

មន្ត្រីសង្គមស៊ីវិលលើកឡើងថា សេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលបានរាយការណ៍ក្នុងរឿងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ហាក់គ្មានទម្ងន់ និងមិនបានដាក់បញ្ចូលករណីពលរដ្ឋខ្មែរ ដែលត្រូវយោធាថៃរំលោភបំពាននោះឡើយ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលជាជនជាតិថៃ លោក វីទីត មុនតាប៊ន (Vitit Muntarbhorn) បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបង្ហាញការគាំទ្រចំពោះការផ្សះផ្សាជម្លោះរវាងកម្ពុជា និងថៃ ក្នុងវិវាទរឿងព្រំដែន។
ក្រោយពីស្ងាត់ស្ងៀមអស់រយៈពេលជាច្រើនខែ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចេញមកនិយាយពីជម្លោះរវាងកម្ពុជា-ថៃ ប៉ុន្តែក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស គេមិនឃើញលោកលើកឡើងពីករណីរំលោភបំពានសិទ្ធិពលរដ្ឋខ្មែរ ពីសំណាក់យោធាថៃ នៅតាមព្រំដែន ក្នុងវិវាទរឿងព្រំដែននោះឡើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (OHCHR) ចុះថ្ងៃទី២៤ ខែវិច្ឆិកា អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺលោក វីទីត មុនតាប៊ន បានបង្ហាញការគាំទ្ររបស់លោក ចំពោះការចរចាសន្តិភាព និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ ជាពិសេសទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលភាគីជម្លោះបានចរចាគ្នាកាលពីខែកក្កដា ហើយលោកបានជំរុញឱ្យប្រទេសទាំងពីរ ត្រូវតែអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។
បន្ថែមពីលើនេះ លោក វីទីត មុនតាប៊ន បានប្រកាសគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) កាលពីខែតុលា កន្លងទៅ ដោយផ្ដើមចេញពីការអនុវត្តបទឈប់បាញ់ និងធ្វើការប្ដេជ្ញាចិត្តលើបញ្ហាជាច្រើន នៅក្នុងនោះរួមទាំងការអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ ស្ដីពីការការពារជនស៊ីវិល និងឈ្លើយសឹក ជាដើម។
ចំពោះផ្នែកសិទ្ធិមនុស្សវិញ លោក វីទីត មុនតាប៊ន បានអះអាងថា ជនស៊ីវិលដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមព្រំដែន គួរតែទទួលបានជំនួយ ដោយស្របតាមស្តង់ដារសិទ្ធិមនុស្ស។ លោកក៏បានអំពាវនាវឱ្យទប់ស្កាត់ព័ត៌មានមិនពិត នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នេះផងដែរ។
ក្រៅពីបញ្ហាព្រំដែនកម្ពុជា-ថៃ លោក វិទីត មុនតាប៊ន ក៏ជំរុញឱ្យមានការលើកកម្ពស់សិទ្ធិមនុស្ស សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចិរភាពក្នុងប្រទេសកម្ពុជាដែរ ដោយអះអាងថា លោកត្រៀមខ្លួនរួចរាល់ក្នុងការជួយកម្ពុជាលើបញ្ហានេះ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ឃើញថា សេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈជាពិធីការទូទៅ មិនខុសពីការអំពាវនាវរបស់បណ្ដាប្រទេសអន្តរជាតិ មួយចំនួនទៀតនោះឡើយ។ លោកបន្តថា យ៉ាងហោចណាស់ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ស្ថាប័នសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ លោក វីទីត មុនតាប៊ន គួរតែប្រមូលព័ត៌មានរបស់ជនរងគ្រោះដែលទទួលរងការរំលោភបំពាន ឱ្យបានសុក្រឹត និងដាក់បញ្ចូលក្នុងរបាយការណ៍ ដើម្បីបង្ហាញពីគោលជំហរអព្យាក្រឹត្យនៅក្នុងសេចក្ដីថ្លែងការណ៍នេះ។
លោក នី សុខា៖ «យ៉ាងហោចណាស់ក៏មានបង្ហាញអំពីករណីមួយចំនួន នៅរបាយការណ៍ ឬក៏នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែរ។ ចៀសវាងការចេញនៅក្នុងន័យមួយដែលស្ថិតនៅក្នុងស្ថានភាពទូទៅពេក អ៊ីចឹងយើងមិនដឹងថា ភាគីណាមួយរងគ្រោះ ឬមិនរងគ្រោះ យើងអត់បានដឹង»។
ទូរទស្សន៍អាស៊ីសេរី មិនទាន់ទទួលបានការឆ្លើយតប ពីតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៉ឺណែវ (GENEVA) ប្រទេសស្វីស (Switzerland) ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា។
ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំរបស់ឧត្ដមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា តំណាងកម្ពុជា បានលើកឡើងពីក្ដីបារម្ភចំពោះអ្នករាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា គឺលោក វីទីត មុនតាប៊ន ដោយតំណាងកម្ពុជាចោទថា អសកម្មក្នុងការធ្វើរបាយការណ៍ ពាក់ព័ន្ធនឹងករណីរំលោភបំពានសិទ្ធិពលរដ្ឋខ្មែរ ពីសំណាក់ទាហានថៃ នៅតាមព្រំដែន ប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ តំណាងកម្ពុជា លើកឡើងទៀតថា ប្រសិនបើអ្នករាយការណ៍ពិសេសរូបនេះនៅតែបន្តភាពអសកម្មបែបនេះទៀត កម្ពុជានឹងចាត់វិធានការសមស្របណាមួយ។ ក៏ប៉ុន្តែតំណាងរដ្ឋាភិបាលកម្ពុជា មិនបានបញ្ជាក់ឱ្យបានច្បាស់ តើវិធានការនោះ ជាវិធានការអ្វីនោះទេ។
ពាក់ព័ន្ធរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើកម្ពុជាយល់ថា លោក វីទីត មុនតាប៊ន ចេញសេចក្ដីថ្លែងការណ៍មានភាពលម្អៀង និងធ្វើរបាយការណ៍ដោយមិនផ្អែកលើវិជ្ជាជីវៈ ជុំវិញជម្លោះព្រំដែននេះ កម្ពុជាអាចប្រមូលភស្តុតាង និងប្ដឹងតវ៉ាទៅកាន់ស្ថាប័នអង្គការសហប្រជាជាតិបាន។
លោក វីទីត មុនតាប៊ន ដែលជាជនជាតិថៃ ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងជាអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលមានអាណត្តិរយៈពេល២ឆ្នាំ និងត្រូវបានបញ្ចប់កាលពីពេលកន្លងទៅ។ ក៏ប៉ុន្តែកាលពីខែតុលា អង្គការសហប្រជាជាតិ បានអនុម័តបន្តអាណត្តិឱ្យលោក ២ឆ្នាំទៀត ហើយដែលការបន្តអាណត្តិនេះ គឺនៅចំពេលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែនជាមួយគ្នា។
នៅក្នុងតួនាទីជាអ្នករាយការណ៍ លោក វីទីត មុនតាប៊ន បានរិះគន់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទៅលើបញ្ហាការរឹតបន្តឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជាបញ្ហាប្រឈមដ៏សំខាន់។ ក៏ប៉ុន្តែ នាពេលថ្មីៗនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចោទអ្នករាយការណ៍សិទ្ធិមនុស្សរូបនេះថា មានគោលជំហរលម្អៀង និងរក្សាភាពស្ងៀមស្ងាត់ ជុំវិញករណីទាហានខ្មែរចំនួន ១៨នាក់ ដែលត្រូវកងទ័ពថៃប្រើឧបាយចាប់ខ្លួន បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន៕









