អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រមូល​ភស្តុតាង​ថៃ​ឈ្លានពាន​ប្តឹង​ថៃ​តាម​យន្តការ​អន្តរជាតិ​ជាជាង​សុំ​ថៃ​ចរចា

0
8
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​កម្ពុជា​ប្រមូល​និង​រៀបចំ​ភស្តុតាង​ជា​ប្រព័ន្ធ សម្រាប់​បញ្ហា​ព្រំដែន​ទាំងមូល ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​តាមផ្លូវ​អន្តរជាតិ ខណៈ​មន្ត្រី​រដ្ឋាភិបាល អំពាវនាវ​ឱ្យ​ថៃ​វិល​មក​ប្រើ​យន្តការ​ច្បាប់ និង​ការចរចា ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​កម្ពុជា​។ កម្ពុជា​នៅតែ​អះអាង​ថា ការប្រើ​កម្លាំងយោធា និង​ការបង្កើត​ស្ថានភាព​ថ្មី «fait accompli» មិនអាច​បង្កើត​សិទ្ធិ​ស្របច្បាប់​លើទឹក​ដី​ឈ្លានពាន​បាន​ឡើយ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​ឲ្យ​ដឹង​ថា បញ្ហា​ទឹកដី​ដែល​ថៃ​ឈ្លានពាន​កាន់កាប់​សព្វថ្ងៃ​នេះ កម្ពុជា​គួរ​ស្វែងរក​យន្តការ​អន្តរជាតិ​ដោះស្រាយ​បញ្ហា​ជា​កញ្ចប់ ជាជាង​លើកយក​ករណី​មួយៗ​ទៅ​ដោះស្រាយ ខណៈ​ភាគី​ថៃ​នៅតែ​មិន​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជាមួយ​កម្ពុជា​។ លោក​ថា កម្ពុជា​ត្រូវតែ​រៀបចំ​ប្រមូល​ភស្តុតាង​ជាទូទៅ​សម្រាប់​ព្រំដែន​ទាំងមូល យក​ទៅ​ដោះស្រាយ​តាមផ្លូវ​អន្តរជាតិ​។ លោក​ថា បើ​កម្ពុជា​រង់ចាំ​តែ​តវ៉ា​ក្រោយពេល​ថៃ​ចូល​ឈ្លានពាន​ហើយ​គ្មាន​វិធានការ​ទប់ទល់ នោះ​ថៃ​មិន​បញ្ឈប់​សកម្មភាព​ឈ្លានពាន​ឡើយ។

បណ្ឌិត មាស នី៖ «ប៉ុន្តែ​បើ​ថាឱ្យ​យើង​ទៅ យក​អី​ទៅ​ធ្វើ​ជាមួយ​គេ​នៅ​ពេល​នេះ ខ្ញុំ​គិតថា ដៃ​យើង ជើង​យើង​នៅ​ខ្លី ឬក៏​ខ្ញុំ​ប្រើ​ពាក្យ​ថា យើង​មិនទាន់ រក​ឃើញ​ដំណោះស្រាយ​ណា ដែល​អាច​នឹង​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ខ្ញុំ​ដឹង​ថា រដ្ឋាភិបាល​ក៏​កំពុងតែ ធ្វើដំណើរ​ទៅលើ​រឿង​ហ្នឹង ក៏ប៉ុន្តែ យើង​ក៏​មិនទាន់​ហ៊ាន​និយាយ​ថា វា​បាន​ផល​យ៉ាងម៉េច​ទេ​ណា»។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ប្រកាន់​យក​យុទ្ធសាស្ត្រ​ទន់ភ្លន់​ពេក​របស់​រដ្ឋាភិបាល​កម្ពុជា អាច​បង្កើត​ជា​រូបភាព​នៃ​ភាព​ទន់ខ្សោយ​ផ្នែក​នយោបាយ ដែល​អាច​ធ្វើ​ឱ្យ​ភាគី​ថៃ​យល់​ឃើញ​ថា កម្ពុជា​មាន​ជំហរ​ដកថយ ឬ​ងាយ​រង​សម្ពាធ​។ លោក​ថា ការ​អនុញ្ញាត​ឱ្យ​ភាគី​ថៃ​បន្ត​ផ្លាស់ប្ដូរ​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ដី ដោយ​សាងសង់​រចនាសម្ព័ន្ធ​ផ្សេងៗ ទោះជា​គ្មាន​តម្លៃ​ផ្លូវច្បាប់ ក៏​អាច​បង្កើត​ជា​ផលវិបាក​យូរអង្វែង និង​បង្ក​ការ​លំបាក​ខ្លាំង​ដល់​ការ​បោះបង្គោល​ព្រំដែន​ជាក់ស្តែង​នា​ពេល​អនាគត។

លោក សេង វណ្ណលី បាន​បន្ថែម​ទៀត​ថា ទន្ទឹម​នឹង​នេះ ការពឹងផ្អែក​ខ្លាំង​លើ​ការចរចា និង​ការ​ប្រមូល​ភស្តុតាង​ផ្លូវច្បាប់​តែមួយ​មុខ ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​ភ្លាមៗ​នៅ​លើ​ដី អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី និង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្ទាល់​អាច​មាន​អារម្មណ៍​ថា ទឹកដី និង​ជីវភាព​របស់​ពួកគេ​មិន​ទទួល​បាន​ការ​ការពារ​ទាន់​ពេល​វេលា និង​រឹងមាំ​ពី​សំណាក់​អាជ្ញាធរ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា​រូប​នេះ​បន្ថែម​ថា ចំណាត់ការ​ទន់ភ្លន់​ពេក​ក្នុង​ផ្នែក​ការទូត ពេលខ្លះ​អាច​ស៊ីពេល​រ៉ាំរ៉ៃ រហូត​ធ្វើ​ឱ្យ​បញ្ហា​ព្រំដែន​ក្លាយជា​ប្រធានបទ​នយោបាយ​ដែល​គេ​អាច​យក​មក​កេង​ចំណេញ​បានជា​បន្តបន្ទាប់ ខណៈ​ការអនុវត្ត​វិធានការ​ម៉ឺងម៉ាត់ និង​ទាន់​ពេល​វេលា​តាមរយៈ​ការ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) អាច​បញ្ចប់​បញ្ហា​បាន​ឆាប់រហ័ស​ជាង។

ការ​អះអាង​របស់​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា​រូប​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ឱ្យ​ថៃ​វិល​មក​ប្រើ​យន្តការ​ច្បាប់ និង​ការចរចា ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​លោក​ព្រមាន​ថា ការប្រើ​កម្លាំងយោធា ឬ​បង្កើត​ស្ថានភាព​ថ្មី (fait accompli) មិនអាច​បង្កើត​សិទ្ធិ​ស្របច្បាប់​លើទឹក​ដី​បាន​ឡើយ។

ក្នុង​សារ​បង្ហោះ​លើ Facebook នៅ​ថ្ងៃទី​២៥ ខែសីហា លោក នេត្រ ភក្ត្រា បាន​សរសេរ​ថា កាន់តែ​ឈ្លានពាន កាន់តែ​បន្សល់​ភស្តុតាង​ច្រើន និង​បង្កើន​បន្ទុក​សម្រាប់​ការ​ពន្យល់​របស់​ថៃ​ចំពោះ​សហគមន៍​អន្តរជាតិ​។ បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​មិនអាច​ដោះស្រាយ​តាមរយៈ​ការប្រើ​កម្លាំងយោធា ការ​ដាក់​ទូ​កុងតឺន័រ ការ​រាយ​លួស​បន្លា ការ​បិទផ្លូវ និង​ភូមិ​ប្រជាពលរដ្ឋ ការ​ជីក​លេណដ្ឋាន ការសាងសង់​ផ្លូវ ការ​ដាក់​ទង់ជាតិ ឬ​ការបំផ្លាញ​សំណង់ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​បានទេ​។ លោក ថា សកម្មភាព​ឯកតោភាគី​បែបនេះ​មិនអាច​គូស​ខ្សែ​ព្រំដែន​ថ្មី ផ្ទេរ​អធិបតេយ្យភាព​ពីរ​ដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ឬ​បម្លែង​ការគ្រប់គ្រង​ដោយ​កម្លាំង​ឱ្យ​ទៅ​ជា​សិទ្ធិ​ស្របច្បាប់​លើទឹក​ដី​បាន​ឡើយ។

លោក នេត្រ ភក្ត្រា បាន​សរសេរ​ថា ការ​ឈប់​បាញ់​គួរតែ​មានន័យថា ភាគី​ទាំងពីរ​បញ្ឈប់​ការ​ប្រឈម​មុខ និង​រក្សា​ស្ថានភាព​ដែល​មាន​ស្រាប់ មិនមែន​ប្រើ​ភាព​ស្ងប់ស្ងាត់​នៃ​អាវុធ ដើម្បី​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ដី​នោះ​ទេ​។ លោក ថា ការ​ដាក់​ទូកុងតឺន័រ រាយ​លួស​បន្លា សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ពង្រឹង​ការគ្រប់គ្រង​ជាក់ស្តែង មិន​គួរ​ត្រូវ​បាន​យក​បទ​ឈប់​បាញ់​មក​ធ្វើជា​មូលហេតុ​គាំទ្រ​ឡើយ។

លោក នេត្រ ភក្ត្រា បាន​លើកឡើង​ថា កម្ពុជា និង​ថៃ​មាន​មូលដ្ឋាន​ច្បាប់ និង​យន្ត​ការដែល​អាច​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​។ ក្នុងចំណោម​នោះ​មាន អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ សន្ធិសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៧ ផែនទី និង​ឯកសារ​ពាក់ព័ន្ធ ព្រមទាំង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០ និង​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ ឬ JBC ដែល​មាន​តួនាទី​ពាក់ព័ន្ធ​នឹង​ការវាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក។

លោក​ក៏បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ ប្រសិនបើ​ជឿជាក់​ថា មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ គួរ​យក​មូលដ្ឋាន​នោះ​មក​ដោះស្រាយ​តាម JBC សន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទី និង​ច្បាប់​អន្តរជាតិ ជាជាង​ប្រើ​កម្លាំង​ដើម្បី​បង្កើត​ស្ថានភាព​នៅ​លើ​ដី​។ លោក​ថា ការ​បន្ត​សកម្មភាព​ឯកតោភាគី​អាច​បង្កើន​ភាព​តានតឹង​នៅ​ព្រំដែន និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​ភាព​ជឿ​ទុកចិត្ត​របស់​ថៃ​នៅ​លើ​ឆាក​អន្តរជាតិ។អ្នកឃ្លាំមើល​សង្គម លើកឡើង​ថា ជម្លោះព្រំដែន​រវាង​កម្ពុ​ជា និង​ថៃ គឺ​មាន​ទំនាក់ទំនង​គ្នា​ទៅ​នឹង​នយោបាយ ដោយសារតែ​អ្នកនយោបាយ​នៃ​ប្រទេស​ទាំងពីរ បាន​ប្រើប្រាស់​ចរន្ត​ជាតិនិយម​យក​មក​ធ្វើជា​ដើមទុន ដើម្បី​ស្វែងរក​សំឡេង​គាំទ្រ ដែល​កត្តា​នេះ​ធ្លាប់​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង និង​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​បន្ទាត់​ព្រំដែន​ជាច្រើនលើក។ ជាក់ស្ដែង​នៅមុន​ពេល​រៀបចំ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០០៨ ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៨ កម្ពុជា​សុទ្ធ​តែ​មាន​បញ្ហា​ជម្លោះព្រំដែន ជាមួយ​ប្រទេស​ស​ថៃ ដែល​បញ្ហា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​ប្រើប្រាស់​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ថៃ​ធ្វើជា​សន្លឹក​បៀរ​ដើម្បី​កៀរគរ​ការ​គាំទ្រ​សម្រាប់​ការបោះឆ្នោត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ