សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើ​ទោះ​បី​គ្រួសារ​ជនរងគ្រោះ បាន​ដក​ពាក្យបណ្ដឹង​ក្ដី

0
31
កូនស្រីឧកញ៉ា ឈ្មោះ សាម ម៉ីជូ ដែលជាជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើកឡាន​បុកមនុស្សស្លាប់ ពេលបង្ហាញខ្លួននៅស្នងការនគរបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ បណ្ដាញសង្គម
កូនស្រីឧកញ៉ា ឈ្មោះ សាម ម៉ីជូ ដែលជាជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើកឡាន​បុកមនុស្សស្លាប់ ពេលបង្ហាញខ្លួននៅស្នងការនគរបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ បណ្ដាញសង្គម

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ តុលាការ​បន្ត​អនុវត្ត​ច្បាប់​ប្រឆាំង​លើ​ជន​បង្ក​ដែល​បើកបរ​រថយន្ត បុក​មនុស្ស​ស្លាប់ បើ​ទោះ​បី​គ្រួសារ​ជនរងគ្រោះ បាន​ដក​ពាក្យបណ្ដឹង ក្រោយពី​ទទួល​បាន​សំណង​ក្ដី​។ ការ​លើកឡើង​នេះ ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង ដោយ​កូនស្រី​ឧកញ៉ា តុង ហុកសេង ឈាន​ដល់​កិច្ចព្រមព្រៀង​បញ្ចប់រឿង បន្ទាប់ពី​គ្រួសារ ជនរងគ្រោះ ទទួល​សំណង ៦​ម៉ឺន ដុល្លារ។

ស្រប​ពេល​ដែល ជន​បង្ក​ឈ្មោះ សាម ម៉ីជូ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ PJ រាជធានី​ភ្នំពេញ ដោយសារតែ បើកបរ​រថយន្ត​សេរី​ទំនើប​ទៅ​បុក​មន្ត្រីរាជការ​ម្នាក់​ឈ្មោះ លោក គួច លឹម​ហាន ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ពេលនេះ​មាន​ការ​វិវត្ត​មួយទៀត គឺ​គ្រួសារ​ជនរងគ្រោះ​បាន ដក​ពាក្យបណ្ដឹង​វិញ ក្រោយ ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ផ្ដិតមេដៃ ទទួលយក​ថវិកា​ចំនួន ៦​ម៉ឺន​ដុល្លារ ពី​គ្រួសារ​ជន​បង្ក​ដើម្បី​បញ្ចប់រឿង។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៧ ខែសីហា​ថា តាម​គោលការណ៍​ច្បាប់​ការ​ទទួល​យក​លុយ គឺ​មិនមែន​ន័យ​ថា​សំណុំរឿង​នោះ​ត្រូវ​បាន​បិទ​បញ្ចប់​នោះ​ទេ ព្រោះ​បណ្ដឹងអាជ្ញា នៅតែ​ដំណើរការ​ដដែល​។ ដូច្នេះ​លោក​ថា សំណុំ​រឿង​នេះ តុលាការ​ត្រូវតែ​ដំណើរការ​រហូត ទល់​តែ​មាន ការ​បើក​សវនាការ ហើយ​តុលាការ​សម្រេច​ចេញ​សាលក្រម ផ្ដន្ទាទោស ទៅតាម​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។

លោក យិន ម៉េងលី៖ «យើង​ចង់​ឲ្យ​មនុស្ស​ទាំងអស់​នៅក្នុង​សង្គម ដោយ​មិន​គិត​អំពី​ពណ៌​សម្បុរ ឋានៈ បុណ្យស័ក្ដិ អ្វី​ទេ ត្រូវតែ​ចូលរួម​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើៗ​គ្នា បាទ ដើម្បី​សង្គម​មួយ​ជា​សង្គម​នីតិរដ្ឋ ហើយ​កុំ​ឲ្យ​មានការ​លើកឡើង​ពី​បញ្ហា​រឿង​ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​អី​នេះ​បាទ»។

នៅ​ថ្ងៃទី​០៧ ខែ​សីហា គ្រួសារ​របស់​ជនរងគ្រោះ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ គួច លឹមហាន ដែល​ត្រូវ​បាន​ជន​បង្ក​ឈ្មោះ សាម ម៉ីជូ បើករថយន្ត​បុក​ស្លាប់ និង​រត់​ចេញពី​កន្លែង​កើត​ហេតុ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១០០៣ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៨ ខែ កក្កដា បាន​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​សះជា​និង​ដក​ពាក្យបណ្ដឹង​ប្រឆាំង​មក​លើ​ជន​បង្ក ឈ្មោះ សាម ម៉ីជូ បន្ទាប់​ពី​ទទួល​បាន​សំណង​ចំនួន​៦​ម៉ឺន​ដុល្លារ ពី​ក្រុម​គ្រួសារ​ជន​បង្ក។

ជាមួយគ្នា​នោះ នៅក្នុង «​កិច្ចព្រមព្រៀង​សះជា​» បាន​បង្ហាញ​ថា​ភាគី​ទាំងពីរ គឺ​គ្រួសារ​ជន​បង្ក និង​គ្រួសារ​ជនរងគ្រោះ បាន ឯកភាព​គ្នា មិន​ស្ថិត​ក្រោម​ការ​បង្ខិតបង្ខំ​ណាមួយ​នោះ​ឡើយ ហើយ មិន​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា ឬ​ទាមទារ​អ្វី​ផ្សេង លើស​ពី​នេះ​ទៀត​ឡើយ និង​មិន​ត្រូវ​សើរើ ឬ​ប្ដឹងតវ៉ា ដោយ​ប្រការ​ណាមួយ​ទៀត​នោះ​ដែរ។ ទន្ទឹមគ្នា​នោះ កិច្ចព្រមព្រៀង​នេះ ក៏បាន​សង្កត់ធ្ងន់​ថា ប្រសិនបើ​មាន​ភាគី​ណាមួយ​បំពាន​នូវ​កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង ប្រពន្ធ​ជនរងគ្រោះ គឺ លោកស្រី តឿន ប៉ុន្នី និង​ឪពុក​ជន​បង្ក គឺ​ឧកញ៉ា តុង ហុកសេង ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី៧ ខែសីហា​។ ចំណែក​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ក៏​មិនអាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

កាលពី​ថ្ងៃទី​៣១ ខែកក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ ជន​បង្ក​ឈ្មោះ​សាម ម៉ីជូ ពី​បទ «​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ស្លាប់​អ្នកដទៃ​» និង បទ «​រត់គេច​ខ្លួន​» បន្ទាប់ពី​បាន​បើករថយន្ត​សេរី​ទំនើប​ទៅ​បុក​ម៉ូតូ​១​គ្រឿង បណ្ដាល​ឱ្យ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ គួច លឹម​ហាន បាន​ស្លាប់​នៅ​នឹង​កន្លែង​។ បច្ចុប្បន្ន ជន​បង្ក សាម ម៉ីជូ កំពុងតែ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន ក្នុង​ពន្ធនាគារ PJ រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី។

ស្រដៀង​នឹង​ករណី​ខាងលើ​នេះ នៅ​ថ្ងៃទី​២ ខែ​សីហា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​ជន​បង្ក​ឈ្មោះ អ៊ឹង ស៊ុនសេង បាន​បើករថយន្ត​សេរី​ទំនើប​ទៅ​បុក ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​អេតចាយ បណ្ដាល​ឲ្យ​កុមារ​អាយុ ១៣​ឆ្នាំ​ម្នាក់ ស្លាប់​នៅ​នឹង​កន្លែង ខណៈ មនុស្ស​៤​នាក់​ផ្សេងទៀត រង​របួស​ធ្ងន់ និង​ស្រាល​។ ប៉ុន្តែ​ភ្លាមៗ​នោះ ជន​បង្ក​ឈ្មោះ​អ៊ឹង ស៊ុន​សេង បាន​រត់​គេច​ខ្លួន។ ទោះជា​យ៉ាងណា ក្រោយ​មានការ​រិះគន់​ច្រើន​ពី​មហាជន លោក អ៊ឹង ស៊ុនសេង ក៏​ចូលខ្លួន​សារភាព និង​យក​ថវិកា​១​ម៉ឺន ៨​ពាន់​៥​រយ​ដុល្លារ ទៅ​ជូន​គ្រួសារ​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង។

ប៉ុន្តែ​សំណុំ​រឿង​នេះ​ពុំ​ទាន់​បញ្ចប់​ត្រឹមនេះ​ទេ នៅ​ថ្ងៃទី​០៨ ខែសីហា​សាលាដំបូង​ខេត្ត​កណ្ដាល បាន​ចោទប្រកាន់ លោក អ៊ឹង ស៊ុនសេង ពី​បទ «​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឲ្យ​របួស​អ្នកដទៃ និង​ស្លាប់​អ្នកដទៃ​» និង​បទ «​រត់គេច​ខ្លួន​» រួចហើយ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ជា​បណ្ដោះអាសន្ន។

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ យល់​ថា​ការ​ផ្ដល់​សំណង ដល់​ជនរងគ្រោះ គឺជា​រឿង​ល្អ ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​របស់​ជន​បង្ក ក៏ប៉ុន្តែ ករណីនេះ​ពុំ​អាច​បញ្ចប់​ត្រឹមហ្នឹង​បានទេ​.​។ ប៉ុន្តែ​លោក​ថា ជា​រឿង​ពិបាក​ក្នុង​ការ​តាមដាន​ថា​តើ ក្រោយពី ជន​បង្ក​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ហើយ តុលាការ​នឹង​បន្ត​នីតិវិធី​លើ​ជន​បង្ក​នោះ ប្រកបដោយ​តម្លាភាព និង​ត្រឹមត្រូវ​តាមច្បាប់​ឬក៏​យ៉ាងណា​នោះ​ទេ ព្រោះ​លោក​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ តុលាការ នៅ​ពុំ​ទាន់​បាន ផ្ដល់​សំណុំរឿង​ណាមួយ​ជា​គំរូ​នៅឡើយ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​ជឿ​ទុកចិត្ត​បាន​លើ​វិធានការ​ផ្លូវច្បាប់។

លោក សេក សុជាតិ៖ «បើសិនជា​ច្បាប់​មានការ​ធូររលុង ឬក៏​មាន​បញ្ហា​ណាមួយ​ដែល​អាច​លើកលែង នោះ​ហើយ​គឺជា​ចំណុច​ដែល​យើង​អាច​វាយតម្លៃ​ថា ការអនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា គឺ​វា​មិន​មាន​ស្តង់ដារ ឬក៏​វា​មិន​មាន​ភាព​ច្បាស់លាស់ ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​ឥទ្ធិពល អ្នក​ដែល​មាន​ធនធាន និង​ទ្រព្យសម្បត្តិ គឺ​នៅតែ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ដដែល»។

អ្នកឃ្លាំមើល​ចង់​ឃើញ ការអនុវត្ត​ច្បាប់​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ មិន​ថា​បុគ្គល​នោះ​មាន​តួនាទី​ខ្ពង់ខ្ពស់​ក្នុង​សង្គម និង​មានទ្រព្យ​សម្បត្តិ​ច្រើន​ក៏ដោយ ព្រោះ​ពួកគាត់​យល់ថា​ការអនុវត្ត​ច្បាប់ ឱ្យ​បាន​ត្រឹមត្រូវ គឺជា​ការ ផ្ដល់​នូវ​យុត្តិធម៌​ដល់​ពលរដ្ឋ ជនរងគ្រោះ និង​ស្ដារ​មុខមាត់​ជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ