កម្មករ​រោងចក្រ​ផ្លររីស​នៅ​ខេត្តកណ្តាល ៤​នាក់​រង​ការ​បញ្ឈប់​ពី​ការងារ ដោយសារ​មិន​ព្រម​ធ្វើ​ការ​ថែម​ម៉ោង​

0
16
កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ផ្លររីស ហ្គាម៉ិន (FLOURISH GARMENT (Cambodia) Co.,LTD) ដែលត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ ដោយសារ​មិន​ព្រម​ធ្វើ​ការ​បន្ថែម​ម៉ោង​កាល​ពី​ថ្ងៃ២៥ ខែសីហា​ ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ផ្លររីស ហ្គាម៉ិន (FLOURISH GARMENT (Cambodia) Co.,LTD) ដែលត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ ដោយសារ​មិន​ព្រម​ធ្វើ​ការ​បន្ថែម​ម៉ោង​កាល​ពី​ថ្ងៃ២៥ ខែសីហា​ ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ផ្លររីស ហ្គាម៉ិន (FLOURISH GARMENT (Cambodia) Co.,LTD ៤​នាក់ ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ ដោយសារ​មិន​ព្រម​ធ្វើ​ការ​បន្ថែម​ម៉ោង​កាល​ពី​ថ្ងៃ២៥ ខែសីហា​។ មន្ត្រី​សិទ្ធិ​កម្មករ​យល់​ថា កម្មករ​គួរ​យក​ករណីនេះ ប្តឹង​ទៅ​ក្រសួង​ការងារ ដើម្បី​ឲ្យ​ក្រសួង​ពិនិត្យ និង​ស៊ើបអង្កេត​លើ​ការអនុវត្ត​ច្បាប់​ការងារ​របស់​ក្រុមហ៊ុន​នេះ។

កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ៤​នាក់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ផ្លររីស ហ្គាម៉ិន ដែល​មាន​ថៅកែ​ជា​ជន​ជាតិចិន ស្ថិតនៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បញ្ឈប់​ពី​ការងារ បន្ទាប់ពី​ពួកគេ​បដិសេធ​ធ្វើការ​បន្ថែម​ម៉ោង​នោះ ត្អូញត្អែរ​ថា ពួកគេ​រង​ភាព​អយុត្តិធម៌​។ ពួកគេ​យល់​ថា ក្រុមហ៊ុន​នេះ គំរាមកំហែង និង​បង្ខិតបង្ខំ​កម្មករ​ធ្វើការ​ហួសកម្លាំង។

កម្មករ​រោងចក្រ​ផ្លររីស លោក នី សល់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​នេះ​រយៈពេល​ជិត​៤​ឆ្នាំ ហើយ​លោក​មិនដែល​សុំច្បាប់​ឈប់សម្រាក​សូម្បី​១​ថ្ងៃ ឬ​ចេញ​មុន​ម៉ោង​ម្តង​ណា​ឡើយ​។ លោក​ថា នេះ​ជា​លើក​ទី​១​សម្រាប់​លោក​ដែល​សុំ​ចេញ​មុន​ម៉ោង ពោល គឺ​មិន​ធ្វើការ​បន្ថែម​ម៉ោង ដើម្បី​យក​ពេលវេលា ជូន​ប្រពន្ធ​និង​កូនតូច ដើរ​កម្សាន្ត​ម្តង​ក្នុង​ឳ​កាស​បើក​ប្រាក់ខែ ប៉ុន្តែ​ក្រុមហ៊ុន​នេះ បែរជា​គំរាម​លោក​ថា ប្រសិនបើ​លោក​មិន​ធ្វើការ​បន្ថែម​ម៉ោង​ទេ ក្រុមហ៊ុន​នឹង​បញ្ឈប់​លោក​ពី​ការងារ​។ លោក​អះអាង​ថា ក្រុមហ៊ុន​បាន​ហៅ​លោក​ឲ្យ​បំពេញ​ពាក្យ​លាឈប់ ប៉ុន្តែ​លោក មិន​ព្រម​រួច​ហើយ​ក្រុមហ៊ុន​ក៏បាន​បណ្តេញ​លោក​ចេញពី​ម៉ោង​ការងារ​នៅ​ម៉ោង​៣​រសៀល។

លោក នី សល់ ថា លោក​រង​ភាព​អយុត្តិធម៌​ជា​ខ្លាំង ដែល​ក្រុមហ៊ុន​នេះ បង្ខិតបង្ខំ​កម្មករ​ឲ្យ​ធ្វើការ​បន្ថែម​ម៉ោង​ហួស​កម្រិត​បែបនេះ និង​បញ្ឈប់​កម្មករ​ទាំង​មិន​សម​ហេតុផល។

លោក នី សល់៖ «គេ​ចេញ​ច្រើន​គ្នា​បងៗ​…​ប៉ុន្តែ​គឺ​លក្ខណៈ​គេ​គំរាមៗ​អ្នក​ទាំងអស់​ហ្នឹង​គេ​បញ្ឈប់​ពួក​ខ្ញុំ​ទាំង​៤​នាក់​ហ្នឹង​ទេ​។​បង្ខិតបង្ខំ​កម្មករ ឲ្យ​ធ្វើ​ថែម​ម៉ោង​។ ចង់​កុំ​ឱ្យ​មាន​អញ្ចឹង​ទៀត​ណា​! កម្មករ កម្មការិនី​យើង លំបាក​រក​មាន​ការងារ​ធ្វើ​អញ្ចឹង​ណា បង​ណា​… ហើយ​ខ្ញុំ​មាន​កូនតូច​ត្រូវការ​ចិញ្ចឹម​ដែរ​… អញ្ចឹង​ចង់​នៅ​ធ្វើការ​ដែរ​ណា​… មាន​កូនតូច​ម្នាក់ ទើបបាន ៧ ខែ បង​ឯង​មើល​… ហើយ​ឥឡូវ​គេ​មក​បញ្ឈប់​អញ្ចឹង​ទៀត​…»។

ចំណែក​កម្មករ​រោងចក្រ ផ្លររីស ម្នាក់ទៀត វ័យ ១៨​ឆ្នាំ លោក តារា ឧត្តម ថ្លែង​ថា ក្រុមហ៊ុន​នេះ​បាន​បង្ខំ​ឲ្យ​កម្មករ ធ្វើការ​បន្ថែម​ម៉ោង​ហួស​កម្រិត​ដោយ​មិន​មាន​ការ​ស្ម័គ្រចិត្ត​ពី​កម្មករ​ឡើយ​។ លោក​ថា លោក ទ្រាំធ្វើការ​ស្ទើរ​ដួលសន្លប់ អស់កម្លាំង មិនបាន​សម្រាក និង​ទាំង​ខ្លួន​ឈឺ ក៏​មិន​ហ៊ាន​ឈប់សម្រាក ដោយសារ​ខ្លាច​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​។ លោក​អះអាង​ថា លោក​ធ្វើ​ទាំង​ថ្ងៃ​សៅរ៍ និង​អាទិត្យ ជួនកាល​មួយ​យប់​ទល់​ភ្លឺ និង​រហូតដល់​យប់​វិញ ដើម្បី​បញ្ចេញ​ការងារ ឲ្យ​ទាន់​តាម​កំណត់​របស់​ក្រុមហ៊ុន​។ លោក​អះអាង​ថា ក្រុមហ៊ុន​នេះ​មិនបាន​គោរព​សិទ្ធិ​កម្មករ និង​អនុវត្ត​ផ្ទុយ​សិទ្ធិ​ការងារ។

លោក តារា ឧត្តម៖ «​ខ្ញុំ​គិតថា​រឿង​ហ្នឹង​អត់​យុត្តិធម៌​ទេ ដោយសារតែ​គេ​អត់​មាន​ឱ្យ​តម្លៃ​ខ្ញុំ​សោះ​ហ្មង​! គាត់​បង្ខំ​ខ្ញុំ​មែន​… បើ​ខ្ញុំ​សុំ​គាត់​ស្រួលបួល គាត់​យក​លេស​មក​ថា ការងារ​ប្រញាប់​… ខ្ញុំ​ទទួលស្គាល់​ថា​ការងារ​ប្រញាប់ ប៉ុន្តែ​ខ្ញុំ​ចង់បាន​ពេលវេលា​ខ្លះ​សម្រាប់​ការ​សម្រាក​ដែរ​។ ខ្ញុំ​ឈឺ​… ខ្ញុំ​ធ្វើការ​ទាំង​ឈឺ​… មិន​ហ៊ាន​ឈប់​ទេ ខ្លាច​ដាច់​លុយ​អញ្ចឹង​ណា​! អស់កម្លាំង អស់​អី​… ឬក៏​ធ្វើការ​បណ្តើរ ងក់​បណ្តើរ​ក៏​មាន​… ពិបាក​ក្នុង​ខ្លួន»។

ទូរទស្សន៍​អាស៊ីសេរី​បាន​ទាក់ទង​ទៅ​ខាង​ក្រុមហ៊ុន ផ្លររីស ហ្គាម៉ិន ដើម្បី​ឆ្លើយ​បំភ្លឺ​ចំពោះ​ការ​លើកឡើង​នេះ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បដិសេធ​មិន​ធ្វើការ​បកស្រាយ​អ្វី​ទាំងអស់ និង​បាន​ចុច​បិទ​ទូរស័ព្ទ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេសា មិនបាន​លើក​ទូរស័ព្ទ​ឡើយ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា (CATU) អ្នកស្រី យ៉ាង សុភណ្ឌ មាន​ប្រសាសន៍​ថា ប្រសិនបើ​មាន​ករណី​ដូច​ការ​លើកឡើង​របស់​កម្មករ នោះ​រោច​ក្រ​កាត់ដេរ​សម្លៀកបំពាក់​នេះ​បាន​អនុវត្ត​ផ្ទុយ​ពី​លក្ខខណ្ឌ​ការងារ និង​រំលោភ​លើ​សិទ្ធិ​កម្មករ​។ អ្នកស្រី​បន្ត​ថា កម្មករ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​លើ​ការ​ធ្វើ​ការ​បន្ថែម​ម៉ោង​ឬ​មិន​ធ្វើ តាម​គោលការណ៍​ស្ម័គ្រចិត្ត ហើយ​ក្រុមហ៊ុន​មិន​មាន​សិទ្ធ​បញ្ឈប់​កម្មករ​ដោយ​គ្រាន់តែ​ពួកគេ​មិន​ធ្វើការ​បន្ថែម​ម៉ោង​នោះ​ទេ។ លោកស្រី​អះអាង​ថា ការ​បង្ខិតបង្ខំ​ឲ្យ​កម្មករ​ធ្វើការ​ហួសកម្លាំង​ដោយ​គ្មាន​ថ្ងៃ​ឈប់សម្រាក​ត្រឹមត្រូវ គឺជា​ការរំលោភ​លើ​ច្បាប់​ធ្ងន់ធ្ងរ និង​ផ្ទុយ​ទៅលើ​អនុសញ្ញា​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​និង​គាំទ្រ​លើ​សិទ្ធិ​របស់​កម្មករ។

អ្នកស្រី យ៉ាង សុភណ្ឌ៖ «ក្នុងករណី​ដែល​មាន​កើតឡើង​បែប​ហ្នឹង គឺ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​កម្មករនិយោជិត​របស់​យើង ត្រូវតែ​ប្តឹង​ក្រុមហ៊ុន ដើម្បី​ឱ្យ​កម្មករនិយោជិត​របស់​យើង​ទទួល​បាន​យុត្តិធម៌ គាត់​បាន​វិល​ទៅ​ធ្វើ​ការងារ​វិញ ហើយ​គាត់​បាន​… បើសិនជា​ក្នុងករណី​ដែល​មិន​យក​គាត់​ចូល​ធ្វើ​ការងារ​ទេ ខ្ញុំ​គិតថា​អាហ្នឹង​គឺ​ក្រុមហ៊ុន​ត្រូវ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​។ ចឹ​ង​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​កម្មករនិយោជិត​របស់​យើង ទៅ​ប្តឹង​ក្រុមហ៊ុន​ក្នុងករណី​ដែល​ក្រុមហ៊ុន​បាន​រំលោភបំពាន​ទៅលើ​ច្បាប់ បញ្ឈប់​គាត់​មិន​ត្រឹមត្រូវ​បែប​ហ្នឹង​… ចឹ​ង​ណា​!»។

កម្មករ​រោងចក្រ​ផ្លររីស ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​នោះ ទទូច​ស្នើសុំ​ឲ្យ​ក្រសួង​ការងារ​ជួយ​ពិនិត្យ​ចំពោះ​ករណី​រោងចក្រ​បញ្ឈប់​កម្មករ​ដោយ​មិន​សម​ហេតុផល និង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​នេះ ព្រមទាំង​អនុញ្ញាត​ឱ្យ​ពួកគាត់​អាច​ត្រឡប់​ចូល​ធ្វើ​ការ​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ