

ប៉ូលិសអន្តោប្រវេសន៍ថៃ នៅខេត្តឈុនបុរី (Chonburi) បានបើកយុទ្ធនាការបោសសម្អាតអ្នកសុំទាននៅតាមទីប្រជុំជនបានជាច្រើននាក់ ក្នុងនោះអាជ្ញាធរថៃបានអះអាងថា មានពលរដ្ឋខ្មែរចំនួន១០នាក់ផងដែរ។ អាជ្ញាធរថៃ បញ្ជាក់ថា ក្នុងចំណោមពលរដ្ឋខ្មែរទាំងនោះ គឺបានលួចឆ្លងដែនចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ ដោយក្នុងនោះមានទាំងកុមារ និងទារកទៀតផង។
នៅពាក់កណ្ដាលអធ្រាត្រថ្ងៃទី១១ ខែសីហា អាជ្ញាធរថៃ នៅស្ថិតក្នុងខេត្តឈុនបុរី បានបើកយុទ្ធនាការចុះឆ្មក់ចាប់អ្នកសុំទាននៅតាមទីប្រជុំជនក្នុងក្រុងប៉ាតាយ៉ា (Pattaya) និងទីតាំងទេសចរណ៍មួយចំនួន។ ក្នុងយុទ្ធនាការនេះ អាជ្ញាធរថៃបានចាប់ខ្លួនអ្នកសុំទានដែលកំពុងអង្គុយតាមចិញ្ចើមថ្នល់ ខណៈកុមារសុំទានខ្លះទៀតបានរត់គេចខ្លួនចូលទៅតាមច្រកតូចៗ ក៏ប៉ុន្តែនៅតែត្រូវអាជ្ញាធរស្ទាក់ចាប់បាន។
ក្នុងយុទ្ធនាការនៅកណ្ដាលរាត្រីនេះ អាជ្ញាធរថៃបានឃាត់ខ្លួនជនអនាថា និងអ្នកសុំទានសរុបចំនួន ១៨នាក់ ដោយក្នុងនោះមាន១០ ត្រូវបានអាជ្ញាធរថៃអះអាងថា ជាពលរដ្ឋខ្មែរ ដោយរួមទាំងកុមារាតូចៗចំនួន៣នាក់ និងទារិកាអាយុ ៧ខែម្នាក់។ តាមរយៈវីដេអូរបស់អាជ្ញាធរថៃដែលបានថតក្នុងពេលចុះចាប់ខ្លួន បានបង្ហាញពីអ្នកសុំទានជាជនជាតិខ្មែរជាច្រើននាក់ បាននាំកុមារតូចៗ ដើរសុំទាននៅតាមឆ្នេរសមុទ្រ និងចិញ្ចើមថ្នល់ និងតំបន់ដែលមានភ្ញៀវទេសចរច្រើន។ ក្នុងនោះអាជ្ញាធរថៃ បានបង្ហាញពីស្ត្រីម្នាក់ដែលគេអះអាងថា ជាពលរដ្ឋខ្មែរ ដែលកំពុងអង្គុយសុំទាននៅលើចិញ្ចើមថ្នល់មួយកន្លែង បានលើកដៃសំពះអង្វរអាជ្ញាធរថៃកុំឱ្យចាប់ខ្លួន និងបញ្ជូនទៅកាន់កម្ពុជាវិញ ដោយស្ត្រីរូបនោះអះអាងថា នៅកម្ពុជាពិបាករកការងារធ្វើចិញ្ចឹមជីវិត។
ទោះជាយ៉ាងណា អាជ្ញាធរថៃបានចាប់ខ្លួនជនអនាថា និងអ្នកសុំទាន ដែលមានទាំងពលរដ្ឋខ្មែរ និងថៃទាំងអស់យកទៅសាកសួរ។ ក្នុងនោះ អាជ្ញាធរថៃបានធ្វើការកំណត់អត្តសញ្ញាណពលរដ្ឋខ្មែរ និងបានរកឃើញថា ពួកគេបានលួចឆ្លងដែន និងរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់ ខណៈមួយចំនួនទៀតមានប្រវត្តិធ្លាប់ត្រូវអាជ្ញាធរថៃចាប់បញ្ជូនទៅកម្ពុជា ជាច្រើនដងមកហើយ។
បច្ចុប្បន្នអាជ្ញាធរថៃកំពុងបន្តនីតិវិធីលើពលរដ្ឋខ្មែរ ទៅតាមច្បាប់អន្តោប្រវេសន៍របស់ប្រទេសថៃ ដោយពួកគេម្នាក់ៗអាចប្រឈមនឹងការជាប់ពន្ធនាគារមិនលើសពី ២ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ៦រយដុល្លារ មុននឹងត្រូវបញ្ជូនមកកម្ពុជាវិញក្រោយអនុវត្តទោសរួចរាល់។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ ខែសីហា។
ពាក់ព័ន្ធរឿងនេះ សមាជិកគណៈកម្មការមូលនិធិសង្គ្រោះជនអនាថារបស់ថៃម្នាក់ ដែលមានទីស្នាក់ការនៅទីក្រុងបាងកក (Bangkok) បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ជាសំណេរក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ចំនួនអ្នកសុំទានដែលរួមទាំងពលរដ្ឋខ្មែរ និងពលរដ្ឋថៃ បានផ្លាស់ប្ដូរទីតាំងមកតំបន់ប៉ាតាយ៉ា និងទីក្រុងបាងកក គឺបន្ទាប់កម្ពុជា និងថៃបានបិទច្រកព្រំដែន ក្រោយមានជម្លោះព្រំដែន ធ្វើឱ្យផ្សារធំៗនៅតាមព្រំដែនដែលជាតំបន់រកស៊ីរបស់អ្នកសុំទានទាំងនេះ មានភាពស្ងប់ស្ងាត់។
លោកបន្តថា តាមរបាយការណ៍ស្រាវជ្រាវរបស់មូលនិធិសង្គ្រោះជនអនាថា អ្នកសុំទានដែលជាពលរដ្ឋខ្មែរ មិនមែនជាជនទុរគតនោះឡើយ ដោយពួកគាត់បានយកការសុំទាននេះធ្វើជាមុខរបរ ដែលអាចរកចំណូលបានក្នុងមួយខែចាប់ពី៨០០ ទៅជាង១ពាន់ដុល្លារ រហូតពួកគាត់មានលទ្ធភាពជួលបន្ទាប់ស្នាក់នៅសមរម្យ និងផ្ញើប្រាក់ទៅឱ្យសាច់ញាតិទៀតផង។ លោកអះអាងទៀតថា សកម្មភាពសុំទានរបស់ពលរដ្ឋខ្មែរមានការរៀបចំជាប្រពន្ធ ដោយមានអ្នកដឹកជញ្ជូនយកទៅដាក់តាមគោលដៅ និងកំណត់តាមពេលវេលា ខណៈអ្នកសុំទានមួយចំនួន បានក្លែងបន្លំ ឬប្រើប្រាស់ពិការភាព ដើម្បីទាក់ទាញការអាណិតពីសប្បុរសជន។
ចំណែក មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ (Central) លោក លឹង សុផុន វិញ មានប្រសាសន៍ថា បច្ចុប្បន្នមានពលរដ្ឋខ្មែរជាច្រើននាក់ បានប្រកបរបរដើរសុំទាននៅប្រទេសថៃ ទោះបីជាប្រទេសកម្ពុជា និងប្រទេសថៃកំពុងមានជម្លោះព្រំដែនក៏ដោយ។ លោកអះអាងថា តាមរយៈការសួរនាំដោយផ្ទាល់ជាមួយអ្នកសុំទានដែលជាពលរដ្ឋខ្មែរទាំងនោះ ពួកគាត់បានប្រាប់ថា មូលហេតុដែលពួកគាត់ដើរសុំទាន គឺដោយសារពួកគាត់គ្មានឯកសារស្របច្បាប់ និងពិបាករកការងារធ្វើ។
លោក លឹង សុផុន៖ «ដោយឡែកពេលដែលសួរអ្វី គាត់អត់ហ៊ាននិយាយជាមួយយើងទេ នៅពេលដែលយើងសួរនាំ។ មិនមែនត្រឹមតែនៅប៉ាតាយ៉ា ទេ សូម្បីតែនៅទីប្រជុំជនផ្សេងៗ កន្លែងផ្សេងក៏ឃើញមានអ្នកសុំទានជាជនជាតិខ្មែរនៅក្នុងប្រទេសថៃហ្នឹង យើងឃើញមកជាហូរហែអញ្ចឹង។ កន្លែងខ្លះ គាត់និយាយជាមួយយើងដោយសារតែគាត់ខ្វះខាត មិនមានការងារធ្វើ ហើយពេលខ្លះទៅគាត់ថា គាត់អត់មានឯកសារត្រឹមត្រូវអីអញ្ចឹងទៅ»។
ពាក់ព័ន្ធនឹងករណីពលរដ្ឋខ្មែរសុំទាននៅប្រទេសថៃនេះដែរ កាលពីខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរថៃនៅខេត្តសាមុតប្រាកាន (Samut prakan) បានរកឃើញករណីសុំទានដែលរំលោភសិទ្ធិកុមារដ៏សង្វេគមួយ ដោយអាជ្ញាធរថៃបានចាប់ខ្លួនស្ត្រីខ្មែរម្នាក់ ដែលបានបង្កើតទារកចំនួន ៥លើកបន្តបន្ទាប់គ្នា ដើម្បីយកមកអង្គុយសុំទាន។ តាមការអះអាងរបស់អាជ្ញាធរថៃ ស្ត្រីជនជាតិខ្មែររូបនេះបានសារភាពថា នាងបានបង្កើតកូនដើម្បីទាក់ទាញការអាណិតអាសូរពីសប្បុរសជន ហើយនៅពេលកូននោះធំឡើងបន្តិច នាងក៏យកទៅបោះបង់ចោល ហើយបន្ទាប់មក ក៏ពពោះបង្កើតកូនសាជាថ្មីដើម្បីយកមកសុំទានបន្តទៀត។
ករណីនេះ បានធ្វើឱ្យអង្គការអន្តរជាតិ និងមហាជនផ្ទុះការរិះគន់ដោយលើកឡើងថា សកម្មភាពនេះ គឺជាការកេងប្រវ័ញ្ច និងរំលោភសិទ្ធិកុមារ និងជាការយកជីវិតមនុស្ស និងពិការភាព មកបោកប្រាស់ទឹកចិត្តសប្បុរសជន។
ចំណែកមតិមួយចំនួន បានលើកឡើងដោយហួសចិត្តថា កម្ពុជាដែលមានមេដឹកនាំពាក់នាឡិកាដៃដាំពេជ្រមានតម្លៃរាប់លានដុល្លារជាច្រើនគ្រឿង ខណៈកូនចៅរបស់មេដឹកនាំទៀតសោត តែងតែសម្ញែងទ្រព្យសម្បត្តិ សម្ភារៈនិយមដែលមានតម្លៃថ្លៃៗ ហេតុអ្វីបានជាបណ្ដោយឱ្យពលរដ្ឋខ្លួនមកសុំទាននៅក្រៅប្រទេស ដោយមិនខ្វល់ពីមុខមាត់ប្រទេសជាតិបែបនេះ៕









