កម្មករ​រោងចក្រ ជេអេស លេឌើរ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​គោរព​សិទ្ធិ​កម្មករ និង​ឈប់​រើសអើង​សហជីព

0
81
ទិដ្ឋភាពកម្មករ​-​កម្មការិនី​រោងចក្រ ជេអេស លេឌើរ (JS Leader) នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រមាណ ២​ពាន់​នាក់​បន្ត​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​៣ កាលពី​ថ្ងៃទី​៣ សីហា ២០២៦។ រូប៖ សម្ព័ន្ធសហជីពចលនាកម្មករ
ទិដ្ឋភាពកម្មករ​-​កម្មការិនី​រោងចក្រ ជេអេស លេឌើរ (JS Leader) នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រមាណ ២​ពាន់​នាក់​បន្ត​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​៣ កាលពី​ថ្ងៃទី​៣ សីហា ២០២៦។ រូប៖ សម្ព័ន្ធសហជីពចលនាកម្មករ

កម្មករ​-​កម្មការិនី​រោងចក្រ ជេអេស លេឌើរ (JS Leader) ប្រមាណ ២​ពាន់​នាក់​បន្ត​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​៣ នៅ​ថ្ងៃទី​៣ សីហា ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ដក​អ្នកគ្រប់គ្រង​រោងចក្រ​ចេញពី​តំណែង​។ កម្មករ​ចោទ​ថា អ្នកគ្រប់គ្រង​តែង​ប្រើ​ពាក្យ​សម្ដី​ជេរប្រមាថ​កម្មករ និង​រើសអើង​សហជីព​នៅ​កន្លែង​ការងារ​។ លើស​ពី​នេះ ក្រុម​កម្មករ​ក៏​ទាមទារ​ឱ្យ​ភាគី​ថៅកែ​រោងចក្រ​ដោះស្រាយ​បញ្ហា​ក្លិនស្អុយ​នៅ​កន្លែងធ្វើការ​ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព និង​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​កម្មករ ជាពិសេស​បណ្ដាល​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ដួលសន្លប់ និង​ក្អួតចង្អោរ​ជា​ញឹកញាប់។

ក្រុម​កម្មករ និង​សហជីព​នៅ​រោងចក្រ ជេអេស លេឌើ​រ (JS Leader) លើកឡើង​ថា ពួកគាត់​មិនអាច​ទទួល​យក​បាន​ឡើយ ចំពោះ​ការប្រើ​ពាក្យសម្ដី​ជេរប្រមាថ ការរើសអើង និង​អាកប្បកិរិយា​មិន​សមរម្យ​របស់​អ្នកគ្រប់គ្រង​រោងចក្រ​មក​លើ​កម្មករ​ខ្មែរ។

កម្មករ និង​ជា​សមាជិក​សហជីព​រោង​ចក្រ ជេអេស លេឌើរ លោក សាត់ ម៉ាដែន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៣ ខែសីហា ថា មូលហេតុ​ដែល​កម្មករ​បន្ត​ធ្វើ​កូដកម្ម​ជាថ្មី គឺ​ដោយសារ​អ្នកគ្រប់គ្រង​ជនជាតិ​កូរ៉េ តែង​ប្រើ​ពាក្យសម្ដី​ជេរប្រមាថ បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ និង​ធ្វើទុក្ខបុកម្នេញ​លើ​កម្មករ និង​សមាជិក​សហជីព​នៅ​កន្លែង​ការងារ​។ លោក​អះអាង​ថា អ្នកគ្រប់គ្រង​រូប​នេះ​តែង​ស្រែក​គំរាមកំហែង​កម្មករ រើ​សម្ភារៈ​របស់​កម្មករ និង​សហជីព​ក្នុង​ម៉ោង​ការងារ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ពួកគាត់​ខិតខំ​បំពេញការងារ​។ លោក សាត់ ម៉ាដែន អះអាង​ទៀត​ថា អ្នកគ្រប់គ្រង​ក៏បាន​ហាម​កម្មករ និង​សមាជិក​សហជីព​មួយចំនួន​មិន​ឱ្យ​ធ្វើការ​បន្ថែម​ម៉ោង (OT) ដោយសារតែ​ខឹង​នឹង​ការចូលរួម​ធ្វើ​កូដកម្ម​កន្លងមក​។ កម្មករ​ដដែល​បញ្ជាក់​ថា កូដកម្ម​លើក​នេះ​ក្រុម​កម្មករ​ក៏បាន​ទាមទារ​ឱ្យ​អ្នកគ្រប់គ្រង និង​ថៅកែ​រោងចក្រ​ដោះស្រាយ​បញ្ហា​ក្លិនស្អុយ​ដែល​ភាយ​ចេញពី​ម៉ាស៊ីន​កាត់​ជ័រ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ក្រុម​កម្មករ។

លោក សាត់ ម៉ាដែន បញ្ជាក់​ទៀត​ថា អ្នកគ្រប់គ្រង​ក៏​មាន​ទង្វើ​អសីលធម៌ និង​មាន​ចេតនា​បៀតបៀន​ផ្លូវភេទ និង​រំលោភសិទ្ធិ​កម្មករ​ផង​ដែរ​។ លោក​អះអាង​ថា កាលពី​ថ្ងៃទី​៣១ ខែកក្កដា អ្នកគ្រប់គ្រង​បាន​ចូល​ទៅ​ក្នុង​បន្ទប់​សង្គ្រោះ​បឋម​របស់​រោងចក្រ ខណៈ​កម្មការិនី ៤​នាក់​កំពុង​កោសខ្យល់​ឱ្យ​គ្នា​ទាំង​អាក្រាត​កាយ។ លោក​បន្ត​ថា ដំបូង​អ្នកគ្រប់គ្រង​បាន​បិទទ្វារ​បន្ទប់ ប៉ុន្តែ​ក្រោយមក​បាន​បើកទ្វារ​ឡើងវិញ និង​ប្រើ​ទូរស័ព្ទ​ដៃ​ថតរូប​កម្មការិនី​ដែល​កំពុង​កោសខ្យល់​ឱ្យ​គ្នា​ថែម​ទៀត​ផង។

លោក សាត់ ម៉ាដែន៖ «ភាគច្រើន​គេ​ឱ្យ​គាត់ [​អ្នកគ្រប់គ្រង វ៉ាង អឹម​លី (Wang Eumlee)] គោរព​សិទ្ធិ​កម្មករ សិទ្ធិ​សេរីភាព​សហជីព និង​បញ្ហា​ក្លិន​វា​ប៉ះពាល់​មួយ​រោងចក្រ​ហ្មង ក្លិន​កាត់​ជ័រ​ពុម្ព​ហ្នឹង​។ តវ៉ា​រឿង​អាកប្បកិរិយា​របស់​គាត់​ហ្នឹង និង​បញ្ហា​ក្លិន​ហ្នឹង តវ៉ា​ហើយ​យើង​ទៅ​ដោះស្រាយ​នៅ​ក្រសួង​ការងារ គាត់​ព្រមព្រៀង​ថា ត្រូវ​ដូរ [​ម៉ាស៊ីន​] ខែ​ហ្នឹង គាត់​អត់​ព្រម​ដូរ​ទេ គាត់​ដល់ពេល​យើង​តវ៉ា​អី​ហើយ គាត់​ចាប់ផ្ដើម​រករឿង​យើង ចាប់ផ្ដើម​ចាប់កំហុស​ពួក​ខ្ញុំ​ហ្មង ឱ្យ​តែ​អ្នកណា​ប្ដឹង​គាត់​ហ្នឹង គាត់​ចាប់ផ្ដើម ភាគច្រើន​គាត់​រករឿង​តែ​ពួក​ការិយាល័យ (Office) និង​ពួក​ខ្ញុំ​ជា​សហជីព​ហ្នឹង»។

រោងចក្រ ជេអេស លេឌើ (JS Leader) គឺជា​រោងចក្រ​ផ្ដោត​លើ​ខ្សែ​សង្វាក់​ផលិតកម្ម កាបូប​ស្បែក ស្ថិតនៅ​រាជធានី​ភ្នំពេញ​។ អ្នកគ្រប់គ្រង​រង​ការចោទប្រកាន់​ពី​ក្រុម​កម្មករ​មានឈ្មោះ វ៉ាង អឹមលី (Wang Eumlee) ហៅ​តា​លី គឺជា​ជនជាតិ​កូរ៉េ​។ ក្រុម​កម្មករ​បញ្ជាក់​ថា ពួកគាត់​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ចំនួន ៣​ដង​មក​ហើយ​ចាប់តាំងពី​ខែមេសា មក​ប៉ុន្តែ​អ្នកគ្រប់គ្រង​រូប​នេះ​នៅតែ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ រើសអើង​ក្រុម​សហជីព និង​មិន​ដោះស្រាយ​ក្លិនស្អុយ​ដែល​ភាយ​ចេញពី​ម៉ាស៊ីន​នៅក្នុង​រោងចក្រ​ឡើយ។

ប្រធាន​សហជីព​ប្រចាំ​រោងចក្រ ជេអេស លេឌើរ (JS Leader) លោកស្រី ផាន សាវរី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្លិនស្អុយ​ដែល​សាយភាយ​ចេញពី​ម៉ាស៊ីន​កាត់​ស្បែក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ ជាពិសេស​ធ្វើ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ពិបាក​ដកដង្ហើម និង​មាន​កម្មករ​មួយចំនួន​ពុល​សន្លប់​ក្អួតចង្អោរ​ជា​ញឹកញាប់។

លោកស្រី ផាន សាវរី៖ «ប៉ះពាល់​ដល់​សុខភាព​គេ ទាស់ អ៊ីចឹង កូនខ្ចី ពោះធំ​អ៊ីចឹង មាន​បញ្ហា​វល់​មុខ​ហើយ​ក្អួត​។ ក្លិន​ហ្នឹង​តាំងពី​ពេល​គាត់ [​អ្នកគ្រប់គ្រង លោក វ៉ាង អឹមលី (Wang Eumlee)] ចូល​មក​ប្រហែលជា​រយៈពេល ៥ ទៅ ៦ ខែ គាត់​ចូល​មក​កាន់​គ្រប់គ្រង​ហ្នឹង​។ ចាស​ក្អួត សំខាន់​ប៉ះពាល់​ខ្ញុំ​ចូល​កាត់​ពុម្ព ធុំក្លិន​ស្អុយ​ហ្នឹង​ក្អួត​ហ្មង​។ ចាស ខ្ញុំ​ពិបាក​ឈ្ងៀម​ហ្មង​ណា៎»។

ទាក់ទង​នឹង​បញ្ហា​នេះ លទ្ធផល​នៃ​ជំនួប​ចរចា​រវាង​អ្នកគ្រប់គ្រង និង​ក្រុម​កម្មករ​ដែល​សម្របសម្រួល​ដោយ​ក្រសួង​ការងារ​ឱ្យដឹង​ថា អ្នកគ្រប់គ្រង​រោងចក្រ​បាន​យល់ព្រម​តាម​សំណើ​របស់​ក្រុម​កម្មករ​។ ប្រធាន​គ្រប់គ្រង​រោងចក្រ​លោក វ៉ាង អឹមលី (Wang Eumlee) បញ្ជាក់​ថា នឹង​រុះរើ​ម៉ាស៊ីន​ដែល​មាន​ក្លិនស្អុយ​ក្នុង​រយៈពេល ២​សប្ដាហ៍​ទៅ​ដាក់​នៅ​កន្លែង​ចាស់ ដើម្បី​កុំឱ្យ​ភាយ​ក្លិន​ប៉ះពាល់​ដល់​សុខភាព​កម្មករ​។ អ្នកគ្រប់គ្រង​រូប​នេះ​ក៏​សន្យា​ថា នឹង​បញ្ឈប់​ការរើសអើង​សហជីព និង​កែប្រែ​ពាក្យសម្ដី​ឥរិយាបថ​មិន​សមរម្យ ហើយ​ករណី​ដែល​មិនបាន​កែប្រែ​លោក​នឹង​ចុះ​ចេញពី​តំណែង​ដោយ​ខ្លួនឯង។

ជុំវិញ​រឿង​នេះ ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ​នៃ​អង្គការ​អ៊ីនទូហ្វី (Intufe) លោក រី សិទ្ធីណែត លើកឡើង​ថា សិទ្ធិ​កម្មករ​រោងចក្រ​នៅតែ​ប្រឈម​បញ្ហា​រង​ការ​រំលោភបំពាន និង​មិនទាន់​ទទួល​បាន​កិច្ច​គាំពារ​សុខភាព​នៅឡើយ​។ លោក​យល់ថា ការសន្យា​របស់​អ្នកគ្រប់គ្រង​រោងចក្រ ជេអេស លេ​ឌើ​រ គ្មាន​ភាព​ប្រាកដ​ប្រជា​ទើប​ក្រុម​កម្មករ​បង្ខំចិត្ត​ចេញ​តវ៉ា​ម្ដង​ហើយ​ម្ដងទៀត។

លោក រី សិទ្ធីណែត៖ «ខ្ញុំ​ស្នើសុំ​ថាឱ្យ​ក្រសួង​ការងារ មេត្តា​យកចិត្តទុកដាក់ ជាពិសេស​កន្លងមក តំណាង​ក្រុមហ៊ុន​គាត់​ធ្លាប់​បាន​សន្យា​ថា គាត់​នឹង​រុះរើ (Move) ម៉ាស៊ីន​ម្ដង​ហើយ មុន​បំណាច់​ខែ ៧ តែ​មក​ដល់ពេល​ហ្នឹង គឺ​គាត់​ទើប​បញ្ជាក់​សាជាថ្មី​ទៀត តាមរយៈ​តំណាង​ក្រសួង»។

ក្រុម​កម្មករ និង​សហជីព​នៅ​រោងចក្រ ជេអេស លេឌើរ (JS Leader) លើកឡើង​ថា ពួកគាត់​តែងតែ​គោរព​វិន័យ និង​បំពេញ​តួនាទី​របស់​ខ្លួន​មិនដែល​បង្ក​ឱ្យ​មាន​ការ​រាំង​ស្ទះ​ដល់​សង្វាក់​ផលិតកម្ម ឬ​ការនាំចេញ​ទំនិញ​របស់​ក្រុមហ៊ុន​ឡើយ​។ ក្រុម​កម្មករ​បន្ត​ថា ពួកគាត់​បាន​ខិតខំ​បំពេញការងារ​ដោយ​ភាពស្មោះត្រង់ និង​ប្រើប្រាស់​កម្លាំង​ញើស​ឈាម ដើម្បី​រួមចំណែក​ឱ្យ​ក្រុមហ៊ុន​ដំណើរការ​បាន​ដោយ​រលូន​។ ទោះជា​យ៉ាងណា ពួកគាត់​ទាមទារ​ឱ្យ​ថៅកែ និង​អ្នកគ្រប់គ្រង​គោរព​សេចក្ដីថ្លៃថ្នូរ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ ដោយ​មិន​ត្រូវ​ជេរប្រមាថ គំរាមកំហែង ឬ​រំលោភបំពាន​សិទ្ធិ​កម្មករ​ខ្មែរ​បន្ត​ទៀត​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ