អាជ្ញាធរ​វៀតណាម​រង​ការ​រិះគន់​ថា បាន​បង្ខំ​ឱ្យ​វត្ត​នៅ​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ទង់ជាតិ​វៀតណាម

0
73
ទិដ្ឋភាពអាជ្ញាធរវៀតណាម​យកទង់ជាតិវៀតណាម ឱ្យព្រះសង្ឃខ្មែរក្រោមតាំងក្នុងវត្ត។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពអាជ្ញាធរវៀតណាម​យកទង់ជាតិវៀតណាម ឱ្យព្រះសង្ឃខ្មែរក្រោមតាំងក្នុងវត្ត។ រូប៖ បណ្ដាញសង្គម

អ្នកនយោបាយ​ប្រឆាំង អះអាង​ថា អាជ្ញាធរ​វៀតណាម​កំពុង​បង្ខំ​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ក្នុង​ខេត្ត​ព្រះ​ត្រពាំង ឱ្យ​ដាក់​ទង់ជាតិ​វៀតណាម​នៅ​តាម​វត្ត​ចំនួន ១៤៣​។ ពួកគេ​ចាត់ទុក​ការអនុវត្ត​នេះ​ថា ជា​ការ​បង្ខិតបង្ខំ និង​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ប្រតិបត្តិ​ជំនឿ និង​សាសនា​របស់​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម ក្នុង​ខេត្ត​ព្រះត្រពាំង កាលពីមុន​អាច​ដាក់​ទង់ជាតិ​វៀតណាម ឬ​មិន​ដាក់​ក៏បាន​។ ប៉ុន្តែ​បច្ចុប្បន្ន​អាជ្ញាធរ​វៀតណាម​កំពុង​បង្ខំ​ឱ្យ​វត្ត​ចំនួន ១៤៣ ទាំងនោះ​ដាក់​ទង់ជាតិ​វៀតណាម​ជា​កំហិត​។ លោក​បាន​ចាត់ទុក​ការអនុវត្ត​នេះ​ថា ជា​ការ​បង្ខិតបង្ខំ និង​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ប្រតិបត្តិ​ជំនឿ និង​សាសនា​របស់​ប្រជាជន​ខ្មែរក្រោម។

លោក អ៊ុំ សំអាន ក៏បាន​អះអាង​ថា ការ​តម្រូវ​ឱ្យ​វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ដាក់​ទង់ជាតិ​វៀតណាម​នៅ​តាម​វត្ត​អាច​ធ្វើ​ឱ្យ​អត្តសញ្ញាណ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​កម្ពុជា​ក្រោម​កាន់តែ​ខ្សោយ​។​លោក ថា អាជ្ញាធរ​វៀតណាម​នឹង​ចាត់វិធានការ​ប្រឆាំង​នឹង​ព្រះសង្ឃ ឬ​វត្ត​ដែល​បដិសេធ​មិន​អនុវត្ត​តាម​ដោយ​ចាប់​ផ្សឹក ឬ​ចាប់ខ្លួន​ជាដើម។

លោក អ៊ុំ សំអាន៖ «វៀតណាម​មក​បង្ខំ​ឱ្យ​ដាក់​ទង់ជាតិ​វៀតណាម​នៅ​តាម​វត្ត​ហ្នឹង គឺ​ថ្ងៃក្រោយ​ទៅ វៀតណាម​អាច​នឹង បំបាត់​នូវ​សិទ្ធិ​សាសនា ចង់​បំបាត់​នូវ​ពូជសាសន៍​ខ្មែរក្រោម​តែម្តង ចង់​បំភ្លៃ​ប្រវត្តិសាស្ត្រ​ថា ខ្មែរក្រោម​ហ្នឹង គឺជា​ជនជាតិភាគតិច ហើយ​ទឹកដី គឺ​ទឹកដី​ដើមកំណើត​របស់​វៀតណាម​អញ្ចឹង​។ មានន័យថា ចង់​បំបាត់​ពូជសាសន៍​ខ្មែរក្រោម កុំឱ្យ​ពិភពលោក ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិ​ដើម»។

លោក អ៊ុំ សំអាន បាន​អះអាង​ថា មាន​ខ្មែរក្រោម​ជាង ១០​នាក់​កំពុង​ជាប់ឃុំ​ក្នុង​ប្រទេស​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​សិទ្ធិ​សេរីភាព សិទ្ធិ​សាសនា និង​សិទ្ធិ​ជា​ជនជាតិ​ដើម​។ លោក​ថា វៀតណាម​បាន​ធ្វើទុក្ខបុកម្នេញ ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ រហូតដល់​មានការ​ទាមទារ​ឱ្យ​ដោះលែង នៅ​មិនទាន់​ដោះលែង​អស់​នៅឡើយ​នោះ​ទេ។

សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​ដើរ​ចែក​ទង់ជាតិ និង​បង្ខំ​ឱ្យ​ព្រះសង្ឃ​ខ្មែរក្រោម​បង្ហូតទង់ជាតិ​វៀតណាម​នៅ​តាម​ទី​អារាម​កំពុង​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​។ អ្នក​ចំរៀង​ដើមកំណើត​ខ្មែរ​កម្ពុជា​ក្រោម​លោក ថាច់ សាថេន បាន​បង្ហោះ​សារ​កាលពី​ថ្ងៃទី​៣១ ខែសីហា ដោយ​អះអាង​ថា អាជ្ញាធរ​វៀតណាម​កំពុង​បង្ខំ​ឱ្យ​វត្ត​ចំនួន ១៤៣ នៅ​ទូទាំង​ខេត្ត​ព្រះ​ត្រពាំង​ឲ្យ​ដាក់​ទង់ជាតិ​វៀតណាម។

ក្នុង​ការ​បង្ហោះ​នោះ លោក​បាន​អះអាង​ថា ពីមុន​ទង់ជាតិ​វៀតណាម​មិន​ត្រូវ​បាន​ដាក់​នៅក្នុង​បរិវេណ​វត្ត​ទេ ប៉ុន្តែ​ត្រូវ​បាន​ដាក់​នៅ​តាម​របង ឬ​ក្លោង​ទ្វារ​វត្ត​។ លោក​អះអាង​ថា បច្ចុប្បន្ន​ទង់ជាតិ​វៀតណាម​ត្រូវ​បាន​អាជ្ញាធរ​យក​មក​ប្រគល់​ឱ្យ​ព្រះសង្ឃ ហើយ​វត្ត​ដែល​មិន​អនុវត្ត​តាម​អាច​ប្រឈម​នឹង​បញ្ហា​ជាមួយ​អាជ្ញាធរ។

ជុំវិញ​បញ្ហា​នេះ កន្លងមក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឱ្យ ពលរដ្ឋ​ខ្មែរក្រោម​រួម​កម្លាំង​គ្នា​អនុវត្ត​សិទ្ធិ​សេរីភាព ដើម្បី​លុបបំបាត់​នឹម​អាណានិគម​វៀតណាម និង​កសាង​អនាគត​ថ្មី​ប្រកបដោយ សេរីភាព យុត្តិធម៌ និង​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង សម្រាប់​មនុស្ស​គ្រប់​ជំនាន់​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន។

កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ សភា​បារាំង បាន​អនុម័ត កាត់​ទឹកដី​កម្ពុជា​ក្រោម ដែល​ហៅថា កូសាំងស៊ីន (Cochinchine) ឱ្យទៅ​ប្រទេស​វៀតណាម​ត្រួតត្រា​បន្ត​ពី​ខ្លួន ដោយ​គ្មាន​ការ​ឯកភាព​ពី​ព្រះមហាក្សត្រ​ខ្មែរ​ឡើយ អំឡុង​ពេល​ដែល​បារាំង​ដាក់​អាណានិគម​លើ​ប្រទេស​កម្ពុជា​នោះ។

ទឹកដី​កម្ពុជា​ក្រោម​មាន ២១​ខេត្ត កោះ​២ និង​កំពង់ផែ​១ ដែល​ស្ថិត​លើ​ផ្ទៃដី​ទំហំ​ជិត ៧​ម៉ឺន (៦៧ ៧០០)​គីឡូម៉ែត្រ​ក្រឡា​ប្រហាក់ប្រហែល​ពាក់កណ្តាល​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ខណៈ ខេត្ត​ទាំង​២១​នោះ ក៏​ត្រូវ​យួន​អណ្ណាម ផ្លាស់ប្ដូរ​ឈ្មោះ​ខ្មែរ​ឲ្យ​ទៅជា​ឈ្មោះ​វៀតណាម​អស់​ទៅ​ហើយ។

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ម្ចាស់​ទឹកដី ត្រូវ​រដ្ឋាភិបាល​វៀតណាម​គាបសង្កត់ និង​ធ្វើទុក្ខបុកម្នេញ​គ្រប់ពេល ដូចជា ការ​ព្យាយាម​លុបបំបាត់​អត្តសញ្ញាណ​ខ្មែរ ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ពេល​ដែល​ពួកគេ ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម និង​លើកឡើង​ពី​ប្រវត្តិ​ពិត​នៃ​ការបាត់បង់​ទឹកដី​របស់​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ កន្លងមក មេដឹកនាំ​បក្ស​កាន់អំណាច​លោក ហ៊ុន សែន តែង​ប្រតិកម្ម​ទៅ​អ្នក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តវ៉ា​យក​ទឹកដី​កម្ពុជា​ពី​វៀតណាម មកវិញ​ថា បើ​អ្នកណា​ពូកែ សូម​ទៅ​យក​កម្ពុជា​ក្រោម​ដោយ​ខ្លួនឯង​ចុះ ប៉ុន្តែ គាត់​អាច​ត្រឹមតែ​ធ្វើ​ក្ដារ​មឈូស និង​កប់​សព​ឱ្យ​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ