អាជ្ញាធរខេត្ត​ឧត្តរមានជ័យ​ដោះលែង​ចាងហ្វាង​សារព័ត៌មាន​ដែល​រាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ​ក្រោយ​ឃុំខ្លួន​មួយ​យប់

0
91
ចាងហ្វាង​សារព័ត៌មាន «​ស្រទាប់​យុវជន​» លោក ប៉ែន នួន។ រូប៖ បណ្ដាញសង្គម
ចាងហ្វាង​សារព័ត៌មាន «​ស្រទាប់​យុវជន​» លោក ប៉ែន នួន។ រូប៖ បណ្ដាញសង្គម

ចាងហ្វាង​សារព័ត៌មាន «​ស្រទាប់​យុវជន​» ទទួល​បាន​សេរីភាព​វិញ​នៅ​ថ្ងៃទី​១៤ ខែសីហា ក្រោយ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ​ចាប់ខ្លួន និង​ឃុំ​មួយ​យប់ ជុំវិញ​ការ​រាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ​។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​រូប​នេះ ជា​រូបភាព​គំរាមកំហែង​ដល់​អ្នកសារព័ត៌មាន​ក្នុង​ការ​បំពេញ​ការងារ​វិជ្ជាជីវៈ​របស់​ខ្លួន។

អ្នកសារព័ត៌មាន​១​រូប ទទួល​បាន​សេរីភាព​វិញ ក្រោយ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៣ ខែ​សីហា ពាក់ព័ន្ធ​ការ​បង្ហោះ​រូបភាព​ថ្នាក់ដឹកនាំ​ដូចជា អភិបាលខេត្ត​ឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា ស្នងការ​នគរបាល​ខេត្ត​លោក ខូវ លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​លោក អ៊ឹម សារិទ្ធ និង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក លី ដា​រិទ្ធ ជាដើម ភ្ជាប់​ជាមួយ​បទល្មើស​ព្រៃឈើ។

កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត បាន​ចាប់ខ្លួន ចាងហ្វាង​សារព័ត៌មាន «​ស្រទាប់​យុវជន​» លោក ប៉ែន នួន ក្នុង​ថ្ងៃ​ឈប់​សម្រាក អំឡុង​ពេល​លោក​កំពុង​ធ្វើ​ដំណើរ​មក​ពី​ធ្វើ​ទ្រុង​ជ្រូក ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​បរិភោគ​អាហារ​ថ្ងៃត្រង់ នៅ​ភូមិ រំចេក ឃុំ អន្លង់វែង រួច​បញ្ជូន​ទៅកាន់​ទីបញ្ជាការដ្ឋាន​កង​រាជា​អាវុធហត្ថ​ខេត្ត​ឧត្ដរមានជ័យ​។​

ចាងហ្វាង​សារព័ត៌មាន «​ស្រទាប់​យុវជន​» លោក ប៉ែន នួន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការដែល​កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​លោក​នេះ គឺ​ដើម្បី​យក​ទៅ​សួរនាំ​ពី​ដំណើររឿង​ជុំវិញ ការ​រាយការណ៍​របស់​លោក​កាលពី​ថ្ងៃទី​២៩ កក្កដា ពាក់ព័ន្ធ​យក​រូបភាព​ថ្នាក់ដឹកនាំ​ភ្ជាប់​ជាមួយ​បទល្មើស​ព្រៃឈើ​។ លោក​ថា អាជ្ញាធរ​បាន​លើកឡើង​ថា ការ​ភ្ជាប់​រូបភាព​ថ្នាក់ដឹកនាំ​ជាមួយ​បទល្មើស​ព្រៃឈើ​នេះ គឺ​អាច​បង្កើត​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​។ លោក​ថា ការ​ភ្ជាប់​រូបភាព​ថ្នាក់ដឹកនាំ​នៅ​លើ​វីដេអូ​ឃ្លី​ប​រាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ​នោះ គឺ​ដើម្បី​ស្នើសុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ជួយ​ពិនិត្យមើល​លើ​ការអនុវត្ត​កាតព្វកិច្ច​របស់​មន្ត្រី​មូលដ្ឋាន និង​បទល្មើស​ព្រៃឈើ​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​។ លោក​ថ្លែង​ការពារ​សេចក្តី​រាយការណ៍​របស់​លោក​ថា ព័ត៌មាន​ដែល​លោក​បាន​ចុះផ្សាយ​នោះ គឺ​មាន​ប្រភព​ច្បាស់លាស់ និង​ត្រឹមត្រូវ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន​។ លោក ប៉ែន នួន អះអាង​ថា អាជ្ញាធរ​បាន​លើក​ហេតុផល​ពី​ការ​ចាប់ខ្លួន​លោក​ទៅ​ដាក់​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ​១​យប់​នេះ គឺ​ដោយសារ​មិន​មាន​ពេលវេលា​សួរនាំ​គ្រប់គ្រាន់​ក្នុង​ម៉ោង​រដ្ឋបាល ទើប​តម្រូវ​ឲ្យ​លោក​ស្នាក់នៅ​ទីនោះ​១​យប់​។ អាជ្ញាធរ បាន​ឲ្យ​លោក​ធ្វើ​កិច្ចសន្យា​មុននឹង​ដោះលែង​ឲ្យ​លោក​មាន​សេរីភាព​វិញ។

លោក ប៉ែន នួន៖ «​ជាទូទៅ ប្រាកដ​ណាស់​យើង​ធ្វើ​ព័ត៌មាន​ដែល​អឺ​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ វា​ជា​ហានិភ័យ​ខ្ពស់​សឹងតែ ៩០%​។ រឿង​តូចតាច​មួយ​នេះ​មិនអាច​ធ្វើ​ឱ្យ​ខ្ញុំ​បោះបង់ ឬក៏​ដួល​ទាំង​ជំហរ​បានទេ ខ្ញុំ​នឹង​បន្ត​ទៅ​ទៀត ព្រោះ​ខ្ញុំ​បាន​ដើរ​លើ​វិស័យ​នេះ​អស់​ចូល ២០ ឆ្នាំ​មក​ហើយ ហើយ​ការ​ប្ដឹងផ្ដល់​ហ្នឹង​ក៏​ស្ទើរតែ​គ្រប់​រាល់​ឆ្នាំ​ដែរ គឺ​គេ​ប្ដឹង​ជាប់​រហូត​។ អ្វី​ដែល​យើង​រួច​ផុត​ពី​ការចោទប្រកាន់​ផ្នែក​ច្បាប់​បាន ដោយសារតែ​យើង​សរសេរ​ព័ត៌មាន​ណា​ដែល​ពិត ដែល​ច្បាស់​ការណ៍​។ អញ្ចឹង​ធ្វើ​ឱ្យ​ខ្ញុំ​ឈរ​លើ​វិស័យ​មួយ​នេះ​បាន​ច្រើន​ឆ្នាំ ព្រោះ​ទោះជា​រង​បណ្ដឹង​ច្រើនយ៉ាង​ណាក៏ដោយ»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ លោក លី ដារិទ្ធ ដើម្បី​សួរនាំ​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ នៅ​ថ្ងៃទី​១៤ កញ្ញា ដោយ​លោក​រវល់​ប្រជុំ​។​

កាលពី​ថ្ងៃទី​១០ សីហា មុន​ឈាន​ដល់​ការ​ចាប់ខ្លួន​នេះ លោក ប៉ែន នួន បាន​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា ដើម្បី​ឲ្យ​លោក​អន្តរាគមន៍​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​លោក វរសេនីយ៍ឯក ធិននី សុគន្ធា បាន​ចេញ​លិខិត​អញ្ជើញ ចំនួន ០២ លើក ឱ្យ​លោក​ចូល​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​ចូលខ្លួន​បំភ្លឺ ជុំវិញ​ការ​ចុះផ្សាយ​រូបភាព​ថ្នាក់ដឹកនាំ ទៅ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​សាធារណៈ ដោយ​លោក​យល់ថា អាជ្ញាធរ​ខេត្ត​មិន​យក​ច្បាប់​ក្នុង​វិស័យ​ព័ត៌មាន​មក​អនុវត្ត ដែល​ជា​ការ​បំភិតបំភ័យ​ក្នុង​អាជីព ជា​អ្នក​សារព័ត៌មាន។

នៅក្នុង​លិខិត​សុំ​កិច្ច​អន្តរាគមន៍​លោក ប៉ែន នួន បាន​រៀបរាប់​ថា នៅ​លើ​គេហទំព័រ និង នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា «​ស្រទាប់​យុវវ័យ​» បាន​ចុះផ្សាយ​ព័ត៌មាន រឿង​ការ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ដែល​បទល្មើស​កើតឡើង​កាលពី​ថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ ២០២៦​។ ក្រោយពី​បាន​ផ្សាយ​មិន​ដល់​មួយថ្ងៃ ក៏​មាន​ការ​ស្នើ​សុំឱ្យ​លោក​លុប​ព័ត៌មាន​ដែល​បាន​ផ្សាយ​នោះ​ចេញ ហើយ​លោក​ក៏បាន​លុបចោល​វិញ​ទាំងអស់​។​

លោក​អះអាង​ថា ព័ត៌មាន​ដែល​លោក បាន​ចុះផ្សាយ គឺ​មាន​ភស្តុតាង​ទាំង​សម្លេង រូបភាព និង វីដេអូ ច្បាស់លាស់ និង​មិនបាន​បំភ្លៃ​ការពិត​ឡើយ​។ ចំពោះ​រូបភាព​ដែល​លោក​បាន​ប្រើ​ក្នុង​ព័ត៌មាន​ដែល​ចុះផ្សាយ​នោះ មានតែ​មន្ត្រី​ដែល​មាន​តួនាទី​ភារកិច្ច​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តែប៉ុណ្ណោះ ដោយ​មិនបាន​យក​រូបភាព​ថ្នាក់ដឹកនាំ​ផ្សេង មក​ធ្វើការ​ផ្សព្វផ្សាយ​នោះ​ទេ​។ លោក​ថា ការ​ចេញ​លិខិត​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នេះ ធ្វើ​ឱ្យ​លោក​ភិតភ័យ​មិន​ហ៊ាន​នៅផ្ទះ មិនបាន​រស់​ជួបជុំ​កូន ប្រពន្ធ និង មិនបាន​ប្រកបមុខរបរ​អ្វី​ទាំងអស់។

អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់​ជិត មានប្រសាសន៍ថា ការ​បង្ហោះ​របស់​ចាងហ្វាង​សារព័ត៌មាន​រូប​នេះ គឺ​ដើម្បី​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ប៉ុន្តែ​អាជ្ញាធរ​បែរជា​យល់ថា ការ​បង្ហោះ​រូប​ថ្នាក់ដឹកនាំ​ទាំងនេះ ជាការ​ធ្វើ​ឲ្យ​ច្របូកច្របល់​ទៅវិញ​។ លោក​បន្ត​ថា នេះ​ជា​រូបភាព​គំរាមកំហែង​ដល់​អ្នកសារព័ត៌មាន​។ លោក​ថា ការប្រើ​រូបភាព​កោះហៅ​ដោយ​បង្ខិតបង្ខំ​នេះ ជា​ការ​រំលោភសិទ្ធិ​អ្នកសារព័ត៌មាន។

លោក អ៊ិន គង់​ជិត៖ «​យើង​ស្នើសុំ​អាជ្ញាធរ មាន​សមត្ថកិច្ច បើសិនជា​អឺ​មើលទៅ​អត្ថបទ​ហ្នឹង​វា​មាន​ភាព​មិនទាន់​ជាក់លាក់ ឬក៏​ព័ត៌មាន​ខ្លះ​មិនទាន់​ជាក់លាក់ ឬក៏​ខ្វះ​អី គឺ​ស្ថាប័ន​គាត់​មាន​អ្នកនាំពាក្យ អាច​ចេញ​សេចក្តី​បំភ្លឺ បញ្ជាក់​តបត​វិញ​បាន​។ គឺ​ប្រើ​សេចក្តី​បំភ្លឺ បញ្ជាក់ បកស្រាយ​វិញ ហើយ​ស្នើ​សុំ​ឱ្យ​ម្ចាស់​អង្គភាព​សារព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ហ្នឹង​ឱ្យ​គាត់​ផ្សាយ​កែតម្រូវ​វិញ អនុវត្ត​ទៅតាម​ច្បាប់​សារព័ត៌មាន​។ សុំ​បញ្ឈប់​នូវ​ការប្រើ​រូបភាព​នៃ​ការប្រើ​កម្លាំង​ទៅ​ចាប់​អ្នកសារព័ត៌មាន​ដល់ទី​លំនៅ​ណា វា​ជា​រូបភាព​នៃ​ការ​គំរាមកំហែង​ដល់​របប​សារព័ត៌មាន​។ យើង​មានច្បាប់​ស្តីពី​របប​សារព័ត៌មាន ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច​ត្រូវតែ​ប្រើ​ឱ្យ​អស់​លទ្ធភាព​ទៅតាម​ច្បាប់​ហ្នឹង​សិន មុននឹង​មានការ​បង្ខំ​ណាមួយ»។

ក្រៅពី​ករណីនេះ លោក ប៉ែន នួន ក៏​ធ្លាប់​រង​ពាក្យ​បណ្តឹង​ផ្សេងទៀត​ផង​ដែរ ដោយ​កាលពី​អំឡុង ឆ្នាំ​២០២៤ សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ បាន​ផ្ដន្ទាទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ តែ​ទោស​ត្រូវ​ព្យួរ ពី​បទ​«​ការ​ចុះផ្សាយ​ព័ត៌មាន ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ស្ថិរភាព​នយោបាយ និង​ការ​ចុះផ្សាយ​ព័ត៌មាន​ដែល​ជា​ការ​ជេរប្រមាថ​មើលងាយ​ដល់​ស្ថាប័ន​ជាតិ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​»​ជាអាទិ៍​ជាដើម។

ទោះជា​ធ្លាប់​រង​ពាក្យ​បណ្តឹង ក្នុងអំឡុងពេល​បំពេញ​តួនាទី​ជា​អ្នកសារព័ត៌មាន​ក្តី ក៏​លោក​ប្ដេជ្ញា​បន្ត​ភារកិច្ច​របស់​លោក​ដូចដើម ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គមជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ