អ្នករាយការណ៍​ពិសេស UN សួរ​លោក ហ៊ុន ម៉ាណែត រឿង​មិន​ចាត់​ការ​មន្ត្រី​ធំៗ​ក្នុង​ឧក្រិដ្ឋកម្ម​អនឡាញ

0
131
​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបអ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ គឺ​លោក ថម អេនឌ្រូ (Thom Andrews) កាល​ពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបអ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ គឺ​លោក ថម អេនឌ្រូ (Thom Andrews) កាល​ពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក ថម អេនឌ្រូ (Tom Andrews) បាន​សួរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត អំពី​មូលហេតុ​មិន​ចាត់ការ​ពួក​មន្ត្រីជាន់ខ្ពស់ ដែល​ជា​មេ​បណ្ដាញ ឧក្រិដ្ឋកម្ម​អនឡាញ ដូច​មាន​ក្នុង​របាយការណ៍​របស់ សហរដ្ឋ អាមេរិក​។ លោក ហ៊ុន ម៉ា​ណែ​ត ឆ្លើយតប​ថា ការ​ដាក់​ទណ្ឌកម្ម​ពី​បរទេស​មិន​គួរ ជា​ការ​កំណត់ អំពី​ការ អនុវត្ត​ច្បាប់​របស់​កម្ពុជា​ទេ ហើយ​បុគ្គល​រង​ទណ្ឌកម្ម​មាន សិទ្ធិ​ការពារ​ខ្លួន​។ រីឯ អ្នកឃ្លាំមើល លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត នឹង​រង​ទណ្ឌកម្ម​ធ្ងន់​បន្ថែម​ទៀត បើ​នៅតែ​មានះ​ការពារ​បក្ខពួក ហើយ​មិន​ធ្វើតាម ការ​ចង្អុល​បង្ហាញ របស់​អង្គការសហប្រជាជាតិ។

ក្រោយពី​វត្តមាន​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) របស់​សហរដ្ឋ អាមេរិក​នៅ​ប្រទេស​កម្ពុជា លោក កាស ប៉ាទែល (Kash Patel) និង ការព្រមាន របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អំពី​ការ​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នោះ អ្នករាយការណ៍​ពិសេស ផ្នែក​សិទ្ធិ មនុស្ស របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក ថម អេនឌ្រូ ក៏បាន​ក្រើន​រំឭក​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ឱ្យ​ចាប់​មេ​បណ្ដាញ ធំៗ ដែល​ជា​មន្ត្រីជាន់ខ្ពស់ ពាក់ព័ន្ធ​ការ​ឆបោក​អនឡាញ​នៅ​កម្ពុជា។

ក្នុង​ជំនួប​ជា​លោក ហ៊ុន ម៉ាណែត អ្នករាយការណ៍​ពិសេស លោក ថម អេនឌ្រូ បាន​សួរ​លោកនាយក​រដ្ឋមន្ត្រី ចំៗ​ថា ហេតុអ្វី​បានជា​រដ្ឋាភិបាល​មិនទាន់​ចាត់​វិធាន ការ​ទៅលើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង បុគ្គល​មានអំណាច​ដទៃទៀត ដែល​ត្រូវ​បាន ជឿ​ដោយ​ទំនុកចិត្ត​ថា មាន​ជាប់​ទាក់ទង​ទៅ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ ក្នុង​ពេល​មានការ​បង្ក្រាប​ជា​បន្តបន្ទាប់​នេះ។

អ្នករាយការណ៍​ពិសេស ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​រូប​នេះ បាន​លើកឡើង​នៅ​ចំពោះ​មុន​លោក ហ៊ុន ម៉ាណែត ដែរ​ថា មន្ត្រីជាន់ខ្ពស់​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​ទាំងនោះ ក៏​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ដែរ​។ លោក ថម អេ​នឌ្រូ បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​របស់​លោក នៅ​ថ្ងៃទី​៣១ ខែកក្កដា ក្រោយ​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្រុម​បុគ្គល​មានអំណាច​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​កន្លងមក រួមមាន លោក កុក អាន និង លោក លី យ៉ុងផាត់ ដែល​សុទ្ធតែ​ជា​ឧកញ៉ា និង សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ឱ្យ​ដឹង​ថា ក្រៅពី​ឧកញ៉ា​ទាំងនេះ ក៏​នៅ​មាន​បុគ្គល និង​អង្គភាព​ចំនួន ២៨ ផ្សេងទៀត ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​អាស៊ីអាគ្នេយ៍​។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ឆ្លើយតប​នឹង លោក ថម អេនឌ្រូ វិញ​ថា រដ្ឋាភិបាល​បាន​ចាត់វិធានការ​លើ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ហើយ រីឯ ការ​ដាក់ ទណ្ឌកម្ម​ពី​បរទេស​មិន​គួរ​ជា​ការ​កំណត់ អំពី​ការអនុវត្ត​ច្បាប់​របស់ កម្ពុជា​ទេ ហើយ​លោក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​លើ​សិទ្ធិ​របស់​មន្ត្រី​ទាំងនោះ ដែល​ទទួល​បាន​ដំណើរការ​ត្រឹមត្រូវ សម្រាប់​ការពារ​ខ្លួន​។ ប៉ុន្តែ លោក ថម អេនឌ្រូ បាន​គូសបញ្ជាក់​ប្រាប់​លោក ហ៊ុន ម៉ា​ណែ​ត ថា ដើម្បី​លុបបំបាត់​ឧស្សាហកម្ម ឆបោក​តាម​អនឡាញ​ឱ្យ​ដល់​ឫសគល់ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា អំពី ចំណង​ព្រហ្មទណ្ឌ ដែល​ទាក់ទង​ទៅនឹង​ឥស្សរជន​ធុរកិច្ច​និង​នយោបាយ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​លើកឡើង​ចំៗ​របស់​លោក ថម អេនឌ្រូ នៅ​ចំពោះ មុខ លោក ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត នៃ​ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​កម្ពុជា​។ លោក​ថា របាយការណ៍​របស់​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ ឆ្លងកាត់​ការស្រាវជ្រាវ និង ស៊ើបអង្កេត​ផ្ទៀងផ្ទាត់ អស់​ពេល​ជាច្រើន​ឆ្នាំ ដោយ​ក្រុម​អ្នកជំនាញ និង​មាន​កិច្ច សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​អន្តរជាតិ​នានា។

លោក ស៊ឹង សែនករុណា លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវតែ​បញ្ឈប់​ល្បែង​ការពារ​កំហុស​បក្ខពួក ហើយ​បើកចំហ​កិច្ចសហការ​ឱ្យ ហ្មត់ចត់ ជាមួយ​ស្ថាប័ន​អន្តរជាតិ ក្នុង​ការ​ចាត់​វិធានកា​រលើ​ពួក​ឧកញ៉ា និង មន្ត្រី​ធំៗ ដែល ពាក់ព័ន្ធ តាម​ការ​ចង្អុលបង្ហាញ​របស់​អ្នករាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ ទើប​អាច​ដោះស្រាយ​វិបត្តិ ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​កម្ពុជា​បាន។


លោក ស៊ឹង សែនករុណា៖ «មេដឹកនាំ​ត្រូវ​ហ៊ាន​អារ​កាត់ចេញ អត់​អាច​ទុក​ឱ្យ​អំពើ​ហ្នឹង ចេះតែ​បន្ត​កើតមាន​ទៀត​ទេ បើ​រក​ឃើញ​ហើយ ត្រូវ​ចាត់វិធានការ​មន្ត្រី​ទាំងអស់​ហ្នឹង មិនអាច​និយាយ​ថា ច្បាប់​របស់​កម្ពុជា​ផ្សេង ច្បាប់​អន្តរជាតិ​ផ្សេង​ទេ អាច​ថា​ខាងមុខ បើសិន​កម្ពុជា​មិន​ប្រើ​ច្បាប់​ខ្លួនឯង ចាត់វិធានការ​ទេ​។ អ៊ីចឹង សហគមន៍​អន្តរជាតិ ទៅ​ខាង​មុខ​គេ នឹង​ចាត់វិធានការ​ដោយ​ខ្លួន​គេ ហើយ​ប្រយ័ត្ន​ថា ជា​រឿង​ដែល​មាន​វិប្បដិសារី នៅ​ពេល​ដែល​ខ្លួន​អត់​បាន​ចាត់វិធានការ ហើយ​គេ​ចាត់វិធានការ វា​ប៉ះពាល់​ទាំងអស់ វា​អាច​ថា​ជា សម្ល​កំពឹស​រាប់​តាំងពី​អ្នក​ដែល​ប្រព្រឹត្ត​ពាក់ព័ន្ធ ហើយ​ហ្នឹង​មន្ត្រី​ដែល​នៅ​ពីក្រោយ​មេដឹកនាំ​មានអំណាច​ការពារ​បក្ខ​ពួក​ខ្លួន ក៏​មិន​រួចខ្លួន​ដែរ»។

គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​អនឡាញ បាន​ប្រាប់​អ្នករាយការណ៍ ពិសេស​របស់​អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ ថា អាជ្ញាធរ​បាន​បិទ ទីតាំង​ឆបោក​ជាង ៦០០​កន្លែង ដាក់ឱ្យ​ប្រតិបត្តិ​ករ​ឆបោក ប្រមាណ ៣.០០០​នាក់ ប្រឈម​នីតិវិធី​ព្រហ្មទណ្ឌ ដកហូត ឬ​ផ្អាក​អាជ្ញា​បណ្ណ​កាស៊ីណូ​ចំនួន ២៩​កន្លែង រួមទាំង ចាប់ខ្លួន​និង​ធ្វើ​បត្យាប័ន​មេដឹកនាំ​លេចធ្លោ នៃ​បណ្តាញ​ឆបោក​ទៅកាន់ ប្រទេស​ចិន​។​

ទោះជា​យ៉ាងណាក៏ដោយ លោក ថម អេនឌ្រូ បាន​ធ្វើ​ការ​កត់សម្គាល់ តាម​ការ​រក​ឃើញ​របស់​អ្នកស្រាវជ្រាវ មន្ត្រី​រដ្ឋាភិបាល និង​ភាគី​ដទៃទៀត ថា បណ្ដាញ​ឆបោក​តាម​អនឡាញ នៅតែ​បន្ត​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នករាយការណ៍ ពិសេស បាន​ដកស្រង់​ប្រភព​ទាំងនេះ ដែល​លើកឡើង​ថា ក្នុង​ករណី​ខ្លះ ប្រតិបត្តិ​ករ ឆបោក​អនឡាញ បាន​ផ្លាស់ប្ដូរ​ទីតាំង និង​របៀប​ប្រតិបត្តិការ ហើយដោយ​សារ អំពើពុករលួយ ប្រតិបត្តិ​ករ​ឆបោក​តែងតែបាន​ទទួល​ដំណឹង មុន​ពេល​ការ​ឆ្មក់​ចូល បង្ក្រាប។

ប្រធាន​ក្រុម​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក ថម អេនឌ្រូ មិន​ជឿជាក់​លើ​របាយការណ៍ នៃ​យុទ្ធ​ការ​កម្ចាត់​ការ​ឆបោក​អនឡាញ របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទេ ទើប​អ្នករាយការណ៍​ពិសេស ជំរុញ​ឱ្យ លោក ហ៊ុន ម៉ា​ណែ​ត ចាប់​មេ​បណ្ដាញ​ធំៗ ជា​ឧកញ៉ា និង មន្ត្រីជាន់ខ្ពស់​កម្ពុជា បន្ថែម​ទៀត។ លោក​ថា លទ្ធផល​នៃ​ការ​បង្ក្រាប​ការ​ឆបោក​អនឡាញ ដែល​បង្ហាញ ដោយ​រដ្ឋាភិបាល គឺជា​ការ​ចាត់ការ​ទៅលើ​ជនរងគ្រោះ ដែល​រងគ្រោះ​ដោយ​ការ ជួញដូរ​ប៉ុណ្ណោះ​។ លោក​ថា បើ​លោក ហ៊ុន ម៉ាណែត ចង់​ចាត់ការ​ឱ្យ​ចំ​គោលដៅ ទាល់តែ​ចាប់​លោក កុក អាន លោក លី យ៉ុង ផាត់ លោក ហ៊ុន តូ លោក ទ្រី ភាព និង លោក នេត សាវឿន ជាដើម។

លោក ម៉ែន ណាត៖ «ការ​បង្ក្រាប​បទឧក្រិដ្ឋ​ឆបោក​អន​ឡាញ ដែល​លោក ហ៊ុន ម៉ាណែត លើកឡើង​គឺជា​ការ​បង្ក្រាប​ជនរងគ្រោះ ព្រោះ​អ្នក​ដែល​គេ​ចាប់​យក មក​ឆបោក​ក៏​ចាប់​ជំរិត​មក​ឱ្យ​ឆបោក​ឱ្យ​គេ​។ គេ​បង្ខំ អ្នកខ្លះ​ធ្វើ​ទណ្ឌកម្ម​រហូតដល់​អ្នក ខ្លះ​ស្លាប់​។ ដូច​ករណី​តុលាការ​ស្រុក​ចិន គ្រោង​កាត់ទោស​ប្រហារជីវិត​លោក ចេ​ន ហ្ស៊ី ដែល​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន លោក ហ៊ុន ម៉ា​ណែ​ត ពីមុន ព្រោះ​ពួក នោះ គេ​កាត់ទោស​ប្រហារជីវិត ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ទារុណកម្ម​មនុស្ស​រហូត​ដល់​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​។ យើង​ក៏​កត់សម្គាល់​ដែរ​ថា ពួក​លោក លី យ៉ុងផាត់ លោក កុក អាន អស់នេះ កាង​ការពារ​ដោយ​ពួក​ទា​ហារ​របស់​លោក ហ៊ីង ប៊ុនហៀង ពីមុន ហើយ​លោក ហ៊ីង ប៊ុនហៀ​ង​ខ្លួនឯង​ក៏​ជាប់​ឈ្មោះ ក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក​ដែរ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សារភាព​ប្រាប់​អ្នករាយការណ៍​ពិសេស ផ្នែក​សិទ្ធិ​មនុស្ស របស់​អង្គការសហប្រជាជាតិ ថា ប្រទេស​កម្ពុជា​នៅ​ខ្វះ​សមត្ថភាព ក្នុង​ការ​ពិនិត្យ ក្រុម​អ្នក​ដែល​ត្រូវ​បាន​ដោះលែង​ចេញពី​ទីតាំង​ឆបោក ហើយ​ផ្ដោត​សំខាន់ លើ​ការ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ប៉ុណ្ណោះ​។ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ចាត់ទុក​អ្នក​ទាំងនោះ ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ហើយ​មិន​ធ្លាប់​បាន​បង្ហាញ​របាយការណ៍ នៃ​ការសាកសួរ​ពួកគេ ដើម្បី​វែកមុខ​រក មេ​បណ្ដាញ​ធំៗ​នៅ​កម្ពុជា​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ