រដ្ឋាភិបាល​បន្ត​មិន​ដោះស្រាយ​រឿង​លុយ​អតិថិជន ហួយវ័ន ខណៈ​លោក ហ៊ុន តូ ប្រឈម​ទណ្ឌកម្ម​អាមេរិក

0
120
រូបសហប្រធានក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លោក ហ៊ុន តូ ដែលអតិថិជនរងគ្រោះ​លើកបដា​នៅមុខស្ថានទូតចិន ​។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
រូបសហប្រធានក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លោក ហ៊ុន តូ ដែលអតិថិជនរងគ្រោះ​លើកបដា​នៅមុខស្ថានទូតចិន ​។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា នៅ​តែ​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​លុយ​កាក់​របស់​អតិថិជន​ដែល​ជាប់​គាំង​នៅ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ បើ​ទោះ​បី​ជា​ជនរងគ្រោះ​បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​អំពាវនាវ​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ជា​បន្តបន្ទាប់​ក្តី។ ជនរងគ្រោះ​ព្រមាន​ថា កេរ្តិ៍​ឈ្មោះ​កម្ពុជា​នឹង​កាន់​តែ​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ ហើយ​អ្នក​វិនិយោគ​ក៏​បាត់បង់​ទំនុក​ចិត្ត​មិន​ហ៊ាន​ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា​ឡើយ បើ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល​នៅ​តែ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សាច់​ញាតិ និង​បក្ខពួក​ខ្លួន​បន្ត​ប្លន់​យក​លុយ​ពលរដ្ឋ​តាម​ទំនើង​ចិត្ត​ដោយ​គ្មាន​ច្បាប់​ការពារ។

រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នៅ​តែ​ទុក​ឱ្យ​ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ជាច្រើន​នាក់​បន្ត​ចេញ​ស្វែងរក​ដំណោះស្រាយ​ដោយ​ខ្លួន​ឯង និង​ចេញ​តវ៉ា​តាម​ដង​ផ្លូវ ដើម្បី​ទាមទារ​ប្រាក់​របស់​ពួកគាត់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក​ជិត​មួយ​ឆ្នាំ​មក​ហើយ។

ក្រុម​ជនរងគ្រោះ​នៃ​ក្រុមហ៊ុន ហួយវ័ន ប្រមាណ​ជាង ៤០នាក់​កាល​ពី​ថ្ងៃ​ទី១៦ ខែកញ្ញា បន្ត​ប្រមូល​ផ្ដុំ​គ្នា​ឈរ​តវ៉ា និង​លើក​បដា​នៅ​ខាង​មុខ​ស្ថានទូត​ចិន ដើម្បី​ទាមទារ​ឱ្យ​ក្មួយ​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ សង​លុយ​ដែល​ពួកគាត់​ខិតខំ​រក​បាន​ដោយ​លំបាក។

ក្រុម​បាតុករ​ភាគច្រើន​ជា​ជនជាតិ​ចិន​បញ្ជាក់​ថា មកដល់ពេលនេះ ជនរងគ្រោះ​មិន​ត្រឹម​តែ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ប៉ុន្តែ​ការ​ចេញ​តវ៉ា​ដោយ​សន្តិវិធី​ការពារ​សិទ្ធិ ឬ​ទាមទារ​លុយ​ខ្លួន​ឯង​ក៏​ត្រូវ​បាន​អាជ្ញាធរ និង​ជនស៊ីវិល​តាម​យាយី​គំរាមកំហែង​គ្រប់​ទម្រង់។ ជនរងគ្រោះ​ឱ្យ​ដឹង​ទៀត​ថា មាន​ជនស៊ីវិល​មួយ​ក្រុម​ដែល​មាន​អត្តចរិត​កោងកាច​តែងតែ​ឃ្លាំមើល និង​ចាប់​ទាញ​បដា រូបថត​គ្រួសារ​លោក ហ៊ុន សែន ព្រម​ទាំង​ឧបករណ៍​បំពង់​សំឡេង មិន​ឱ្យ​ជនជាតិ​ចិន​ស្រែក​តវ៉ា​ឡើយ។

ជនរងគ្រោះ​ជនជាតិ​ចិន​ម្នាក់​ថ្លែង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ក្រុម​ជនស៊ីវិល​ទាំង​នេះ​ទំនង​ត្រូវ​បាន​លោក ហ៊ុន តូ បញ្ជា​ឱ្យ​មក​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ចិន និង​ខ្មែរ​ដែល​រងគ្រោះ និង​បំភិតបំភ័យ​បំបាក់​ស្មារតី កុំ​ឱ្យ​ជនរងគ្រោះ​ចេញ​តវ៉ា​ទាមទារ​លុយ​របស់​ខ្លួន​បន្ត​ទៀត។

ជនរងគ្រោះ​រូប​នេះ​សរសេរ​ជា​សារ​រិះគន់​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន នឹង​ប្រឈម​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច ព្រម​ទាំង​មាន​កេរ្តិ៍​ឈ្មោះ​កាន់​តែ​អាក្រក់​លើ​ឆាក​អន្តរជាតិ​ដោយសារ​តែ​អនុវត្ត​ច្បាប់​មិន​បាន​ការពារ​ពលរដ្ឋ​ដែល​រងគ្រោះ និង​កាត់​ទោស​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស។

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​បញ្ជូន​ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) លោក លី សុង (LI XIONG) ជា​ជនជាតិ​ចិន​មាន​សញ្ជាតិ​ខ្មែរ ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ដើម​ឆ្នាំ២០២៦ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​អនឡាញ និង​ការ​លាង​លុយ​កខ្វក់។ ចំណែក លោក ហ៊ុន តូ ក្មួយ​ប្រុស​បង្កើត​លោក ហ៊ុន សែន មក​ដល់​ពេល​នេះ គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ស៊ើបអង្កេត​ឡើយ បើ​ទោះ​បី​ជា​លោក​បាន​សារភាព​ថា មាន​ភាគហ៊ុន ៣០ភាគរយ និង​ជា​សហប្រធាន​មួយ​រូប​នៅ​ក្នុង​ក្រុមហ៊ុន ហួយវ័ន ផេ ក៏​ដោយ។  

ទោះ​ជា​យ៉ាងណា​ក៏​ដោយ លោក ហ៊ុន តូ ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​គ្រាក់ៗ​មួយ​ចំនួន​ទៀត​ដែល​អាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ដោយ​ផ្ទាល់ ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​ឆបោក ការ​ជួញដូរ​មនុស្ស ការ​ធ្វើ​ទារុណកម្ម អំពើ​ពុករលួយ​ធ្ងន់ធ្ងរ និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។  

ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KDM) អ្នកស្រី មូរ សុខហួរ លើក​ទឹកចិត្ត និង​គាំទ្រ​ឱ្យ​ជនរងគ្រោះ​ទាំង​អស់​បន្ត​សកម្មភាព​តវ៉ា​ទាមទារ​សិទ្ធិ និង​លុយ​កាក់​របស់​ខ្លួន​ឱ្យ​កាន់​តែ​សកម្ម។ អ្នកស្រី​ឱ្យ​ដឹង​ថា ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​កំពុង​ធ្វើ​កិច្ច​ការងារ​ជាមួយ​អ្នក​ជំនាញ​សេដ្ឋកិច្ច និង​មេធាវី​នៅ​សហរដ្ឋអាមេរិក ដើម្បី​ផ្ដល់​កិច្ច​គាំពារ​ដល់​ជនរងគ្រោះ​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ។  

អ្នកស្រី មូរ សុខហួរ វាយតម្លៃ​ថា លោក ហ៊ុន តូ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងៗ​ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នៅ​ពេល​ខាង​មុខ​ឡើយ ដោយសារ​តែ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គ្មាន​ឆន្ទៈ​ស៊ើបអង្កេត និង​ស្វែងរក​មេខ្លោង​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

អ្នកស្រី មូរ សុខហួរ៖«អ្នក​ដឹកនាំ​នៅ​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​នេះ មិន​មាន​ឆន្ទៈ​គ្រប់គ្រាន់ ឆន្ទៈ​មាន​លុះត្រាតែ​ពលរដ្ឋ​ហ៊ាន​តស៊ូ​មតិ ហ៊ាន​តវ៉ា ហ៊ាន​ងើប​ឈរ ហ៊ាន​មិន​សម្ដែង​អ្វី​ដែល​ជា​ការ​ពិត ហើយ​និង​ទុក​សន្លឹក​ឆ្នោត​ឱ្យ​អ្នក​ដែល​អាច​ដោះស្រាយ​បញ្ហា​ជាតិ​បាន កុំ​ទុក​សន្លឹក​ឆ្នោត​របស់​ខ្លួន​ទៅ​ឱ្យ​របប​ដដែលៗ​ទៀត។ បញ្ហា​ដែល​ធំ​នៅ​ប្រទេស​កម្ពុជា គឺ​អំពើ​ពុករលួយ វប្បធម៌​និទ្ទណ្ឌភាព តុលាការ​មិន​ឯករាជ្យ ហ្នឹង​ហើយ​ដែល​គេ​នៅ​តែ​ទាមទារ​ឱ្យ​យក​ឈ្មោះ​ថ្នាក់​លើ​បំផុត​មាន​ទាំង​លោក ហ៊ុន តូ គេ​សុំ​ឱ្យ​សភា​បន្ត​ដាក់​ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ ។ល។ និង​អាច​ឈាន​ទៅ​ដល់​ការ​ប្រឈម​មុខ​នៅ​តុលាការ​នៅ​ប្រទេស​អាមេរិក»

ក្រុមហ៊ុន ហួយវ័ន ផេ ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Pay) មាន​កម្មវិធី​ទូទាត់​លុយ​តាម​អនឡាញ និង​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ដែល លោក ហ៊ុន តូ ត្រូវ​ជា​ក្មួយ​បង្កើត​លោក ហ៊ុន សែន ជា​សហប្រធាន​មួយ​រូប។ សហរដ្ឋអាមេរិក និង​ចក្រភពអង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​នេះ​ដោយ​រក​ឃើញ​ថា បាន​លាង​លុយ​កខ្វក់​ឱ្យ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង និង​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៤ពាន់​លាន​ដុល្លារ​អាមេរិក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ