រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ចុះទៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ និង​ទទូច​ឱ្យ​មាន​កិច្ច​សន្ទនា​ដោយ​សន្តិវិធី

0
15
ទិដ្ឋភាព​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​បង្ហាញ​ដល់​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ទទួលបន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក អ្នកស្រី បារ៉ុនណែស វីនថឺតុន (Baroness Winterton) ពី​អគារ​ដែល​យោធា​ថៃ​វាយប្រហារ​ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នា​ខេត្ត​ឧត្តរមានជ័យ កាលពី​​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក មាន ​ចាន់យ៉ាដា
ទិដ្ឋភាព​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​បង្ហាញ​ដល់​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ទទួលបន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក អ្នកស្រី បារ៉ុនណែស វីនថឺតុន (Baroness Winterton) ពី​អគារ​ដែល​យោធា​ថៃ​វាយប្រហារ​ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នា​ខេត្ត​ឧត្តរមានជ័យ កាលពី​​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក មាន ​ចាន់យ៉ាដា

រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ទទួលបន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក អ្នកស្រី បារ៉ុនណែស វីនថឺតុន (Baroness Winterton) នៅ​ថ្ងៃទី​២៦ ខែសីហា​នេះ បាន​ចុះ ទៅ​ជួប​សហគមន៍​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​អំពាវនាវ​ឱ្យ​មាន​កិច្ច​សន្ទនា​រក​ដំណោះស្រាយ ដោយ​សន្តិវិធី រវាង​កម្ពុជា និង ថៃ​។ អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​រង់ចាំ​ការចរចា​តែមួយ​មុខ​ទេ ប៉ុន្តែ ត្រូវ​ជំរុញ​ភាព​សកម្ម​ការទូត ដែល​ហ៊ាន​លាតត្រដាង​ការពិត អំពី​ការឈ្លានពាន​របស់​កង​ទ័ព​ថៃ​លើ​ទឹកដី​កម្ពុជា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ ទើប​អាច​ទទួល​បាន​ទំនុកចិត្ត​ពី​ចក្រភព​អង់គ្លេស និង​បស្ចិមប្រទេស ឱ្យ​ចេញ​មុខ​ជួយ​កម្ពុជា។

​បន្ទាប់ពី​ការ​មក​ដល់​នៃ​នាវាចម្បាំង​ចក្រភព​អង់គ្លេស (HMF Tamar) នៅ​មូលដ្ឋាន ជើង​ទឹកសមុទ្រ​រាម​របស់​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែសីហា សម្រាប់​ទស្សនកិច្ច ហ្វឹក​ហាក់​រយៈពេល ៨​ថ្ងៃ ជាមួយ​កងទ័ព​កម្ពុជា​នោះ រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ទទួលបន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក អ្នកស្រី បារ៉ុនណែស វីនថឺតុន ក៏​មាន​វត្តមាន ការទូត​ជាន់ខ្ពស់​លើ​ទឹកដី​កម្ពុជា ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ ទី​២៥ ខែសីហា​ដែរ។ អ្នកស្រី​រដ្ឋមន្ត្រី បាន​ចុះ​ជួប​សហគមន៍​ខ្មែរ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ខណៈ កម្ពុជា​និង​ថៃ កំពុង​មាន​ជម្លោះ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើង​ថា ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា គឺជា​សភាពការណ៍​ល្អ​មួយ សម្រាប់​ប្រទេស​កម្ពុជា ដែល​ចង់បាន​ការ​គាំទ្រ​ពី​មិត្ត​បស្ចិមប្រទេស​។ យ៉ាងណា លោក​សាស្ត្រាចារ្យ​ថា ភាគី​កម្ពុជា​ត្រូវ​ការ​ធ្វើ​កិច្ច​ការទូត​ឱ្យ​សកម្ម និង​ដោះស្រាយ​បញ្ហា សេរីភាព​ប្រជាធិបតេយ្យ ឱ្យ​ប្រសើរ​ឡើង​ដើម្បី​ទទួល​បាន​ការ​ជឿជាក់​ពី បណ្ដា​មិត្ត​បស្ចិម​ប្រទេស​ឱ្យ​ជួយ​កម្ពុជា។

លោក ឯម សុវណ្ណារ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ទស្សនកិច្ច​រដ្ឋមន្ត្រី​អង់គ្លេស មានតម្លៃ​ពីរ គឺ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដោយ​ខ្លួនឯង នៅក្នុង​តំបន់ ក្នុងនាម​ជា​មហាអំណាច និង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា បន្ទាប់ពី​ចក្រភព​អង់គ្លេស ចាក​ចេញពី​សហភាព​អឺរ៉ុប​។ លោក​ថា ការ​យកចិត្តទុកដាក់​របស់​ចក្រភព​អង់គ្លេស អាច​ជួយ​ជំរុញ​ការអនុវត្ត​ច្បាប់​អន្តរជាតិ​នានា​ក្នុង​តំបន់ រួម​ទាំង ការជំរុញ​ដំណោះ ស្រាយ​ជម្លោះ​កម្ពុជា​-​ថៃ ដែល​អ្នកស្រី អំពាវនាវ​ឱ្យ​មាន​ការចរចា ដើម្បី​បញ្ចប់​វិវាទ រវាង​ភាគី​ទាំងពីរ ដោយ​សន្តិវិធី។

ទោះជា​យ៉ាងណាក៏ដោយ លោក​សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា កម្ពុជា​មិន​គួរ​រង់ចាំ​តែ​ការចរចា​នោះ​ទេ ប៉ុន្តែ ត្រូវធ្វើ​សកម្មភាព​ការទូត​ឱ្យ​ខ្លាំង រហូត​ដល់​បស្ចិមប្រទេស ដូចជា មហាអំណាច​អង់គ្លេស បង្ហាញ​ជំហរ​ថ្កោលទោស​ការឈ្លានពាន​របស់​ថៃ ទើប​ជា​ជោគជ័យ​ការទូត​ពិតប្រាកដ​របស់​កម្ពុជា​។ បន្ថែម​លើ​នេះ លោក​សាស្ត្រាចារ្យ ថា កម្ពុជា​ក៏​ត្រូវ​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ និង​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង ឱ្យ​ប្រាកដប្រជា ឱ្យ​ឆ្លើយតប​នឹង​ការ​ចង់បាន​របស់ អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ជាដើម ទើប​ទាក់ទាញ​បាន​ទំនុកចិត្ត​ក្នុង​កិច្ច​សហប្រតិបត្តិការ។

លោក ឯម សុវណ្ណារ៉ា៖ «ភាគី​កម្ពុជា​ហាក់ដូច​មិនបាន​ឆ្លើយតប​ដោយ​ពេញលេញ​នៅ ចំណុច​ការ​លើកឡើង ការ​ខ្វះខាត ការអនុវត្ត​យន្តការ​ប្រជាធិបតេយ្យ​របស់​កម្ពុជា កន្លងមក​។ ទី​២ កម្ពុជា​មាន​បញ្ហា​មួយ គឺ​បញ្ហា​ប​ឆបោក​អនឡាញ​ហ្នឹង ដែល​រដ្ឋាភិបាល​កម្ពុជា កំពុងតែ​ចាត់វិធានការ ក៏ប៉ុន្តែ​មិនទាន់ គេ​ហៅថា ទទួល​បាន​ការ​ជឿជាក់​ទាំងស្រុង​ពី​សហគមន៍​អន្តរជាតិ​លើ​ឆាក​អន្តរជាតិ។ សហរដ្ឋអាមេរិក​គាត់​បាន​ជំរុញ ហើយ​គាត់​សហការ​បន្ថែម​ទៀត ក្នុង​ការ​តាម​ចាប់​មេ​ឆបោក​អន​ឡាញ បទឧក្រិដ្ឋ​អនឡាញ​ធំៗ​[…]​ត្រូវការ​ម៉ឺងម៉ាត់​ជាក់ស្ដែង លើកឡើង​ដោយ​អនុរដ្ឋមន្ត្រី​សង្គ្រាម​របស់​សហរដ្ឋអាមេរិក​ជាដើម​»។​

ហ្វេសប៊ុក​របស់​ស្ថានទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៦ ខែ​សីហា នេះ​ថា អ្នកស្រី​រដ្ឋមន្ត្រី បារ៉ុនណែស វីនថឺតុន បាន​ចុះ​ជួប​សហគមន៍ ដែល​រង​ផល​ប៉ះពាល់​ពី​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន នៅ​តំបន់​គោក​ប្រាសាទ ក្នុង​​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ស្វែងយល់​ដោយ​ផ្ទាល់ អំពី​បញ្ហា​ប្រឈម​ដែល​គ្រួសារ​ពលរដ្ឋ ខ្មែរ​ជួបប្រទះ។

អ្នកស្រី​រដ្ឋមន្ត្រី បានឃើញ​នូវ​កម្មវិធី​អប់រំ ដែល​គាំទ្រ​ដោយ​ភាគី​ចក្រភព​អង់គ្លេស។ អ្នកស្រី​ក៏​បាន​ជួប​កុមារ​ខ្មែរ ដែល​មាន​ភាព​ក្លាហាន និង​បាន​ឆ្លងកាត់​បទពិសោធន៍​លំបាក ប៉ុន្តែ នៅតែ​បន្ត​ខិតខំ​សិក្សា ហើយ​អ្នកស្រី​បាន​ស្តាប់​ពី​គ្រួសារ និង​ថ្នាក់​ដឹកនាំ​សហគមន៍ អំពី​អាទិភាព និង​តម្រូវការ​របស់​ពួកគេ។

ស្ថានទូត​អង់គ្លេស បន្ថែម​ថា ចក្រភព​អង់គ្លេស ប្តេជ្ញា​បន្ត​ធ្វើ​ការ​ជាមួយ​កម្ពុជា និង​ដៃគូ ដើម្បី​គាំទ្រ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់ ជួយ​ឱ្យ​កុមារ​បន្ត​ការសិក្សា និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ និង កិច្ច​សន្ទនា​ដោយ​សន្តិវិធី រវាង​ថៃ និង​កម្ពុជា។

ចក្រភព​អង់គ្លេស គឺជា​មហាអំណាច​ពិភពលោក​ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា សន្តិសុខ​អង្គការសហប្រជាជាតិ ដែល​រួមមាន សហរដ្ឋអាមេរិក បារាំង រុស្ស៊ី និង​ប្រទេស​ចិន​។ ចក្រភព​អង់គ្លេស ក៏​ជា​ហត្ថលេខី​ដ៏​មាន​ឥទ្ធិពល​មួយ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ស្ដីពី​ដំណោះ ស្រាយ​ជម្លោះ​កម្ពុជា ហើយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ហើយ ដែល​ជា​អាយុជីវិត​នៃ​ការស្ថាបនា​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស គោលការណ៍​គោរព សិទ្ធិមនុស្ស ព្រមទាំង ជំនួយ​មនុស្សធម៌ និង ការ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឡើង​វិញ ជាពិសេស កិច្ចសន្យា​ការពារ​បូរណភាព​ទឹកដី នៃ​ប្រទេស​កម្ពុជា ដោយ​យន្តការ អន្តរជាតិ បន្ទាប់​សង្គ្រាម​បង្ហូរឈាម​ជាច្រើន​ទសវត្សរ៍។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៦ ខែសីហា​ថា អ្នកស្រី រដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស អាច​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​ប្រើប្រាស់​ឥទ្ធិពល នយោបាយ និង កិត្យានុភាព អន្តរជាតិ ដើម្បី​លើកយក​បញ្ហា​ការ​រំលោភបំពាន​ដែន អធិបតេយ្យភាព​កម្ពុជា ទៅ​កាន់​វេទិកា​តំបន់ និង​អន្តរជាតិ ដោយ​ជួយ​ផ្ដល់​សំឡេង​គាំទ្រ​ដល់​កម្ពុជា​បន្ថែម លើ​ជំហរ​ផ្លូវការ​។ ប៉ុន្តែ លោក​ថា ការ​បន្ត​អនុវត្ត​ការទូត​ទន់ភ្លន់​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ស្ថានភាព​ដែល​ភាគី​ថៃ​កំពុង​បន្ត​រាយ​បន្លា លួស និង​សង់​សំណង់​រឹងមាំ លើ​ទឹកដី​កម្ពុជា គឺជា​យុទ្ធសាស្ត្រ​ខ្វះ​ភាព​មុត​ស្រួច​និង​អសកម្ម នៃ​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី។

លោក សេង វណ្ណលី ថា ការប្រើប្រាស់​វិធីសាស្ត្រ​ទន់ភ្លន់​ជ្រុល ឬ​ការ​រង់ចាំ​សម្របសម្រួល​តាមផ្លូវ​ការទូត​តែមួយ​មុខ រក្សា​បាន​ត្រឹមតែ​រូបភាព​សន្តិភាព​ខាងក្រៅ ប៉ុន្តែ បាន​បណ្ដោយ​ឲ្យ​ថៃ​យក​ទឹកដី​កម្ពុជា ជាក់ស្តែង ដែល​កាន់តែ​យូរ​ទៅ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ប្រៀប​ក្នុង​ការចរចា និង​ពិបាក​ទាមទារ​ដី​ទាំងនោះ​ត្រឡប់មកវិញ​។ លោក​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ពី​ភាព​ទន់ខ្សោយ​នយោបាយ​ការបរទេស ដែល​ធ្វើ​ឲ្យ​ប្រទេសជិតខាង ទទួល​បាន​ផលប្រយោជន៍​ជា​បន្តបន្ទាប់​ដោយ​ការប្រើ​ល្បិច​រំកិល​ព្រំដែន​បន្តិច​ម្តងៗ ខណៈ​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន​នៅតែ​បន្ត​ប្រើ​តែ​ពាក្យពេចន៍​ការទូត​ដើម្បី​សម្របសម្រួល​ដដែលៗ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ