សមត្ថកិច្ច​ខេត្ត​កោះកុង​គំរាមកំហែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មិន​ឱ្យមក​ភ្នំពេញ ដើម្បី​គាំទ្រ​សមាជិក​ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ

0
22
​ពលរដ្ឋរងគ្រោះ​ដីធ្លី​ជាមួយ​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា ហេង ហុយ ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៦​ សីហា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
​ពលរដ្ឋរងគ្រោះ​ដីធ្លី​ជាមួយ​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា ហេង ហុយ ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៦​ សីហា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

កងកម្លាំង​ប៉ូលិស និង​អាជ្ញាធរ​ខេត្តកោះកុង ជា​ច្រើន​រូប​បាន​ដាក់​ពង្រាយ​គ្នា តាម​ដងផ្លូវ​រារាំង​មិន​ឱ្យ ពលរដ្ឋ ដែល​រងគ្រោះ​ដីធ្លី​ជាមួយ​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា ហេង ហុយ ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​ស្ដាប់​សវនាការ​របស់​តំណាង​ពលរដ្ឋ រងគ្រោះ​ដីធ្លី គឺ​លោកស្រី ផាវ ញើង និង លោកស្រី សេង លីន ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​បទ​«​ញុះញង់ និង​បរិហារកេរ្តិ៍​» នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា​ទង្វើ​របស់​អាជ្ញាធរ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ពលរ​ដ្ឋ ធ្ងន់ធ្ងរ។

ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដែល​អាជ្ញាធរ និង​កងកម្លាំង​ប៉ូលិស នៅ​ខេត្តកោះកុង តែងតែ​រារាំង និង​គំរាមកំហែង ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តកោះកុង ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា ហេង ហុយ មិន​ឱ្យ​ឡើង​មក​តវ៉ា ឬ​ជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​។ ករណីនេះ ត្រូវ​បាន​គេ​រិះគន់​ថា គឺជា​ការ​សហការ​គ្នា រវាង​អាជ្ញាធរ​ក្រុងភ្នំពេញ និង​អាជ្ញាធរ​ខេត្តកោះកុង ដើម្បី​បិទ​ខ្ទប់​សិទ្ធិ​សេរីភាព​ពលរដ្ឋ មិន​ឱ្យ​តវ៉ា​ឬ​ជុំ​ជួបគ្នា ទើប​ធ្វើ​ឱ្យ​បញ្ហា​ដីធ្លី​នេះ អូស​បន្លាយ​ជិត​២០​ឆ្នាំ​មក​ហើយ នៅ​ពុំ​មាន​ដំណោះស្រាយ។

តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​១៩៧ គ្រួសារ គឺ​លោកស្រី ដេត ហួ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែសីហា​ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ដែល​ថ្មីៗ​នេះ កងកម្លាំង​ប៉ូលិស និង​មន្ត្រី​អាជ្ញាធរ​ស្រុកស្រែ​អំបិល ហាមឃាត់​រថយន្ត​ចំនួន​៤​គ្រឿង​មិន​ឱ្យ​ដឹក​ពលរដ្ឋ​ប្រមាណ​៨០​នាក់ មក​តាមដាន និង​លើកទឹកចិត្ត តំណាង​សហគមន៍​៩៥៥​គឺ​លោកស្រី ផាវ ញើង និង​លោកស្រី សេង លីន ដែល​ត្រូវ​ចូល​សវនាការ​នៅ​តុលាការ​កំពូល នា​ថ្ងៃទី​២៦ ខែសីហា​។ លោកស្រី​ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ គឺជា ការ​បិទ​សិទ្ធិ​សេរីភាព​ដើរហើរ និង​ការ​ជួបជុំ​របស់​ពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ។

លោកស្រី ដេត ហួ៖ «ខ្ញុំ​មានការ​សោកស្ដាយ​ខ្លាំង​មែនទែន ក្នុងនាម​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​ក៏​សញ្ជាតិ​ខ្មែរ​មួយ​រូប​ដែរ ហើយក៏​ជា​ជនរងគ្រោះ​បាត់បង់​ដីធ្លី ហើយ​ពេល​ដែល​យើង​ទៅ​ទាមទារ​រក​ដំណោះស្រាយ​កន្លែង​ណា តែងតែមាន​អាជ្ញាធរ​គាត់​ឃាត់ គាត់​សួរនាំ ហើយ​មកដល់ពេលនេះ​ខាង​សហគមន៍​ពួក​ខ្ញុំ​ឡើង​មក ប្រហែលជា​ឡើង​មក​មិន​រួច ដាក់​បារ៉ាស់ ដាក់​ប៉ុស្តិ៍ គ្រប់​ពីរ​-​បី​កន្លែង ហើយ​ថែម​ទៅដល់​ផ្ទះ​តៃកុង​ឡាន​ទៀត ចាស»។

លោកស្រី​ស្នើ​ឱ្យ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន ជួយ​រក​ដំណោះស្រាយ ដីធ្លី​ជូន​ពលរដ្ឋ និង​បញ្ឈប់​ទង្វើ របស់​អាជ្ញាធរ​ដែល​ចេះតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ។

លោកស្រី ដេត ហួ៖ «ហើយ​ពួក​យើង​ក៏​អត់​បាន​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​អី​ដែរ​។ ចាស​, ពួក​យើង​ស្មោះត្រង់​ទៅ​ហ្នឹង​, បងៗ​អាជ្ញាធរ​ព្រមទាំង​សមត្ថកិច្ច​គាត់​មិនដែល​ជឿ​ពួក​យើង​សោះ​។ អ៊ីចឹង ខ្ញុំ​ក្នុងនាម​ខ្ញុំ​ជា​ជន​មួយ​អត់​មាន​ស័ក្ដិយស អត់​មានអំណាច ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដៃទទេ​ហ្នឹង គឺ​ពិបាក​នៅក្នុង​ការចរចា​ជាមួយ​គាត់​មែនទែន​! ព្រោះ​អី​គាត់​មានអំណាច​, មាន​ទាំង​កូនចៅ​គាត់​ឃាត់​ពួក​យើង​, គាត់​ទៅ​ប្រាប់​តៃកុង​ឡាន គំរាមកំហែង​តៃកុង​ឡាន ឲ្យ​តៃកុង​ឡាន​មិនអាច​ធ្វើដំណើរ​ដឹក​ពួក​យើង​បាន»។

ចាប់​តាំងពី​ឆ្នាំ ២០០៧ រហូតដល់​បច្ចុប្បន្ន​នេះ​មាន សហគមន៍​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ ឧកញ៉ា ហេង ហ៊ុយ និង​ឧកញ៉ា លី យ៉ុងផាត់ ជាច្រើន​ក្រុម តែងតែ​តស៊ូ​តវ៉ា រឿង​ដីធ្លី​នេះ​អស់​រាប់​សិប​លើក​មក​ហើយ ប៉ុន្តែ ពុំ​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ ផ្ទុយទៅវិញ​តំណាង​សហគមន៍​ទាំងនោះ ដូចជា​លោកស្រី ផាវ ញើង ជាដើម ត្រូវ​បាន​ក្រុមហ៊ុន និង​មន្ត្រី​អាជ្ញាធរ​បញ្ជា​ឱ្យ​ចាប់​ដាក់​ពន្ធនាគារ ទាំង​អយុត្តិធម៌​។ សព្វថ្ងៃ​រឿងក្ដី​ក្ដាំ របស់​តំណាង​ទាំងនោះ នៅតែ​បន្ត​រហូតដល់​បច្ចុប្បន្ន ខណៈ​ដែល​ដីធ្លី​ក៏​បាត់ ហើយ​សិទ្ធិ​សេរីភាព​ក៏​ត្រូវ​បាន​បិទ​ខ្ទប់​ពី​តុលាការ។

បច្ចុប្បន្ន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ហេង ហុយ មាន​ជិត​៥០០​គ្រួសារ​ស្ថិតនៅ​ឃុំ​ជីខលើ និង​ឃុំ​ជីខក្រោម ស្រុកស្រែ​អំបិល ដែល​គេ​ស្គាល់​ជា​ក្រុម​ពលរដ្ឋ​១៩៧ និង​សហគមន៍​១៩៥ ដែល​មាន​ជម្លោះ​អូស​បន្លាយ​តាំងពី​ឆ្នាំ ២០០៧​មក​ម្ល៉េះ​។ ចំណែក​ពលរដ្ឋ​ដែល​រងគ្រោះ​ជាមួយ​ក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅ​ស្រុកស្រែ​អំបិល និង​បទុម​សាគរ មាន​ជាង​១​ពាន់​គ្រួសារ រួមមាន​សហគមន៍​៩៥៥ សហគមន៍​១៩៧ និង​សហគមន៍​១៧៥ ជាដើម​។ សមាជិក​នៃ​សហគមន៍​ទាំងនោះ អ្នកខ្លះ បាន​ស្លាប់ អំឡុង​ពេល​តវ៉ា ដោយសារ​ខ្យល់គរ និង​ខ្លះទៀត​បាន​ស្លាប់ ដោយសារតែ ធ្លាក់ខ្លួន​ឈឺ ក្រោយពី​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​ជាដើម។

នៅ​ថ្ងៃទី​២៦ ខែសីហា តុលាការ​កំពូល​បាន​បើកសវនាការ​សួរដេញដោល​លើ​តំណាង​សហគមន៍​ដីធ្លី គឺ លោកស្រី ផាវ ញើង និង លោកស្រី សេង លីន ពី​បទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ​” និង​បទ “​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ពាក់ព័ន្ធ​សកម្មភាព​តវ៉ា​រក​ដោះស្រាយ​រឿង​ដីធ្លី​កន្លងមក។

នៅក្នុង​សវនាការ​ពេញ​មួយ​ព្រឹក នោះ លោកស្រី ផាវ ញើង បាន​សម្ដែង​ការ​សោកស្ដាយ ចំពោះ​ការចោទប្រកាន់​មក​លើ​លោកស្រី និង​សមាជិក​ដទៃទៀត ហើយក៏​បាន​លើក​អំណះអំណាង​ជាច្រើន ពាក់ព័ន្ធ​ការសម្ដែង​មតិ​កន្លងមក​របស់​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ដីធ្លី ជូន​ពួកគាត់ ពុំមែន​ជា​ការ​«​បរិហារកេរ្តិ៍ ឬ​ញុះញង់​» នោះ​ឡើយ។

ទន្ទឹមគ្នា​នោះ លោកស្រី​ក៏បាន​រៀបរាប់​ជាច្រើន អំពី​ការ​បិទ​សិទ្ធិ​សេរីភាព របស់​អាជ្ញាធរ ស្រុកស្រែ​អំពិល ខេត្តកោះកុង និង​អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ ដែល​តែងតែ​បន្ត​យាយី និង​បិទ​ខ្ទប់ មិន​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី អាច​ជួបជុំ​សម្ដែង​មតិ តាម​ទី​សាធារណៈ និង​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​។ លោកស្រី​ថា ចេតនា​របស់​អាជ្ញាធរ ធ្វើ​បែប​នេះ ពុំ​មែន​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ​ទេ គឺជា​ការ​សហការ​គ្នា ដើម្បី​បិទបាំង រឿង​ទាំងនោះ​ចោល​។ លោកស្រី​ថា ករណីនេះ ជា​រឿង​ដ៏​អយុត្តិធម៌ បំផុត​សម្រាប់​ពលរដ្ឋ​រាប់​រយ​នាក់​ដែល​កំពុង​រងគ្រោះ​ដីធ្លី​។ ចុងបញ្ចប់ តុលាការ​កំពូល សម្រេច ប្រកាស​សាលដីកា នៅ​ថ្ងៃទី​០២ ខែ​កញ្ញា ខាងមុខ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់ថា ការរារាំង និង​គំរាមកំហែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មិន​ឱ្យ​តាមដាន និង​គាំទ្រ​សមាជិក​ខ្លួន ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ពី​សំណាក់​អាជ្ញាធរ​ខេត្តកោះកុង និង​រាជធានី ភ្នំពេញ ជា​ទង្វើ​ខុសច្បាប់ និង​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពិចារណា ឡើងវិញ ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​ធ្វើ​មក​លើ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ព្រោះ​ពួកគាត់​រងគ្រោះ​មួយ​ជាន់​ហើយ​រឿង​ដីធ្លី ដូច្នេះ មិន​គួរ​រងគ្រោះ​មួយ​ជាន់​ទៀត​នោះ​ទេ។

លោក យិន ម៉េងលី៖ «ការដែល​រារាំង​នេះ គឺ​វា​មិន​ត្រឹមត្រូវ​ទេ​! ខាង​សមត្ថកិច្ច​ពិនិត្យមើល​ឡើងវិញ​អំពី​តួនាទី ភារកិច្ច​របស់​ខ្លួន ដើម្បី​ធ្វើ​អ្វី​សម្រាប់​ប្រទេសជាតិ និង​ដើម្បី​ធ្វើ​អ្វី​សម្រាប់​ប្រជាពលរដ្ឋ​។ អំពើ​ទាំងអស់​នេះ សកម្មភាព​ទាំងអស់​នេះ បាទ​… ជា​អំពើ​ល្មើសច្បាប់ ព្រោះ​សកម្មភាព​ពលរដ្ឋ​ជា​សកម្មភាព​អត់​ខុសច្បាប់​ទេ គឺជា​សកម្មភាព​ស្របច្បាប់ ដែល​ពលរដ្ឋ​គាត់​ប្រើប្រាស់​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សេរីភាព​របស់​ពួកគាត់»។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​គួរតែ​ទម្លាក់​បទ​ចោទ​ទាំងអស់​មក​លើ តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី ហើយ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ ដូចជា លោកស្រី ផាវ ញើង និង លោកស្រី សេង លីន ជាដើម​។ ពួកគាត់​មើលឃើញ​ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​មក​លើ តំណាង​សហគមន៍​ដីធ្លី ពី​សំណាក់​តំណាង​ក្រុមហ៊ុន​ក្នុង សំណុំរឿង​«​បរិហារកេរ្តិ៍ ឬ ញុះញង់​» គឺ​គ្រាន់តែ​ជា​ល្បិចកល​ស្មោកគ្រោក ដើម្បី​រារាំង​កុំឱ្យ​ពួកគាត់​នាំគ្នា​តវ៉ា​តាម​ទី​សាធារណៈ ខណៈ​បណ្ដឹង​ទាំងនោះ ត្រូវ​បាន​គេ​រិះគន់​ថា មានការ​សហការ​គ្នា​ជា​ប្រព័ន្ធ រវាង​អាជ្ញាធរ និង​ក្រុមហ៊ុន ដើម្បី​ដាក់​សម្ពាធ មក​លើ​សហគមន៍​ដីធ្លី។

ថ្មីៗ​នេះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា រដ្ឋាភិបាល​លោក ប្ដេជ្ញាចិត្ត​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ធ្វើ​ប្លង់ដី​ជូន​ពលរដ្ឋ​ឱ្យអស់​ត្រឹម​ឆ្នាំ​២០២៧ ហើយក៏​ស្វាគមន៍​ចំពោះ​ការ បញ្ចេញមតិ និង​ការ​ទាមទារ​របស់​ពល​រដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង ប៉ុន្តែ​ករណី ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ខេត្តកោះកុង ជិត​២០​ឆ្នាំ​ហើយ នៅតែ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ា​ណែ​ត ធ្វើ​មិនដឹងមិនឮ ខណៈ​ដែល​ពលរដ្ឋ​ក៏​ត្រូវ​សមត្ថកិច្ច របប​ក្រុងភ្នំពេញ គំរាមកំហែង​ស្ទើរ​រាល់ថ្ងៃ មិន​ឱ្យ​ជួបជុំ និង​សម្ដែង​មតិ។ ពលរដ្ឋ​ទទូច​ឱ្យ​លោក ហ៊ុន ម៉ាណែត គួរតែ​ចុះ​ចេញពី​តួនាទី​នាយករដ្ឋមន្ត្រី​ប្រសិនបើ នៅតែ​មិនអាច​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ទុក្ខ​លំបាក របស់​ពលរដ្ឋ​បាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ