

អាជ្ញាធររាជធានីភ្នំពេញ និងបណ្ដាខេត្តនានានៅតែបន្តបង្ក្រាបពលរដ្ឋខ្មែរ និងជនបរទេសចម្រុះជាតិសាសន៍ ដែលលួចលាក់ប្រតិបត្តិការឆបោកតាមអនឡាញនៅតាមផ្ទះ។ អ្នកឃ្លាំមើលរិះគន់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែផ្ដោតលើការបង្ក្រាបតែជនល្មើសតូចតាច ហើយកាងការពារឱ្យមេខ្លោងធំៗឱ្យរួចផុតពីសំណាញ់ច្បាប់ នោះក្រុមឧក្រិដ្ឋជននឹងពង្រីកបណ្ដាញឆបោកតាមអនឡាញកាន់តែធំ និងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសេដ្ឋកិច្ច។
ការខកខានរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេត និងបង្ក្រាបឱ្យចំមេខ្លោងពិតប្រាកដត្រូវបានគេមើលឃើញថា បានធ្វើឱ្យឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជាវិវត្តកាន់តែស្មុគស្មាញ និងរីករាលដាលពីមជ្ឈមណ្ឌលធំៗ ទៅជាបណ្ដាញតូចៗជាច្រើនដែលបែកខ្ញែកសម្ងំនៅតាមផ្ទះជួល និងភូមិគ្រឹះរបស់អ្នកមានលុយ និងអ្នកមានអំណាចនៅកម្ពុជា។
ថ្វីត្បិតអាជ្ញាធរអះអាងថា នៅតែបន្តយុទ្ធនាការបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យដែលលួចលាក់ប្រតិបត្តិការឆបោក និងបណ្ដេញជនបរទេសពាក់ព័ន្ធជាបន្តបន្ទាប់ក្តី មេខ្លោង និងអ្នកសមគំនិតដែលពាក់ព័ន្ធនឹងការផ្ដល់ទីតាំងឱ្យបណ្ដាញឆបោក ដូចជា ម្ចាស់អគារ ម្ចាស់ភូមិគ្រឹះ និងអភិបាលតាមខេត្តនានាជាដើម មិនត្រូវបានអាជ្ញាធរហៅមកសាកសួរ ស៊ើបអង្កេត ឬចាត់វិធានការតាមផ្លូវច្បាប់នៅឡើយ។
ស្ថានការណ៍ចុងក្រោយនៃឧស្សាហកម្មឆបោកតាមអនឡាញបង្ហាញថា បណ្ដាញឧក្រិដ្ឋជនមិនបានញញើតនឹងច្បាប់កម្ពុជាឡើយ ហើយពួកគេនៅតែអាចល្បួង បញ្ឆោត និងបង្ខិតបង្ខំ ដោយបង្ខាំងជនបរទេសឱ្យប្រតិបត្តិការឆបោកយកប្រាក់ពីជនរងគ្រោះនៅជុំវិញពិភពលោក។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៤ ខែសីហា កម្លាំងចម្រុះរាជធានីភ្នំពេញបានឡោមព័ទ្ធផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌឫស្សីកែវ និងបានឃាត់ខ្លួនជនសង្ស័យខ្មែរ ៣នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ដោយចោទប្រកាន់ថា ពួកគេបានលួចសម្ងំប្រតិបត្តិការឆបោកតាមអនឡាញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានបង្ហាញវត្ថុតាង ដូចជា ទូរស័ព្ទដៃ និងកុំព្យូទ័ររាប់សិបគ្រឿង ដែលត្រូវបានចោទប្រកាន់ថា ប្រើប្រាស់សម្រាប់ឆបោកយកលុយពីជនជាតិអាមេរិក និងជនរងគ្រោះនៃប្រទេសផ្សេងទៀត។
ក្នុងថ្ងៃដដែលនោះដែរ នៅឯខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថជាច្រើននាក់ក៏បានឡោមព័ទ្ធសណ្ឋាគារ ឈុនអ៊ី និងបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ ដូចជា ចិន ឥណ្ឌា ប៉ាគីស្ថាន និងតៃវ៉ាន់ សរុប ៣៥នាក់ ដោយសារតែពួកគេពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ ពលរដ្ឋឱ្យដឹងថា កម្លាំងសមត្ថកិច្ចមិនបានបិទអាជីវកម្មនៅសណ្ឋាគារនេះឡើយ ក្រោយប្រតិបត្តិការបង្ក្រាប។
ដោយឡែក នៅឯខេត្តជាប់ព្រំដែនប្រទេសវៀតណាម គឺក្រុងបាវិត ខេត្តស្វាយរៀងឯណោះវិញ កាលពីសប្ដាហ៍មុន កម្លាំងចម្រុះក៏បានឡោមព័ទ្ធផ្ទះជួល និងផ្ទះសំណាក់ ២ទីតាំងផ្សេងគ្នា និងបានឃាត់ខ្លួនជនជាតិចិន និងវៀតណាមយ៉ាងហោច ១១០នាក់ ព្រមទាំងរឹបអូសស៊ីមកាត ទូរស័ព្ទដៃ និងកុំព្យូទ័រជាច្រើនគ្រឿង។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ជនបរទេសទាំងនោះត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការ។ ចំណែក នៅថ្ងៃទី២៥ ខែសីហា រដ្ឋបាលខេត្តស្វាយរៀងឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម ១៣នាក់បន្ថែមទៀត ដែលពួកគេលួចសម្ងំប្រតិបត្តិការឆបោកនៅតាមផ្ទះជួល។
ក្រៅពីរាជធានីភ្នំពេញ និងខេត្តទាំងនេះ នៅបណ្ដាខេត្តផ្សេងៗទៀតតាមព្រំដែនកម្ពុជា-ថៃ នៅតែជាទីតាំងក្ដៅគគុកដែលសមត្ថកិច្ចចុះបង្ក្រាបស្ទើរមិនលុះថ្ងៃ។ ទន្ទឹមនឹងឧស្សាហកម្មឆបោកតាមអនឡាញកំពុងរីកសាយភាយពេញប្រទេសនោះ ករណីជនជាតិចិនចាប់ជំរិត ចាប់មនុស្សញាត់ចូលឡាន និងប្រើប្រាស់កាំភ្លើងបាញ់បោះតាមទីសាធារណៈ ក៏នៅតែបន្តកើតមានជារឿយៗ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់ប្រកាសទទួលស្គាល់ថា អាជ្ញាធរកាន់តែជួបការលំបាកក្នុងការស្វែងរក និងបង្ក្រាបបណ្ដាញឆបោកដែលបែកខ្ញែកទៅសម្ងំនៅតាមផ្ទះជួល អគារតូចៗ និងទីតាំងឯកជននានា។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២៥ ខែសីហា។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ការដាក់គោលដៅបង្ក្រាបលើពលរដ្ឋខ្មែរ និងជនល្មើសតូចតាចមិនមែនជាយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ។ លោកថា មេខ្លោងកំពូលៗដែលកាងឧស្សាហកម្មនេះកំពុងត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញកាងការពារនៅឡើយ ទើបបណ្ដាញឧក្រិដ្ឋជនអាចពង្រីកប្រតិបត្តិការឆបោករបស់ពួកគាត់ដោយរលូន និងបង្ក្រាបគ្មានប្រសិទ្ធភាព។
លោក ស៊ឹង សែនករុណា៖ «បើសិនជានៅតែមានជាប់ផលប្រយោជន៍ អំពើពុករលួយបក្ខពួកនិយមអីទាំងអស់នេះ ខ្ញុំមិនរំពឹងថា ការចាត់វិធានការទៅលើករណីឆបោកអនឡាញនេះ អាចធ្វើទៅបានទេ។ អ៊ីចឹងនៅតែបន្តបែបហ្នឹងឯង ហើយបើសិនជាមានចេតនាឆន្ទៈយ៉ាងពិតប្រាកដ ត្រូវត្រួតពិនិត្យមើលឡើងវិញតើ សមត្ថកិច្ចរបស់ខ្លួនដែលទទួលតួនាទីអនុវត្តកិច្ចការងារហ្នឹង ពិតជាសមត្ថកិច្ចដែលអាចប្រើប្រាស់នូវអំណាចឥទ្ធិពលរបស់ខ្លួនហ្នឹង ឱ្យត្រូវចំតួនាទីរបស់ខ្លួន ឬក៏អ្នកទាំងអស់ហ្នឹងបានតួនាទីទៅ ទៅឃុបឃិតគ្នាជាមួយក្រុមទុច្ចរិតហ្នឹង ឬក៏យ៉ាងម៉េច អ៊ីចឹងត្រូវតែហ៊ានអនុវត្តឱ្យចំគោលដៅ អាហ្នឹងទើបអាចបោសសម្អាតបានដោយជោគជ័យ ប៉ុន្តែបើសិនជានៅបែបនេះ គឺកាន់តែរីករាលដាល ហើយវាកាន់តែមានសភាពធ្ងន់ធ្ងរទៅទៀត»។
អ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើរដ្ឋាភិបាលរបស់ក្រុមគ្រួសារត្រកូល ហ៊ុន នៅតែខ្វះភាពក្លាហាន ឬមានការព្រួយបារម្ភអំពីការបាត់បង់ផលប្រយោជន៍ ក្នុងការចាត់វិធានការលើមេខ្លោងដែលជាមន្ត្រី និងឧកញ៉ាមានឥទ្ធិពល ដែលកំពុងការពារឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា នោះបណ្ដាប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិកអាចនឹងចាត់វិធានការតាមនីតិវិធីរបស់បណ្ដាប្រទេសលោកសេរី និងដាក់ទណ្ឌកម្មបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជា។
មកដល់ពេលនេះ មន្ត្រីមួយចំនួនត្រូវបានអស់តំណែង និងមន្ត្រីខ្លះទៀតត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ ទោះជាយ៉ាងណា ក៏មានមន្ត្រីអ្នកមានអំណាចផ្សេងទៀតបានជួលភូមិគ្រឹះឱ្យបណ្ដាញឧក្រិដ្ឋជនប្រតិបត្តិការឆបោកកំពុងរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ។ ជាក់ស្ដែង ដូចជា នាយសេនាធិការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ឧត្ដមសេនីយ៍ អូន សុខសិលា ជាដើម។
រឿងរ៉ាវអាស្រូវពុករលួយចុងក្រោយនៃប្រព័ន្ធដឹកនាំរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន គឺករណីអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លោក ថូ សំណាង និងបក្ខពួក ២នាក់ ដែលត្រូវបានចោទប្រកាន់ថា បានលួចលក់ឯកសារទិដ្ឋាការរាប់ពាន់សន្លឹកឱ្យបណ្ដាញក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដើម្បីឱ្យពួកគេរស់នៅកម្ពុជាស្របច្បាប់សម្រាប់ពង្រីកឧក្រិដ្ឋកម្មឆបោកតាមអនឡាញ៕









