

សាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែកញ្ញា បានបើកសវនាការបណ្តឹងឧទ្ធរណ៍ លើអង្គសេចក្តីរបស់សមាជិកគណបក្សកម្លាំងជាតិ លោក វ៉ន វ៉ាន ដោយមិនមានវត្តមានមេធាវី និងគ្រួសារ របស់លោកចូលរួមឡើយ។ ក្រោយបញ្ចប់សវនាការសួរដេញដោល សាលាឧទ្ធរណ៍ខេត្តនេះ សម្រេចប្រកាសសាលដីកា នៅព្រឹកថ្ងៃទី៦ ខែតុលា ខាងមុខ។
សវនាការនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំនេះ ធ្វើឡើងក្រោយលោក វ៉ន វ៉ាន បានប្តឹងជំទាស់ចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ ខែឧសភា។ សាលាដំបូងខេត្តកំពង់ចាម បានផ្ដន្ទាទោសសមាជិកគណបក្សកម្លាំងជាតិរូបនេះ ឱ្យជាប់ពន្ធនាគារ ១៨ ខែ ពីបទ«ប្រមាថចំពោះអង្គព្រះមហាក្សត្រ» និង បទ«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែកញ្ញា ថា មជ្ឈដ្ឋានជាតិ និងសហគមន៍អន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំង អំពើកំណើននៃចាប់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ លើសកម្មជន និងអ្នកនយោបាយគណបក្សក្រៅរដ្ឋាភិបាល រួមទាំងសកម្មជនសង្គមជាច្រើនរូប ដោយសារតែពួកគាត់អនុវត្តសិទ្ធិជាមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។ លោកថា ករណី នេះមិនធ្វើឱ្យកម្ពុជា បានផលចំណេញអ្វីទេ ប៉ុន្តែ កាន់តែខូចមុខមាត់ថែមទៀត។
លោក អំ សំអាត៖ «ក្នុងអំឡុងពេលបេសកកម្មរបស់ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិលើបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកន្លងមក ក៏បានលើកឡើងដែរថា ការអនុវត្តសិទ្ធិមនុស្សមូលដ្ឋានមិនមែនជាកម្មវត្ថុនៃបទល្មើស ឬក៏កម្មវត្ថុនៃការជាប់ពន្ធនាគារទេ ព្រោះជាការអនុវត្តសិទ្ធិជាមូលដ្ឋាន និងសេរីភាព ជាមូលដ្ឋាន ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏បានធានាពីការអនុវត្ត សិទ្ធិសេរីភាព និងការអនុវត្តសិទ្ធិជាមូលដ្ឋាន»។
លោក វ៉ន វ៉ាន ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ បន្ទាប់មក នៅថ្ងៃទី១៨ ខែមករា សមត្ថកិច្ចបានបញ្ជូន លោកទៅឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ចាម។ ការចាប់ខ្លួន ចោទប្រកាន់ និងផ្ដន្ទាទោសលោក វ៉ន វ៉ាន ធ្វើឡើងក្រោយពីលោកបានបង្ហោះសាររិះគន់រដ្ឋាភិបាលពាក់ព័ន្ធ នឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
សមាជិកគណបក្សកម្លាំងជាតិ លោក វ៉ន វ៉ាន គឺជាអ្នកទោសននយោបាយមួយរូប ក្នុងចំណោមអ្នកទោសនយោបាយនិងអ្នកទោសមនសិការ ជាង ១០០នាក់ ដែលអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews)បានរំឭកចំពោះមុខ លោក ហ៊ុន ម៉ាណែត កាលពីចុងខែកក្កដា ឱ្យដោះលែង និងផ្ដល់សេរីភាពឡើងវិញ ដើម្បីចាប់ផ្ដើមស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា៕









