

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា បានរិះគន់គោលនយោបាយរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចំពោះការដោះស្រាយវិវាទព្រំដែនជាមួយថៃ ដោយអំពាវនាវឱ្យកម្ពុជាប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ជាជាងបន្តអំពាវនាវឱ្យថៃវិលមករកតុចរចានិងចេញលិខិតតវ៉ា។ ការអំពាវនាវនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ចូលតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពដែលកម្ពុជាចាត់ទុកថាជាការរំលោភបំពានទឹកដី គឺមិនអាចដោះស្រាយបញ្ហាបានទេ ប្រសិនបើមិនមានវិធានការផ្លូវច្បាប់អន្តរជាតិ។
លោកបានលើកឡើងថា កម្ពុជាគួរប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងយន្តការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយវិវាទ។ លោក គឹម សុខ បាននិយាយថា ភស្តុតាងដែលកម្ពុជាមានស្រាប់ គួរតែគ្រប់គ្រាន់សម្រាប់ចាត់វិធានការតាមច្បាប់អន្តរជាតិ ដោយមិនចាំបាច់រង់ចាំឱ្យមានសកម្មភាពបន្ថែមទៀតពីភាគីថៃ។
លោក គឹម សុខ៖ «នយោបាយរបស់ក្រុមគ្រួសារ ហ៊ុន ដែលអង្វរថៃ ឱ្យឈប់បន្តឈ្លានពានទឹកដីនៃប្រទេសកម្ពុជា នោះ គឺជានយោបាយល្ងង់ខ្លៅ ពីព្រោះគ្មាននរណាទៅអាចអង្វរអ្នកឈ្លានពានឱ្យឈប់ឈ្លានពានបានទេ វាមានតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដែលត្រូវ ប្រើ»។
ចំណែក ប្រមុខស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានឲ្យដឹងថា ការអំពាវនាវឱ្យថៃចូលមកតុចរចា ឈប់រំលោភបំពានយកដីខ្មែរជាការអំពាវនាវអត់ប្រយោជន៍ ពីព្រោះ ថៃមិនស្តាប់នោះទេ។ លោកថា ការអំពាវនាវបែបនេះ គឺប្រៀបបានទៅនឹងការអង្វរចោរឱ្យប្រគល់ទ្រព្យដែលបានលួចមកវិញ ។ លោកថា លោក ហ៊ុន ម៉ាណែត គួរពិចារណាប្រើប្រាស់តុលាការ ICJ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងយន្តការដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោក អ៊ុំ សំអាន៖ «បើសិនជា អត់ព្រមប្តឹងនោះទេ ហើយនៅតែ ផ្ញើលិខិតតវ៉ា ទោសទណ្ឌ សូមចរចាអីហ្នឹង អង្វរថៃ ឱ្យ ឈប់ឈ្លានពានទឹកដីខ្មែរយើង ប្រៀបដូច អង្វរចោរឱ្យឈប់លួចប្លន់របស់យើង ហើយប្រគល់របស់មកឱ្យយើងអញ្ចឹង វាអត់បានផលនោះទេ»។
ការរិះគន់នេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ក្រសួងការបរទេសកម្ពុជាបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការប៉ុនប៉ងអះអាងការទាមទារទឹកដីរបស់កម្ពុជាដោយខុសច្បាប់។
កម្ពុជាអះអាងថា តំបន់អានសេះត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំ២០២៥ ហើយថា សកម្មភាពរបស់មន្ត្រីថៃមិនអាចបង្កើតសិទ្ធិស្របច្បាប់លើទឹកដីដែលកម្ពុជាអះអាងថា ជាអធិបតេយ្យរបស់ខ្លួនបានឡើយ។ ក្រសួងការបរទេសក៏បានលើកឡើងពីផែនទីខ្នាត ១:២០០,០០០ ដែលផលិតឡើងក្នុងដំណើរការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ព្រមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កម្ពុជាបានអះអាងថា កិច្ចព្រមព្រៀងទាំងនេះហាមឃាត់សកម្មភាពដែលអាចបង្កើនភាពតានតឹងនៅតាមព្រំដែន ហើយបានចាត់ទុកដំណើរទស្សនកិច្ចទៅកាន់អានសេះថា មិនស្របនឹងកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ការកំណត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃ ហើយថា ការប្រើប្រាស់ផែនទីឯកតោភាគីមិនអាចផ្លាស់ប្ដូរខ្សែព្រំដែនដែលកម្ពុជាចាត់ទុកថាត្រូវបានទទួលស្គាល់ជាអន្តរជាតិបានឡើយ។ កម្ពុជាបានអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពនៅអានសេះ និងតំបន់ផ្សេងទៀតដែលកម្ពុជាអះអាងថា ត្រូវបានកងកម្លាំងថៃកាន់កាប់។
ក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់ការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។
មកទល់ពេលនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានត្រឹមតែបង្ហាញជំហរចង់ដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងតែងចេញលិខិតតវ៉ាទៅកាន់ភាគីថៃ ដែលកំពុងបន្តឈ្លានពានប្រទេសកម្ពុជាជាបន្តបន្ទាប់ ដូចជាការរាយបន្លាលួស ទូកុងតឺន័រ សាងសង់ផ្លូវ សាងសង់របងជាឯកតោភាគី ចែកដីរបស់ខ្មែរឲ្យពលរដ្ឋថៃកាន់កាប់ ការអភិវឌ្ឍន៍តំបន់ជម្លោះឲ្យទៅជាតំបន់ទេសចរណ៍ និងចុងក្រោយនេះ យោធាថៃ បានសាងសង់លេណដ្ឋានយោធាថ្មីនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា និងផែនការពង្រីកបណ្ដាញអគ្គិសនីរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ ៣៥០ជាដើម។ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបាននាំយកបញ្ហានេះទៅកាន់តុលាការអន្តរជាតិ និងស្ថាប័នអន្តរជាតិធំៗឡើយ៕









