សមត្ថកិច្ច​មិនទាន់​ឃាត់ខ្លួន​មន្ត្រី​តុលាការ​នៅ​ខេត្ត​កោះកុង​ពាក់ព័ន្ធ​ករណី​ជួល​វិឡា​ឱ្យ​បណ្ដាញ​ឆបោក​តាម​អនឡាញ

0
50
ទិដ្ឋភាពអាជ្ញាធរចុះត្រួតពិនិត្យនៅផ្ទះវីឡាមួយកន្លែងរបស់មន្ត្រីតុលាការខេត្ត​ លោក ពិន សេរីវិបុល ស្ថិតនៅភូិស្ទឹងវែង សង្កាត់ស្ទឹងវែង ខេត្ត​កោះកុង ដែលលាក់ក្រុមឆបោកអនឡាញ​ជាជនជាតិចិន កាលពីថ្ងៃទី៨ កញ្ញា ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពអាជ្ញាធរចុះត្រួតពិនិត្យនៅផ្ទះវីឡាមួយកន្លែងរបស់មន្ត្រីតុលាការខេត្ត​ ស្ថិតនៅភូិស្ទឹងវែង សង្កាត់ស្ទឹងវែង ខេត្ត​កោះកុង ដែលលាក់ក្រុមឆបោកអនឡាញ​ជាជនជាតិចិន កាលពីថ្ងៃទី៨ កញ្ញា ២០២៦។ រូប៖ បណ្ដាញសង្គម

សមត្ថកិច្ច​មិនទាន់​ឃាត់ខ្លួន​មន្ត្រី​តុលាការ​ម្នាក់​នៅ​ខេត្តកោះកុង​ដែល​រង​ការ​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ការជួល​វិឡា​ឱ្យ​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅឡើយ​។ អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង ស្នើ​ដល់​អាជ្ញាធរ និង​ស្ថាប័ន​តុលាការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​មន្ត្រី​អនុវត្ត​ច្បាប់ និង​អ្នក​មាន​អំណាច​ដែល​បន្ត​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន​ជួល​ទីតាំង​វិឡា​ឱ្យ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើល​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង លើកឡើង​ថា ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​គ្មាន​ប្រសិទ្ធភាព​គឺ​ដោយសារតែ​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ប្រឡូកប្រឡាក់​នឹង​ឧក្រិដ្ឋកម្ម​នេះ និង​គ្មាន​ឆន្ទៈ​បង្ក្រាប​លើ​មេខ្លោង​កំពូលៗ​ដែល​កាង​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​។ លើស​ពី​នេះ​ទៀត ពួកគាត់​ថា បញ្ហា​អំពើពុករលួយ និង​ប្រព័ន្ធ​ដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម ក៏បាន​ក្លាយជា​ឧបសគ្គ​ធំ​ដល់​ការអនុវត្ត​ច្បាប់​ប្រកបដោយ​តម្លាភាព និង​ស្មើភាព​រវាង​អ្នក​មាន​អំណាច និង​ប្រជាពលរដ្ឋ​ក្រីក្រ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ការណ៍​ដែល​គ្មាន​ចំណាត់ការ​លើ​ក្រុម​ឧកញ៉ា និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ដល់​ជា​គំរូ​អាក្រក់​ដល់​មន្ត្រី​តុលាការ និង​អ្នកមាន​​អំណាច​មួយចំនួន​មិនបាន​ខ្លាចញញើត​នឹង​ច្បាប់​កម្ពុជា​ឡើយ ហើយ​ពួកគេ​នៅតែ​បន្ត​ឃុបឃិត​ជួល​ទីតាំង ឬ​វិឡា​របស់​ខ្លួន​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​សម្រាប់​បន្ត​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​។ លោក​រិះគន់​ថា ការ​បង្ក្រាប​អំពើពុករលួយ ឬ​ចាត់វិធានការ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ត្រឹមតែ​ថ្នាក់ក្រោម ឬ​ដោយ​ដុំៗ​នេះ នឹង​មិនអាច​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ។

លោក ស៊ឹង សែនករុណា៖ «​ទាល់តែ​មានការ​ចាត់​វិធានកា​រ​ពី​ថ្នាក់លើ​មក​ក្រោម ទើប​ថ្នាក់​ខាងក្រោម​នេះ​មានការ​ខ្លាចរអា មានការ​ភ័យខ្លាច​ក្នុង​ការ​ចាត់វិធានការ​។ ប្រៀប​ដូច​ទៅ​នឹង​ការ​សម្អាត​សំរាម​អ៊ីចឹង បើសិនជា​យើង​សម្អាត​ពី​លើ​ផ្ទះ​មក​ក្រោម ច្បាស់​ណាស់ អា​ខាងលើ​យើង​មិន​សម្អាត​ទេ ខាងលើ​នៅតែ​ទម្លាក់​សំរាម​ហ្នឹង​ចុះ​មក​ក្រោម​អ៊ីចឹង​។ អ៊ីចឹង​វា​អត់​ស្អាត​ទេ វា​ដូច​នឹង​ការ​បង្ក្រាប​អំពើពុករលួយ​ក៏​ដូច្នេះ​ដែរ​។ បើ​ថ្នាក់ដឹកនាំ​ខាងលើ​អត់​មានការ​ចាត់វិធានការ​អំពើពុករលួយ​ទេ ការ​មានបាន​ដោយ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ ពុករលួយ យក​មក​ធ្វើ​មាន​ធ្វើ​បាន​ពី​ថ្នាក់លើ​មក ហើយ​អត់​មានការ​ចាត់វិធានការ បែរជា​ទៅ​ចាត់វិធានការ​ថ្នាក់​តូច​ទាប​អី​ក៏​អ៊ីចឹង​ដែរ ក៏​មិនអាច​កម្ចាត់​នូវ​អំពើពុករលួយ​បាន​ដែរ»។

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​កម្លាំង​ក្រុង​ខេមរភូមិន្ទ​កាលពី​រសៀល​ទី​៨ ខែកញ្ញា បាន​ចូល​បង្ក្រាប​ទីតាំង​ផ្ទះ​វិឡា​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ខេត្តកោះកុង​។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ៩​នាក់​សុទ្ធតែ​គ្មាន​លិខិតឆ្លងដែន និង​បាន​រឹបអូស​បាន​គ្រឿងញៀន​មួយចំនួន រួម​ទាំង​វត្ថុតាង​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​ជាច្រើន​គ្រឿង​ដែល​សង្ស័យ​ថា ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

ព្រះរាជអាជ្ញា​ខេត្តកោះកុង លោក អេង ច័ន្ទភារ៉ា បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី​៩ ខែកញ្ញា​ថា ម្ចាស់​វិឡា​ដែល​ជួល​ទីតាំង​ឱ្យ​បណ្ដាញ​ក្រុម​ឆបោក​តាម​អនឡាញ​ធ្វើ​សកម្មភាព​នេះ​គឺ​លោក ពិន សេរីវិបុល ដែល​ជា​មន្ត្រី​រដ្ឋបាល​នៃ​សាលាដំបូង​ខេត្តកោះកុង​។ លោក​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ការជួល​វិឡា​របស់​មន្ត្រី​សាលាដំបូង​ខេត្ត​រូប​នេះ​មិនបាន​អនុវត្ត​តាម​អនុក្រឹត្យ​រដ្ឋាភិបាល ឬ​ភ្ជាប់​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជនបរទេស​ឡើយ។

អាជ្ញាធរ​ខេត្តកោះកុង​អះអាង​ថា ជនសង្ស័យ​ជនជាតិ​ចិន​ទាំង ៩​នាក់​ត្រូវ​បាន​សួរចម្លើយ និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​។ ចំណែក ម្ចាស់​វិឡា​ដែល​ជា​មន្ត្រី​តុលាការ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស្រាវជ្រាវ និង​តាម​ឃាត់ខ្លួន​របស់​កម្លាំង​សមត្ថកិច្ច។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​ព្រះរាជអាជ្ញា​ខេត្តកោះកុង លោក អេង ច័ន្ទភារ៉ា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​នៅ​ថ្ងៃទី​៩ ខែកញ្ញា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​លោក ប៉ោ មករា ទាមទារ​ដល់​អាជ្ញាធរ​ឲ្យ​បើក​ការស៊ើបអង្កេត​ស៊ីជម្រៅ​លើ​អ្នកសមគំនិត និង​អ្នកមាន​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឆបោក​ផ្សេងទៀត ដើម្បី​យក​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ដោយ​គ្មាន​ការលើកលែង។

លោក ប៉ោ មករា៖ «មួយវិញទៀត គួរតែ​ចាប់ផ្ដើម​ពិនិត្យ​ទៅលើ​អ្នក​ដែល​ពាក់ព័ន្ធ​ធំៗ ឫសគល់​ធំៗ ដែល​អាច​ធ្វើ​ឱ្យ​បញ្ហា (Scam) នេះ​វា នៅតែ​មាន​ការ​រីក​រាល​ដាល​នៅ​តាម​តំបន់​នីមួយៗ​។ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​ហ្នឹង ប្រតិបត្តិ​ការ​បង្ក្រាប​បញ្ហា​អំពើពុករលួយ​ហ្នឹង​ក៏​ជា​បញ្ហា​សំខាន់​ដែរ​។ អ៊ីចឹង គួរតែ​ធ្វើ​រឿង​នេះ​ឱ្យ​ទន្ទឹមគ្នា ដើម្បី​វែកមុខ​អ្នក​ដែល​ពាក់ព័ន្ធ​សំខាន់ៗ ជាពិសេស​អ្នក​ដែល​មាន​ឥទ្ធិពល មានអំណាច​ហ្នឹង កាង​នៅ​ពីក្រោយ​បញ្ហា (Scam) ហ្នឹង»។

បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ចុះ​បង្ក្រាប​តាម​អគារ​មជ្ឈមណ្ឌល​ឆបោក​ធំៗ ក្រុម​ជនបរទេស និង​ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​បែកខ្ញែក និង​ត្រូវ​បាន​បណ្ដេញ​ឆបោក​ណែនាំ​ឱ្យ​បន្ត​លួចលាក់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​តាម​ផ្ទះ​ជួល មន្ទីរពេទ្យ ផ្ទះល្វែង និង​វិឡារ​បស់​អ្នក​មាន​អំណាច​ជាដើម​។ ទោះជា​យ៉ាងណា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​លើ​ទីតាំង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វិឡា​របស់​មន្ត្រី ឬ​អ្នក​មាន​អំណាច​មួយចំនួន​កន្លងទៅ​រង​ការ​រិះគន់​ថា អាជ្ញាធរ​តែង​រក​ល្បិចកល និង​លេស​ផ្សេងៗ ដើម្បី​ការពារ​ឱ្យ​ម្ចាស់​វិឡា​ដែល​បាន​ជួល​ទីតាំង​ឱ្យ​ក្រុម​ឆបោក​អាច​រួច​ផុត​ពី​ការទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។ ជាក់ស្ដែង កូនប្រុស​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ លោក ឯក សំ​អូន គឺ​លោក អូន សុខ​សិលា ដែល​មាន​ឋានន្តរសក្ដិ​ជា​មន្ត្រី​យោធា​ផ្កាយ​១ ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ជួល​វិឡា​របស់​ខ្លួន​នៅ​ខេត្តបាត់ដំបង ឱ្យ​ក្រុម​ឆបោក​តាម​អនឡាញ​។ ក្រោយ​ករណីនេះ​បែកធ្លាយ លោក អូន សុខ​សិលា បាន​រត់​គេច​ខ្លួន​ហើយ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ក៏​មិនបាន​ឃាត់ខ្លួន ឬ​បង្ហាញ​វិធានការ​ផ្លូវច្បាប់​លើ​កូន​មន្ត្រី​យោធា​ផ្កា ៣ រូប​នេះ​ជា​សាធារណៈ​នៅឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ