អ្នកឃ្លាំមើល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​រឿង​ផ្ដល់​តួនាទី​ឱ្យ​អ្នក​ប្រព្រឹត្តិ​ឃាតកម្ម​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក

0
110
អតីត​អធិការរង​ស្រុក​ព្រះស្ដេច​លោក ជឹម រតនៈ និងក្រោយមកត្រូវបានតែងតាំងជាក្រុមប្រឹក្សាស្រុកព្រះស្ដេច។ រូប៖ បណ្ដាញសង្គម
អតីត​អធិការរង​ស្រុក​ព្រះស្ដេច​លោក ជឹម រតនៈ និងក្រោយមកត្រូវបានតែងតាំងជាក្រុមប្រឹក្សាស្រុកព្រះស្ដេច។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​រឿង ផ្ដល់​តួនាទី​ឱ្យ​អតីត​អធិការរង​ស្រុក​ព្រះស្ដេច​លោក ជឹម រតនៈ ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស ឃាតកម្ម ឱ្យ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព្រះស្ដេច និង​ជា​អនុ​ប្រធាន​សភា​យុវ​ពាណិជ្ជកម្ម កម្ពុជា​ខេត្ត ព្រៃវែង ក្រោយពី បុគ្គល​រូប​នេះ​ត្រូវ​បាន​ដោះលែង ចេញ​ពី​ពន្ធនាគារ ។ អ្នកឃ្លាំមើល​ចាត់ទុក​ករណី​ជា​នេះ​ជា​វិបត្តិ​ប្រព័ន្ធ​យុត្តិធម៌ និង អភិបាលកិច្ច នៅ​កម្ពុជា ដែល​ជះឥទ្ធិពល​អវិជ្ជមាន ដល់​សង្គមជាតិ​ទាំងមូល។

ក្រោយពី ស្ងប់ស្ងាត់​មួយ​រយៈ លើ​ករណី​ឃាតកម្ម​ដ៏​ឃោរឃៅ​នៅ​ខេត្តព្រៃវែង​កាលពី​ឆ្នាំ​២០១៩ ពាក់ព័ន្ធ​អតីត​អធិការរង​ស្រុក​ព្រះស្ដេច​លោក ជឹម រតនៈ និង​បក្ខពួក ពេលនេះ មាន​ពលរដ្ឋ និង អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ចាប់អារម្មណ៍​ជាថ្មី ក្រោយពី​លោក ជឹម រតនៈ ត្រូវ​បាន​តែងតាំង ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក និង ជា​អនុ​ប្រធាន​សភា​យុវ​ពាណិជ្ជកម្ម​កម្ពុជា​ខេត្តព្រៃវែង។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៣ ខែសីហា​ថា ការតែងតាំង​បុគ្គល​ដែល​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម និង​មាន​អំពើពុករលួយ ឬ​បក្ខពួក​និយម​នេះ បង្កើត​ឱ្យ​មាន​ទម្លាប់​មិនល្អ​។ លោក​ថា ករណីនេះ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​វិបត្តិ​ប្រព័ន្ធ​យុត្តិធម៌ និង​អភិបាលកិច្ច​នៅ​កម្ពុជា។

ជាមួយគ្នា​នោះ​លោក​អះអាង​ថា ករណីនេះ​កំពុង​បំផ្លាញ​ទំនុក​ចិត្តរ​ពលរដ្ឋ​ទៅលើ​ប្រព័ន្ធ​តុលាការ និង​ស្ថាប័នរដ្ឋ ព្រោះ​ប្រជាជន​មាន​អារម្មណ៍​ថា ច្បាប់​ត្រូវ​អនុវត្ត​តែ​លើ​អ្នកក្រ និង​អ្នក​គ្មាន​ខ្នងបង្អែក​ប៉ុណ្ណោះ​។ លើស​ពី​នេះ លោក​សង្កត់​ធ្ងន់​ថា ជា​រឿង​គួរ​ឱ្យ​តក់ស្លុត និង​អយុត្តិធម៌​បំផុត​សម្រាប់​គ្រួសារ​ជនរងគ្រោះ នៅពេល​ឃើញ​ឃាតក​ដើរ​ដោយ​សេរី និង​ទទួល​បាន​បុណ្យស័ក្ដិ និង​តំណែង​ខ្ពង់ខ្ពស់​ថែមទៀត។

លោក សេង វណ្ណលី៖ «សង្គម​កម្ពុជា​បច្ចុប្បន្ន​កំពុង​វិវត្ត​ទៅ​រក​ទិសដៅ​មួយ​ដែល​តម្លៃ​នៃ​គុណធម៌ សមត្ថភាព និង​ស្នាដៃ​ពិតប្រាកដ​ត្រូវ​គេ​មើល​រំលង ហើយ​ជំនួស​មកវិញ​ដោយ​ទំនាក់ទំនង​បក្ខពួក អំណាច​សាច់ប្រាក់ និង​បណ្ដាញ​ផ្ទៃក្នុង​។ នៅ​ពេល​ដែល​ជនល្មើស ឬ​អ្នក​គ្មាន​ស្នាដៃ​អាច​ទទួល​បាន​តំណែង​ក្នុង​ស្ថាប័នរដ្ឋ និង​អង្គការ​សង្គម វា​នឹង​ធ្វើ​ឱ្យ​មន្ត្រីរាជការ​ដែល​មាន​សមត្ថភាព និង​ស្មោះត្រង់​បាត់បង់​ទឹកចិត្ត​ក្នុង​ការ​បម្រើ​ជាតិ​។ ស្ថានភាព​នេះ​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​ធ្លាក់ចុះ​នៃ​សីលធម៌​សង្គម និង​ការបង្កើត​គំរូ​អាក្រក់​ដល់​យុវជន​ជំនាន់​ក្រោយ ថា​ការ​មាន​ខ្នងបង្អែក ឬ​អំណាច គឺ​ខុស​ទៅជា​ត្រូវ និង​អាច​ឈរ​លើ​ច្បាប់​បាន»។

ការ​លើកឡើង​នេះ ក្រោយពី​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង មួយចំនួន​បាន​បញ្ចេញមតិ ដោយ​បង្ហាញ​ក្ដី​បារម្ភ​ជុំវិញ ករណី​អភិបាលស្រុក​ព្រះស្ដេច លោក ភុន សម្ផស្ស បាន​តែងតាំង លោក ជឹម រតនៈ ឱ្យ​កាន់​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព្រះស្ដេច និង​ជា​អនុប្រធាន​យុវ​ពាណិជ្ជកម្ម​កម្ពុជា បើទោះបីជា បុគ្គល​រូប​នេះ​មាន​ប្រវត្តិ​មិនល្អ ពាក់ព័ន្ធ អំពើ​ឃាតកម្ម និង​ការប្រើប្រាស់​កាំភ្លើង​ដោយ​ខុសច្បាប់ ក៏ដោយ។

លោក ជឹម រតនៈ គឺជា​កូនប្រុស​របស់​ឧកញ៉ា ជឹម សុខ ដែល​ជា​អ្នកជំនួញ​នាំចេញ​គោ​-​ក្របី​ប្រចាំ​ច្រកព្រំដែន​ចក្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ក្នុង​ការ​នាំ​ទៅកាន់​ប្រទេស​វៀតណាម​។ កាលពី​ឆ្នាំ​២០១៩ អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​សន្និដ្ឋាន​ថា លោក ជឹម រតនៈ និង​បក្ខពួក បាន​ជាប់​ពាក់ព័ន្ធ បទ​បទល្មើស «​ឃាតកម្ម​ដោយ​ចេតនា​» និង «​ប្រើប្រាស់​អាវុធ​ខុសច្បាប់​» ក្រោយពី​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ចោរកម្ម ដោយ​គ្មាន​ភស្តុតាង ត្រឹមត្រូវ រួចហើយ បាន​បាញ់​ស្រោច​មក​លើ​ជនរងគ្រោះ​ឈ្មោះ យ៉ន រ៉ាវុទ្ធ ដែល​កំពុង បើកឡាន​នៅ​តាម​ដងផ្លូវ។

ក្នុង​នោះ​មាន​មន្ត្រី​នគរបាល​ពីរ​នាក់ គឺ លោក ជឹម រតនៈ ជា​អ្នក​បាញ់​ជនរងគ្រោះ ដែល​កាលនោះ​មាន​តួនាទី​ជា​នាយ​ផ្នែក​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រះស្ដេច និង​មន្ត្រី​នគរបាល​ម្នាក់ទៀត ឈ្មោះ ជឹម វិន ជា​អ្នក​បាញ់​ជនរងគ្រោះ​ផង​ដែរ ដែល​មាន​តួនាទី​ជា មន្ត្រី​នគរបាល​ប៉ុស្តិ៍​កំពង់​សឹង្ហ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច​។ លោក ជឹម រតនៈ គឺជា​កូនបង្កើត​របស់ ឧកញ៉ា ជឹម សុខ ហើយ ជឹម វិន គឺជា​ក្មួយ​របស់ ឧកញ៉ា ជឹម សុខ។

ការ​បាញ់​ស្រោច​លើ​ជនរងគ្រោះ​នេះ ក្រោយពី​មន្ត្រី​នគរបាល​ខាងលើ ទទួល​បណ្ដឹង​ពី​ពលរដ្ឋ ពីរ​នាក់ ឈ្មោះ សេង ឈិន និង ឈុន ឡាយ ដែល​មាន​ជម្លោះ​ជាមួយ​ជនរងគ្រោះ​រួចហើយ ក៏​ឃុបឃិត​គ្នា ផ្ដល់​ព័ត៌មាន មិន​ពិត​ដល់ មន្ត្រី​នគរបាល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មន្ត្រី​នគរបាល​ចុះ​ធ្វើ​ប្រតិបត្តិការ​បាញ់​ស្រោច​មក​លើ​ជនរងគ្រោះ​ទាំង​កម្រោល​។ អ្នកឃ្លាំមើល​យល់ថា ការ​បាញ់​ស្រោច​មក​លើ​ឡាន​ជនរងគ្រោះ ទាំង​ដែល​ជនរងគ្រោះ​គ្មាន​អាវុធ​តបត​ផង​នោះ គឺជា​ចេតនា​ពិតប្រាកដ ដែល​មន្ត្រី​នគរបាល រូប​នោះ បាន​ប្រព្រឹត្ត ដោយ​គ្មាន​បារម្ភ​ពី​អាយុជីវិត​ពលរដ្ឋ។

ទំនងជា​ធ្វើតាម​អង្គហេតុ​បែប​នេះ​ហើយ សាលាដំបូង​ខេត្តព្រៃវែង កាលពី​ឆ្នាំ​២០១៩​បាន​ចេញ​សាលក្រម​ចោទប្រកាន់​លោក ជឹម រតនៈ និង​បក្ខពួក ពី​បទ​ចោទ «​មនុស្សឃាត​ដោយ​អ​ចេតនា​»​ដែល​តម្រូវ​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​១០​ខែ​និង​ពិន័យ ជា​ប្រាក់ ៦​លាន​រៀល​។ ក្រោយពី អនុវត្ត​ទោស​រួច នៅ​ខែមករា​ឆ្នាំ​២០២២ លោក ក៏​ត្រូវ​បាន ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ទោះជា​យ៉ាងណា​ពលរដ្ឋ និង​អ្នកឃ្លាំមើល ចាត់ទុក ការ​ផ្ដន្ទាទោស​នេះ មិន​សម​ហេតុផល ព្រោះ​សង្ស័យ​ថា មាន​ជាប់​ព័ន្ធ​អំពើពុករលួយ ខណៈ​ដែល​បុគ្គល​រូប​នេះ​ចេញពី​ពន្ធនាគារ​រួច ក៏​ទទួល​បាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​ជា​អនុប្រធាន​យុវ​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​ខេត្ត​ព្រៃវែង។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាចទាក់ទង លោក ជឹម រតនៈ និង​អភិបាលស្រុក​ព្រះស្ដេច លោក ភុន សម្ផស្ស ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី៣ ខែសីហា។

ទោះជា​យ៉ាងណា ការតែងតាំង បុគ្គល​ដែល​មាន​រឿងអាស្រូវ​បែបនេះ ឱ្យ​ចូល​បម្រើការ​ក្នុង​ស្ថាប័នរដ្ឋ​តែងតែ​ឃើញ​មាន​ជា​បន្តបន្ទាប់ ដែល​ធ្វើឡើង​តាមរយៈ​បក្ខពួក និង​សែស្រឡាយ​។ ករណីនេះ ត្រូវ​បាន​ពលរដ្ឋ​រិះគន់​ថា រដ្ឋាភិបាល ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​ស្ថាប័នរដ្ឋ គឺជា​កន្លែង រកស៊ី តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ពង្រីក​តែ​អំណាច​ដោយ​មិន​ខ្វល់​លើ បុគ្គល​នោះ មាន​ស្នាដៃ​បម្រើ​ជាតិ និង​សមត្ថភាព​នោះ​ទេ។

ជាក់ស្ដែង កង​អង្គរក្ស​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក​ហ៊ុន សែន​ចំនួន​៣​នាក់ ដែល​បាន​វាយ​តំណាងរាស្ត្រ​គណបក្សប្រឆាំង ឱ្យ​រង​របួស​ធ្ងន់​កាលពី​ចុងឆ្នាំ​២០១៥ ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​ថ្នាក់​វរសេនីយ៍ទោ សក្ដិ​៤​កន្លះ ទៅជា​វរសេនីយ៍ឯក សក្តិ​៥ និង ពី​វរសេនីយ៍ឯក សក្តិ​៥ ទៅជា​ឧត្ដមសេនីយ៍ត្រី ផ្កាយ​មួយ ជាដើម បើ​ទោះបី​បុគ្គល​ទាំងនោះ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់​៤​ឆ្នាំ​ក្ដី ក៏​ពុំបាន​អនុវត្ត​ទោស​បាន​ពេញលេញ​នោះ​ឡើយ ហើយ​ថែមទាំង​ទទួល​បាន​តំណែង​តួនាទី​ថែមទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ