

កម្មករ-កម្មការិនីរោងចក្រ ជេអេស លេឌើរ (JS Leader) ប្រមាណ ២ពាន់នាក់បន្តធ្វើកូដកម្មទ្រង់ទ្រាយធំជាលើកទី៣ នៅថ្ងៃទី៣ សីហា ដើម្បីទាមទារឱ្យថៅកែដកអ្នកគ្រប់គ្រងរោងចក្រចេញពីតំណែង។ កម្មករចោទថា អ្នកគ្រប់គ្រងតែងប្រើពាក្យសម្ដីជេរប្រមាថកម្មករ និងរើសអើងសហជីពនៅកន្លែងការងារ។ លើសពីនេះ ក្រុមកម្មករក៏ទាមទារឱ្យភាគីថៅកែរោងចក្រដោះស្រាយបញ្ហាក្លិនស្អុយនៅកន្លែងធ្វើការដែលបានបង្កផលប៉ះពាល់ដល់សុខភាព និងប្រព័ន្ធផ្លូវដង្ហើមរបស់កម្មករ ជាពិសេសបណ្ដាលឱ្យស្ត្រីមានផ្ទៃពោះដួលសន្លប់ និងក្អួតចង្អោរជាញឹកញាប់។
ក្រុមកម្មករ និងសហជីពនៅរោងចក្រ ជេអេស លេឌើរ (JS Leader) លើកឡើងថា ពួកគាត់មិនអាចទទួលយកបានឡើយ ចំពោះការប្រើពាក្យសម្ដីជេរប្រមាថ ការរើសអើង និងអាកប្បកិរិយាមិនសមរម្យរបស់អ្នកគ្រប់គ្រងរោងចក្រមកលើកម្មករខ្មែរ។
កម្មករ និងជាសមាជិកសហជីពរោងចក្រ ជេអេស លេឌើរ លោក សាត់ ម៉ាដែន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣ ខែសីហា ថា មូលហេតុដែលកម្មករបន្តធ្វើកូដកម្មជាថ្មី គឺដោយសារអ្នកគ្រប់គ្រងជនជាតិកូរ៉េ តែងប្រើពាក្យសម្ដីជេរប្រមាថ បង្ហាញអាកប្បកិរិយាមិនសមរម្យ និងធ្វើទុក្ខបុកម្នេញលើកម្មករ និងសមាជិកសហជីពនៅកន្លែងការងារ។ លោកអះអាងថា អ្នកគ្រប់គ្រងរូបនេះតែងស្រែកគំរាមកំហែងកម្មករ រើសម្ភារៈរបស់កម្មករ និងសហជីពក្នុងម៉ោងការងារ ដើម្បីដាក់សម្ពាធឱ្យពួកគាត់ខិតខំបំពេញការងារ។ លោក សាត់ ម៉ាដែន អះអាងទៀតថា អ្នកគ្រប់គ្រងក៏បានហាមកម្មករ និងសមាជិកសហជីពមួយចំនួនមិនឱ្យធ្វើការបន្ថែមម៉ោង (OT) ដោយសារតែខឹងនឹងការចូលរួមធ្វើកូដកម្មកន្លងមក។ កម្មករដដែលបញ្ជាក់ថា កូដកម្មលើកនេះក្រុមកម្មករក៏បានទាមទារឱ្យអ្នកគ្រប់គ្រង និងថៅកែរោងចក្រដោះស្រាយបញ្ហាក្លិនស្អុយដែលភាយចេញពីម៉ាស៊ីនកាត់ជ័រ ធ្វើឱ្យប៉ះពាល់សុខភាពក្រុមកម្មករ។
លោក សាត់ ម៉ាដែន បញ្ជាក់ទៀតថា អ្នកគ្រប់គ្រងក៏មានទង្វើអសីលធម៌ និងមានចេតនាបៀតបៀនផ្លូវភេទ និងរំលោភសិទ្ធិកម្មករផងដែរ។ លោកអះអាងថា កាលពីថ្ងៃទី៣១ ខែកក្កដា អ្នកគ្រប់គ្រងបានចូលទៅក្នុងបន្ទប់សង្គ្រោះបឋមរបស់រោងចក្រ ខណៈកម្មការិនី ៤នាក់កំពុងកោសខ្យល់ឱ្យគ្នាទាំងអាក្រាតកាយ។ លោកបន្តថា ដំបូងអ្នកគ្រប់គ្រងបានបិទទ្វារបន្ទប់ ប៉ុន្តែក្រោយមកបានបើកទ្វារឡើងវិញ និងប្រើទូរស័ព្ទដៃថតរូបកម្មការិនីដែលកំពុងកោសខ្យល់ឱ្យគ្នាថែមទៀតផង។
លោក សាត់ ម៉ាដែន៖ «ភាគច្រើនគេឱ្យគាត់ [អ្នកគ្រប់គ្រង វ៉ាង អឹមលី (Wang Eumlee)] គោរពសិទ្ធិកម្មករ សិទ្ធិសេរីភាពសហជីព និងបញ្ហាក្លិនវាប៉ះពាល់មួយរោងចក្រហ្មង ក្លិនកាត់ជ័រពុម្ពហ្នឹង។ តវ៉ារឿងអាកប្បកិរិយារបស់គាត់ហ្នឹង និងបញ្ហាក្លិនហ្នឹង តវ៉ាហើយយើងទៅដោះស្រាយនៅក្រសួងការងារ គាត់ព្រមព្រៀងថា ត្រូវដូរ [ម៉ាស៊ីន] ខែហ្នឹង គាត់អត់ព្រមដូរទេ គាត់ដល់ពេលយើងតវ៉ាអីហើយ គាត់ចាប់ផ្ដើមរករឿងយើង ចាប់ផ្ដើមចាប់កំហុសពួកខ្ញុំហ្មង ឱ្យតែអ្នកណាប្ដឹងគាត់ហ្នឹង គាត់ចាប់ផ្ដើម ភាគច្រើនគាត់រករឿងតែពួកការិយាល័យ (Office) និងពួកខ្ញុំជាសហជីពហ្នឹង»។
រោងចក្រ ជេអេស លេឌើ (JS Leader) គឺជារោងចក្រផ្ដោតលើខ្សែសង្វាក់ផលិតកម្ម កាបូបស្បែក ស្ថិតនៅរាជធានីភ្នំពេញ។ អ្នកគ្រប់គ្រងរងការចោទប្រកាន់ពីក្រុមកម្មករមានឈ្មោះ វ៉ាង អឹមលី (Wang Eumlee) ហៅតាលី គឺជាជនជាតិកូរ៉េ។ ក្រុមកម្មករបញ្ជាក់ថា ពួកគាត់បាននាំគ្នាធ្វើកូដកម្មចំនួន ៣ដងមកហើយចាប់តាំងពីខែមេសា មកប៉ុន្តែអ្នកគ្រប់គ្រងរូបនេះនៅតែប្រើពាក្យសម្ដីមិនសមរម្យ រើសអើងក្រុមសហជីព និងមិនដោះស្រាយក្លិនស្អុយដែលភាយចេញពីម៉ាស៊ីននៅក្នុងរោងចក្រឡើយ។
ប្រធានសហជីពប្រចាំរោងចក្រ ជេអេស លេឌើរ (JS Leader) លោកស្រី ផាន សាវរី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្លិនស្អុយដែលសាយភាយចេញពីម៉ាស៊ីនកាត់ស្បែកបានធ្វើឱ្យប៉ះពាល់ដល់សុខភាពកម្មករ ជាពិសេសធ្វើឱ្យស្ត្រីមានផ្ទៃពោះពិបាកដកដង្ហើម និងមានកម្មករមួយចំនួនពុលសន្លប់ក្អួតចង្អោរជាញឹកញាប់។
លោកស្រី ផាន សាវរី៖ «ប៉ះពាល់ដល់សុខភាពគេ ទាស់ អ៊ីចឹង កូនខ្ចី ពោះធំអ៊ីចឹង មានបញ្ហាវល់មុខហើយក្អួត។ ក្លិនហ្នឹងតាំងពីពេលគាត់ [អ្នកគ្រប់គ្រង លោក វ៉ាង អឹមលី (Wang Eumlee)] ចូលមកប្រហែលជារយៈពេល ៥ ទៅ ៦ ខែ គាត់ចូលមកកាន់គ្រប់គ្រងហ្នឹង។ ចាសក្អួត សំខាន់ប៉ះពាល់ខ្ញុំចូលកាត់ពុម្ព ធុំក្លិនស្អុយហ្នឹងក្អួតហ្មង។ ចាស ខ្ញុំពិបាកឈ្ងៀមហ្មងណា៎»។
ទាក់ទងនឹងបញ្ហានេះ លទ្ធផលនៃជំនួបចរចារវាងអ្នកគ្រប់គ្រង និងក្រុមកម្មករដែលសម្របសម្រួលដោយក្រសួងការងារឱ្យដឹងថា អ្នកគ្រប់គ្រងរោងចក្របានយល់ព្រមតាមសំណើរបស់ក្រុមកម្មករ។ ប្រធានគ្រប់គ្រងរោងចក្រលោក វ៉ាង អឹមលី (Wang Eumlee) បញ្ជាក់ថា នឹងរុះរើម៉ាស៊ីនដែលមានក្លិនស្អុយក្នុងរយៈពេល ២សប្ដាហ៍ទៅដាក់នៅកន្លែងចាស់ ដើម្បីកុំឱ្យភាយក្លិនប៉ះពាល់ដល់សុខភាពកម្មករ។ អ្នកគ្រប់គ្រងរូបនេះក៏សន្យាថា នឹងបញ្ឈប់ការរើសអើងសហជីព និងកែប្រែពាក្យសម្ដីឥរិយាបថមិនសមរម្យ ហើយករណីដែលមិនបានកែប្រែលោកនឹងចុះចេញពីតំណែងដោយខ្លួនឯង។
ជុំវិញរឿងនេះ ប្រធានសហព័ន្ធសហជីពឯករាជ្យនៃអង្គការអ៊ីនទូហ្វី (Intufe) លោក រី សិទ្ធីណែត លើកឡើងថា សិទ្ធិកម្មកររោងចក្រនៅតែប្រឈមបញ្ហារងការរំលោភបំពាន និងមិនទាន់ទទួលបានកិច្ចគាំពារសុខភាពនៅឡើយ។ លោកយល់ថា ការសន្យារបស់អ្នកគ្រប់គ្រងរោងចក្រ ជេអេស លេឌើរ គ្មានភាពប្រាកដប្រជាទើបក្រុមកម្មករបង្ខំចិត្តចេញតវ៉ាម្ដងហើយម្ដងទៀត។
លោក រី សិទ្ធីណែត៖ «ខ្ញុំស្នើសុំថាឱ្យក្រសួងការងារ មេត្តាយកចិត្តទុកដាក់ ជាពិសេសកន្លងមក តំណាងក្រុមហ៊ុនគាត់ធ្លាប់បានសន្យាថា គាត់នឹងរុះរើ (Move) ម៉ាស៊ីនម្ដងហើយ មុនបំណាច់ខែ ៧ តែមកដល់ពេលហ្នឹង គឺគាត់ទើបបញ្ជាក់សាជាថ្មីទៀត តាមរយៈតំណាងក្រសួង»។
ក្រុមកម្មករ និងសហជីពនៅរោងចក្រ ជេអេស លេឌើរ (JS Leader) លើកឡើងថា ពួកគាត់តែងតែគោរពវិន័យ និងបំពេញតួនាទីរបស់ខ្លួនមិនដែលបង្កឱ្យមានការរាំងស្ទះដល់សង្វាក់ផលិតកម្ម ឬការនាំចេញទំនិញរបស់ក្រុមហ៊ុនឡើយ។ ក្រុមកម្មករបន្តថា ពួកគាត់បានខិតខំបំពេញការងារដោយភាពស្មោះត្រង់ និងប្រើប្រាស់កម្លាំងញើសឈាម ដើម្បីរួមចំណែកឱ្យក្រុមហ៊ុនដំណើរការបានដោយរលូន។ ទោះជាយ៉ាងណា ពួកគាត់ទាមទារឱ្យថៅកែ និងអ្នកគ្រប់គ្រងគោរពសេចក្ដីថ្លៃថ្នូរ និងសិទ្ធិជាមូលដ្ឋានរបស់កម្មករ ដោយមិនត្រូវជេរប្រមាថ គំរាមកំហែង ឬរំលោភបំពានសិទ្ធិកម្មករខ្មែរបន្តទៀតឡើយ៕









