រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា រំពឹង​ថា ICC នឹង​ស៊ើបអង្កេត​មេដឹកនាំ​ថៃ​ជុំវិញ​ជម្លោះព្រំដែន

0
20
(ពីឆ្វេង) គណៈប្រតិភូ​របស់រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ូ សាមឌី អ្នកស្រី ធិត គឹមហ៊ន អ្នកស្រី អ៊ូ លីនដា និង​លោក អ៊ុំ សំអាន ពេលចូលបំភ្លឺ​នៅ​ការិយាល័យរដ្ឋអាជ្ញា នៃ​តុលាការ ICC នៅប្រទេស​ហូឡង់ កាលពីថ្ងៃទី២៤ សីហា ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​សម្តែង​ក្តី​សង្ឃឹមថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​ពិនិត្យ និង​អាច​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​ថៃ ក្នុង​អំឡុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​ពួកគេ​បាន​ជួប​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​របស់ ICC នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី​២៤ ខែសីហា ដើម្បី​ដាក់​ជូន​ព័ត៌មាន និង​ភស្តុតាង​បន្ថែម​ក្រោម​មាត្រា ១៥ នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​សង្ឃឹមថា​រដ្ឋអាជ្ញា​របស់ ICC នឹង​ពិនិត្យ​សំណុំរឿង និង​ពិចារណា​បើក​ការស៊ើបអង្កេត និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ រួម​ទាំង​ការ​ចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ និង​មេ​យោធា​ថៃ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ក្នុង​អំឡុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ លោក​បាន​ប្រៀបធៀប​ក្តី​រំពឹង​នេះ​ទៅ​នឹង​សំណុំរឿង​របស់​លោក រ៉ូឌ្រីហ្គោ ឌូទែតេ (Rodrigo Duterte) ដែល​ត្រូវបាន ICC ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​

លោក អ៊ុំ សំអាន បន្ថែមទៀត​ថា ក្រុម​របស់​លោក​ក៏​រំពឹងថា​ជនរងគ្រោះ​កម្ពុជា​នឹង​ទទួល​បាន​យុត្តិធម៌ និង​សំណង ចំពោះ​ការខូចខាត​ដែល​ខ្លួន​ចោទ​ប្រកាន់​ថា បាន​កើត​ឡើង​ចំពោះ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នៅ​កម្ពុជា​។ លោក ថា មាន​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ២០,០០០​នាក់ កំពុង​ស្ថិតនៅ​តំបន់​ជម្លៀស និង​មិនទាន់​អាច​វិលត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ​បាន។

យ៉ាងណាក៏ដោយ លោក អ៊ុំ សំអាន មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ការពិភាក្សា​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា ICC នោះ​ទេ ដោយ​លើកឡើង​ថា ខ្លឹមសារ​នៃ​កិច្ចពិភាក្សា​មួយចំនួន​មាន​លក្ខណៈ​សម្ងាត់​។ លោក ថា លទ្ធផល​នៃ​ជំនួប​នេះ​មាន​លក្ខណៈ​វិជ្ជមាន ប៉ុន្តែ​មិនបាន​បញ្ជាក់​ថា ICC បានសម្រេច​បើក​ការស៊ើបអង្កេត ឬ​ចាត់វិធានការ​ណាមួយ​នោះ​ទេ​។​

លោក អ៊ុំ សំអាន៖ «បើសិនជា​យើង បញ្ចេញ​ព័ត៌មាន គឺ​អាច​ខូចការ​ធំ អាច​តុលាការ​គេ​មិន​ចាត់ការ​រឿង​ក្តី​របស់​យើង​។ ដូច្នេះ​យើង​ប្រជុំ​គ្នា​ហើយ​ថា យើង​មិនអាច​បញ្ចេញ​ព័ត៌មាន​ហ្នឹង​បាន​នោះ​ទេ គ្រាន់តែ​ខ្ញុំ​ចង់​ជម្រាប​ថា អ្វី​ដែល​យើង​បាន​ជួប​ក្រុម​រដ្ឋអាជ្ញា​នេះ គឺ​លទ្ធផល​ជា​វិជ្ជមាន​បាន​ដំណឹង​ល្អ ពី​ការ​ជំនួប ជាមួយនឹង​ក្រុម​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC អាហ្នឹង​គ្រាន់តែ​អាច​ជម្រាប​បាន​ប៉ុណ្ណឹង»។

លោក អ៊ុំ សំអាន បន្ថែមទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា មាន​ភស្តុតាង​ពាក់ព័ន្ធ​នឹង សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​កងកម្លាំង​ថៃ ដូច ការ​បាញ់ប្រហារ​លើ​ជន​ស៊ីវិល ការប្រើ​កាំភ្លើង​ធំ និង​ការវាយប្រហារ​តាម​អាកាស​លើ​ទីតាំង​មួយចំនួន​។ ហើយ​ការវាយប្រហារ​លើ​តំបន់​លំនៅឋាន​ស៊ីវិល​បាន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងហោចណាស់ ២១​នាក់​ស្លាប់ និង ៨៣​នាក់​រង​របួស រួមមាន​ស្ត្រី កុមារ និង​ទារក​ម្នាក់។

កា​រ​លើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី​តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា បាន​ជួប​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​រប​ស់ ICC នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី​២៤ ខែសីហា ដើម្បី​ដាក់ជូ​ន​ព័ត៌មាន និង​ភស្តុតាង​បន្ថែម​ក្រោម​មាត្រា ១៥ នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​។​

មាត្រា ១៥ នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ផ្តល់​អំណាច​ដល់​រដ្ឋអាជ្ញា ICC ក្នុង​ការ​ទទួល និង​ពិនិត្យ​ព័ត៌មាន​អំពី​បទល្មើស​ដែល​ស្ថិត​ក្រោម​យុត្តាធិការ​របស់​តុលាការ ហើយ​ក្នុង​លក្ខខណ្ឌ​ជាក់លាក់ អាច​ស្នើសុំ​អនុញ្ញាត​ពី​អង្គ​ជំនុំជម្រះ​បឋម ដើម្បី​បើក​ការស៊ើបអង្កេត​ដោយ​ខ្លួនឯង។

ការ​ដាក់​ព័ត៌មាន ឬ​ភស្តុតាង​ទៅកាន់​ការិយាល័យ​រដ្ឋអាជ្ញា មិន​មាន​ន័យ​ដោយ​ស្វ័យប្រវត្តិ​ថា ICC បាន​បើក​ការស៊ើបអង្កេត ឬ​នឹង​ចេញ​ដីកាចាប់ខ្លួន​នោះ​ទេ​។ ការសម្រេចចិត្ត​បែបនេះ​ត្រូវ​អាស្រ័យ​លើ​ការវាយតម្លៃ​ផ្នែក​ច្បាប់ និង​ភស្តុតាង​របស់​តុលាការ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា បាន​ឲ្យ​ដឹង​ថា ការ​ដាក់​សំណុំរឿង​ទៅ ICC គឺជា​ដំណើរការ​មួយ​ដែល​ត្រូវការ​ការពិនិត្យ​ភស្តុតាង និង​បទប្បញ្ញត្តិ​ច្បាប់​អន្តរជាតិ​យ៉ាង​ម៉ត់ចត់​។ លោក​ថា នៅក្នុង​អំឡុង​ការ​ប្រយុទ្ធ កងកម្លាំង​ថៃ​បាន​ប្រើប្រាស់​អាវុធ​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ជន​ស៊ីវិល និង​យោធា​កម្ពុជា ហើយ​លោក​ចាត់ទុក​សកម្មភាព​មួយចំនួន​ថា អាច​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​កម្ម​អន្តរជាតិ។

លោក​បាន​និយាយ​ថា ប្រសិនបើ ICC បើក​ការស៊ើបអង្កេត និង​រក​ឃើញ​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដែល​ស្ថិត​ក្រោម​យុត្តាធិការ​របស់​ខ្លួន អ្នក​ដែល​ទទួលខុសត្រូវ​អាច​ប្រឈម​នឹង​ការចោទប្រកាន់ និង​វិធានការ​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​លោក​ក៏បាន​ព្រមាន​ថា ការ​សន្និដ្ឋាន​អំពី​វិធានការ​របស់ ICC គួរតែ​រង់ចាំ​រហូតដល់​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ពី​តុលាការ។

រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ជំហរ​ថា ខ្លួន​ចង់​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ​តាម​មធ្យោបាយ​សន្តិវិធី និង​តាម​យន្តការ​ការទូត​។ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិតតវ៉ា​ជា​បន្តបន្ទាប់​ចំពោះ​សកម្មភាព​ដែល​ខ្លួន​ចាត់ទុកថា​ជា​ការ​រំលោភបំពាន​តាម​ព្រំដែន រួមមាន​ការ​ដាក់​រប​ង​លួស​បន្លា កុងតឺន័រ ការសាងសង់​ផ្លូវ និង​របង និង​សកម្មភាព​អភិវឌ្ឍន៍​មួយចំនួន​នៅ​តំបន់​មាន​ជម្លោះ។

រដ្ឋាភិបាល​កម្ពុជា​មិនបាន​បង្ហាញថា ខ្លួន​បាន​បញ្ជូន​សំណុំរឿង​ដូចគ្នា​នេះ​ទៅ ICC តាមរយៈ​រដ្ឋាភិបាល​របស់​ខ្លួន​ឡើយ ខណៈ​ក្រុម ២៣ តុលា ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​អះអាង​ថា ខ្លួន​បាន​បញ្ជូន​ព័ត៌មាន និង​ភស្តុតាង​ទៅ​ការិយាល័យ​រដ្ឋអាជ្ញា។

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ជម្លោះព្រំដែន​រវាង​កម្ពុ​ជា និង​ថៃ មិន​ងាយ​នឹង​បិទ​បញ្ចប់​បាន​នោះ​ឡើយ ដោយសារតែ​រដ្ឋាភិបាល​របស់​លោក អានុទីន ដែល​ចេញ​មកពី​ក្រុម​អភិរក្សនិយម​ត្រូវបាន​គេ​មើលឃើញ​ថា បាន​ដើរ​តួនាទី​ជា​អ្នកបម្រើ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​យោធា​ថៃ ខណៈ​មេដឹកនាំ​កម្ពុជា​មានអំណាច​ក្ដោប​ក្ដាប់ និង​បញ្ជា​យោធា​បាន​ដោយ​ផ្ដាច់មុខ ដែល​កត្តា​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​ក្រុម​យោធា​នៃ​ប្រទេស​ទាំងពីរ អាច​ប្រឈមមុខ​ដាក់គ្នា​ដោយ​ងាយស្រួល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ