

អ្នកនយោបាយប្រឆាំង អះអាងថា អាជ្ញាធរវៀតណាមកំពុងបង្ខំវត្តព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម ក្នុងខេត្តព្រះត្រពាំង ឱ្យដាក់ទង់ជាតិវៀតណាមនៅតាមវត្តចំនួន ១៤៣។ ពួកគេចាត់ទុកការអនុវត្តនេះថា ជាការបង្ខិតបង្ខំ និងជាការប៉ះពាល់ដល់សិទ្ធិប្រតិបត្តិជំនឿ និងសាសនារបស់ប្រជាជនខ្មែរកម្ពុជាក្រោម។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា វត្តខ្មែរនៅកម្ពុជាក្រោម ក្នុងខេត្តព្រះត្រពាំង កាលពីមុនអាចដាក់ទង់ជាតិវៀតណាម ឬមិនដាក់ក៏បាន។ ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរវៀតណាមកំពុងបង្ខំឱ្យវត្តចំនួន ១៤៣ ទាំងនោះដាក់ទង់ជាតិវៀតណាមជាកំហិត។ លោកបានចាត់ទុកការអនុវត្តនេះថា ជាការបង្ខិតបង្ខំ និងជាការប៉ះពាល់ដល់សិទ្ធិប្រតិបត្តិជំនឿ និងសាសនារបស់ប្រជាជនខ្មែរក្រោម។
លោក អ៊ុំ សំអាន ក៏បានអះអាងថា ការតម្រូវឱ្យវត្តខ្មែរនៅកម្ពុជាក្រោមដាក់ទង់ជាតិវៀតណាមនៅតាមវត្តអាចធ្វើឱ្យអត្តសញ្ញាណប្រវត្តិសាស្ត្ររបស់ខ្មែរកម្ពុជាក្រោមកាន់តែខ្សោយ។លោក ថា អាជ្ញាធរវៀតណាមនឹងចាត់វិធានការប្រឆាំងនឹងព្រះសង្ឃ ឬវត្តដែលបដិសេធមិនអនុវត្តតាមដោយចាប់ផ្សឹក ឬចាប់ខ្លួនជាដើម។
លោក អ៊ុំ សំអាន៖ «វៀតណាមមកបង្ខំឱ្យដាក់ទង់ជាតិវៀតណាមនៅតាមវត្តហ្នឹង គឺថ្ងៃក្រោយទៅ វៀតណាមអាចនឹង បំបាត់នូវសិទ្ធិសាសនា ចង់បំបាត់នូវពូជសាសន៍ខ្មែរក្រោមតែម្តង ចង់បំភ្លៃប្រវត្តិសាស្ត្រថា ខ្មែរក្រោមហ្នឹង គឺជាជនជាតិភាគតិច ហើយទឹកដី គឺទឹកដីដើមកំណើតរបស់វៀតណាមអញ្ចឹង។ មានន័យថា ចង់បំបាត់ពូជសាសន៍ខ្មែរក្រោម កុំឱ្យពិភពលោក ទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម»។
លោក អ៊ុំ សំអាន បានអះអាងថា មានខ្មែរក្រោមជាង ១០នាក់កំពុងជាប់ឃុំក្នុងប្រទេសវៀតណាម ពាក់ព័ន្ធនឹងការទាមទារសិទ្ធិសេរីភាព សិទ្ធិសាសនា និងសិទ្ធិជាជនជាតិដើម។ លោកថា វៀតណាមបានធ្វើទុក្ខបុកម្នេញ ចាប់ពួកគាត់ដាក់ពន្ធនាគារ រហូតដល់មានការទាមទារឱ្យដោះលែង នៅមិនទាន់ដោះលែងអស់នៅឡើយនោះទេ។
សកម្មភាពរបស់អាជ្ញាធរវៀតណាមដើរចែកទង់ជាតិ និងបង្ខំឱ្យព្រះសង្ឃខ្មែរក្រោមបង្ហូតទង់ជាតិវៀតណាមនៅតាមទីអារាមកំពុងរងការរិះគន់យ៉ាងខ្លាំងពីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម។ អ្នកចំរៀងដើមកំណើតខ្មែរកម្ពុជាក្រោមលោក ថាច់ សាថេន បានបង្ហោះសារកាលពីថ្ងៃទី៣១ ខែសីហា ដោយអះអាងថា អាជ្ញាធរវៀតណាមកំពុងបង្ខំឱ្យវត្តចំនួន ១៤៣ នៅទូទាំងខេត្តព្រះត្រពាំងឲ្យដាក់ទង់ជាតិវៀតណាម។
ក្នុងការបង្ហោះនោះ លោកបានអះអាងថា ពីមុនទង់ជាតិវៀតណាមមិនត្រូវបានដាក់នៅក្នុងបរិវេណវត្តទេ ប៉ុន្តែត្រូវបានដាក់នៅតាមរបង ឬក្លោងទ្វារវត្ត។ លោកអះអាងថា បច្ចុប្បន្នទង់ជាតិវៀតណាមត្រូវបានអាជ្ញាធរយកមកប្រគល់ឱ្យព្រះសង្ឃ ហើយវត្តដែលមិនអនុវត្តតាមអាចប្រឈមនឹងបញ្ហាជាមួយអាជ្ញាធរ។
ជុំវិញបញ្ហានេះ កន្លងមក សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យ ពលរដ្ឋខ្មែរក្រោមរួមកម្លាំងគ្នាអនុវត្តសិទ្ធិសេរីភាព ដើម្បីលុបបំបាត់នឹមអាណានិគមវៀតណាម និងកសាងអនាគតថ្មីប្រកបដោយ សេរីភាព យុត្តិធម៌ និងសម្រេចវាសនាខ្លួនដោយខ្លួនឯង សម្រាប់មនុស្សគ្រប់ជំនាន់នៅលើទឹកដីកំណើតរបស់ខ្លួន។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំង បានអនុម័ត កាត់ទឹកដីកម្ពុជាក្រោម ដែលហៅថា កូសាំងស៊ីន (Cochinchine) ឱ្យទៅប្រទេសវៀតណាមត្រួតត្រាបន្តពីខ្លួន ដោយគ្មានការឯកភាពពីព្រះមហាក្សត្រខ្មែរឡើយ អំឡុងពេលដែលបារាំងដាក់អាណានិគមលើប្រទេសកម្ពុជានោះ។
ទឹកដីកម្ពុជាក្រោមមាន ២១ខេត្ត កោះ២ និងកំពង់ផែ១ ដែលស្ថិតលើផ្ទៃដីទំហំជិត ៧ម៉ឺន (៦៧ ៧០០)គីឡូម៉ែត្រក្រឡាប្រហាក់ប្រហែលពាក់កណ្តាលនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ខណៈ ខេត្តទាំង២១នោះ ក៏ត្រូវយួនអណ្ណាម ផ្លាស់ប្ដូរឈ្មោះខ្មែរឲ្យទៅជាឈ្មោះវៀតណាមអស់ទៅហើយ។
អ្នកឃ្លាំមើលសង្គមអះអាងថា សិទ្ធិសេរីភាពក្នុងនាមជាម្ចាស់ទឹកដី ត្រូវរដ្ឋាភិបាលវៀតណាមគាបសង្កត់ និងធ្វើទុក្ខបុកម្នេញគ្រប់ពេល ដូចជា ការព្យាយាមលុបបំបាត់អត្តសញ្ញាណខ្មែរ ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមត្រូវបានចាប់ខ្លួននៅពេលដែលពួកគេ ទាមទារសិទ្ធិជាជនជាតិដើម និងលើកឡើងពីប្រវត្តិពិតនៃការបាត់បង់ទឹកដីរបស់ខ្លួន។
ទាក់ទិននឹងបញ្ហានេះ កន្លងមក មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែងប្រតិកម្មទៅអ្នកទាមទារឱ្យរដ្ឋាភិបាលដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តវ៉ាយកទឹកដីកម្ពុជាពីវៀតណាម មកវិញថា បើអ្នកណាពូកែ សូមទៅយកកម្ពុជាក្រោមដោយខ្លួនឯងចុះ ប៉ុន្តែ គាត់អាចត្រឹមតែធ្វើក្ដារមឈូស និងកប់សពឱ្យប៉ុណ្ណោះ៕









