សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​លោក អ៊ុក ពេជ្រសំណាង ទៅ​ឱ្យ​តុលាការ​ចាត់ការ

0
28
សកម្មជនសង្គម លោក អ៊ុក ពេជ្រសំណាង ពេលពីត្រូវបានចាប់ខ្លួន កាលពីពេលកន្លងទៅ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សកម្មជនសង្គម លោក អ៊ុក ពេជ្រសំណាង ពេលពីត្រូវបានចាប់ខ្លួន កាលពីពេលកន្លងទៅ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តុលាការក្រុង​ភ្នំពេញ​បាន​សួរចម្លើយ​សកម្មជន​បក្ស​ប្រឆាំង លោក អ៊ុក ពេជ្រសំណាង ពេញ​មួយថ្ងៃ ហើយ​បាន​បញ្ជូន ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​៤ ខែ​កញ្ញា​នេះ ដើម្បី​ទុក​ឲ្យ​តុលាការ បន្ត​សាកសួរ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​។​ សង្គម​ស៊ីវិលទទូច​ឱ្យ​ដោះលែង​លោក អ៊ុក ពេជ្រសំណាង ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​ខ្លឹមសារ​ក្នុង​បទ​សម្ភាស​របស់​លោក​ជាមួយ​អ្នកសារព័ត៌មាន មាន​លក្ខណៈ​ជា​ការ​បញ្ចេញមតិ​រិះគន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។​

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង លោក អ៊ុក ពេជ្រ​សំណាង បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ នៅ​ថ្ងៃ​០៤ ខែ កញ្ញា នេះ​ដោយ​អះអាង​ថា សមត្ថកិច្ច​ប្រមូល​បាន​ភស្តុតាង​ដាក់បន្ទុក បទល្មើស​គ្រប់គ្រាន់ ទៅតាម​អង្គហេតុ និង អង្គច្បាប់​លើ​លោក អ៊ុក ពេជ្រសំណាង។ សមត្ថកិច្ច​បាន បញ្ជូន​លោក ទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វិញ នៅ​ល្ងាច ថ្ងៃទី​០៤ ខែកញ្ញា បន្ទាប់ពី​តុលាការ បាន​ធ្វើ​ការសាកសួរ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ថា ខ្លួន​បាន​រក​ឃើញ​កំហុស​របស់ លោក អ៊ុក ពេជ្រសំណាង ដែល​ប្រើប្រាស់​គណនី​បណ្ដាញ​សង្គម បង្ហោះ​ខ្លឹមសារ​ក្នុង​ចេតនា​ទុច្ចរិត ជេរប្រមាថ មួលបង្កាច់​លើ​ថ្នាក់ដឹកនាំ ក្នុង​គោលបំណង​ញុះញង់ ឱ្យ​មាន​ការរើសអើង បង្កចលាចល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដី ថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​ប៉ះពាល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី៤ ខែកញ្ញា​នេះ ថា លោក អ៊ុក ពេជ្រសំណាង បាន​សារភាព និង​ទទួលស្គាល់​កំហុស ក្នុង​ការ​ប្រើប្រាស់​គណនី​បណ្ដាញ​សង្គម​របស់​លោក ដើម្បី​បញ្ចេញយោបល់ និង​បង្ហោះ សារ​ជេរប្រមាថ​ថ្នាក់ដឹកនាំ​ពិតប្រាកដ​មែន។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៤ ខែ​កញ្ញា ថា បទសម្ភាសន៍​របស់​លោក អ៊ុក ពេជ្រសំណាង ពុំ​មាន​ខ្លឹមសារ​ខុស​ធ្ងន់ធ្ងរ រហូតដល់​ត្រូវ​ចោទ​ពី​បទ​ជេរប្រមាថ និង​ញុះញង់​ទេ។ លោក​ថា ពាក្យពេចន៍​លើកឡើង​របស់​លោក អ៊ុក ពេជ្រ​សំណាង លើ​មូលដ្ឋាន ប្រទេស​ដែល​ប្រកាន់យក​គោលការណ៍​ប្រជាធិបតេយ្យ គួរតែ​អាជ្ញាធរ​ជ្រើសរើស ប្រើ​មធ្យោបាយ​អប់រំ​ណែនាំ ជាជាង​ប្រើ​វិធានការ​ដាក់ទោស​តាមផ្លូវ​តុលាការ ដែល​ជះឥទ្ធិពល​មិន​ល្អ ដល់​សិទ្ធិ​​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ។

លោក យិន ម៉េងលី៖ «ពាក្យសម្ដី​របស់​របស់​ប្រើប្រាស់​ហ្នឹង វា​មិន​ធ្ងន់ធ្ងរ​អ្វី​ទេ វា មិន​រហូត​ទៅដល់​ធ្វើការ​ចោទប្រកាន់ ពី​បទ​ជេរប្រមាថ ពី​បទ​ញុះញង់​នោះ​ទេ យើង​ឃើញថា វា​មិន​ធ្ងន់ធ្ងរ​ទេ យើង​មើល​ទៅលើ​ពលរដ្ឋ​ទៅលើ​គាត់​យើង​ត្រូវ​ទៅ​ក្នុង​ប្រ​ទស​ប្រជាធិបតេយ្យ។ កាលណា​យើង​មើល នៅក្នុង​ប្រទេស​មិនមែន​ប្រជាធិបតេយ្យ យើង​គិតថា អ្វី​ដែល​គាត់​និយាយ វា​ជា​ការ​ជេរប្រមាថ ឬ​ញុះញង់ អ៊ីចឹង​ទៅ តែ​យើង​នាំគ្នា​មើល​ហើយ​កុំភ្លេច​ថា ប្រទេស​យើង​ជា​ប្រទេស ប្រជាធិបតេយ្យ យើង​ថា វា​ជា​សេរីភាព​បញ្ចេញមតិ​របស់​គាត់»។

លោក យិន ម៉េងលី ឱ្យ​ដឹង​ដែរ​ថា លោក អ៊ុក ពេជ្រសំណាង ត្រូវ​បាន​សមត្ថកិច្ច បញ្ជូន​ទៅ​ឃុំខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​០៤ ខែកញ្ញា​នេះ បន្ទាប់ពី​តុលាការ​ធ្វើការ​សាកសួរ​មួយថ្ងៃ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​បំភ្លឺ​ជុំវិញ​រឿង​នេះ បាន​ទេ​នៅ​ថ្ងៃទី៤ ខែ​កញ្ញា​នេះ។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ក្នុង​សេចក្ដីប្រកាស ព័ត៌មាន​របស់​ខ្លួន​ថា សមត្ថកិច្ច បាន​ធ្វើ​ការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​លោក អ៊ុក ពេជ្រសំណាង អាយុ​៦៣​ឆ្នាំ កាលពី​ថ្ងៃទី​០២ ខែ​កញ្ញា​។ ការ​ឃាត់ខ្លួន​នេះ ធ្វើឡើង​ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន ចុះ​ថ្ងៃ​ដដែល​នេះ របស់ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង។

លោក អ៊ុក ពេជ្រសំណាង ដែល​ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​ឥត​ងាករេ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពេល​លោក​រួម​ដំណើរ​ជាមួយ​ទីប្រឹក្សា​សមាគម​គ្រូ បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ដែល​នាំ​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះ មហាក្សត្រ កាលពី​ថ្ងៃទី​២ ខែ​កញ្ញា និង​បន្ទាប់ពី​លោក អ៊ុក ពេជ្រសំណាង បាន​ផ្ដល់​បទសម្ភាសន៍ ដល់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​សកម្មភាព​រួម​ដំណើរ ជាមួយ លោក រ៉ុង ឈុន។

ប្រពន្ធ​លោក អ៊ុក ពេជ្រសំណាង គឺ​លោកស្រី ទិត្យ ណារិន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ប្ដី​លោកស្រី កាលពី​ថ្ងៃទី២ ខែកញ្ញា ត្រូវ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល ចាប់​ក្រៀក​ខ្លួន​ទាំង​បង្ខំ ពី​ហាង​កាហ្វេ​មួយ នៅ​ក្បែរ​ផ្ទះ​របស់​លោក ក្នុង​សង្កាត់​ផ្សារ​ចាស់​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ លោក​ត្រូវ​បាន​សមត្ថកិច្ច បណ្ដើរ​ទៅ​ប៉ុស្តិ៍​នគរបាល ក្នុង​សង្កាត់​នេះ រួច​បញ្ជូន​បន្ដ​ទៅ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

អ្នកឃ្លាំមើល​លើកឡើង​ថា មានតែ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ទេ ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋ ដែល​សម្ដែង​មតិ រិះគន់​ការ​ដឹកនាំ​ប្រទេស។ ពួកគាត់​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរតែ​កែសម្រួល ចំណាត់ការ​ក្ដៅ​របស់​ខ្លួន​ឡើងវិញ ឱ្យ​ស្រប​គោលការណ៍​សេរីភាព​តាម​រដ្ឋធម្មនុញ្ញ ប្រសិនបើ​មិន​ចង់​ប្រឈម​កាន់តែ​ខ្លាំង​ជាមួយ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ