យោធា​ថៃ​បន្ត​ការសាងសង់​នៅ​តាម​ព្រំដែន ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ទីតាំង​យុទ្ធសាស្ត្រ​នៅ​លើ​ភ្នំ​ដងរែក

0
24
ទិដ្ឋភាពទាហានថៃដឹកកង់ឡាន​ធ្វើលេណដ្ឋាន និងចូលអុកឡុក​នៅក្នុងដីខ្មែរ នៅ​ច្រកមុំបី ខេត្ត​ព្រះវិហារ នៅដើមខែ​មិថុនា ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពទាហានថៃដឹកកង់ឡាន​ធ្វើលេណដ្ឋាន និងចូលអុកឡុក​នៅក្នុងដីខ្មែរ នៅ​ច្រកមុំបី ខេត្ត​ព្រះវិហារ នៅដើមខែ​មិថុនា ២០២៦។ រូប៖ បណ្ដាញសង្គម

យោធា​ថៃ​បាន​បន្ត​សាងសង់​លេណដ្ឋាន និង​ផ្លូវ​យុទ្ធសាស្ត្រ​នៅ​តាម​ព្រំដែន​កម្ពុជា និង​ក្នុង​តំបន់​ដែល​ថៃ​ដណ្ដើម​បាន​ពី​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​ក្នុង​តំបន់​ទាំងនេះ។ ក្រៅពី​កសាង​សំណង់​ដើម្បី​ពង្រឹងកម្លាំង​ការពារ​តាម​ព្រំដែន​ហើយ​នោះ យោធា​ថៃ​បាន​សាងសង់​សំណង់​ជាច្រើន​ទៀត ដើម្បី​អភិវឌ្ឍ​តំបន់​អតីត​សមរភូមិ​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ពេញលេញ។

ទោះបីជា​ក្នុង​រដូវវស្សា​ដែល​ពោរពេញ​ដោយ​ជំនន់​ទឹកភ្លៀង​ក៏ដោយ យោធា​ថៃ​នៅតែ​បន្ត​សាងសង់​ផ្លូវ និង​សំណង់​ផ្សេងៗ​នៅ​តាម​បណ្ដោយ​ព្រំដែន ជាពិសេស​នៅក្នុង​តំបន់​ដែល​យោធា​ថៃ​បាន​ឈ្លានពាន​យក​ពី​កម្ពុជា​។​

ផ្អែក​តាម​វីដេអូ​ដែល​ក្រុម​ទាហាន​ថៃ​បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ពី​សកម្មភាព​ក្រុម​សាងសង់​របស់​ថៃ កំពុង​ស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​នៅ​តំបន់​ភ្នំ​គោក​ធំ ក្នុងស្រុក​ណាំ​យឺន (Nam Yuen) ខេត្ត​ឧប៊ុនរ៉ាចាថានី (Ubon Ratchathani) របស់​ថៃ ដែល​ភ្ជាប់​ពី​តំបន់​ភ្នំ​៧៤៥ ស្ថិត​ក្នុង​តំបន់​មុំ​បី ទៅកាន់​ភ្នំ​៧៥៤ នៅ​តំបន់​អានសេះ ដែល​ជា​ទីតាំង​ខ្ពស់​ជាងគេ​នៅ​លើ​ជួរ​ភ្នំ​ដងរែក និង​ជាទី​តាំង​ដែល​ថៃ​កំពុង​ព្យាយាម​រាយ​បន្លា​លួស​ឈ្លានពាន​យក​ពី​កម្ពុជា។

តាម​ការ​អះអាង​របស់​យោធា​ថៃ ការសាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​នេះ គឺ​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​យោធា ដូចជា​ដឹកជញ្ជូន​សម្ភារៈ​យោធា និង​ចល័ត​កម្លាំង​ទ័ព ព្រោះ​នៅ​ចន្លោះ​តំបន់​ភ្នំ​៧៤៥ និង​៧៥៤ នេះ សម្បូរ​ទៅ​ដោយ​ជ្រលង​ភ្នំ ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើដំណើរ និង​មធ្យោបាយ​ដឹកជញ្ជូន។

ទោះជា​យ៉ាងណា ទាហាន​ខ្មែរ​ម្នាក់​ដែល​ឈរជើង​នៅ​តំបន់​មុំ​បី បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា យោធា​ថៃ​បាន​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​នេះ គឺ​ដើម្បី​ចូលកាន់​កាប់​តំបន់​យុទ្ធសាស្ត្រ​ខ្ពស់​នៅក្នុង​ភូមិសាស្ត្រ​មុំ​បី រហូតដល់​តំបន់​មរកត ទឹក​ក្រហម និង​អានសេះ​។ ទាហាន​ខ្មែរ​បញ្ជាក់​ថា កន្លងទៅ​ទាហាន​ថៃ​បាន​ចូល​រាយ​បន្លា​លួស​ចូលក្នុង​ទឹកដី​កម្ពុជា​ជាច្រើនលើក ដើម្បី​ដណ្ដើមយក​ទីតាំង​ឈរជើង​របស់​ទាហាន​ខ្មែរ និង​កាន់កាប់​ទីតាំង​ខ្ពស់​នៅ​លើ​ជួរ​ភ្នំ​ដងរែក​ទាំងស្រុង ដោយសារ​នៅ​តំបន់​ចន្លោះ​ភ្នំ​៧៤៥ និង​៧៥៤ គឺ​មាន​ទម្រង់​កោង​ដូច​ក្រចកសេះ ដែល​លយ​ចូល​មក​ខាង​កម្ពុជា។

តាម​ការ​អះអាង​របស់​ទាហាន​ជំនាន់​ចាស់​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា សព្វថ្ងៃ​នេះ​កងទ័ព​ខ្មែរ​នៅសល់​កន្លែង​ឈរជើង​តិចតួច​ប៉ុណ្ណោះ​នៅ​លើ​ជួរ​ភ្នំ​ដងរែក ក្នុង​តំបន់​មុំ​បី ដោយសារ​ភ្នំ​នេះ​មាន​សណ្ឋាន​ជា​ច្រាំង​ចោត និង​ជ្រោះ​ជ្រៅ​នៅ​ប៉ែក​ខាង​កម្ពុជា ខណៈ​នៅ​ខាង​ទឹកដី​ថៃ ភ្នំ​នេះ​មាន​សណ្ឋាន​ជា​ជម្រាល ហើយ​យោធា​ថៃ​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​រុញច្រាន​កងទ័ព​ខ្មែរ​ឱ្យ​ដល់​ច្រាំង​ចោត ដើម្បី​កាន់កាប់​តំបន់​ខ្ពស់​នៅ​មុំ​បី​នេះ​ទាំងស្រុង។

ទាហាន​ខ្មែរ​ដដែល​បន្ត​ថា ប្រសិនបើ​យោធា​ថៃ​ដណ្ដើម​បាន​តំបន់​ភ្នំ​៧៤៥ និង​៧៥៤ ទាំងស្រុង​នោះ តំបន់​មុំ​បី មរកត ក៏​នឹង​អាច​បាត់បង់​ទៅជា​មួយ​ដែរ ដោយសារ​ទីតាំង​ចន្លោះ​ភ្នំ​ទាំងពីរ ដែល​មាន​រាង​ដូច​ក្រចកសេះ​នេះ ប្រៀប​ដូចជា​លេណដ្ឋាន​យក្ស ដែល​អាច​តាំង​មូលដ្ឋាន​យោធា កាំភ្លើង​ធំ និង​វាយប្រហារ​បាន​គ្រប់ទិសទី ចាប់ពី​តំបន់​មុំ​បី រហូតដល់​តំបន់​អានសេះ​ទាំងមូល។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣០ ខែកក្កដា​។​

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា សកម្មភាព​របស់​យោធា​ថៃ​នឹង​ធ្វើ​ឱ្យ​មាន​ភាពស្មុគស្មាញ​ដល់​ការ​ដោះស្រាយ​វិវាទ​រឿង​ព្រំដែន ខណៈ​យោធា​ថៃ​បាន​ឆ្លៀតឱកាស​ក្នុងពេលដែល​ការចរចា​កំពុងតែ​ជាប់​គាំង ដើម្បី​បន្ត​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា និង​យក​ប្រៀប​លើ​កម្លាំងយោធា​។ លោក​បន្ត​ថា ការ​បណ្ដោយ​ឱ្យ​ថៃ​សាងសង់​សំណង់​នៅ​តាម​ព្រំដែន​បែបនេះ ក៏​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ទន់ខ្សោយ​របស់​អ្នកដឹកនាំ​កម្ពុជា ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ផង​ដែរ។

​លោក ម៉ែន ណាត៖ «គឺជា​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាល​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ដែល​មិន​ទទួលខុសត្រូវ​ពេញលេញ​ក្នុង​ការ​ការពារជាតិ​ទឹកដី និង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្សោយ​ភាព ខ្វះ​ការទទួលខុសត្រូវ ក្នុង​ការ​ការពារជាតិ​ទឹកដី ប្រែ​ទៅជា​ពង្រឹង​អំណាច បង្ហាញ​សាច់ដុំ បង្ក្រាប​ខ្មែរ​គ្នាឯង​។ ស្រឡាញ់​តែ​អំណាច ជាង​ស្រឡាញ់​ជាតិ​ទឹកដី​។ តែ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ប្រទេស​កម្ពុជា​ទាំងមូល គឺ​ទទួល​ការប្រមាថ​ពី​ថៃ​មិន​ឈប់ឈរ​»។

ក្រៅពី​តំបន់​មុំ​បី និង​អានសេះ យោធា​ថៃ​បាន​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ជាច្រើន​ខ្សែ​ទៀត នៅ​តំបន់​លើ​ភ្នំ​ដងរែក និង​តាម​ព្រំដែន រួម​ទាំង​ទីតាំង​ដែល​យោធា​ថៃ​ឈ្លានពាន​បាន​ពី​កម្ពុជា ដោយ​យោធា​ថៃ​បាន​ប្រើប្រាស់​រូបភាព​សាងសង់​ក្នុង​ទម្រង់​មូលនិធិ ដើម្បី​អភិវឌ្ឍ​នៅ​តាម​ព្រំដែន និង​មានការ​ចូលរួម​ពី​ព្រះសង្ឃ និង​ពលរដ្ឋ​ថៃ។

ចំណែក​នៅ​តំបន់​អតីត​សមរភូមិ​មួយចំនួន ដូចជា ប្រាសាទ​តា​ក្របី ភ្នំ​៣៥០ ភ្នំ​ទ្រព្យ ភ្នំ​៥០០ និង​ប្រាសាទ​ខ្នារ ជាដើម យោធា​ថៃ​បាន​អភិវឌ្ឍ​តំបន់​ទាំងនេះ ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ពេញលេញ​មួយ​ទៅ​ហើយ ដោយមាន​ពលរដ្ឋ​ថៃ​មក​ទស្សនា​ជា​បន្តបន្ទាប់​ឥត​ដាច់។

ស្រប​ពេល​ដែល​យោធា​ថៃ​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​នៅ​តាម​ព្រំដែន​កម្ពុជា​នោះ ភាគី​ថៃ​បាន​ប្រកាស​បិទផ្លូវ​ចរចា​ដែន​គោក​ជាមួយ​កម្ពុជា ដោយ​មិន​កំណត់​រយៈពេល​នោះ​ឡើយ បន្ទាប់ពី​ភាគី​ថៃ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ក្រោយពេល​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ដើម្បី​ចរចា​ដែនសមុទ្រ​ជាមួយ​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ