កម្មករ​រោងចក្រ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ​ដាក់​ញត្តិ​សុំ​ឲ្យ​ក្រសួង​ការងារ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​

0
25
ទិដ្ឋភាពកម្មករ កម្មការិនី​រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ ប្រដាក់ (ខេមបូឌា) (Quan Xing ZhiChuang Leisure) តវ៉ា កាលពីថ្ងៃទី២៩ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុក Seang Rithy
ទិដ្ឋភាពកម្មករ កម្មការិនី​រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ ប្រដាក់ (ខេមបូឌា) (Quan Xing ZhiChuang Leisure) តវ៉ា កាលពីថ្ងៃទី២៩ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុក Seang Rithy

កម្មករ កម្មការិនី​រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ ប្រដាក់ (ខេមបូឌា) (Quan Xing ZhiChuang Leisure) ប្រមាណ​ជិត​៦០​នាក់ ធ្វើដំណើរ​តាម​ម៉ូតូ និង​រ៉ឺម៉ក​កង់​បី ពី​ខេត្តកំពង់ស្ពឺ​ឡើង​មក​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​ការងារ ដើម្បី​ដាក់​ញត្តិ​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ឲ្យ​ក្រសួង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​៣​រូប ចូលធ្វើការ​វិញ​។ មន្ត្រី​ផ្នែក​សិទ្ធិ​កម្មករ និង​ការងារ ទទូច​ឲ្យ​ក្រសួង គួរ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​កម្មករ អាច​ចូល​ធ្វើការ​វិញ​បាន​ឆាប់រហ័ស និង​មិន​មាន​ភាព​ភ័យខ្លាច​នៅ​កន្លែង​ការងារ។

កម្មករ​ជាច្រើន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើ​កូដកម្ម ទាមទារ​ឲ្យ​ក្រសួង​ជួយ​រក​ដំណោះស្រាយ​ករណី​រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ ស្ថិតនៅ​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បញ្ឈប់​សហជីព​មូលដ្ឋាន​៣​រូប និង​រំលោភ​លើ​សិទ្ធិ​របស់​កម្មករ​។ ក្រុម​កម្មករ បាន​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ផ្តល់​លក្ខខណ្ឌ​ការងារ​៨​ចំណុច។ ក្រុមហ៊ុន​នេះ ជា​រោងចក្រ​ផលិត​តុក្កតា​សម្រាប់​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក។

លក្ខខណ្ឌ​ការងារ​ទាំង​៨​ចំណុច​នោះ រួមមាន ក្រុមហ៊ុន​ត្រូវ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​៣​រូប​ចូល​ធ្វើការ​វិញ ស្នើសុំ​ឲ្យ​បញ្ឈប់​រដ្ឋបាល​ចេញពី​ការងារ ដោយសារ​ការប្រើ​ពាក្យ​សម្ដី កាយវិការ​មិន​សមរម្យ​លើ​កម្មករ ការ​ធ្វើការ​បន្ថែម​ម៉ោង​ត្រូវ​ស្ថិត​លើ​គោលការណ៍​ស្ម័គ្រចិត្ត ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឲ្យ​មាន​ពេទ្យ​ប្រចាំការ​ក្នុង​រោងចក្រ ក្រុមហ៊ុន​ត្រូវ​សម្រួល​ចំពោះ​ការ​សុំច្បាប់​របស់​កម្មករ អនុវត្ត​គោលការណ៍​រដ្ឋបាល​លើ​សោហ៊ុយ​ធ្វើដំណើរ​ចំនួន ២.៥​ដុល្លារ និង​ត្រូវ​សង​រំលឹក​ចំពោះ​ការ​មិន​បាន​អនុវត្ត​ជូន​កម្មករ​វិញ​ជាដើម។

តំណាង​ក្រសួង​ការងារ លោក រិន វណ្ណៈ បាន​ចេញ​មក​ទទួល​ញត្តិ​របស់​សហជីព និង​កម្មករ ហើយ​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ជួប​ដើម្បី​សួរនាំ​ពី​ដំណើររឿង​ផង​ដែរ​។ លោក​បាន​អះអាង​ប្រាប់​កម្មករ និង​សហជីព​ថា ក្រសួង​នឹង​ដោះស្រាយ​ករណីនេះ ឲ្យ​បាន​ឆាប់រហ័ស មិន​ឲ្យ​កម្មករ​រង់ចាំ​យូរ​នោះ​ទេ​។​

​កម្មការិនី​នៅក្នុង​រោងចក្រ​លោកស្រី ឃីម សុខរ៉េន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កន្លងមក កម្មករ​ជួប​ការ​លំបាក​ជាច្រើន ដូចជា​ពេល​ឈឺ​ថ្កាត់​ពុំ​មាន​ពេទ្យ​សង្គ្រោះ​បឋម រដ្ឋបាល​ក្រុមហ៊ុន​បង្ក​ការ​លំបាក​ក្នុង​ការ​ដាក់​ច្បាប់​ឈប់​សម្រាក​ដោយ​ត្រូវ​ស្នើសុំ​ឯកសារ​ច្រើន​កន្លែង រង​ការប្រមាថ​មើលងាយ​មិន​ឲ្យ​តម្លៃ​ពី​សំណាក់​រដ្ឋបាល ការ​កាត់​ប្រាក់​ថ្លៃ​ធ្វើ​កាត​សម្គាល់​មិន​សមរម្យ និង​រង​សម្ពាធ​នៅ​កន្លែង​ការងារ​ជាដើម​។ លោកស្រី​ថា លោកស្រី និង​កម្មករ​ផ្សេងទៀត​រង​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ខាង​រដ្ឋបាល​ក្រុមហ៊ុន ហើយ​ថា រដ្ឋបាល​ធ្វើតាម​ទំនើងចិត្ត​របស់​ខ្លួន​គាបសង្កត់​កម្មករ​ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​របស់​កម្មករ​ឡើយ​។ លោកស្រី​អះអាង​ថា រដ្ឋបាល​ក្រុមហ៊ុន បាន​ភូតភរ បំភ្លៃ​ការពិត​ចំពោះ​កម្មករ​ក្នុង​ក្រុមហ៊ុន​ផ្សេងទៀត មិន​ឲ្យ​ដឹង​ការពិត​ពី​ការ​តវ៉ា​នេះ និង​យក​កម្មករ​ក្រៅ​ជំនួស​កម្មករ​ដែល​កំពុង​តវ៉ា​ជាដើម។

​លោកស្រី ឃីម សុខរ៉េន៖ «បើសិនជា​បងៗ​ខាង​សហជីព​គាត់​ចេញ​បាត់​ពួក​ខ្ញុំ​ក៏​រង​នូវ​ការ​គេ​បញ្ឈប់​ពី​ការងារ​ដូចគ្នា រង​ភាព​អយុត្តិធម៌​ដូចដើម​ព្រោះ​វា​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ហាស៎ មិនមែន​ម្តង​ទេ​បង គាត់​តែងតែ​បញ្ឈប់​ថ្នាក់ដឹកនាំ​ដូចជា Sup ដូចជា​ប្រធាន​ហើយ​គាត់​ប្រើ​វិធានការ​ដដែលៗ​ថា ម្នាក់​ហ្នឹង បុគ្គល​ហ្នឹង​នាំ​បះបោរ​នាំ​កូដកម្ម គាត់​តែងតែ​ប្រើពាក្យ​ដដែលៗ​ជារឿយៗ​ពេល​ដែល​គាត់​ចង់​បញ្ឈប់​នរណា​ម្នាក់»។

កាលពី​ថ្ងៃទី​២៧ កក្កដា រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ ដែលមាន​នាយក​ក្រុមហ៊ុន ឈ្មោះ រួយ លីន (RUI LIN) ជា​ជន​ជាតិចិន បាន​ព្យួរការងារ​តំណាង​សហជីព​មូលដ្ឋាន ៣​រូប រួមមាន អ្នកស្រី អ៊ុក ស្រី​នាង ប្រធាន​សហជីព​អំណាច​យុវជន​កម្ពុជា លោក ខុន សុខ​ចាន់ អនុប្រធាន​សហជីព និង​លោក ឆៃ ថិ​ត គណៈកម្មការ​សហជីព​។ ក្រុមហ៊ុន បាន​លើកឡើង​ថា កម្មករ​ជាច្រើន​បាន​ប្តឹង​ពួកគាត់ និង​ចោទថា ពួកគាត់​បាន​ដើរ​ញុះញង់ និង​រារាំង​កម្មករ​មិន​ឲ្យ​ធ្វើការ​បន្ថែម​ម៉ោង ហើយ​បាន​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​ខុស​នីតិវិធី ដែល​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ដល់​កម្មករ​ដទៃ​។​

ប្រធាន​សហជីព​មូលដ្ឋាន និង​ជា​កម្មការិនី​នៅក្នុង​រោងចក្រ អ្នកស្រី អ៊ុក ស្រីនាង រៀបរាប់​ទាំង​អួល​ដើម​ក​ថា អ្នកស្រី​យល់ថា នេះ​ជា​រឿង​អយុត្តិធម៌​ជា​ខ្លាំង ហើយ​ថា​កម្មករ​មិនបាន​ពេញចិត្ត និង​គាំទ្រ​ទង្វើ​នេះ​ឡើយ​។ អ្នកស្រី​ថា រដ្ឋបាល​ក្រុមហ៊ុន បាន​បោក​បញ្ឆោត​កម្មករ ដោយ​ប្រមូល​ស្នាម​មេដៃ និង​អត្ថ​លេខ​ពី​កម្មករ​ម្តង​ម្នាក់​ហើយ​កុហក​ពួកគាត់​ថា ថៅកែ​ជា​ជនជាតិ​ចិន​ឲ្យ​ផ្ដិត ដើម្បី​បើក​ប្រាក់ខែ ឬ​ប្រាក់​រង្វាន់​នៅ​ចុងខែ​ជាដើម​។ អ្នកស្រី​ថា រដ្ឋបាល​បាន​យក​ស្នាម​មេដៃ​នោះ ដើម្បី​ទម្លាក់​អ្នកស្រី និង​សមាជិក​ពីររូប​ទៀត ដែល​បាន​ឈរឈ្មោះ​ជា​សហជីព​។​

​មិនតែប៉ុណ្ណោះ អ្នកស្រី អ៊ុក ស្រីនាង ថា ខាង​ក្រុមហ៊ុន​បាន​ដាក់​មនុស្ស​ឲ្យ​មក​ឃ្លាំមើល និង​សួរនាំ​អ្នកស្រី​និង​កម្មករ​ផ្សេងទៀត បំណង​មិន​ឲ្យ​ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ ប៉ុន្តែ​អ្នកស្រី​បាន​កុហក​ពួកគេ ទើប​លោកស្រី​អាច​ឡើង​មក​ក្រសួង​ការងារ​បាន​ដោយ​ជោគជ័យ​។ អ្នកស្រី​រៀបរាប់​ទៀត​ថា ក្រោយ​កម្មករ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខាង​ក្រុមហ៊ុន បាន​ទូរស័ព្ទ​ទៅ​គំរាម​កម្មករ ដោយ​បញ្ឈប់​ពី​ការងារ ក្រោយ​ពួកគាត់​ដាក់​ញត្តិ​នៅ​ក្រសួង​រួច។

អ្នកស្រី អ៊ុក ស្រីនាង៖ «​សារ​មុន​កម្មករ​ដួលសន្លប់ ខ្ញុំ​យក​ទៅ​ពេទ្យ​ឯកជន ហើយ​ខុស​ខ្ញុំ​ទៀត​ផ្នែក​រដ្ឋបាល​ហ្នឹង​គាត់​ជេរ​ខ្ញុំ គាត់​ថា ឲ្យ​ខ្ញុំ​សុទ្ធតែ​អត់​ខួរ​គិត​ម៉េច​ក៏​ត្រូវ​យក​ទាំង​គាត់​នៅ​ខាងក្រៅ គាត់​អត់​ដឹង​ថា កម្មករ​នៅ​លើ​ដៃ​ខ្ញុំ​ហ្នឹង​និយាយ​ទៅ​គាត់​សន្លប់​ទេ​។ តែ​ខាង​ក្រុមហ៊ុន​ក៏​តេ​មក​កម្មករ​ដែរ​ថា បើសិនជា​កម្មករ​មិន​ចូល​ធ្វើការ​ស្អែក​ត្រូវតែ​បញ្ឈប់​ចោល​ដែល​កម្មករ​ទាំងអស់​ហ្នឹង​ហាស៎ អញ្ចឹង​ពួក​ខ្ញុំ​រឹតតែ​រងា​ទៀត​ហ្មង​ដោយសារ​អត់​ដោះស្រាយ​រឿង​ហើយ​តេ​មក​គំរាមកំហែង​ពួក​ខ្ញុំ​ទៀត»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋបាល​ក្រុមហ៊ុន​ឈាន ស៊ីង ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ករណីនេះ​បាន​ឡើយ នៅ​ថ្ងៃទី​៣០ កក្កដា​នេះ ដោយ​ទូរស័ព្ទ​ចុច​មិន​ចូល។

ចំណែក អនុប្រធាន​សហព័ន្ធ​សហជីព​អំណាច​យុវជន លោក ប៉ៃ បូរ៉ា ថ្លែងថា ក្រុមហ៊ុន បាន​បញ្ឈប់​ពួកគាត់ គឺ​ក្រោយ​ពេល​ដែល​ពួកគាត់​ទាំង​បី​បាន​ចូល​ជា​សហជីព​មូលដ្ឋាន​កាលពី​ថ្ងៃទី​២២ កក្កដា ដែល​លោក​យល់ថា នេះ គឺជា​ការរើសអើង​សម្រាប់​សហជីព​ទាំង​បី​។ លោក​ថា ក្រុមហ៊ុន មិនបាន​ផ្តល់​ថ្លៃ​ធ្វើដំណើរ ២.៥​ដុល្លារ តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ផ្តល់​ឲ្យ​កម្មករ​នោះ​ឡើយ ចាប់តាំងពី​ខែមេសា​មក ដែល​ធ្វើ​ឲ្យ​កម្មករ​ខាតបង់​អត្ថប្រយោជន៍​នេះ​ទាំងអស់​។ លោក​បន្ត​ថា ភាគី​ក្រុមហ៊ុន​បាន​ប្រកាន់​ជំហរ​មិន​ផ្តល់​ប្រាក់​ថ្លៃ​ធ្វើដំណើរ​នេះ​ជូន​កម្មករ​ឡើយ ហើយ​មិន​ទទួលយក​សហជីព​ទាំង​៣​ចូល​ធ្វើ​ការ​វិញ​ដែល​ជា​ហេតុ​នាំ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​និង​ក្រសួង​ការងារ។

លោក​ទទូច​ឲ្យ​ក្រសួង​ជំរុញ​ទៅ​ខាង​ក្រុមហ៊ុន ឲ្យ​បញ្ឈប់​ការរើសអើង និង​ដោះស្រាយ​ជូន​កម្មករ​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​កុំ​ឲ្យ​កម្មករ​ខាតបង់​អត្ថប្រយោជន៍​ច្រើន ក្រោយ​កូដកម្ម​នេះ។

លោក ប៉ៃ បូរ៉ា៖ «​ខ្ញុំ​មានតែ​ពឹង​ផ្អែកលើ​ស្មារតី​ច្បាប់​ពឹង​ខាង​ក្រសួង​ការងារ​ឲ្យ​គាត់​មានការ​អន្តរាគមន៍​មួយ​ទៅលើ​ខាង​និយោជក​ឲ្យ​គាត់​គោរព​ច្បាប់​។ បងប្អូន​កម្មករ​គាត់​កើត​ទុក​មិន​សុខចិត្ត​គាត់​មក​រក​ខាង​ក្រសួង​ការងារ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់»។

កម្មករ​រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ បាន​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​ចំនួន​២​ថ្ងៃ​មក​ហើយ គឺ​នៅ​ថ្ងៃទី​២៨ និង​ទី​២៩ កក្កដា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ទទួលយក​សហជីព​ទាំង​៣​ចូល​ធ្វើការ​វិញ​។ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ​បាន​ចុះទៅ​សម្របសម្រួល​ជាមួយ​កម្មករ​និង​ភាគី​ក្រុមហ៊ុន​ដែរ ប៉ុន្តែ​ភាគី​ទាំងពីរ​នៅតែ​ប្រកាន់​ជំហរ​រៀងខ្លួន​និង​ដាច់ខាត​ដោយ​ភាគី​កម្មករ​ចង់​ឲ្យ​ភាគី​រោងចក្រ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​ទាំង​៣​នាក់ ចូល​ធ្វើ​ការងារ​វិញ ទើប​ព្រម​ចរចា ខណៈ​ភាគី​រោងចក្រ​មាន​ជំហរ​ថា មិន​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​នោះ​ចូល​ធ្វើ​ការងារ​វិញ​ទេ ទើប​ក្រុម​កម្មករ​សម្រេចចិត្ត​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​រាជធានី​ភ្នំពេញ​។​

​ក្រុម​កម្មករ​ប្ដេជ្ញា​ថា មិនទាន់​ចូល​ធ្វើ​ការ​វិញ​ឡើយ ដរាបណា​លក្ខខណ្ឌ​ទាំងនោះ​មិន​ត្រូវ​បាន​ដោះស្រាយ ហើយ​ពួកគាត់​នឹង​បន្ត​ស្វែងរក​នីតិវិធី​ច្បាប់​ទៅ​មុខ​ទៀត​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ