អាជ្ញាធរ​ថៃ​​បើក​យុទ្ធនាការ​បោសសម្អាត​អ្នកសុំទាន​ដែល​គេ​អះអាង​ថា ជា​ជនជាតិ​ខ្មែរ

0
60
ទិដ្ឋភាពប៉ូលិស​អន្តោប្រវេសន៍​ថៃ នៅ​ខេត្ត​ឈុនបុរី (Chonburi) បាន​បើក​យុទ្ធនាការ​បោសសម្អាត​អ្នកសុំទាន​នៅ​តាម​ទីប្រជុំជន​នៅខេត្តប៉ាតាយ់ា កាលពីថ្ងៃទី១២ សីហា ២០២៦។ រូប៖ កាសែតថៃ
ទិដ្ឋភាពប៉ូលិស​អន្តោប្រវេសន៍​ថៃ នៅ​ខេត្ត​ឈុនបុរី (Chonburi) បាន​បើក​យុទ្ធនាការ​បោសសម្អាត​អ្នកសុំទាន​នៅ​តាម​ទីប្រជុំជន​នៅខេត្តប៉ាតាយ់ា កាលពីថ្ងៃទី១២ សីហា ២០២៦។ រូប៖ កាសែតថៃ

ប៉ូលិស​អន្តោប្រវេសន៍​ថៃ នៅ​ខេត្ត​ឈុនបុរី (Chonburi) បាន​បើក​យុទ្ធនាការ​បោសសម្អាត​អ្នកសុំទាន​នៅ​តាម​ទីប្រជុំជន​បានជា​ច្រើន​នាក់ ក្នុង​នោះ​អាជ្ញាធរ​ថៃ​បាន​អះអាង​ថា មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់​ផង​ដែរ​។ អាជ្ញាធរ​ថៃ បញ្ជាក់​ថា ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ទាំងនោះ គឺ​បាន​លួច​ឆ្លងដែន​ចូល​មក​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ដោយ​ក្នុង​នោះ​មាន​ទាំង​កុមារ និង​ទារក​ទៀត​ផង​។​

នៅ​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី​១១ ខែសីហា អាជ្ញាធរ​ថៃ នៅ​ស្ថិត​ក្នុង​ខេត្ត​ឈុនបុរី បាន​បើក​យុទ្ធនាការ​ចុះ​ឆ្មក់​ចាប់​អ្នកសុំទាន​នៅ​តាម​ទីប្រជុំជន​ក្នុង​ក្រុង​ប៉ាតាយ៉ា (Pattaya) និង​ទីតាំង​ទេសចរណ៍​មួយចំនួន​។ ក្នុង​យុទ្ធនាការ​នេះ អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​អ្នកសុំទាន​ដែល​កំពុង​អង្គុយ​តាម​ចិញ្ចើមថ្នល់ ខណៈ​កុមារ​សុំទាន​ខ្លះទៀត​បាន​រត់គេច​ខ្លួន​ចូល​ទៅ​តាម​ច្រក​តូចៗ ក៏ប៉ុន្តែ​នៅតែ​ត្រូវ​អាជ្ញាធរ​ស្ទាក់​ចាប់បាន។

ក្នុង​យុទ្ធនាការ​នៅ​កណ្ដាលរាត្រី​នេះ អាជ្ញាធរ​ថៃ​បាន​ឃាត់ខ្លួន​ជនអនាថា និង​អ្នកសុំទាន​សរុប​ចំនួន ១៨​នាក់ ដោយ​ក្នុង​នោះ​មាន​១០ ត្រូវ​បាន​អាជ្ញាធរ​ថៃ​អះអាង​ថា ជា​ពលរដ្ឋ​ខ្មែរ ដោយ​រួម​ទាំង​កុមារា​តូចៗ​ចំនួន​៣​នាក់ និង​ទារិកា​អាយុ ៧​ខែ​ម្នាក់​។ តាមរយៈ​វីដេអូ​របស់​អាជ្ញាធរ​ថៃ​ដែល​បាន​ថត​ក្នុង​ពេល​ចុះ​ចាប់ខ្លួន បាន​បង្ហាញ​ពី​អ្នកសុំទាន​ជា​ជនជាតិ​ខ្មែរ​ជាច្រើន​នាក់ បាន​នាំ​កុមារ​តូចៗ ដើរ​សុំទាន​នៅ​តាម​ឆ្នេរសមុទ្រ និង​ចិញ្ចើមថ្នល់ និង​តំបន់​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​។ ក្នុង​នោះ​អាជ្ញាធរ​ថៃ បាន​បង្ហាញ​ពី​ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា ជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​អង្គុយ​សុំទាន​នៅ​លើ​ចិញ្ចើមថ្នល់​មួយ​កន្លែង បាន​លើកដៃ​សំពះ​អង្វរ​អាជ្ញាធរ​ថៃ​កុំឱ្យ​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​កម្ពុជា​វិញ ដោយ​ស្ត្រី​រូប​នោះ​អះអាង​ថា នៅ​កម្ពុជា​ពិបាក​រក​ការងារ​ធ្វើ​ចិញ្ចឹមជីវិត។

ទោះជា​យ៉ាងណា អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​ជនអនាថា និង​អ្នកសុំទាន ដែល​មាន​ទាំង​ពលរដ្ឋ​ខ្មែរ និង​ថៃ​ទាំងអស់​យក​ទៅ​សាកសួរ​។ ក្នុង​នោះ អាជ្ញាធរ​ថៃ​បាន​ធ្វើ​ការកំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរ និង​បាន​រក​ឃើញ​ថា ពួកគេ​បាន​លួច​ឆ្លងដែន និង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ខណៈ​មួយចំនួន​ទៀត​មាន​ប្រវត្តិ​ធ្លាប់​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ទៅ​កម្ពុជា ជា​ច្រើនដង​មក​ហើយ​។​

បច្ចុប្បន្ន​អាជ្ញាធរ​ថៃ​កំពុង​បន្ត​នីតិវិធី​លើ​ពលរដ្ឋ​ខ្មែរ ទៅតាម​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​ថៃ ដោយ​ពួកគេ​ម្នាក់ៗ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មិន​លើស​ពី ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ ៦​រយ​ដុល្លារ មុននឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​ក្រោយ​អនុវត្ត​ទោស​រួចរាល់។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១២ ខែសីហា។

ពាក់ព័ន្ធ​រឿង​នេះ សមាជិក​គណៈកម្មការ​មូលនិធិ​សង្គ្រោះ​ជនអនាថា​របស់​ថៃ​ម្នាក់ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​បាងកក (Bangkok) បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ជា​សំណេរ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ចំនួន​អ្នកសុំទាន​ដែល​រួម​ទាំង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ថៃ បាន​ផ្លាស់ប្ដូរ​ទីតាំង​មក​តំបន់​ប៉ាតាយ៉ា និង​ទីក្រុង​បាងកក គឺ​បន្ទាប់​កម្ពុជា និង​ថៃ​បាន​បិទ​ច្រកព្រំដែន ក្រោយ​មាន​ជម្លោះព្រំដែន ធ្វើ​ឱ្យ​ផ្សារ​ធំៗ​នៅ​តាម​ព្រំដែន​ដែល​ជា​តំបន់​រកស៊ី​របស់​អ្នកសុំទាន​ទាំងនេះ មាន​ភាព​ស្ងប់ស្ងាត់។

លោក​បន្ត​ថា តាម​របាយការណ៍​ស្រាវជ្រាវ​របស់​មូលនិធិ​សង្គ្រោះ​ជនអនាថា អ្នកសុំទាន​ដែល​ជា​ពលរដ្ឋ​ខ្មែរ មិនមែន​ជា​ជន​ទុរគត​នោះ​ឡើយ ដោយ​ពួកគាត់​បាន​យក​ការ​សុំទាន​នេះ​ធ្វើជា​មុខរបរ ដែល​អាច​រក​ចំណូល​បាន​ក្នុង​មួយ​ខែ​ចាប់ពី​៨០០ ទៅ​ជាង​១​ពាន់​ដុល្លារ រហូត​ពួកគាត់​មានលទ្ធភាព​ជួល​បន្ទាប់​ស្នាក់នៅ​សមរម្យ និង​ផ្ញើ​ប្រាក់​ទៅ​ឱ្យ​សាច់ញាតិ​ទៀត​ផង​។ លោក​អះអាង​ទៀត​ថា សកម្មភាព​សុំទាន​របស់​ពលរដ្ឋ​ខ្មែរ​មានការ​រៀបចំ​ជា​ប្រពន្ធ ដោយមាន​អ្នក​ដឹកជញ្ជូន​យក​ទៅ​ដាក់​តាម​គោលដៅ និង​កំណត់​តាម​ពេលវេលា ខណៈ​អ្នកសុំទាន​មួយចំនួន បាន​ក្លែងបន្លំ ឬ​ប្រើប្រាស់​ពិការភាព ដើម្បី​ទាក់ទាញ​ការ​អាណិត​ពី​សប្បុរសជន។

ចំណែក មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ (Central) លោក លឹង សុផុន វិញ មានប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ បាន​ប្រកប​របរ​ដើរ​សុំទាន​នៅ​ប្រទេស​ថៃ ទោះបីជា​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​កំពុង​មាន​ជម្លោះព្រំដែន​ក៏ដោយ​។ លោក​អះអាង​ថា តាមរយៈ​ការ​សួរនាំ​ដោយ​ផ្ទាល់​ជាមួយ​អ្នកសុំទាន​ដែល​ជា​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ពួកគាត់​បាន​ប្រាប់​ថា មូល​ហេតុ​ដែល​ពួកគាត់​ដើរ​សុំទាន គឺ​ដោយសារ​ពួកគាត់​គ្មាន​ឯកសារ​ស្របច្បាប់ និង​ពិបាក​រក​ការងារ​ធ្វើ។

លោក លឹង សុផុន៖ «​ដោយឡែក​ពេល​ដែល​សួរ​អ្វី គាត់​អត់​ហ៊ាន​និយាយ​ជាមួយ​យើង​ទេ នៅ​ពេល​ដែល​យើង​សួរនាំ​។ មិនមែន​ត្រឹមតែ​នៅ​ប៉ាតាយ៉ា ទេ សូម្បីតែ​នៅ​ទីប្រជុំជន​ផ្សេងៗ កន្លែង​ផ្សេង​ក៏​ឃើញ​មាន​អ្នកសុំទាន​ជា​ជនជាតិ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​ហ្នឹង យើង​ឃើញ​មក​ជា​ហូរហែ​អញ្ចឹង​។ កន្លែង​ខ្លះ គាត់​និយាយ​ជាមួយ​យើង​ដោយសារតែ​គាត់​ខ្វះខាត មិន​មាន​ការងារ​ធ្វើ ហើយ​ពេល​ខ្លះទៅ​គាត់​ថា គាត់​អត់​មាន​ឯកសារ​ត្រឹមត្រូវ​អី​អញ្ចឹង​ទៅ»។

ពាក់ព័ន្ធ​នឹង​ករណី​ពលរដ្ឋ​ខ្មែរ​សុំទាន​នៅ​ប្រទេស​ថៃ​នេះ​ដែរ កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៤ អាជ្ញាធរ​ថៃ​នៅ​ខេត្ត​សាមុតប្រាកាន (Samut prakan) បាន​រក​ឃើញ​ករណី​សុំទាន​ដែល​រំលោភសិទ្ធិ​កុមារ​ដ៏​សង្វេគ​មួយ ដោយ​អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​បាន​បង្កើត​ទារក​ចំនួន ៥​លើក​បន្តបន្ទាប់​គ្នា ដើម្បី​យក​មក​អង្គុយ​សុំទាន​។ តាម​ការ​អះអាង​របស់​អាជ្ញាធរ​ថៃ ស្ត្រីជន​ជាតិខ្មែរ​រូប​នេះ​បាន​សារភាព​ថា នាង​បាន​បង្កើតកូន​ដើម្បី​ទាក់ទាញ​ការ​អាណិត​អាសូរ​ពី​សប្បុរសជន ហើយ​នៅពេល​កូន​នោះ​ធំ​ឡើង​បន្តិច នាង​ក៏​យក​ទៅ​បោះបង់ចោល ហើយ​បន្ទាប់មក ក៏​ពពោះ​បង្កើតកូន​សាជាថ្មី​ដើម្បី​យក​មក​សុំទាន​បន្ត​ទៀត។

ករណី​នេះ បាន​ធ្វើ​ឱ្យ​អង្គការ​អន្តរជាតិ និង​មហាជន​ផ្ទុះ​ការរិះគន់​ដោយ​លើកឡើង​ថា សកម្មភាព​នេះ គឺជា​ការ​កេងប្រវ័ញ្ច និង​រំលោភសិទ្ធិ​កុមារ និង​ជា​ការ​យក​ជីវិត​មនុស្ស និង​ពិការភាព មក​បោកប្រាស់​ទឹកចិត្ត​សប្បុរសជន។

ចំណែក​មតិ​មួយ​ចំនួន បាន​លើក​ឡើង​ដោយ​ហួសចិត្ត​ថា កម្ពុជា​ដែល​មាន​មេដឹកនាំ​ពាក់​នាឡិកា​ដៃ​ដាំ​ពេជ្រ​មានតម្លៃ​រាប់​លាន​ដុល្លារ​ជាច្រើន​គ្រឿង ខណៈ​កូនចៅ​របស់​មេដឹកនាំ​ទៀត​សោត តែងតែ​សម្ញែង​ទ្រព្យសម្បត្តិ សម្ភារៈ​និយម​ដែល​មាន​តម្លៃ​ថ្លៃៗ ហេតុអ្វី​បានជា​បណ្ដោយ​ឱ្យ​ពលរដ្ឋ​ខ្លួន​មក​សុំទាន​នៅ​ក្រៅ​ប្រទេស ដោយ​មិន​ខ្វល់​ពីមុខ​មាត់​ប្រទេសជាតិ​បែបនេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ