អ្នកឃ្លាំមើល​ថា ជំនួប​លោក កឹម សុខា និង​ឯកអគ្គរាជទូត​អូស្ត្រាលី​ជា​សញ្ញា​ល្អ​នៃ​សិទ្ធិ​នយោបាយ​

0
62
ឯកអគ្គរាជទូត​អូស្ត្រាលី លោក ដឺរិក យីប (Derek Yip) ជួបប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី១១ សីហា ២០២៦។​ រូប៖ ហ្វេសប៊ុកស្ថានទូតអូស្ត្រាលី
ឯកអគ្គរាជទូត​អូស្ត្រាលី លោក ដឺរិក យីប (Derek Yip) ជួបប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី១១ សីហា ២០២៦។​ រូប៖ ហ្វេសប៊ុកស្ថានទូតអូស្ត្រាលី

​អ្នកឃ្លាំមើល លើកឡើងថា លោក កឹម សុខា ស្វះស្វែង​ជួប​អ្នកការទូត នៃ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដើម្បី​ស្វែងរក​ការ​សម្របសម្រួល​ឲ្យ​បាន​សិទ្ធិ​ធ្វើ​នយោបាយ នៅមុន​ការបោះឆ្នោត​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​លោក កឹម សុខា និង ឯកអគ្គរាជទូត​អូស្ត្រាលី លោក ដឺរិក យីប (Derek Yip) បាន​ជួបគ្នា​ហើយ ស្ថានទូត​អូស្ត្រាលី ក៏បាន​ឲ្យ​ដឹង​ថា លោក​ទាំងពីរ​បាន​ជជែក​គ្នា​អំពី​បញ្ហា​នយោបាយ។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃទី​១០ ខែ​សីហា​ថា លោក​ឯកអគ្គរាជទូត ដឺរិក យីប បាន​ជួប​ជាមួយ​លោក កឹម សុខា ដើម្បី​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​កិច្ច​សន្ទនា​នយោបាយ និង​ការចូលរួម ក្នុង​ដំណើរការ​នយោបាយ​។ ក្នុង​ជំនួប នៅ​គេហដ្ឋាន​លោក កឹម សុខា រាជធានី​ភ្នំពេញ ថ្ងៃទី​១០ ខែ​សីហា​នោះ លោក​ទាំងពីរ​ក៏បាន​ពិភាក្សា​ដែរ អំពី​បំណងប្រាថ្នា​រួមគ្នា ក្នុង​ការ​ធ្វើ​កិច្ច​ការងារ ដើម្បី​គាំទ្រ​ដល់​អនាគត​ដ៏​រឹងមាំ និង​វិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា​។ ក្រៅ​ពី​នេះ​លោក កឹម សុខា និង​ឯកអគ្គរាជទូត​អូស្ត្រាលី បាន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា ដែល​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ដោយសារ​ជម្លោះ​នៅ​តាម​ព្រំដែន​កំពុង​ជួបប្រទះ​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែសីហា ដោយ​ជឿជាក់​ថា ជំនួប​លោក កឹម សុខា និង​លោក​ឯកអគ្គរាជទូត​អូស្ត្រាលី ដឺរិក យីប ប្រាកដជា​ជជែក​ពិភាក្សា​ជុំវិញ សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា​។ លោក​ថា នេះ​ជា​សញ្ញា​វិជ្ជមាន និង​សង្ឃឹមថា អ្នកកាន់អំណាច​នៅ​កម្ពុជា ពិចារណា​បើក​សេរីភាព​នយោបាយ​ដល់ លោក កឹម សុខា។

លោក សេក សុជាតិ៖ «ទោះបីជា​ជំនួប​នេះ មិន​ត្រូវ​បាន​និយាយ​ច្បាស់លាស់​ក៏ដោយ ក៏​យើង​មើលឃើញ​ថា ភាគី​ទាំងពីរ​ច្បាស់​ជា​លើកយក​បញ្ហា​សិទ្ធិ​នយោបាយ សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត យក​មក​ពិភាក្សា ហើយ​រក​វិធី​ដោះស្រាយ​ជាមួយគ្នា​ដែរ​។ សង្ឃឹមថា ភាគី​ដែល​ពាក់ព័ន្ធ​នឹង​ពិចារណា ហើយ​បើក​លំហ​សារ​ឡើងវិញ ដើម្បី​ឲ្យ​បញ្ហា​ទាំងអស់​អាច​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​។ នេះ​ជា​គឺជា​បំណងប្រាថ្នា​អ្នកនយោបាយ​សហគមន៍​អន្តរជាតិ ក៏ដូចជា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាពិសេស​ផង​ដែរ​។ សង្ឃឹមថា អ្នកនយោបាយ​នឹង​ផ្សះផ្សា​ផ្ទៃក្នុង​ជាតិ»។

លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន និង តុលាការ​កម្ពុជា ចាប់​ដាក់​ពន្ធនាគារ​ត្រពាំង​ផ្លុង និង ដាក់​ឃុំខ្លួន​ក្នុងផ្ទះ អស់​រយៈពេល​ជិត ១០​ឆ្នាំ មុន​ពេល លោក ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​រដ្ឋ​ស្ដីទី និង​ព្រះមហាក្សត្រ លើកលែងទោស​ជា​បន្តបន្ទាប់ ក្នុង​ខែឧសភា និង ក្នុង​ខែកក្កដា ឱ្យ​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ និង ការ​ជាប់ឃុំ​ក្នុងផ្ទះ ព្រមទាំង​ឲ្យ​មាន​សិទ្ធិ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​សិទ្ធិ​នយោបាយ​របស់​លោក នៅតែ​រង​ការ​រឹតត្បិត​ដដែល។

ក្នុង​ពេល​មាន​សេរីភាព​ធ្វើដំណើរ​នេះ លោក កឹម សុខា បាន​ជួប​អ្នករាយការណ៍​ពិសេស ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews) កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា និង​ចុងក្រោយ​នេះ គឺជា​ជំនួប​ជាមួយ​លោក លោក ដឺរិក យីប ឯកអគ្គរាជទូត​អូស្ត្រាលី​។ ក្នុង​ជំនួប​ការទូត​ទាំងនេះ ភាគច្រើន​ពិភាក្សា​អំពី បញ្ហា​ប្រឈម​នានា របស់​ប្រជាពលរដ្ឋ​ភៀស​សឹក ស្ថានភាព​សិទ្ធិមនុស្ស និង​ស្ថានការណ៍​នយោបាយ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ ខែសីហា​ថា ជំនួប​លោក កឹម សុខា និង លោក​ឯកអគ្គរាជទូត​អូស្ត្រាលី ដឺរិក យីប បង្ហាញ​ពី​បរិយាកាស​ល្អ សម្រាប់​អនាគត​នយោបាយ​កម្ពុជា ខណៈ​លោក កឹម សុខា កំពុង​បាត់បង់​សិទ្ធិ​នយោបាយ​។ លោក​ថា នេះ​ជា​ផល​ល្អ សម្រាប់​លោក កឹម សុខា ដែល​មាន​ឱកាស​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។​

យ៉ាងណា លោក​សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា លើកឡើង​ថា ករណី​លទ្ធភាព​បាន​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ក៏​ទាមទារ​ឲ្យ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ដែរ ហើយ​លោក​យល់ថា ភាគី​អូស្ត្រាលី ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា នឹង​អាច​ដើរតួ​សម្របសម្រួល​ឲ្យ​ចេញ​ផ្លែផ្កា។

លោក ឯម សុវណ្ណារ៉ា៖ «អ្វី​ដែល​សំខាន់ ខ្ញុំ​គិតថា វា​ទាមទារ​ឲ្យ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា​ដែរ ពីព្រោះ​ទំនាក់ទំនង​កម្ពុជា​-​អូស្ត្រាលី​មាន​ភាពល្អ​ទេ​ហើយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា និង​ទូត ដូចជា​អត់​មាន​ភាព​ប្រទាំង​ប្រទើស ករណីនេះ មួយ វា​ជា​កិច្ចការ​មួយ​ល្អ ដែល​ទូត​អូស្ត្រាលី អាច​ជា​ចរន្ត​ចលករ​មួយ ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ឬក៏​បណ្ដា​ទូត​ផ្សេងៗ​ហ្នឹង​មាន​ចំណាប់អារម្មណ៍​ច្រើន​រឿង​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ដែរ ក្នុង​ឆាកនយោបាយ​កម្ពុជា នៅពេល​អនាគត»។

មកដល់ពេលនេះ មេដឹកនាំ​នយោបាយ​កំពូលៗ​នៅ​កម្ពុជា មានតែ​លោក កឹម សុខា ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​តុលាការ​កាត់​ឲ្យ​មានទោស​ជាប់​ពន្ធនាគា​រហើយ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ធ្វើដំណើរ​ទាំង​ក្នុង និង ក្រៅប្រទេស ហើយ​អាច​ជួប​ប្រជាពលរដ្ឋ និង​ថ្លែង​សារ​ជា​សាធារណៈ ទោះបី​សិទ្ធិ​នយោបាយ​របស់​លោក ត្រូវ បាន​រឹតត្បិត​ក៏ដោយ​។ លោក កឹម សុខា មានឱកាស​ជួប និង ថ្លែង​សារ​ជា​ចំហ លើកដំបូង​ទៅកាន់​ប្រជាពលរដ្ឋ​ភៀស​សឹក និង​កងទ័ព​ជួរមុខ​កាលពី​ចុងខែ​កក្កដា។

ចំណែកឯ លោក ថាច់ សេដ្ឋា នៅ​ជាប់​ពន្ធនាគារ​ទាំង​ធ្លាក់ខ្លួន​ឈឺ​នៅឡើយ ខណៈ​លោក រ៉ុង ឈុន ជាប់​ការ​ហាម​ធ្វើដំណើរ​ចេញពី​ភ្នំពេញ មិនអាច​ជួប​ប្រជុំ ជាមួយ​ពលរដ្ឋ បន្ថែម​លើ​ការ​បិទ​សិទ្ធិ​នយោបាយ ៥​ឆ្នាំ។

ដោយឡែក លោក សម រង្ស៊ី និង​សហការ​ការី​សំខាន់ៗ របស់​លោក​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន បិទ​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា ដើម្បី​ប្រកួតប្រជែង​នយោបាយ​នោះ​ទេ​។ នៅក្នុង​ពន្ធនាគារ​កម្ពុជា​វិញ អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ ជាង ១០០​នាក់ កំពុង​ជាប់ពន្ធនាគារ ដោយសារ​សកម្មភាព និង ការប្រើ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ របស់​ពួកគាត់​ស្របតាម​រដ្ឋធម្មនុញ្ញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ