យោធា​ថៃ​បបួល​កម្ពុជា​ចរចា​ជម្លោះព្រំដែន ក្រោយ​កម្ពុជា​តវ៉ា​រឿង​មេដឹកនាំ​ថៃ​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់

0
9
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

យោធា​ថៃ​បាន​បបួល​កម្ពុជា​ចូល​តុ​ចរចា​ដោះស្រាយ​ជម្លោះព្រំដែន និង​បញ្ឈប់​ការ​ឆ្លើយ​ឆ្លង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ បន្ទាប់ពី​កម្ពុជា​បាន​តវ៉ា​ចំពោះ​មេដឹកនាំ​ថៃ ដែល​ចូល​ទៅ​កាន់​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ដោយ​ខុសច្បាប់ ក្នុង​ខេត្តព្រះវិហារ​។ អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ការ​បបួល​ចរចា​របស់​យោធា​ថៃ គឺ​គ្រាន់តែ​ជា​វោហារសាស្ត្រ​ដើម្បី​សម្ដែង​ឱ្យ​អន្តរជាតិ​មើល ខណៈ​ភាគី​ថៃ​ខ្លួនឯង​ក៏​មិនបាន​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ទៅ​ហើយ។

អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពអាកាស​ថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) ដែល​មាន​តួនាទី​ជា​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​អំពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ បាន​លើកឡើង​ថា ដល់​ពេល​ហើយ​ដែល​ភាគី​កម្ពុជា​ត្រូវ​ជ្រើសរើស​ថា តើ​ត្រូវ​កសាង​សន្តិភាព​តាមរយៈ​ការចរចា​ទ្វេភាគី​ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន ឬ​បន្ត​ចោ​ប្រកាន់​ឆ្លើយឆ្លង​គ្នា​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ថ្លែង​កាលពី​ថ្ងៃទី​២៦ ខែសីហា មេទ័ព​អាកាស​ថៃ​រូប​នេះ បាន​លើកឡើង​ទៀត​ថា ប្រទេស​ថៃ​មិន​ចង់​ធ្វើសង្គ្រាម ឬ​ឈ្លានពាន​ប្រទេស​ដទៃ​នោះ​ឡើយ ប៉ុន្តែ​ការ​ដាក់​ពង្រាយ​កងទ័ព​នៅ​លើ​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន គឺ​ធ្វើឡើង​ទៅតាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​ភាគ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កាលពី​ចុងឆ្នាំ​២០២៥។ លោក​បន្ត​ថា ភាគី​ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូល​តុ​ចរចា​ជាមួយ​កម្ពុជា ក៏ប៉ុន្តែ​ការចរចា​នោះ​អាច​កើតឡើង​ទៅ​បាន​លុះត្រាតែ​បរិយាកាស​នយោបាយ និង​ស្ថានភាព​នៅ​តាម​ព្រំដែន​មាន​ភាព​ធូរស្រាល ដោយ​ភាគី​ទាំងសងខាង​ត្រូវ​បញ្ឈប់​ការ​ញុះញង់ និង​វាយប្រហារ​គ្នា​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ប្រតិកម្ម​របស់​អគ្គ​មេបញ្ជាការ​រង​កងទ័ពអាកាស​ថៃ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​លិខិតតវ៉ា​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ដែល​បាន​ដឹកនាំ​ក្រុម​មន្ត្រី និង​យោធា​ទៅកាន់​តំបន់​អានសេះ ស្ថិត​ក្នុង​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៣ ខែ​សីហា​។ ភាគី​កម្ពុជា​បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​ដែល​គ្មាន​ការ​អនុញ្ញាត​នេះ គឺជា​ការប៉ុនប៉ង​ដោយ​ចេតនា​ដើម្បី​អះអាង​ទាមទារ​ដោយ​ខុសច្បាប់ ក្នុង​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា ដែល​ត្រូវ​បាន​យោធា​ថៃ​ចូល​ឈ្លានពាន និង​កាន់កាប់​ដោយ​ខុសច្បាប់​ក្នុង​អំឡុង​ជម្លោះព្រំដែន។

ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​របស់​កម្ពុជា​នេះ អគ្គមេបញ្ជាការ​រង​កង​ទ័ពអាកាស​ថៃ លោក ប្រាក់ផាត សនចៃឌី បាន​លើកឡើង​ថា ការលើកឡើង​របស់​ភាគី​កម្ពុជា​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​មិនអាច​យក​មក​ធ្វើជា​អំណះអំណាង​ដើម្បី​កំណត់ព្រំដែន​ជា​ផ្លូវការ​បាន​ឡើយ​។ លោក​បន្ត​ថា មានតែ​ការចរចា​ទ្វេភាគី​ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​ជម្លោះព្រំដែន​បាន ព្រោះ​កម្ពុជា និង​ថៃ​គឺជា​ប្រទេស​ជិតខាង​គ្នា ហើយ​ចង់​ឬ​មិន​ចង់​ភាគី​ទាំងពីរ​ក៏​មិនអាច​លើក​ប្រទេស​ផ្ដាច់​ចេញ​ពី​គ្នា​បាន​នោះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៧ ខែសីហា។

ខណៈ​យោធា​ថៃ​បាន​លើកឡើង​ពី​ការចរចា​ដើម្បី​សន្តិភាព​ជាមួយ​កម្ពុជា​នោះ នៅ​តាម​តំបន់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ ភូមិ​ព្រៃ​ចាន់ នឹង​តំបន់​បឹង​ត្រកួន ដែល​ស្ថិតនៅ​ខេត្តបន្ទាយមានជ័យ ឯណោះ​វិញ យោធា​ថៃ​បាន​បន្ត​វាស់វែង​ដី​ដែល​ឈ្លានពាន​បាន​ពី​ពលរដ្ឋ​ខ្មែរ យក​ទៅ​អង្កន់​ចែក​ទៅ​ឱ្យ​ពលរដ្ឋ​ថៃ​ដើម្បី​បង្កបង្កើនផល​។ ចំណែក​តំបន់​ព្រំដែន​មួយចំនួន​ដែល​ស្ថិតនៅ​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ វិញ យោធា​ថៃ​បាន​អភិវឌ្ឍ​ទីតាំង​ប្រាសាទបុរាណ​ខ្មែរ និង​មូលដ្ឋាន​យោធា​ខ្មែរ ទៅជា​តំបន់​ទេសចរណ៍ និង​ដាក់បញ្ចូល​ទៅ​ក្នុង​ផែនទី​ដែល​ថៃ​បាន​បង្កើត​ឡើង​ដោយ​ខ្លួនឯង។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​បបួល​ចរចា​របស់​យោធា​ថៃ គឺ​គ្រាន់តែ​ជា​វោហារសាស្ត្រ​ដើម្បី​សម្ដែង​ឱ្យ​អន្តរជាតិ​មើល ខណៈ​ភាគី​ថៃ​ខ្លួនឯង​ក៏​មិនបាន​គោរព​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ចំនួន​ពីរ​លើក​រួចមក​ហើយ​។ លោក​បន្ត​ថា ប្រសិនបើ​កម្ពុជា​ចរចា​ទ្វេភាគី​ជាមួយ​ថៃ​នោះ កិច្ចចរចា​នេះ​ក៏​នឹង​គ្មាន​ភាពស្មើគ្នា​នោះ​ឡើយ ហើយ​ភាគី​ថៃ​នឹង​យក​ប្រៀប​លើ​កម្ពុជា តាមរយៈ​ការប្រើប្រាស់​អំណាច​យោធា​ដែល​ប្រទេស​ថៃ​កំពុង​មានប្រៀប​ជាង​កម្ពុជា។

លោក ម៉ែន ណាត៖ «បើ​ថៃ​បបួល​ចូល​តុ​ចរចា គឺ​ត្រូវចិត្ត​របស់​លោក ហ៊ុន ម៉ា​ណែ​ត ដែល​លោក​បាន​អង្វរ​គេ ដើម្បី​ចូល​តុ​ចរចា ដើម្បី​វាស់វែង​ខ្សែបន្ទាត់​ព្រំដែន​ជា​ហូរហែ​។ ចូល​តុ​ចរចា​ក៏​ចូល​ទៅ ក៏ប៉ុន្តែ កុំ​ធ្វើ​សេចក្តី​សម្រេច​ណាមួយ ព្រមព្រៀង​តាម​ការ​ចង់បាន​របស់​ថៃ​។ បើ​ចូល​តុ​ចរចា ត្រូវតែ​ធ្វើ​ឱ្យ​មាន​តម្លាភាព ប្រាកដនិយម ហើយ​ត្រូវ​វាស់វែង​ផ្ទៀងផ្ទាត់​ខ្សែបន្ទាត់​ព្រំដែន​តាម​យន្តការ ឯកសារ​និយាម​កា សន្ធិសញ្ញា​រវាង​បារាំង​-​សៀម ១៩០៤-១៩០៧»។

យ៉ាងណា​ក៏ដោយ​ចុះ កន្លងមក​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​អះអាង​ពី​ការ​បិទផ្លូវ​ចរចា​ព្រំដែន​គោក​ជាមួយ​កម្ពុជា​ដោយ​មិន​កំណត់ពេល​នោះ​​ឡើយ ដោយសារ​ភាគី​ថៃ​មិន​ពេញចិត្ត​ចំពោះ​កម្ពុជា ដែល​បាន​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ជាមួយ​ប្រទេស​ថៃ។

ការ​លើកឡើង​របស់​ប្រមុខ​ការទូត​ថៃ​រូប​នេះ ហាក់​មាន​ខ្លឹមសារ​ផ្ទុយគ្នា​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​របស់​យោធា​ថៃ ដែល​បបួល​កម្ពុជា​ចូល​តុ​ចរចា​ទ្វេភាគី ខណៈ​កន្លងមក​កម្ពុជា​បាន​ស្នើ​ឱ្យ​មាន​ការចរចា​ជាច្រើនលើក​រួច​មក​ហើយ ក៏ប៉ុន្តែ​ត្រូវ​ភាគី​ថៃ​បដិសេធ​រហូត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ