ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើនឡើង បង្ក​ក្តី​បារម្ភ​ពី​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព

0
89
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៥ នៅស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំ នៅថ្ងៃទី២៣ ឧសភា ២០២៦។ ដោយ រដ្ឋបាលស្រុក​កំពង់ត្រឡាច
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៥ នៅស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំ នៅថ្ងៃទី២៣ ឧសភា ២០២៦។ ដោយ រដ្ឋបាលស្រុក​កំពង់ត្រឡាច

អ្នកឃ្លាំមើល បារម្ភ​ពី​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព ទើប​បណ្ដាល​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើនឡើង​។ រដ្ឋាភិបាល​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ថវិកាជាតិ​ប្រមាណ ៤៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​មាន​ប្រសិទ្ធ ភាព បើ​មិន​ដូច្នេះ​ទេ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ជំងឺ​រាំ​ុ​រ៉ៃ ឬ​ក្លាយជា​វិបត្តិ​មិនអាច​ដោះស្រាយ​បាន។

ការជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់ ដោយសារ​គ្រោះថ្នាក់​នេះ​ក្នុង​ខែកក្កដា​តែមួយ មាន​ចំនួន រហូតដល់ ជាង ១៧០​នាក់ ក្នុង​នោះ​ក៏​មាន​ករណី​បុក​ហើយ​រត់​មួយចំនួន​ដែរ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី បង្ហាញ​ការ​បារម្ភ​លើ​កំណើន គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​លោក​កត់សម្គាល់​ថា គ្រាន់តែ​ក្នុង​ខែកក្កដា​តែមួយ ចំនួន​អ្នក​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​យ៉ាងច្រើន។

លោក​បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា រដ្ឋាភិបាល​បោះបង់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅពេល​កម្ពុជា​មាន​សង្គ្រាម​ជាមួយ​ថៃ​នៅពេល​កន្លងទៅ និង​ការអនុវត្ត​មិន​ទៀងទាត់​នៅពេល​បច្ចុប្បុន្ន គឺជា​កំហុសឆ្គង​មួយ ដែល​បណ្ដាល​ឱ្យ​ចំនួន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើន ឡើង​យ៉ាង​លឿន​។ លោក​យល់ថា​ការ​កើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដូច​សព្វថ្ងៃ អាច​បណ្តាល​មក​ពី​ការអនុវត្ត​ច្បាប់​ធូររលុង និង​អាច​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជាដើម។

បណ្ឌិត មាស នី៖ «​វា​ច្រើនជាង ហើយ​ស្លាប់​រាល់ថ្ងៃ ឥឡូវ​វា​ឡើង​ដល់ ៦​ទៅ​៧ នាក់​ក្នុង​មួយថ្ងៃ​ហើយ បើសិនជា​យើង​យក​មក​គុណ​នឹង​ខែ​មក វា​ស្មើនឹង​យុទ្ធជន យើង​ស្លាប់​មួយ​ពេល​ប្រយុទ្ធ​គ្នា​លើក​មុន​។ អាហ្នឹង​ជា​រឿង​សំខាន់ ដូច្នេះ រឿង​នេះ យើង​មិនអាច​បន្ទោស​ទៅលើ​តែ​គ្រឿង​ស្រវឹង​មួយ​មុខ​ទេ​។ ខ្ញុំ​ទទួលស្គាល់​ថា មកដល់ពេលនេះ ការគ្រប់គ្រង​គ្រឿង​ស្រវឹង​ការ​ផ្សព្វផ្សាយ​អី ហាក់ដូចជា​មិនទាន់ ធ្វើ​ឱ្យ​វា​មាន​ប្រសិទ្ធភាព​មួយរយ​ភាគ​ទេ វា​នៅតែ​មាន​បញ្ហា​អ៊ីចឹង​ដដែល​។ ទី​២​ទៀត យើង​ក៏​ត្រូវ​ពិនិត្យ ដែល​ពី​រឿង​អ្នក​បើក​របរ​ទាំងអស់​មានការ​រៀនសូត្រ​ត្រឹមត្រូវ​ទេ ឬក៏​គ្រាន់ តែ​នាំគ្នា ចេះតែ​ទិញ​«licence» សម្រាប់​បើកឡាន​បាន​ទៅ»។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែង​កាលពី​ថ្ងៃទី​០១ ខែ សីហា ពី​ខេត្ត​ព្រះសីហនុ ថា នៅក្នុង​ខែកក្កដា ឆ្នាំ​២០២៦ អ្នក​បាត់​បង់ជីវិត ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​រហូតដល់ ១៧២​នាក់ ហើយ​ក្រសួង​បាន​ឱ្យ​ដឹង​ដែរ ថា អ្នក​របួសធ្ងន់​ស្រាល ក៏​កើន​ខ្ពស់​ដល់ ២៤៥​នាក់ ពី​ចំនួន​គ្រោះថ្នាក់ ២០៨​ករណី នៅ​ទូទាំង​ប្រទេស។ លោក​រដ្ឋមន្ត្រី​បាន​ហៅ កំណើន​ចំនួន​អ្នក​ស្លាប់​ដ៏​ខ្ពស់​នេះ ថា ជា​សម្ពាធ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។

លោក ស សុខា៖ «គ្រោះថ្នាក់​ចរាចរណ៍ ខ្ញុំ​សុំ​លើក​តែ​ក្នង​ខែ​៧ ទេ មាន ១៧២​នាក់ ទូទាំង​ប្រទេស ដែល​ជា​ចំនួន​មួយ​ខ្ពស់ ដែល​ជា​មធ្យមភាគ​១៣៥ នាក់​ទៅ​១៤០​នាក់ ទេ ប៉ុន្តែ​ខែ​៧ នេះ ឡើង​ដល់​១៧២ នាក់​ជាង អីចឹង​ខ្ពស់​មែនទែន»។

របាយការណ៍ របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០៣ ខែសីហា រៀបរាប់​ថា គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន បណ្តាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព ការ​បើកបរ​មិន​ប្រកាន់​ស្តាំ ការ​វ៉ា​ជែង ការ​បត់​មិន​ប្រុងប្រយ័ត្ន និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការ​មិន​គោរព​សញ្ញា​ចរាចរណ៍ និង​កត្តា​យានយន្ត​។ល។

ទោះជា​យ៉ាងណា នៅក្នុង​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ ក្រៅពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទៅ មហាជន​ក៏​សម្តែង​ការ​បារម្ភ មិន​ពេញចិត្ត​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​អ្នកមាន​លុយ មានអំណាច​ដែល​បើកបរ​បុក​មនុស្ស​ឱ្យ ស្លាប់ ហើយ​បើក​រត់គេច​ខ្លួន រួច​ទើប​រក​វិធី​ចូល​សារភាព​តាម​ក្រោយ​។ មហាជន​យល់ថា បញ្ហា​នេះ ក៏​ជា​មូលហេតុ​ដ៏ សំខាន់​មួយ ដែល​បណ្ដាល​ឱ្យ​មានការ​កើនឡើង នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែរ។

ជាក់ស្តែង ករណី​ចុងក្រោយ​នៃ​ការ​បង្ក​គ្រោះថ្នាក់​បើក​បុក​ស្លាប់ ហើយ​គេច​ចេញពី​កន្លែង​កើត​ហេតុ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃទី​២ សីហា​។ ហ្វេសប៊ុកឈ្មោះ ទេព ប៉ុន បាន​បង្ហោះ​សារ នៅ​ថ្ងៃទី​០៣ ខែសីហា ថា មាន​រថយន្ត​ទំនើប​ម៉ាក Mercedes AMG S65 ស្លាក​លេខ “​កម្ពុជា JEC.SENG” បាន​បើក​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​អេតចាយ ប៉ើង​ខ្ទាត​ក្រឡាប់​ផ្ងារ​ជើង​ម្ខាង បណ្តាល​ឱ្យ​ស្លាប់​ស្ត្រី​ម្នាក់​ជន​បង្ក​ហេតុ ដែល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បាន​ទុក​រថយន្ត​ចោល ហើយ​មាន​រថយន្ត​ទំនើប​២​គ្រឿង​ទៀត មក​ដឹក​ចេញ​ទៅ​បាត់​ទៅ។

ហេតុការណ៍​នេះ កើតឡើង​នៅ​យប់ ថ្ងៃទី​០២ ខែសីហា ត្រង់​ចំណុច​មុខ​ផ្សារ​ទំនើប​ឡាក់​គី (LUCKY) ផ្លូវជាតិ​លេខ​២១ ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ទោះជា​យ៉ាងណា ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​៤ សីហា ជន​បង្ក​ឈ្មោះ អ៊ឹង ស៊ុនសេង អាយុ ៣៥​ឆ្នាំ បាន​ចូលខ្លួន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ហើយ​សមត្ថកិច្ច​បាន​បញ្ចូល​ជន​បង្ក​រូប​នេះ ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដើម្បី​បន្ត​នីតិវិធី។

ស្រដៀង​គ្នា​នេះ​ដែរ កាលពី​ចុងខែ​កក្កដា​ថ្មីៗ​នេះ នារី​ឈ្មោះ សាម ម៉ីជូ ដែល​ជា​កូនស្រី​របស់ ឧកញ៉ា តុង ហុក សេង បាន​បើករថយន្ត​ទំនើប​មួយ​គ្រឿង​បុក​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​លោក គួច លឹមហាន ដែល​មន្ត្រី​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ស្លាប់​នៅនឹង​កន្លែង​។ ជន​បង្ក សាម ម៉ី​ជូ រត់គេច ខ្លួន​បាត់​ទៅ រហូត​ទាល់តែ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ ស្នើ​ឲ្យ​ចូល​សារភាព ទើប​ឃើញ​លេចមុខ​នារី​រូប​នេះ នៅ​ទីស្នាក់ការ​របស់​នគរបាល។

ក្រៅ​ពី​នេះ នៅ​មាន​ករណី​ស្រដៀងៗ​គ្នា​នេះ​ជាច្រើន​ទៀត ជាពិសេស​ករណី​ដែល​គេ​មិនអាច​បំភ្លេច​បាន​នោះ​គឺ ករណី​គ្រោះថ្នាក់ ដែល​បង្កឡើង​ដោយ​រថយន្ត​របស់​លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បច្ចុប្បន្ន​ជា​អនុប្រធាន​រដ្ឋសភា​។ កាលពី​ឆ្នាំ​២០១៣ រថយន្ត​របស់​លោក​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាល​ឱ្យ​ស្ត្រី មាន​ផ្ទៃពោះ​ម្នាក់​ស្លាប់ និង ប្ដី​រង​របួស​ធ្ងន់​។ ប៉ុន្តែ​លោក ជាម យៀប បាន​ផ្តល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​តែ​ជាង​៣​ពាន់​ដុល្លារ​អា​មេ​ិ​រក ហើយ​រឿងរ៉ាវ​ត្រូវ​បាន​បិទ​បញ្ចប់​រហូតដល់​សព្វថ្ងៃ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់ ទូរទស្សន៍​អាស៊ីសេរី​ថា រដ្ឋាភិបាល មិនអាច ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បានទេ ទោះបីជា​ក្រសួងមហាផ្ទៃ ព្យាយាម​លើកឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក៏ដោយ ប្រសិនបើ​ក្រសួង នៅតែ​បន្ត​វិធី​ផាកពិន័យ​ជាធំ ហើយ​មិន​យកចិត្តទុកដាក់​ដល់​ការអប់រំ និង យុត្តិធម៌​តាមផ្លូវ​ច្បាប់ ជា​ចម្បង។

លោក សេក សុជាតិ ពន្យល់​ថា ពេល​រដ្ឋាភិបាល​អនុវត្ត​យន្តការ​ផាកពិន័យ មន្ត្រី​នគរបាល​ចរាចរណ៍​ក៏​ធ្វើការ​សកម្ម ប៉ុន្តែ​នៅពេល​រដ្ឋាភិបាល​មិន​ដាក់ចេញ​ការ ផាកពិន័យ ដូច​មួយ​រយៈ​កន្លងមក មន្ត្រី​នគរបាល​ចរាចរណ៍ ក៏​ខ្វះ​ភាព​សកម្ម​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន។ លោក​ថា វិធានការ​ផ្ដោត​តែ​ទៅលើ​ការ​ពិន័យ​មួយ​មុខ ហើយ​ខ្វះ​ការអប់រំ និង មិន​អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង ងាយ​ធ្លាក់​ទៅ​ក្នុង​អំពើពុករលួយ ហើយ​ជន​បង្ក​គ្រោះថ្នាក់ អាច​ប្រើ​លុយ ដើម្បី​ដោះខ្លួន​ពី​ការ​ប្រព្រឹត្ត​ល្មើស ដោយ​មិន ញញើត​ច្បាប់ និង​សមត្ថកិច្ច។

លោក សេក សុជាតិ៖ «​ជាទូទៅ​គ្រោះថ្នាក់​ចរាចរណ៍​នេះ វា​មាន​ភាព​លម្អៀង​ខ្លាំង ណាស់ ពីព្រោះ​អ្នក​ដែល​មាន​លុយ​គឺ​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន ហើយ​បើ​គ្មាន ការ​អន្តរាគមន៍ គ្មាន​ការ​បញ្ចេញមតិ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​ចោទប្រកាន់ ទៅលើ​ការអនុវត្ត​ច្បាប់ មាន​ភាព​លម្អៀង ឬក៏​មាន​ស្តង់ដារ​ពី​ហ្នឹង​។ អាជ្ញាធរ និង​ភាគី ដែល​ពាក់ព័ន្ធ​នឹង តែងតែ​បិទបាំង និង​លើកលែង​ដោយ ទទួល​នូវ​សំណង ឬក៏​ផលប្រយោជន៍​មួយចំនួន ដែល​យើង​អាច​និយាយ​ថា វា​ស្ថិត​នៅ​ក្នុង​រូបភាព​មួយ ដែល​ត្រូវធ្វើ​ការស៊ើបអង្កេត ពីព្រោះ​វា​ហាក់បីដូចជា​ពាក់ព័ន្ធ​នឹង អំពើពុករលួយ​អី អ៊ីចឹង​ជាដើម»។

របាយការណ៍ របស់​ក្រសួងមហាផ្ទៃ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២៦ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ក្នុង​នោះ ករណី​គ្រោះថ្នាក់ មាន​កំណើន ២១៣​លើក​ចំនួន​អ្នក​ស្លាប់​មាន​កំណើន ៧៩​នាក់ និង​ចំនួន​អ្នករបួស មាន​កំណើន ៤៦៨​នាក់។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក អ្នកស្រី មឹន មាណវី បាន​និយាយ​ថា ក្រៅពី​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឱ្យ​កម្ពុជា ខាតបង់​ថវិកាជាតិ ប្រមាណ ៤៥០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ