

ឪពុកយុវជនសង្គម ធី ថន លើកទឹកចិត្តកូនប្រុស ឲ្យបន្តអត់ធ្មត់ និងតស៊ូ ដើម្បីយុត្តិធម៌សង្គម ទោះបីជាលោកឈឺចាប់ ដែលឃើញកូនប្រុស ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៧ឆ្នាំក៏ដោយ។ សង្គមស៊ីវិលថា ការផ្ដន្ទាទោសយុវជន ធី ថន គឺមានលក្ខណៈការជាការដឹកនាំតាមបែបផ្ដាច់ការ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
ឪពុកយុវជនសង្គម និងជាប្រធានស្ដីទីនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ធី ថន គឺលោក មឿន ធី មានប្រសាសន៍ថា កូនប្រុសលោក គឺជាយុវជន ដែលខិតខំរៀនសូត្រ និង តែងបានចូលរួមសកម្មភាពជួយសង្គម ដូច្នេះ លោកថា ការកាត់ទោសកូន ប្រុសលោក ឲ្យជាប់ពន្ធនាគារដល់ទៅ ៧ឆ្នាំ ដោយចោទថាក្បត់ជាតិ គឺជារឿងអយុត្តិធម៌ ដែលមិនអាច ទទួលយកបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោក មឿន ធី នៅតែលើកទឹក ចិត្តកូនប្រុស ឲ្យខិតខំថែទាំសុខភាព និង ពង្រឹង សស្មារតីតស៊ូទៅមុខទៀត ដើម្បីយុត្តិធម៌សង្គម ដែលពលរដ្ឋទូទៅប្រាថ្នាចង់បាន។
លោក មឿន ធី ៖«ជូនពរឱ្យខាងយុវជន ឬអ្នកនយោបាយ ដែលនៅក្នុងពន្ធនាគារ ហ្នឹង ដើម្បីតស៊ូបន្តិចទៀតចុះ ដើម្បីឱ្យមានសុខភាពល្អ ដើម្បីថែរក្សាចិត្តហ្នឹងឱ្យតស៊ូបន្តិចតទៅមុខ»។
យុវជន ធី ថន គឺជាប្រធានស្ដីទីនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជានិស្សិតសិក្សាផ្នែកគីមីចំណីអាហារ នៅសកលវិទ្យាភូមិន្ទភ្នំពេញ។
មិត្តភក្ដិជិតស្និទ្ធនឹងលោក ប្រាប់ទូរទស្សន៍អាស៊ីសេរី ដោយសូមមិនបញ្ចេញឈ្មោះ និងសំឡេងថា អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ យុវជន ធី ថន តែងតែឆ្លៀតចូលរួមការងារសង្គម ដោយស្ម័គ្រចិត្ត ជាមួយអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ របស់ពលរដ្ឋ រួមទាំងការផ្សព្វផ្សាយអំពីបញ្ហា បរិស្ថាន និង ធ្វើយុទ្ធនាការតស៊ូមតិ ទាមទារយុត្តិធម៌ជូនវីរជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងបរិស្ថាន ដូចជាអ្នកការពារព្រៃឈើលោក ឈុត វុទ្ធី និងអ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ដែលសុទ្ធតែត្រូវបានឃាតកបាញ់សម្លាប់ជាដើម។
ឪពុកយុវជន ធី ថន គឺលោក មឿន ធី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើបាបកូនប្រុសលោកឱ្យខាតពេលវេលារៀនសូត្រផង ខណៈកូនប្រុសរបស់លោកកំពុងមានជំងឺដែលត្រូវលេបថ្នាំព្យាបាលជាប្រចាំ និងធ្វើឱ្យគ្រួសារលោកជួបការលំបាកផង ដោយសារត្រូវរកថវិកាឧបត្ថម្ភកូននៅក្នុងពន្ធនាគារ។ លើសពីនេះទៀត លោកថា វាជាការបាត់បង់ធនធានមនុស្សសម្រាប់គ្រួសារលោក និងប្រទេសជាតិ ពេលមានយុវជនដែលប្រឹងប្រែងរៀនសូត្រ និងធ្វើការដើម្បីជាតិ បែរជាត្រូវជាប់ពន្ធនាគារទៅវិញ។
លោក មឿន ធី៖ «ធនធានមនុស្សវាបាត់បង់ ព្រោះអីយុវជន ដែលកំពុងសិក្សា ដូចខ្ញុំក្រុមគ្រួសារខ្ញុំជីវភាព វាខ្សត់ខ្សោយផង ដើម្បីឧបត្ថម្ភកូនទៅរៀន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើជាតិ បម្រើសង្គម ហើយដល់ពេលឃុំឃាំង អ៊ីចឹងដូចជាបំបាក់បំភិតបំភ័យដល់យុវជន ដែលខំបន្តសិក្សា ម៉ែឪជំរុញឱ្យ ទៅសិក្សា ដើម្បីធនធានមនុស្ស ដើម្បីលើកស្ទួយកម្ពស់ជាតិហ្នឹង»។
យុវជន ធី ថន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅរាជធានីភ្នំពេញក្នុងខែសីហា ឆ្នាំ២០២៤។ តុលាការ ចោទប្រកាន់លោក ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកបានរិះគន់រដ្ឋាភិបាល ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម CLV-DTA។
កាលពីឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស បាននាំគ្នារិះគន់ និងធ្វើបាតុកម្មតវ៉ា យ៉ាងផុសផុល ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដក កម្ពុជាចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដោយបារម្ភ ថា គម្រោងនេះ ជាផែនការមហិច្ឆតារបស់វៀតណាម ដែលប្រើឧបាយកល លេប យកទឹកដីកម្ពុជា ចំនួន ៤ខេត្ត នៅភាគឦសាន រួមមាន ខេត្តរតនគីរី មណ្ឌលគិរី ក្រចេះ និង ខេត្តស្ទឹងត្រែង។ អាជ្ញាធរកម្ពុជា កាលនោះបានប្រើកម្លាំង ចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋ ជិត១០០នាក់។
ក្រោយការតវ៉ារបស់ពលរដ្ឋខ្មែរ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានលុបចោល គម្រោងអភិវឌ្ឍន៍ត្រីភាគីនេះវិញ។ ប៉ុន្តែ តុលាការកម្ពុជា នៅតែមិនដោះលែងក្រុម អ្នកដែលរិះគន់ ពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នោះទេ លើកលែងតែ អ្នកតវ៉ាមួយចំនួនតូច ដែលត្រូវបានផ្ដល់សេរីភាពវិញ ដោយសារការសរសេរលិខិត ឬធ្វើវីដេអូ សុំទោសអ្នកកាន់អំណាច ឬ ចុះចូលគណបក្សប្រជាជនកម្ពុជា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ប្រាប់ទូរទស្សន៍ អាស៊ីសេរីថា ចំណាត់ការរបស់អាជ្ញាធរ និងតុលាការ បន្តចាប់ និងដាក់ពន្ធនាគារ លើអ្នកដែលបញ្ចេញមតិរិះគន់ និង ធ្វើសកម្មភាពជួយ សង្គម បានលទ្ធផលត្រឹមតែធ្វើឱ្យរដ្ឋាភិបាលរងសម្ពាធកាន់តែខ្លាំង ពីមជ្ឈដ្ឋានជាតិ និង សហគមន៍អន្តរជាតិ។
លោក នី សុខា លើកឡើងថា រឿងដែលមានប្រយោជន៍ សម្រាប់ទាំងអស់គ្នា នៅពេលនេះ គឺត្រូវផ្សះផ្សាបង្រួបបង្រួមជាតិ ដែលរដ្ឋាភិបាលត្រូវនាំមុខ ក្នុងការបំពេញការងារនេះ។ លោកពន្យល់ថា ស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ត្រូវផ្អែកលើ គោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង ឱកាសដែលពលរដ្ឋគ្រប់ និន្នាការ មានសិទ្ធិស្មើគ្នា តាមស្មារតីរដ្ឋធម្មនុញ្ញពុំមែនការប្រើមធ្យោបាយ រឹតត្បិត សេរីភាពក្រុមណាមួយ ដែលមានមតិមិនស្របនឹងរដ្ឋាភិបាលនោះទេ។
លោក នី សុខា៖ «ការដាក់ទោសទណ្ឌ ឬការចាប់ខ្លួនអ្នកប្រើប្រាស់សិទ្ធិសេរីភាព បញ្ចេញមតិ ភាគច្រើននៅក្នុងប្រទេសដែលកាន់លទ្ធិកុម្មុយនីស្ដទេ ដែលមានការចាប់ខ្លួនបែបនេះ ប៉ុន្តែនៅក្នុងប្រទេសេរីគេមិនទៅធ្វើទុក្ខបុកម្នេញ ឬចាប់ខ្លួនអ្នកដែល គ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិនោះទេ ហើយប្រទេសកម្ពុជាយើងផង វាជាប្រទេសមួយធានាដោយច្បាប់ សិទ្ធិសេរីភាពបញ្ចេញមតិមានការធានាដោយច្បាប់។ ដូច្នេះ យើងទៅធ្វើទុក្ខបុកម្នេញ ឬទៅចាប់អ្នកដែលបញ្ចេញមតិបែបនេះ វាមិនឆ្លុះបញ្ចាំងពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យ»។
អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន ម៉ាណែត កំពុងបន្តនយោបាយហិង្សានិយម លើសេរីភាពប្រជាពលរដ្ឋ ដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោក គ្មានស្ថិរភាព និងត្រូវ ប្រឈមកម្ដៅកំហឹងរបស់មហាជនខ្មែរផង និង ប្រតិកម្មកាន់តែធ្ងន់ ពីសហគមន៍ អន្តរជាតិផង ខណៈការបោះឆ្នោតឆ្នាំ២០២៧ និង ឆ្នាំ២០២៨ កាន់តែកៀកពេលទៅហើយ។
ពួកគាត់ថា កាលណាប្រជាពលរដ្ឋទូទៅ រងអយុត្តិធម៌កាន់តែធ្ងន់ធ្ងរហើយពលរដ្ឋ អស់ការរំពឹងទាំងស្រុងលើប្រព័ន្ធអនុវត្តន៍ច្បាប់ នោះចរន្តផ្លាស់ប្ដូរដោយផ្ទាល់ ដែលកើតចេញពីពលរដ្ឋក៏ធំដែរ ដូច្នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរធ្វើការ កែទម្រង់ឲ្យទាន់ពេល ដោយឲ្យតម្លៃលើការគោរពសិទ្ធិសេរីភាព ប្រជាពលរដ្ឋជាអាទិភាព៕








