

អ្នកឃ្លាំមើល លើកឡើងថា លោក កឹម សុខា ស្វះស្វែងជួបអ្នកការទូត នៃបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ ដើម្បីស្វែងរកការសម្របសម្រួលឲ្យបានសិទ្ធិធ្វើនយោបាយ នៅមុនការបោះឆ្នោត។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក កឹម សុខា និង ឯកអគ្គរាជទូតអូស្ត្រាលី លោក ដឺរិក យីប (Derek Yip) បានជួបគ្នាហើយ ស្ថានទូតអូស្ត្រាលី ក៏បានឲ្យដឹងថា លោកទាំងពីរបានជជែកគ្នាអំពីបញ្ហានយោបាយ។
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១០ ខែសីហាថា លោកឯកអគ្គរាជទូត ដឺរិក យីប បានជួបជាមួយលោក កឹម សុខា ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃកិច្ចសន្ទនានយោបាយ និងការចូលរួម ក្នុងដំណើរការនយោបាយ។ ក្នុងជំនួប នៅគេហដ្ឋានលោក កឹម សុខា រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហានោះ លោកទាំងពីរក៏បានពិភាក្សាដែរ អំពីបំណងប្រាថ្នារួមគ្នា ក្នុងការធ្វើកិច្ចការងារ ដើម្បីគាំទ្រដល់អនាគតដ៏រឹងមាំ និងវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ ក្រៅពីនេះលោក កឹម សុខា និងឯកអគ្គរាជទូតអូស្ត្រាលី បានពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះនៅតាមព្រំដែនកំពុងជួបប្រទះផងដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែសីហា ដោយជឿជាក់ថា ជំនួបលោក កឹម សុខា និងលោកឯកអគ្គរាជទូតអូស្ត្រាលី ដឺរិក យីប ប្រាកដជាជជែកពិភាក្សាជុំវិញ សិទ្ធិនយោបាយរបស់លោក កឹម សុខា។ លោកថា នេះជាសញ្ញាវិជ្ជមាន និងសង្ឃឹមថា អ្នកកាន់អំណាចនៅកម្ពុជា ពិចារណាបើកសេរីភាពនយោបាយដល់ លោក កឹម សុខា។
លោក សេក សុជាតិ៖ «ទោះបីជាជំនួបនេះ មិនត្រូវបាននិយាយច្បាស់លាស់ក៏ដោយ ក៏យើងមើលឃើញថា ភាគីទាំងពីរច្បាស់ជាលើកយកបញ្ហាសិទ្ធិនយោបាយ សិទ្ធិមនុស្សផ្សេងៗទៀត យកមកពិភាក្សា ហើយរកវិធីដោះស្រាយជាមួយគ្នាដែរ។ សង្ឃឹមថា ភាគីដែលពាក់ព័ន្ធនឹងពិចារណា ហើយបើកលំហសារឡើងវិញ ដើម្បីឲ្យបញ្ហាទាំងអស់អាចវិលទៅរកភាពប្រក្រតីវិញ។ នេះជាគឺជាបំណងប្រាថ្នាអ្នកនយោបាយសហគមន៍អន្តរជាតិ ក៏ដូចជា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសជាពិសេសផងដែរ។ សង្ឃឹមថា អ្នកនយោបាយនឹងផ្សះផ្សាផ្ទៃក្នុងជាតិ»។
លោក កឹម សុខា ត្រូវបានរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន និង តុលាការកម្ពុជា ចាប់ដាក់ពន្ធនាគារត្រពាំងផ្លុង និង ដាក់ឃុំខ្លួនក្នុងផ្ទះ អស់រយៈពេលជិត ១០ឆ្នាំ មុនពេល លោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី និងព្រះមហាក្សត្រ លើកលែងទោសជាបន្តបន្ទាប់ ក្នុងខែឧសភា និង ក្នុងខែកក្កដា ឱ្យរួចផុតពីការជាប់ពន្ធនាគារ និង ការជាប់ឃុំក្នុងផ្ទះ ព្រមទាំងឲ្យមានសិទ្ធិធ្វើដំណើរទៅក្រៅប្រទេស។ ប៉ុន្តែសិទ្ធិនយោបាយរបស់លោក នៅតែរងការរឹតត្បិតដដែល។
ក្នុងពេលមានសេរីភាពធ្វើដំណើរនេះ លោក កឹម សុខា បានជួបអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews) កាលពីថ្ងៃទី២៥ ខែកក្កដា និងចុងក្រោយនេះ គឺជាជំនួបជាមួយលោក លោក ដឺរិក យីប ឯកអគ្គរាជទូតអូស្ត្រាលី។ ក្នុងជំនួបការទូតទាំងនេះ ភាគច្រើនពិភាក្សាអំពី បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋភៀសសឹក ស្ថានភាពសិទ្ធិមនុស្ស និងស្ថានការណ៍នយោបាយ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១១ ខែសីហាថា ជំនួបលោក កឹម សុខា និង លោកឯកអគ្គរាជទូតអូស្ត្រាលី ដឺរិក យីប បង្ហាញពីបរិយាកាសល្អ សម្រាប់អនាគតនយោបាយកម្ពុជា ខណៈលោក កឹម សុខា កំពុងបាត់បង់សិទ្ធិនយោបាយ។ លោកថា នេះជាផលល្អ សម្រាប់លោក កឹម សុខា ដែលមានឱកាសគាំទ្រពីសហគមន៍អន្តរជាតិ។
យ៉ាងណា លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា លើកឡើងថា ករណីលទ្ធភាពបានសិទ្ធិនយោបាយរបស់លោក កឹម សុខា ក៏ទាមទារឲ្យមានការគាំទ្រពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែរ ហើយលោកយល់ថា ភាគីអូស្ត្រាលី ដែលមានទំនាក់ទំនងល្អជាមួយកម្ពុជា នឹងអាចដើរតួសម្របសម្រួលឲ្យចេញផ្លែផ្កា។
លោក ឯម សុវណ្ណារ៉ា៖ «អ្វីដែលសំខាន់ ខ្ញុំគិតថា វាទាមទារឲ្យមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាដែរ ពីព្រោះទំនាក់ទំនងកម្ពុជា-អូស្ត្រាលីមានភាពល្អទេហើយថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងទូត ដូចជាអត់មានភាពប្រទាំងប្រទើស ករណីនេះ មួយ វាជាកិច្ចការមួយល្អ ដែលទូតអូស្ត្រាលី អាចជាចរន្តចលករមួយ ជំរុញឲ្យសហគមន៍អន្តរជាតិ ឬក៏បណ្ដាទូតផ្សេងៗហ្នឹងមានចំណាប់អារម្មណ៍ច្រើនរឿងសិទ្ធិនយោបាយរបស់លោក កឹម សុខា ដែរ ក្នុងឆាកនយោបាយកម្ពុជា នៅពេលអនាគត»។
មកដល់ពេលនេះ មេដឹកនាំនយោបាយកំពូលៗនៅកម្ពុជា មានតែលោក កឹម សុខា ម្នាក់ប៉ុណ្ណោះ ដែលត្រូវតុលាការកាត់ឲ្យមានទោសជាប់ពន្ធនាគារហើយ ត្រូវបានដោះលែងឲ្យមានសេរីភាពធ្វើដំណើរទាំងក្នុង និង ក្រៅប្រទេស ហើយអាចជួបប្រជាពលរដ្ឋ និងថ្លែងសារជាសាធារណៈ ទោះបីសិទ្ធិនយោបាយរបស់លោក ត្រូវ បានរឹតត្បិតក៏ដោយ។ លោក កឹម សុខា មានឱកាសជួប និង ថ្លែងសារជាចំហ លើកដំបូងទៅកាន់ប្រជាពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខកាលពីចុងខែកក្កដា។
ចំណែកឯ លោក ថាច់ សេដ្ឋា នៅជាប់ពន្ធនាគារទាំងធ្លាក់ខ្លួនឈឺនៅឡើយ ខណៈលោក រ៉ុង ឈុន ជាប់ការហាមធ្វើដំណើរចេញពីភ្នំពេញ មិនអាចជួបប្រជុំ ជាមួយពលរដ្ឋ បន្ថែមលើការបិទសិទ្ធិនយោបាយ ៥ឆ្នាំ។
ដោយឡែក លោក សម រង្ស៊ី និងសហការការីសំខាន់ៗ របស់លោកនៅក្រៅប្រទេស ត្រូវបានរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន បិទមិនឲ្យចូលប្រទេសកម្ពុជា ដើម្បីប្រកួតប្រជែងនយោបាយនោះទេ។ នៅក្នុងពន្ធនាគារកម្ពុជាវិញ អ្នកទោសនយោបាយ និងអ្នកទោសមនសិការ ជាង ១០០នាក់ កំពុងជាប់ពន្ធនាគារ ដោយសារសកម្មភាព និង ការប្រើសិទ្ធិសេរីភាពសម្ដែងមតិ របស់ពួកគាត់ស្របតាមរដ្ឋធម្មនុញ្ញ៕








