អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ និង​ជោគជ័យ ដែល​ទាហាន​ថៃ​ព័ទ្ធ​យក ពលរដ្ឋ​មិន​ទាន់​អាច​ចូល​រស់នៅ​បាន​ឡើយ

0
206
ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ
ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ផ្ទះសម្បែង​របស់​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ដែល​ទាហាន​ថៃ​រាយ​បន្លា​លួស​ព័ទ្ធ​យក ពលរដ្ឋ​នៅ​មិនទាន់​អាច​ចូល​រស់នៅ​បាន​ឡើយ ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ និង​គណៈកម្មការ​ព្រំដែន​របស់​កម្ពុជា​-​ថៃ កំពុង​ចុះ​វាស់វែង​បោះបង្គោល​បណ្ដោះអាសន្ន។ ចំណែក​អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ មួយ​ចំនួន​ប្រឈម​នឹង​បាត់បង់​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ ក្រោយ​កម្ពុជា​-​ថៃ បាន​បោះបង្គោល​បណ្ដោះអាសន្ន​រួចរាល់។

អាជ្ញាធរ​នៅ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ​អះអាង​ថា នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ពលរដ្ឋ​ដែល​បាន​ចាក​ចេញពី​ភូមិ ដោយសារ​ការឈ្លានពាន​របស់​ថៃ ពេលនេះ​ពួកគាត់​មួយចំនួន​បាន​វិល​ត្រឡប់​មក​រស់នៅ​ផ្ទះ​ខ្លួនឯង​វិញ​ហើយ ប៉ុន្តែ​សម្រាប់​តែ​ពលរដ្ឋ​ដែល​មាន​ផ្ទះ នៅ​ឆ្ងាយ​ពី​កន្លែង​មាន​ជម្លោះ​។ ចំណែក​ពលរដ្ឋ​មានផ្ទះ​នៅ ក្បែរ​បន្លា​លួស​ដែល​ទាហាន​ថៃ ព័ទ្ធ​យក អាជ្ញាធរ​មិនទាន់​ឲ្យ​ពួកគាត់​ចូល​ទៅ​រស់នៅ​វិញ​នោះ​ទេ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ។

មេភូមិ​ព្រៃ​ចាន់ លោក ពៅ បឿន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង​១០០(១២៧) គ្រួ​សារបាន​ចូល​ទៅ​រស់នៅ​ផ្ទះសម្បែង​វិញ ហើយ នៅ​ផ្នែក​ខាងកើត​នៃ​ភូមិ ចំណែក​ពលរដ្ឋ​ដែល​ផ្ទះសម្បែង​របស់​ពួកគាត់​ត្រូវ​បាន​ទាហាន​ថៃ​រាយ​បន្លា​លួស​យក និង​នៅក្បែរ​នោះ អាជ្ញាធរ​មិនទាន់​ឲ្យ​ចូល​ទៅ​រស់នៅ​ឡើយ ដោយ​ត្រូវ​រង់ចាំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ចុះ​វាស់វែង និង​បោះបង្គោល​បណ្ដោះអាសន្ន​រួចរាល់ និង​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ជាមុន​សិន ទើប​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​រស់នៅ​វិញ​។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​មិនទាន់​ដឹង​ថា ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​នេះ​នឹង​បញ្ចប់ និង​រុះរើ​បន្លា​លួស​ចេញ​វិញ​នៅ​ពេល​ណា​នោះ​ទេ ពីព្រោះ​កិច្ចការ​ទាំងនោះ​ទុក​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​ដោះស្រាយ។

លោក ពៅ បឿន៖ «​គាត់​បាន​ចូល​មក​រស់នៅ​មួយចំនួន​ហើយ ចំណែក​មួយ​ចំនួន​ទៀត​មិន​ទាន់​ឲ្យ​គាត់​ចូល​ទៅ​រស់នៅ​ដល់​ខាងក្នុង​នោះ​​​​​​​ទេ ត្រឹម​ពាក់កណ្ដាល​ភូមិ​មក​ខាងកើត អ៊ីចឹង​មិន​អាច​ឲ្យ​ពួកគាត់​ចូល​ទៅ​បានទេ ពីព្រោះ​ខ្លាច​សុវត្ថិភាព​របស់​ពួកគាត់ ថ្នាក់ដឹកនាំ​ក៏​មិនទាន់​ឲ្យ​យើង​ចូល​ទៅ​ត្រួតពិនិត្យ​នៅឡើយ​ទេ ដូច្នេះ​យើង​មិនទាន់​ដឹង​នោះ​ទេ»។

ចំណែក​មេភូមិ​ជោគជ័យ លោក ប៉ែន ឫទ្ធី លើកឡើង​ស្រដៀង​គ្នា​ថា ពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ​ប្រមាណ​៧០​ភាគរយ​បាន​ចូល​ទៅ​រស់នៅ​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ​ហើយ។ រីឯ​ផ្ទះសម្បែង ដីស្រែ​ចម្ការ ដែល​ទាហាន​ថៃ​បាន​ព័ទ្ធ​បន្លា​លួស​យក និង​ឈូស​ឆាយ លោក​សូម​មិន​និយាយ​ដល់​រឿង​នេះ​នោះ​ទេ ដោយ​ទុក​ឲ្យ​រដ្ឋាភិបាល​ជា​អ្នករក​ដំណោះស្រាយ។

លោក ប៉ែន ឫទ្ធី៖ «​អត់​ទេ ចូល​អត់​ទាន់​បានទេ មូលហេតុ​ដោយសារ​យើង​មិនទាន់​បោះបង្គោល ហើយ​អាជ្ញាធរ​កម្ពុជា​យើង និង​ខាង​ថៃ​មិន​ទាន់​និយាយ​ស្រុះស្រួល​គ្នា​ឲ្យ​យើង​ទៅ​រស់នៅ​វិញ​នោះ​ទេ ហើយ​កន្លែង​ឈូស​ឆាយ​វា​វ៉ែ​ខ្លះ នៅក្នុង​ចំណោម​កន្លែង​ព័ទ្ធ​របង ហើយ​ខ្ញុំ​មិនទាន់​ដឹង​ដែរ​ចាំ​ខាង​ថ្នាក់​ជាតិ​គេ​ដោះស្រាយ»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា។

ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ លោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) បាន​ប្រកាស​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​ថា នៅ​ពេល​ដែល​ការ​បោះបង្គោល​ព្រំដែន​នៅ​តំបន់​ភូមិ​ណងចាន់ ដែល​ខ្មែរ​ហៅថា​ភូមិ​ជោគជ័យ ត្រូវ​បាន​បញ្ចប់ ពលរដ្ឋ​ខ្មែរ​ជាង ២០០​គ្រួសារ ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ក្រហម នឹង​ត្រូវ​តែ​ចាក​ចេញពី​តំបន់​នោះ ដើម្បី​ការពារ​អធិបតេយ្យភាព រវាង​ប្រទេស​ទាំងពីរ។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​នៃ​ស្ថាប័ន​អធិបតេយ្យភាព​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ផ្លូវការ ដោយ​ចោទប្រកាន់​ថា កម្ពុជា និង​ថៃ​កំពុង​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន ផ្អែក​ទៅ​លើ​ផែនទី​ខ្នាត​១​លើ ៥០​ពាន់ (១/៥០ ០០០) ដែល​ជា​ផែនទី​ថៃ​គូស​ដោយ​ឯកតោភាគី ដូច្នេះ​កម្ពុជា​នឹង​បាត់បង់​ទឹកដី ពី​២​ទៅ ៣​គីឡូម៉ែត្រ នៅក្នុង​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់​ទៅ​ខាង​ថៃ​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ការ​បោះបង្គោល​បណ្ដោះអាសន្ន​នៅ​ពេល​នេះ​គឺ​ផ្អែកលើ​ផែនទី​ខ្នាត​១/២០០.០០០ បន្សល់ទុក​ពី​សម័យ​បារាំង។

បែប​នេះ​ក្ដី ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត នៅតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ចេញមុខ​បកស្រាយ​ឲ្យ​បានជាក់លាក់ និង​ត្រូវ​ប្រើប្រាស់​ផែនទី​ខ្នាត​១ លើ​២០០​ពាន់​បារាំង​សៀម ទើប​ការពារ និង​យក​ទឹកដី​ដែល​ទាហាន​ថៃ​រាយ​បន្លា​លួស​បាន​ត្រឡប់​មកវិញ។

លោក ម៉ែន ណាត៖ «គេ​មិនអាច​ជឿ​បានទេ ពីព្រោះ​គេ​បារម្ភ​ពី​ការបាត់បង់​ទឹកដី​កម្ពុជា​ទៅ​ថៃ អ្វី​ដែល​ថៃ​កំពុង​ពុះពារ​រាល់ថ្ងៃ​នេះ ហើយ​ជា​ការ​ពិត​ថៃ​កំពុងតែ​គូសវាស ថៃ​យក​ដ្រូន ថៃ​យក​GPS មក​កំណត់​ទីតាំង​ព្រំដែន ដែល​ឲ្យ​ខ្មែរ​ទទួលយក​លទ្ធផល​របស់​ខ្លួន​នេះ គឺថា​ថៃ​គេ​បាន​យក​ផែនទី​របស់​គេ មក​កំណត់ព្រំដែន​របស់​គេ​នៅ​លើ​ទឹកដី​យើង​ហើយ រឿងហេតុ​អ្វី​ដែល​ខ្មែរ​យើង ភាគី​យើង​យល់ស្រប​ទទួល​យក បើ​រដ្ឋាភិបាល លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទទួលយក​នូវ​អ្វី​ដែល​ថៃ​កំណត់ បាន​ន័យ​ថា យើង​ចាញ់​ប្រៀប​ថៃ យើង​នឹង​បាត់បង់​ទឹក​ដី​បន្ថែម​ទៀតហើយ»។

អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ ដែល​ទាហាន​ថៃ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ហើយ​បាន​ព្រមាន​ប្រើ​ច្បាប់​ផ្ទៃក្នុង​របស់​ថៃ​អនុវត្ត​មក​លើ​ពលរដ្ឋ​កម្ពុជា​ប្រសិនបើ​ពួកគាត់​មិន​ព្រម​ចាក​ចេញពី​ភូមិឋាន​ពួកគាត់​រស់នៅ ។ លើស​ពី​នោះ ទាហាន​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ម្នាក់ និង​របួស​៣​នាក់ នៅ​ភូមិ​ព្រៃ​ចាន់ កាលពី​ថ្ងៃទី​១២ វិច្ឆិកា ហើយ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​អាច​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​នៅឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ