

សង្គមស៊ីវិល និងពលរដ្ឋមួយចំនួន រិះគន់ថា ការផ្ដន្ទាទោសសកម្មជនវ័យក្មេង លោក ធី ថន ឲ្យជាប់គុក៧ឆ្នាំ គឺជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈតុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីយកមកដាក់បន្ទុកនោះឡើយ។ ការលើកឡើងនេះ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០២ ខែកញ្ញា បានសម្រេចចេញ សាលក្រមផ្ដន្ទាទោសលោក ធី ថន និងពលរដ្ឋពីរនាក់ពីបទ«រួមគំនិតក្បត់» ពាក់ព័ន្ធនឹងព្រឹត្តិការណ៍១៨សីហា រឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីឆ្នាំ២០២៤។
បើទោះបីជា រដ្ឋាភិបាលឪពុកកូន គឺ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ប្រកាសក្ដែងៗអំពីការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិក្ដី ថ្មីៗនេះ រដ្ឋាភិបាលត្រកូល«ហ៊ុន»នៅតែបន្តប្រើអំណាចចាប់សកម្មជននយោបាយ និងផ្ដន្ទាទោសសកម្មជនវ័យក្មេងដាក់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរ ដូចជាករណីលោក ធី ថន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៧ឆ្នាំ ពីបទ«រួមគំនិតក្បត់» ខណៈគេមើលឃើញថា តុលាការគ្មានភស្តុតាងរឹងមាំទល់តែសោះ។
មន្ត្រីផ្នែកគោលនយោបាយ និងតស៊ូមតិ របស់អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia) កញ្ញា ហេង គឹមសួរ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៣ ខែសីហាថា ការផ្ដន្ទាទោស លោក ធី ថន ឱ្យជាប់ពន្ធនាគារ៧ឆ្នាំកាលពីពេលថ្មីៗនេះ គ្មានភាពយុត្តិធម៌ទាល់តែសោះព្រោះតុលាការគ្មានភស្តុតាងច្បាស់លាស់ នោះឡើយ។
កញ្ញា ហេង គឹមសួរ៖ «បើគ្រាន់តែ ការចង់បាន ឱ្យប្រទេសកម្ពុជា មានការគោរពសិទ្ធិមនុស្ស មានសេរីភាពបញ្ចេញមតិ មានប្រជាធិបតេយ្យពេញលេញ ហើយត្រូវបានចាប់ពន្ធនាគារពីបទក្បត់ជាតិដែរ ខ្ញុំគិតថា វាជារឿងអយុត្តិធម៌ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ហើយខ្ញុំក៏អត់ដឹងថា តើតុលាការនឹងមានភស្តុតាងបែបណាដែរ ដើម្បីទៅចោទប្រកាន់ប្រជាជនម្នាក់ដែលស្អាតស្អំ»។
ចំណែកអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា ដែលធ្លាប់ស្គាល់លោក ធី ថន បានលើកឡើងថា ការផ្ដន្ទាទោស លោក ធី ថន នេះ គឺធ្វើឡើងដោយហួសហេតុ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ព្រោះ លោក ធី ថន គ្រាន់តែជាយុវជនវ័យក្មេងម្នាក់ ដែលមានបេះដូង និងចិត្តគំនិតស្រឡាញ់បរិស្ថាន និងឈឺឆ្អាលរឿងសង្គមជាតិ។ លោកបញ្ជាក់ថា លោក ធី ថន គឺជាយុវជនស្លូតបូតម្នាក់ ហើយរាល់សកម្មភាពរបស់លោក ធី ថន តែងតែប្រកាន់នូវក្រមសីលធម៌ និងច្បាប់ជាតិ។
លោក ម៉ា ចិត្រា៖ «ការចោទប្រកាន់ទៅលើ លោក ធី ថន ពាក់ព័ន្ធនឹងការរួមគំនិតក្បត់ គឺជារឿងអយុត្តិធម៌ទាំងសម្រាប់រូបគាត់ ក៏ដូចជារឿងអយុត្តិធម៌សម្រាប់សង្គមជាតិទាំងមូល។ ក្នុងនាមជាពលរដ្ឋ លោក ធី ថន គឺជាយុវជនវ័យក្មេងម្នាក់ដែលតែងតែចូលរួមក្នុងការលើកយកបញ្ហាសង្គម បញ្ហាសិទ្ធិមនុស្ស បញ្ហាធនធានធម្មជាតិ និងជាដើម។ ម្យ៉ាងវិញទៀត ធម្មតាប្រជាពលរដ្ឋតែងតែមានការព្រួយបារម្ភពីបញ្ហាទឹកដី ព្រៃឈើ និងប្រជាធិបតេយ្យ ។ សកម្មភាពរបស់គាត់កន្លងមកមិនដែលបានទៅឃុបឃិតជាមួយបរទេស ឬទៅធ្វើអំពើអាក្រក់ណាមួយដែលបំផ្លាញដល់សង្គមជាតិនោះឡើយ»។
កាលពីថ្ងៃទី០២ខែកញ្ញា អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងជាសកម្មជនសង្គមវ័យក្មេង លោក ធី ថន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ ពីបទ« រួមគំនិតក្បត់ »ពាក់ព័ន្ធ ព្រឹត្តិការណ៍១៨សីហា រឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីឆ្នាំ២០២៤។ ប៉ុន្តែ អំឡុងពេលនៃសវនាការជាច្រើនលើកនោះ អង្គការការពារសិទ្ធិមនុស្សលីកាដូ មើលឃើញថា តុលាការមិនបានផ្ដល់នូវភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ពាក់ព័ន្ធបទចោទ រួមគំនិតក្បត់ នោះឡើយ។
នៅថ្ងៃដដែលនោះក៏មានពលរដ្ឋពីររូបទៀតគឺ លោកស្រី ស៊ឹង គន្ធា និង លោក មាន ចាន់ថុន ក៏ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំដែរ ក្រោមបទចោទ« រួមគំនិតក្បត់»។ លោកស្រី ស៊ឹង គន្ធា និងលោក ចាន់ថន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបាននិរទេសខ្លួនជាបន្ទាន់ត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីប្រឈមមុខនឹងការកាត់ក្តី បើទោះបីជាពួកគេត្រូវបានទទួលស្គាល់ជាជនភៀសខ្លួនដោយអង្គការសហប្រជាជាតិក៏ដោយ។
ជុំវិញរឿងនេះដែរ អតីតអ្នកទោសនយោបាយ លោក នង ធារ៉ា យល់ឃើញថា ការចោទប្រកាន់ពលរដ្ឋ និងការផ្ដន្ទាទោសដាក់ពន្ធនាគារធ្ងន់ធ្ងរបែបនេះ គឺជាក្ដីបារម្ភបំផុត សម្រាប់ពលរដ្ឋដែលតែងតែឈឺឆ្អាលរឿងសង្គមជាតិ នាពេលបច្ចុប្បន្ន។ លោកបន្តថា ទង្វើបែបនេះ ពុំផ្ដល់ផលចំណេញដល់ជាតិនោះទេ ក្រៅតែធ្វើឱ្យប្រទេសជាតិបែកបាក់ ហើយបញ្ហាសិទ្ធិមនុស្ស និងនយោបាយបន្តដាំក្បាលចុះ។ លោកទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋ។
លោក នង ធារ៉ា៖ «ក្រើនរំលឹករដ្ឋាភិបាលត្រូវចេះគិតមើល ថាបើសិនជាចាប់សកម្មជនដាក់គុក ផ្ដន្ទាទោស ៦ ឆ្នាំ, ៧ ឆ្នាំ, ១០ ឆ្នាំ, ២០ ឆ្នាំ, ៣០ ឆ្នាំ ដែលធ្លាប់ធ្វើកន្លងមកហ្នឹង ធ្វើឱ្យជាតិរីកចម្រើនទេ ធ្វើទៅ។ ប៉ុន្តែបើធ្វើឱ្យជាតិបាត់បង់ ត្រូវចាប់ផ្ដើមយកខួរក្បាលហ្នឹងមកគិតមើលថា តើគួរធ្វើអ្វីវិញ? គួរធ្វើគិត ម៉េចដើម្បីរួបរួមជាតិ? អាហ្នឹង វាជារឿងល្អ។ រួបរួមប្រទេសជាតិទៅ។ ធ្វើឱ្យជាតិខ្លាំង មិនមែនចាប់អ្នកមាន មតិផ្ទុយដាក់គុកទេ។ ដើម្បីឱ្យជាតិខ្លាំង ត្រូវចេះស្តាប់មតិផ្ទុយ ហើយកែតម្រូវ។ អាហ្នឹងបានវាខ្លាំង បានវាអស្ចារ្យ»។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី០៣ ខែសីហា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ពាក់ព័ន្ធករណីនេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Hunan Right Watch) បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ចំពោះការសម្រេចផ្ដន្ទាទោសសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងមកលើសកម្មជនសង្គម លោក ធី ថន និងពលរដ្ឋពីរនាក់ទៀតថាជាការរំលោភបំពានចុងក្រោយបង្អស់ នៃប្រព័ន្ធតុលាការ របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំបិទសំឡេងរិះគន់នៅក្នុងប្រទេសកម្ពុជា។
ស្ថាប័នអន្តរជាតិនេះ បន្ថែមថា លោក ធី ថន លោកស្រី ស៊ឹង គន្ធា និងលោក ចាន់ថន ស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់៩៤នាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនក្នុងឆ្នាំ២០២៤ ចំពេលមានរលកនៃការរិះគន់លើតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ចម្រូងចម្រាសរវាងរដ្ឋាភិបាលទាំងបី ដូចជាកម្ពុជា ឡាវនិងវៀតណាម ដែលបង្កើតឡើងក្នុងឆ្នាំ២០០៤។ ប៉ុន្តែក្រោយមក រដ្ឋាភិបាលកម្ពុជាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ព្រោះមាន ការតវ៉ាខ្លាំងៗ ពីសាធារណជន។
ទោះជាយ៉ាងណា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានបញ្ជាក់ថា លោក ធី ថន ត្រូវបានចាប់ខ្លួនដោយសារតែតួនាទីរបស់លោកជា អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលជាក្រុមនិស្សិតសកម្ម ក្នុងការលើកកម្ពស់បញ្ហាសង្គម និងបរិស្ថាន។ ប្រភពបន្តថា កន្លងមក រដ្ឋាភិបាលបក្សកាន់អំណាច តែងតែកំណត់គោលដៅម្ដងហើយម្ដងទៀតលើថ្នាក់ដឹកនាំសមាគមនិស្សិតមួយនេះ ដោយសារតែសកម្មភាពឈឺឆ្អាលរឿងសង្គម របស់ពួកគេ។
ទន្ទឹមគ្នានោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏បានបញ្ជាក់ដែរថា ការចាប់ខ្លួន ប្រធានសមាគមនេះ គឺលោក កើត សារ៉ាយ កន្លងមក ដែលបច្ចុប្បន្នកំពុងអនុវត្តទោសជាប់ពន្ធនាគារបួនឆ្នាំ ពីបទញុះញង់ ក៏ត្រូវបានក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកការឃុំខ្លួនដោយបំពាន (UN Working Group on Arbitrary Detention) កាលពីខែកុម្ភៈ បានកំណត់ថា ជាការឃុំខ្លួន លោក កើត សារ៉ាយ ដោយបំពាន និងរំលោភលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្ដល់សច្ចាប័នក្នុងឆ្នាំ១៩៩២។
សេចក្ដីថ្លែងការណ៍ដដែលសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជាបានដាក់សម្ពាធលើអ្នកដែលត្រូវបានចាប់ខ្លួនជាច្រើននាក់ ដោយសារតែការរិះគន់ផែនការអភិវឌ្ឍន៍ CLV ឱ្យសារភាពទោស និងប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្សកាន់អំណាច ដើម្បីជាថ្នូរនឹងការដោះលែងពួកគេ។ ហើយការសារភាពទាំងនេះត្រូវបានយកទៅប្រើប្រាស់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ្នករិះគន់ និងសកម្មជន ដែលជាផ្នែកមួយនៃយុទ្ធនាការជាប្រព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំផ្លាញជំហរនយោបាយរបស់ក្រុមប្រឆាំង។
ទន្ទឹមគ្នានោះ ស្ថាប័នអន្តរជាតិនេះក៏បានសង្កេតឃើញថា ចំពោះអ្នកដែលមិនព្រមសារភាពកំហុសដោយបង្ខំ និងប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច ឥឡូវនេះ ពួកគេកំពុងត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលវែង ដូចជាករណី លោក ធី ថន ជាដើម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវឱ្យ អាជ្ញាធរកម្ពុជា ដោះលែងលោក ធី ថន អ្នកស្រី ស៊ឹង គន្ធា និង លោក មាន ចាន់ថុន ជាបន្ទាន់ ហើយ លុបចោលការកាត់ទោសពួកគេ។ ជាមួយគ្នានោះ ក៏បានទទូចឱ្យ រដ្ឋាភិបាលប្រទេសនានាលើពិភពលោក ដែលនឹងចូលរួមក្នុងកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នៅទីក្រុងភ្នំពេញ ក្នុងខែ វិច្ឆិកា គួរតែប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឱ្យដោះលែង អ្នកទោសនយោបាយទាំងអស់ និងបញ្ឈប់ការបង្ក្រាបលើអ្នករិះគន់ដោយសន្តិវិធី៕







