ឪពុក​យុវជន ធី ថន លើកទឹកចិត្ត​កូនប្រុស​ឲ្យ​អត់ធ្មត់ និង​តស៊ូ​ដើម្បី​យុត្តិធម៌ ទោះ​ជាប់​ពន្ធនាគារ ៧​ឆ្នាំ

0
79
សកម្មជនសង្គម លោក ធី ថន និងជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ រូប៖ បណ្ដាញសង្គម
សកម្មជនសង្គម លោក ធី ថន និងជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ រូប៖ បណ្ដាញសង្គម

ឪពុក​យុវជន​សង្គម ធី ថន លើកទឹកចិត្ត​កូនប្រុស ឲ្យ​បន្ត​អត់ធ្មត់ និង​តស៊ូ ដើម្បី​យុត្តិធម៌​សង្គម ទោះបីជា​លោក​ឈឺចាប់ ដែល​ឃើញ​កូនប្រុស ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ រយៈពេល ៧​ឆ្នាំ​ក៏ដោយ​។ សង្គម​ស៊ីវិល​ថា ការ​ផ្ដន្ទាទោស​យុវជន ធី ថន គឺ​មាន​លក្ខណៈ​ការ​ជា​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ឪពុក​យុវជន​សង្គម និង​ជា​ប្រធាន​ស្ដីទី​នៃ​សមាគមសម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ធី ថន គឺ​លោក មឿ​ន ធី មានប្រសាសន៍ថា កូនប្រុស​លោក គឺជា​យុវជន ដែល​ខិតខំ​រៀនសូត្រ និង តែង​បាន​ចូលរួម​សកម្មភាព​ជួយ​សង្គម ដូច្នេះ លោក​ថា ការ​កាត់ទោស​កូន ប្រុស​លោក ឲ្យ​ជាប់ពន្ធនាគារ​ដល់​ទៅ ៧​ឆ្នាំ ដោយ​ចោទ​ថា​ក្បត់ជាតិ គឺជា​រឿង​អយុត្តិធម៌ ដែល​មិនអាច ទទួលយក​បានទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក មឿន ធី នៅតែ​លើក​ទឹក ចិត្ត​កូនប្រុស ឲ្យ​ខិតខំ​ថែទាំ​សុខភាព និង ពង្រឹង ស​ស្មារតី​តស៊ូ​ទៅមុខ​ទៀត ដើម្បី​យុត្តិធម៌​សង្គម ដែល​ពលរដ្ឋ​ទូទៅ​ប្រាថ្នា​ចង់បាន។

​លោក មឿ​ន ធី ៖«​ជូនពរ​ឱ្យ​ខាង​យុវជន ឬ​អ្នកនយោបាយ ដែល​នៅក្នុង​ពន្ធនាគារ ហ្នឹង ដើម្បី​តស៊ូ​បន្តិចទៀត​ចុះ ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ ដើម្បី​ថែរក្សា​ចិត្ត​ហ្នឹង​ឱ្យ​តស៊ូ​បន្តិច​តទៅ​មុខ»។

យុវជន ធី ថន គឺជា​ប្រធាន​ស្ដីទី​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​និស្សិត​សិក្សា​ផ្នែក​គីមី​ចំណីអាហារ នៅ​សកលវិទ្យា​ភូមិន្ទ​ភ្នំពេញ។

មិត្តភក្ដិ​ជិតស្និទ្ធ​នឹង​លោក ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា អំឡុង​ពេល​សិក្សា​នៅ​សាកលវិទ្យាល័យ យុវជន ធី ថន តែងតែ​ឆ្លៀត​ចូលរួម​ការងារ​សង្គម ដោយ​ស្ម័គ្រចិត្ត ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ របស់​ពលរដ្ឋ រួម​ទាំង​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា បរិស្ថាន និង ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ ទាមទារ​យុត្តិធម៌​ជូន​វីរជន ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​បរិស្ថាន ដូចជា​អ្នកការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី និង​អ្នកវិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី ដែល​សុទ្ធតែ​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​ជាដើម។

ឪពុក​យុវជន ធី ថន គឺ​លោក មឿន ធី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើបាប​កូនប្រុស​លោក​ឱ្យ​ខាត​ពេលវេលា​រៀនសូត្រ​ផង ខណៈ​កូនប្រុស​របស់​លោក​កំពុង​មាន​ជំងឺ​ដែល​ត្រូវ​លេបថ្នាំ​ព្យាបាល​ជាប្រចាំ និង​ធ្វើ​ឱ្យ​គ្រួសារ​លោក​ជួប​ការ​លំបាក​ផង ដោយសារ​ត្រូវ​រក​ថវិកា​ឧបត្ថម្ភ​កូន​នៅក្នុង​ពន្ធនាគារ​។ លើស​ពី​នេះ​ទៀត លោក​ថា វា​ជា​ការ​បាត់បង់​ធនធានមនុស្ស​សម្រាប់គ្រួសារ​លោក និង​ប្រទេសជាតិ ពេល​មាន​យុវជន​ដែល​ប្រឹងប្រែង​រៀនសូត្រ និង​ធ្វើការ​ដើម្បី​ជាតិ បែរជា​ត្រូវ​ជាប់ពន្ធនាគារ​ទៅវិញ។

លោក មឿន ធី៖ «​ធនធានមនុស្ស​វា​បាត់បង់ ព្រោះ​អី​យុវជន ដែល​កំពុង​សិក្សា ដូច​ខ្ញុំ​ក្រុម​គ្រួសារ​ខ្ញុំ​ជីវភាព វា​ខ្សត់ខ្សោយ​ផង ដើម្បី​ឧបត្ថម្ភ​កូន​ទៅ​រៀន ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដើម្បី​បម្រើ​ជាតិ បម្រើ​សង្គម ហើយ​ដល់ពេល​ឃុំឃាំង អ៊ីចឹង​ដូចជា​បំបាក់​បំភិតបំភ័យ​ដល់​យុវជន ដែល​ខំ​បន្ត​សិក្សា ម៉ែឪ​ជំរុញ​ឱ្យ ទៅ​សិក្សា ដើម្បី​ធនធានមនុស្ស ដើម្បី​លើក​ស្ទួយ​កម្ពស់​ជាតិ​ហ្នឹង»។

យុវជន ធី ថន ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខែសីហា ឆ្នាំ​២០២៤​។ តុលាការ ចោទប្រកាន់​លោក ពីបទ «​រួមគំនិត​ក្បត់​» តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​លោក​បាន​រិះគន់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់ ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម CLV-DTA​។​

កាលពី​ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស បាន​នាំគ្នា​រិះគន់ និង​ធ្វើបាតុកម្ម​តវ៉ា យ៉ាង​ផុសផុល ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ដក កម្ពុជា​ចេញពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ដោយ​បារម្ភ ថា គម្រោង​នេះ ជា​ផែនការ​មហិច្ឆតា​របស់​វៀតណាម ដែល​ប្រើ​ឧបាយកល លេប យក​ទឹកដី​កម្ពុជា ចំនួន ៤​ខេត្ត នៅ​ភាគ​ឦសាន រួមមាន ខេត្ត​រតនគីរី មណ្ឌលគិរី ក្រចេះ និង ខេត្តស្ទឹងត្រែង​។ អាជ្ញាធរ​កម្ពុជា កាលនោះ​បាន​ប្រើ​កម្លាំង ចាប់ខ្លួន និង​ឃុំខ្លួន​ពលរដ្ឋ ជិត​១០០​នាក់។

ក្រោយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត បាន​លុបចោល គម្រោង​អភិវឌ្ឍន៍​ត្រីភាគី​នេះ​វិញ​។ ប៉ុន្តែ តុលាការ​កម្ពុជា នៅតែ​មិន​ដោះលែង​ក្រុម អ្នក​ដែល​រិះគន់ ពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV នោះ​ទេ លើកលែងតែ អ្នក​តវ៉ា​មួយចំនួន​តូច ដែល​ត្រូវ​បាន​ផ្ដល់​សេរីភាព​វិញ ដោយសារ​ការសរសេរ​លិខិត ឬ​ធ្វើ​វីដេអូ សុំទោស​អ្នកកាន់អំណាច ឬ ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក នី សុខា ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​ថា ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ បន្ត​ចាប់ និង​ដាក់​ពន្ធនាគារ លើ​អ្នក​ដែល​បញ្ចេញមតិ​រិះគន់ និង ធ្វើ​សកម្មភាព​ជួយ សង្គម បាន​លទ្ធផល​ត្រឹមតែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រង​សម្ពាធ​កាន់តែ​ខ្លាំង ពី​មជ្ឈដ្ឋាន​ជាតិ និង សហគមន៍​អន្តរជាតិ។

លោក នី សុខា លើកឡើង​ថា រឿង​ដែល​មាន​ប្រយោជន៍ សម្រាប់​ទាំងអស់គ្នា នៅ​ពេល​នេះ គឺ​ត្រូវ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ដែល​រដ្ឋាភិបាល​ត្រូវ​នាំមុខ ក្នុង​ការ​បំពេញការងារ​នេះ​។ លោក​ពន្យល់​ថា ស្មារតី​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ត្រូវ​ផ្អែកលើ គោលការណ៍​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង ឱកាស​ដែល​ពលរដ្ឋ​គ្រប់ និន្នាការ មាន​សិទ្ធិ​ស្មើគ្នា តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ពុំ​មែន​ការប្រើ​មធ្យោបាយ រឹតត្បិត សេរីភាព​ក្រុម​ណាមួយ ដែល​មាន​មតិ​មិន​ស្រប​នឹង​រដ្ឋាភិបាល​នោះ​ទេ។

លោក នី សុខា៖ «​កា​រដាក់​ទោស​ទណ្ឌ ឬ​ការ​ចាប់ខ្លួន​អ្នកប្រើប្រាស់​សិទ្ធិ​សេរីភាព បញ្ចេញមតិ ភាគច្រើន​នៅក្នុង​ប្រទេស​ដែល​កាន់​លទ្ធិកុម្មុយនីស្ដ​ទេ ដែល​មាន​ការ​ចាប់ខ្លួន​បែបនេះ ប៉ុន្តែ​នៅក្នុង​ប្រ​ទេ​សេរី​គេ​មិន​ទៅ​ធ្វើទុក្ខបុកម្នេញ ឬ​ចាប់ខ្លួន​អ្នក​ដែល គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នោះ​ទេ ហើយ​ប្រទេស​កម្ពុជា​យើង​ផង វា​ជា​ប្រទេស​មួយ​ធានា​ដោយ​ច្បាប់ សិទ្ធិ​សេរីភាព​បញ្ចេញមតិ​មានការ​ធានា​ដោយ​ច្បាប់​។ ដូច្នេះ យើង​ទៅ​ធ្វើទុក្ខបុកម្នេញ ឬ​ទៅ​ចាប់​អ្នក​ដែល​បញ្ចេញមតិ​បែបនេះ វា​មិន​ឆ្លុះបញ្ចាំង​ពី​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ»។

អ្នកឃ្លាំមើល​លើកឡើង​ថា លោក ហ៊ុន ម៉ា​ណែ​ត កំពុង​បន្ត​នយោបាយ​ហិង្សា​និយម លើ​សេរីភាព​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក គ្មាន​ស្ថិរភាព និង​ត្រូវ ប្រឈម​កម្ដៅ​កំហឹង​របស់​មហាជន​ខ្មែរ​ផង និង ប្រតិកម្ម​កាន់តែ​ធ្ងន់ ពី​សហគមន៍ អន្តរជាតិ​ផង ខណៈ​ការបោះឆ្នោត​ឆ្នាំ​២០២៧ និង ឆ្នាំ​២០២៨ កាន់តែ​កៀក​ពេល​ទៅ​ហើយ។

ពួកគាត់​ថា កាលណា​ប្រជាពលរដ្ឋ​ទូទៅ រង​អយុត្តិធម៌​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ពលរដ្ឋ អស់​ការ​រំពឹង​ទាំងស្រុង​លើ​ប្រព័ន្ធ​អនុវត្តន៍​ច្បាប់ នោះ​ចរន្ត​ផ្លាស់ប្ដូរ​ដោយ​ផ្ទាល់ ដែល​កើត​ចេញពី​ពលរដ្ឋ​ក៏​ធំ​ដែរ ដូច្នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត គួរ​ធ្វើការ កែទម្រង់​ឲ្យ​ទាន់ពេល ដោយ​ឲ្យ​តម្លៃ​លើ​ការគោរព​សិទ្ធិ​សេរីភាព ប្រជាពលរដ្ឋ​ជា​អាទិភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ