី​ឱ្យ​គេ​បានដឹង​អំពី​អ្វី​ដែល​កំពុង​កើតឡើង​ពិតប្រាកដ​នៅក្នុង​សង្គម​គេ ហើយ​គេ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​រក​ដំណោះស្រាយ​ជូន មិនមែន​រក​ស្រាវជ្រាវ​ហើយ មាន​វិធានការ​ទៅលើ​អ្នក​ទាំង​អស់ហ្នឹង​ទេ»។

ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០២៥ ធ្លាប់​បាន​គំរាម​ថា លោក​នឹង​បន្ត​កម្ទេច​ក្រុមប្រឆាំង​ឥត​ឈប់ឈរ​រហូត​ទាល់តែ​អស់ពី​ទឹកដី​ខ្មែរ ចំណែកឯ វិធានការ​ងើប​មួយ​វ៉ៃ​មួយ​គឺ​នៅតែ​បន្ត​អនុវត្ត​ដូច​មុន​ដដែល ទោះបី​លោក​បាន​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ទៅ​ឱ្យ​លោក ហ៊ុន ម៉ា​ណែ​ត រួចហើយ​ក៏ដោយ។

រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​បដិសេធ​ការចោទប្រកាន់​ពី​ការ​រឹតត្បិត​សិទ្ធិមនុស្ស ដោយ​អះអាង​ថា កម្ពុជា​គោរព​សិទ្ធិ និង​សេរីភាព​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាតិ ហើយ​ថា វិធានការ​ផ្លូវច្បាប់​ដែល​អនុវត្ត​លើ​បុគ្គល​មួយចំនួន គឺ​ផ្អែកលើ​ការអនុវត្ត​ច្បាប់ មិនមែន​ដោយសារ​ការ​បញ្ចេញ​មតិ ឬ​ទស្សនៈ​នយោបាយ​របស់​ពួកគេ​នោះ​ទេ។

កាល​ពី​ពេល​ថ្មីៗ​នេះ សហភាព​អឺរ៉ុប (EU) តាមរយៈ​របាយការណ៍​របស់​ខ្លួន​បាន​វាយតម្លៃ​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​រួម​តូច បើ​ទោះបីជា​រដ្ឋ​មួយ​នេះ​បាន​ប្រកាន់ខ្ជាប់​នូវ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ក្របខ័ណ្ឌ​គោលនយោបាយ​សំខាន់ៗ​មួយចំនួន​ក៏ដោយ​។ សហភាព​អឺរ៉ុប ព្រមាន​ថា ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​យាយី​ដល់​សិទ្ធិ​នយោបាយ និង​សិទ្ធ​បញ្ចេញមតិ ការ​អនុគ្រោះ​ពន្ធ​ក្រោម​ប្រព័ន្ធ «​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​» ឬ EBA នឹង​នៅតែ​បន្ត​ព្យួរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកសង្កេតការណ៍ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ជម្រើស​តែមួយគត់​គឺ​ស្តារ​ប្រជាធិបតេយ្យ និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​រៀបចំ​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ឡើងវិញ​នោះ ទើប​កម្ពុជា​អាច​ធានា​បញ្ចៀស​នូវ​វិបត្តិ​គ្រប់បែបយ៉ាង ជាពិសេស ប្រព័ន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប ២០%៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ