អ្នក​ប្តឹង​ពី​បញ្ហា​មីក្រូហិរញ្ញវត្ថុ​ស្ទើរ​ទាំងអស់​មិន​ចូលរួម​ដោះស្រាយ​ក្រៅផ្លូវការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ

0
5
សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៥៨​ស្ថាប័ន អំពាវនាវ ដល់​ធនាគារពិភពលោក ឱ្យ​ទទួលយក​របាយការណ៍​ស៊ើបអង្កេត របស់​ស្ថាប័ន ទទួល​ពាក្យ​បណ្តឹង​ឯករាជ្យ (​ស៊ី​អេ​អូ​-CAO) របស់ធនាគារពិភពលោក។ រូប៖ លីកាដូ
សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៥៨​ស្ថាប័ន អំពាវនាវ ដល់​ធនាគារពិភពលោក ឱ្យ​ទទួលយក​របាយការណ៍​ស៊ើបអង្កេត របស់​ស្ថាប័ន ទទួល​ពាក្យ​បណ្តឹង​ឯករាជ្យ (​ស៊ី​អេ​អូ​-CAO) របស់ធនាគារពិភពលោក។ រូប៖ លីកាដូ

អ្នកដាក់ពាក្យ​ប្តឹង​ពី​បញ្ហា​មីក្រូហិរញ្ញវត្ថុ​ស្ទើរតែ​ទាំងអស់ បដិសេធ​មិន​ចូលរួម​ដោះស្រាយ​ក្រៅផ្លូវការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បន្ទាប់ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​ច្រានចោល​ការ​រកឃើញ​របស់​យន្តការ​គណនេយ្យភាព​ឯករាជ្យ (CAO) របស់​ខ្លួន ដែល​បាន​លាតត្រដាង​ពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស និង​ការគាបសង្កត់​កូនបំណុល​ដែល​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) និង​អង្គការ​សមធម៌ (Equitable) ដែល​ជា​តំណាង​ដើមបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចាត់ទុក​ការសម្រេច​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ថា មិនបាន​ផ្ដល់​យុត្តិធម៌ និង​ដំណោះស្រាយ​សមស្រប​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​។​

អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) រិះគន់​ការសម្រេច​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​ជា​សមាជិក​ធនាគារ​ពិភពលោក​ក្នុង​សំណុំរឿង​ផល​ប៉ះពាល់​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ថា បាន​ធ្វើ​ឱ្យ​អ្នកដាក់ពាក្យ​បណ្ដឹង​ភាគច្រើន​បាត់បង់​ទំនុកចិត្ត និង​បដិសេធ​មិន​ចូលរួម​យន្តការ​ដោះស្រាយ​ក្រៅផ្លូវការ​ក្នុងស្រុក​ដែល​មាន​ស្រាប់​ដែល​ស្នើ​ឡើង​ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​។ អ្នក​ដែល​បដិសេធ​ចូល​រូ​ម​ភាគច្រើន​គឺជា​ជនជាតិភាគតិច​ដែល​ជា​ម្ចាស់​បណ្ដឹង ហើយ​ពួកគាត់​បាន​ហៅ​ការសម្រេច​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​គឺជា​ការ​រត់​ចោលការ​ទទួល​ខុសត្រូវ។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​លីកាដូ​នៅ​ថ្ងៃទី​២៦ ខែសីហា ឱ្យ​ដឹង​ថា ក្នុងចំណោម​អ្នកដាក់ពាក្យ​បណ្ដឹង ១៨​នាក់ មានតែ ២​នាក់ ប៉ុណ្ណោះ​ដែល​យល់ព្រម​បន្ត​ចូលរួម​យន្តការ​ដោះស្រាយ​ក្រៅផ្លូវការ​ដែល​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ស្នើ​ឡើង​។ ចំណែក​អ្នកដាក់ពាក្យ​បណ្ដឹង ១៦​នាក់ ទៀត​បាន​បដិសេធ គ្មាន​ទំនុកចិត្ត និង​សុចរិត​ភាព​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ បន្ទាប់ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ មិន​ទទួលស្គាល់​ការ​រក​ឃើញ​របស់​យន្ត​ការ​គណនេយ្យភាព​ឯករាជ្យ (CAO) របស់​ខ្លួន។

សេចក្ដីថ្លែងការណ៍​របស់​អង្គការ​លីកាដូ​ធ្វើឡើង​បន្ទាប់ពី ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​ពិភពលោក កាលពី​ខែមិថុនា បាន​ច្រានចោល​ការ​រក​ឃើញ​របស់​ស្ថាប័ន​ទទួល​ពាក្យ​បណ្តឹង​ឯករាជ្យ​របស់​ខ្លួន​គឺ​ការិយាល័យ​ភាព​អនុលោម​ទីប្រឹក្សា​ដោះស្រាយ​វិវាទ (CAO) ដែល​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​កម្រាស់ ១៨៨​ទំព័រ​ដែល​រៀបរាប់​ពី​ផល​ប៉ះពាល់​ជា​ប្រព័ន្ធ និង​ទូលំទូលាយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ខកខាន​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​មិនបាន​អនុវត្ត​តាម​គោលនយោបាយ​របស់​ខ្លួន។

យន្តការ​គណនេយ្យភាព​ឯករាជ្យ (CAO) សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​ចាត់វិធានការ​ស៊ើបអង្កេត​ជាច្រើន​ឆ្នាំ​រហូតដល់​ចុងឆ្នាំ​២០២៥ បន្ទាប់ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​អង្គការ​លីកាដូ និង​អង្គការ​សមធម៌​កាលពី​ឆ្នាំ​២០២២ ដែល​តំណាង​ឱ្យ​ជនរងគ្រោះ ១៨​នាក់​រង​ផល​ប៉ះពាល់​បន្ទាប់ពី​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា។

របាយការណ៍​ស៊ើបអង្កេត​របស់​យន្តការ​គណនេយ្យភាព​ឯករាជ្យ (CAO) របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) រក​ឃើញ​ថា ការ​ផ្តល់ និង​ប្រមូល​បំណុល​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដល់​អ្នក​ខ្ចីប្រាក់​ដែល​ងាយ​រងគ្រោះ រួមមាន​ការបាត់បង់​ដីធ្លី និង​ទ្រព្យសម្បត្តិ ការ​ធ្លាក់ចុះ​ជីវភាព​ក្នុង​គ្រួសារ កង្វះ​ស្បៀងអាហារ បញ្ហា​សុខភាព ការ​រំខាន​ដល់​ការសិក្សា​របស់​កុមារ និង​ការ​គំរាមកំហែង ឬ​ការ​សងសឹក​ពាក់ព័ន្ធ​នឹង​ការ​ទារ​បំណុល​។ លើស​ពី​នេះ ផល​ប៉ះពាល់​ខ្លះ​ក៏​ធ្ងន់ធ្ងរ​ជាពិសេស​ចំពោះ​ជនជាតិ​ដើម​ភាគតិច ដែល​ពាក់ព័ន្ធ​នឹង​ការបាត់បង់​ដី​សហគមន៍ អត្តសញ្ញាណ និង​បូរណភាព​វប្បធម៌។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ចំនួន ៦​ដែល​យន្តការ​គណនេយ្យ​ភាព​ឯករាជ្យ​បាន​ស៊ើបអង្កេត និង​រក​ឃើញ​ថា បាន​រំលោភបំពាន​សិទ្ធិមនុស្ស និង​បទដ្ឋាន​អនុវត្ត​ស្តង់ដារ​លើ​ប្រាក់កម្ចី​ឥណទាន​នៅ​កម្ពុជា​រួមមាន ធនាគារ អេស៊ីលីដា ធនាគារ​ហត្ថា ធនាគារ​ស្ថាបនា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​អម្រឹត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិលអូអិល ស៊ី និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ។ ស្ថាប័ន​ទាំង ៦​នេះ បាន​រួមគ្នា​កាន់កាប់​ប្រាក់កម្ចី​ខ្នាត​តូច​ទូទាំង​ប្រទេស​ច្រើនជាង ៧៥​ភាគរយ។

អង្គការ​លីកាដូ​លើកឡើង​ថា តាម​គោលនយោបាយ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅពេល​យន្តការ​គណនេយ្យ​ភាព​ឯករាជ្យ​របស់​ខ្លួន រក​ឃើញ​ការ​មិន​អនុលោម​តាម​គោលការណ៍ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​គួរតែ​រៀបចំ​ផែនការ​សកម្មភាព​គ្រប់គ្រង ដើម្បី​ដោះស្រាយ និង​ផ្ដល់​សំណង​ចំពោះ​ផល​ប៉ះពាល់​ដែល​កើតឡើង​។ ប៉ុន្តែ​ក្នុង​ករណី​នេះ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​បែរជា​ច្រានចោល និង​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ស្នូល​របស់​ខ្លួន​ទៅវិញ។

នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ អ្នកនាង ណាលី ពីឡូក មានប្រសាសន៍​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ថា ការបាត់បង់​ទំនុកចិត្ត​របស់​អ្នកដាក់ពាក្យ​បណ្ដឹង​គឺ​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ IFC បាន​បង្ហាញ​ជា​សាធារណៈ​ថា ខ្លួន​មិន​យកចិត្តទុកដាក់​ចំពោះ​យន្តការ​ត្រួតពិនិត្យ និង​គណនេយ្យភាព​ឯករាជ្យ​របស់​ខ្លួន​។ អ្នកស្រី​ថា ការសម្រេចចិត្ត​នេះ​គឺជា​ភាព​អាម៉ាស់​របស់​ធនាគារ​ពិភពលោក។

អង្គការ​លីកាដូ​ក៏​អះអាង​ថា ការសម្រេចចិត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ធ្វើ​ឱ្យ​អ្នកដាក់ពាក្យ​បណ្ដឹង​ភាគច្រើន មិន​ទទួល​បាន​ការ​ដោះស្រាយ​ក្នុង​ទម្រង់​ណាមួយ​ឡើយ និង​ចាត់ទុកថា នេះ​ជា​លទ្ធផល​ដ៏​ក្រៀមក្រំ នៃ​ដំណើរការ​បណ្ដឹង​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ការសម្រេច​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ក៏បាន​បង្ក​ឱ្យ​មាន​ការ​រិះគន់ និង​ថ្កោលទោស​ពី​ក្រុម​សិទ្ធិមនុស្ស អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ​ផ្នែក​មីក្រូហិរញ្ញវត្ថុ​ជាង ១០០​ស្ថាប័ន។

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទទួល​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការសម្រេច​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ច្រានចោល​របាយការណ៍​ស៊ើបអង្កេត​របស់​យន្តការ​គណនេយ្យភាព​ឯករាជ្យ (CAO) របស់​ខ្លួន​គឺជា ជា​គេចវេះ​ទទួលខុសត្រូវ និង​មិនបាន​ផ្ដល់​ដំណោះស្រាយ​សម្រាប់​ជនជាតិភាគតិច​ដែល​រង​ផល​ប៉ះពាល់ និង​កូនបំណុល​ដែល​រងគ្រោះ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឡើយ។ «»

គិត​ត្រឹម​ចុងឆ្នាំ​២០២៥ មាន​ពលរដ្ឋ​ខ្មែរ​ជាង ៥​លាន​នាក់​ខ្ចី​បំណុល​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៦២​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ការិយាល័យ​ព័ត៌មាន​ឥណទាន​កម្ពុជា (CBC)។

អង្គការ​លីកាដូ ធ្លាប់​រក​ឃើញ​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​ធ្វើ​ឱ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​នៅក្នុង​ភូមិ​ជាច្រើន​។ អង្គការ​លីកាដូ​ឱ្យដឹងទៀត​ថា ពលរដ្ឋ​ដែល​ជា​កូនបំណុល​បាន​បង្ខំចិត្ត ខ្ចីលុ​យ​ពី​អ្នក​ចងការ​ឯកជន កាត់បន្ថយ​អាហារ​បរិភោគ លក់​ទ្រព្យសម្បត្តិ ដីធ្លី​ផ្ទះសម្បែង ហើយ​បំណុល​នេះ​ក៏​បង្ក​ឱ្យ​មាន​ពលកម្ម​កុមារ កុមារ​បោះបង់​ការសិក្សា ភាព​តានតឹង​នៅក្នុង​គ្រួសារ បញ្ហា​ដំណេក និង​ការ​ធ្វើ​ចំណាកស្រុក​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ