អ្នក​វិភាគ​​ស្នើ​ឱ្យ​រដ្ឋាភិបាល​​​​ដក​​​មន្ត្រី​​​​គ្មាន​ទំនួល​ខុស​ត្រូវ​ធ្វើ​ការ​ទាល់​តែ​មាន​ពលរដ្ឋ​តវ៉ា និង​បញ្ជា​ពី​ថ្នាក់​លើ

0
11
ទិដ្ឋភាពបេតុងនៅ​ភូមិ​ពង្រ​ ទៅ​កាន់​ភូមិ​ស្រែ​អំពិល ក្នុង​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ មុននិងក្រោយសម្អាតដី ក្រោយរងការរិះគន់។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពបេតុងនៅ​ភូមិ​ពង្រ​ ទៅ​កាន់​ភូមិ​ស្រែ​អំពិល ក្នុង​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ មុននិងក្រោយសម្អាតដី ក្រោយរងការរិះគន់។ រូប៖ បណ្ដាញសង្គម

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ​ថា លោក​អស់​សំណើច​ជា​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ផ្លូវ​បេតុង​មួយ​ខ្សែ​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ត្រូវ​បាន​អាជ្ញាធរ​ចាក់​ដី​ពីលើ ហើយ​មិន​ព្រម​កាយ​ដី​ទៅ​សង​ខាង​ផ្លូវ​ភ្លាមៗ​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។ លោក​ចាត់​ទុក​សកម្មភាព​ការងារ​ខ្ជីខ្ជា​របស់​អាជ្ញាធរ​បែប​នេះ បង្ហាញ​ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ របស់​អាជ្ញាធរ ក្នុង​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹម​ត្រូវ។

លោក​​​បន្ត​​ថា បើ​ទោះ​បី​ជា​​អាជ្ញាធរ​អះអាង​ថា ​ការ​ចាក់​ដី​នេះ​ ដើម្បី​បំពេញ​​ជើងទេរ ​ឬ​​ចាក់​​ដើម្បី​​​ការពារ​ការ​បាក់​ដី​​​តាម​​ជាយ​​​​​​​ផ្លូវ​​​​​​ក៏​ដោយ​​ ​​​ប៉ុន្តែ​​​​រូប​​ភាព​ដែល​​​​បង្ហោះ​​លើ​បណ្ដាញ​សង្គម​​​​​​ ​​​​​គឺ​​​ខុស​​ទាំង​ស្រុង​តាម​​​​​បច្ចេកទេស​​​​​​​​ ​​ព្រោះ​​អាចម៍​​​ដី​​ទាំង​នោះ​ ​បាន​​ចាក់​​​លុប​លើ​ផ្លូវ​​បេតុង​ ស្ទើរ​តែ​​ពេញ​ផ្លូវ​​។​​លោក​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​​​​​​​​ត្រូវ​ពិនិត្យ​ឡើង​វិញ ហើយ​​​ដកហូត តំណែង​​​មន្ត្រី​ដែល​គ្មាន​​ទំនួល​ខុស​ត្រូវ​​​​​​​។

បណ្ឌិត មាស នី៖ «ទាក់ទង​នឹង​បញ្ហា​ដែល​យើង​ឃើញ​ហ្នឹង​គឺ​វា​អស់​សំណើច​​ ។​ អញ្ចឹង​វា​ត្រូវ​តែ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ ហើយ​​មាន​ការ​ខុស​ឆ្គង​​ហ្នឹង​ ​មន្ត្រី​​​ត្រូវ​រង​ការ​​ដាក់​វិន័យ ឬ​ក៏​ដក​តាម​តាម​ច្បាប់​ទៅ​បាទ​ ដក​តំណែង ​​​​អីចឹង​​ទៅ​ព្រោះ​អី​មើល​ទៅ​ដូច​​គេ​ថា​ធ្វើ​ដែរ ប៉ុន្តែ​ធ្វើ​ដោយ​អត់​មាន​ការ​ទទួល​ខុស​ត្រូវ ធ្វើ​ឲ្យ​តែ​​​​រួច​​​តែ​​ពី​មាត់ ហើយ​វា​មាន​មិន​សម​ផ្នែក​មហាជន​ហ្នឹង​ »។

​​ការ​លើក​ឡើង​នេះ​​ ក្រោយ​ពី​មហា​ជន​​​បាន​រិះគន់​ខ្លាំង​រឿង​​​​​ផ្លូវ​បេតុង​​​​​​​​​ប្រវែង​​១​​គីឡូ​ម៉ែត្រ​​​ដែល​ត​ភ្ជាប់​ពី​ភូមិ​ពង្រ​ ទៅ​កាន់​ភូមិ​ស្រែ​អំពិល ក្នុង​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្ដាល​។​ ផ្លូវ​បេតុង​​​​នេះ​ ត្រូវ​បាន​​​​ក្រុម​ហ៊ុន​ធ្វើ​ផ្លូវ​​យក​​​​​ដី​​មក​ចាក់​​​លុប​​ពី​​លើ​​ស្ទើរ​​​ទាំង​ស្រុង​ ​ដូច​ជា​ការ​ធ្វើ​ផ្លូវ​​​​ថ្មី​ម្ដង​ទៀត​ ​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ធ្វើ​ដំណើរ​​របស់​ពលរដ្ឋ​​ ​។​​​ ប៉ុន្តែ​​​អាជ្ញាធរ​ខេត្ត​កណ្ដាល ​​អះអាង​ថា​ ជា​ការ​ចាក់​ដី​បំពេញ​​​​ជើងទេរ​​ ​​ដើម្បី​ទប់​កុំ​​​ឱ្យ​​​បាក់​ដី​ ហើយ​អាជ្ញាធរ​មិន​ទាន់​បាន​កាយ​ដី​ទៅ​សង​ខាង​ផ្លូវ​។​​​​​​​​​​​​​​​​​

ក្រោយ​ពី​មាន​ការ​រិះគន់​​ខ្លាំង​​​​​​​ពី​ពលរដ្ឋ​​ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ ​​​បាន​​​​​​បញ្ជា​​ឱ្យ​ ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​​​​​​​​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​​​​​​ ​​​ត្រូវ​​​បាន​​​បោសសម្អាត​​អាចម៍​ដី​​​​ទាំង​នោះ​​ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​​ធ្វើ​ដំណើរ​​លើ​ផ្លូវ​នោះ​ឡើង​​វិញ​​​។​​ ប៉ុន្តែ​​​​ គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ចំណាត់​ការ​ ឬ​​​​ការ​​ត្រួតពិនិត្យ​ និង​ការ​​​​ដាក់​ពិន័យ​​​​មក​លើ​មន្ត្រី​​ពាក់ព័ន្ធ​​​ណា​ម្នាក់​នោះ​​ឡើយ​​​ រហូត​មក​​ទល់​ពេល​នេះ​​ បើ​ទោះ​បី​ជា លោក ហ៊ុន ម៉ាណែត ​ចាត់​ទុក​ការ​ធ្វើ​ផ្លូវ​នោះ​ ​​​​​​ខុស​បច្ចេកទេស​ក្ដី​​។​​

​​​​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​​​​​​ ​​​បណ្ឌិត​ ​​ប៉ា ចន្ទរឿន​​​ បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​​ នៅ​ថ្ងៃ​ទី​​២១ ខែ​​កញ្ញា​​ ​​​ថា​​ ​​​​ករណី​ចាក់​ដី​​លើ​ផ្លូវ​បេតុង​​​​នៅ​​ឃុំ​ឈ្វាំង ​​​ខេត្ត​កណ្ដាល​​​​នេះ​ មិន​ត្រឹម​តែ​ជា​ «ភាព​មិន​ប្រក្រតី​ផ្នែក​បច្ចេកទេស​សាង​សង់» ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​​​​ការ​​​ឆ្លុះបញ្ចាំង​ពី​ចន្លោះ​ប្រហោង​នៃ​ប្រព័ន្ធ​អភិបាលកិច្ច ​និង​ការ​គ្រប់គ្រង​គុណភាព​នៅ​ថ្នាក់​មូលដ្ឋាន។​​

លោក​ថា​​ ជា​រឿង​​​​គួរ​ឱ្យ​​កោត​សរសើរ​​ចំពោះ​​ ការ​ឆ្លើយតប​របស់​​ថ្នាក់​ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ​​​​ក្រោយ​ពី​មាន​ការ​​​​រិះគន់​​ពី​​​មហា​ជន​​​​ ប៉ុន្តែ​គួរ​ជៀស​វាង​​​ការដឹកនាំ​បែប​ពន្លត់ភ្លើង​​។​ លោក​បន្ត​ថា​​​​​ ក្នុង​ប្រព័ន្ធ​អភិបាលកិច្ច​ទំនើប ថ្នាក់ដឹកនាំ​កម្រិត​រដ្ឋមន្ត្រី​មិន​អាច​ចុះ​ពិនិត្យ​ផ្លូវ​រាល់ ​១ គីឡូម៉ែត្រ​នៅ​ទូទាំង​ប្រទេស​បាន​ឡើយ ប៉ុន្តែ​​ ​ការ​ប្រើ​ប្រាស់​ យន្តការ​ស្ថាប័ន និង​ការ​ទទួល​ខុស​ត្រូវ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ឱ្យ​បាន​​ត្រឹម​ត្រូវ​​​ ​គឺ​​​ជា​ឆ្អឹង​ខ្នង​រឹងមាំ​ក្នុង​ការ​គ្រប់គ្រង​ការងារ​​​​ឱ្យ​មាន​ប្រសិទ្ធភាព។​​.

​​​ជា​មួយ​គ្នា​នោះ​លោក​ថា​ ចន្លោះ​ប្រហោង​នៃ​ការងារ​ត្រួតពិនិត្យ និង​តម្លៃ​ថវិកា​សាធារណៈ ​​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ តែង​មាន​កិច្ច​សន្យា ​​ជា​មួយ​​ក្រុម​ហ៊ុន​ម៉ៅការ និង​ក្រុម​វិស្វករ​ត្រួតពិនិត្យ​បច្ចេកទេស។ ​​ដូច្នេះ​ លោក​ថា​ នៅ​ពេល​​​​​​ដែល​ក្រុម​ហ៊ុន​​ធ្វើ​ការ​ខុស​លំដាប់​បច្ចេកទេស រហូត​ធ្វើ​ឱ្យ​ផ្លូវ​បេតុង​ក្លាយ​ជា​ផ្លូវ​ភក់ បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ បង្ហាញ​ពី​ភាព​ធូររលុង​នៃ​ការ​ត្រួត​ពិនិត្យ​ការដ្ឋាន​ប្រចាំ​ថ្ងៃ​​ ពី​សំណាក់​អាជ្ញាធរ​​​។ ​​​​លោក​បញ្ជាក់​​​ថា​​ នេះ​មិន​ត្រឹម​តែ​ប្រឈម​នឹង​ការ​ថយ​​​​នូវ​គុណភាព​​​​ផ្លូវ​ទេ តែ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​​ជាតិ​​ ​​ក្នុង​ការ​​​ជួសជុល​ឡើង​វិញ។

បន្ថែម​ពី​លើ​នោះ​ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​​ អនុវត្ត​វិន័យ​កិច្ច​សន្យា​ឱ្យ​ម៉ឺងម៉ាត់​​ តាម​រយៈ​​ការ​​ត្រូវ​ពិនិត្យ​គុណភាព​បេតុង​ឡើង​វិញ​ឱ្យ​ច្បាស់លាស់ និង​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​ម៉ៅការ ឬ​អ្នក​ត្រួតពិនិត្យ​ការដ្ឋាន​ដែល​ធ្វេស​ប្រហែស ដើម្បី​កុំ​ឱ្យ​កើត​មាន​គំរូ​អាក្រក់​នៅ​កន្លែង​ផ្សេង​ទៀត​។​ ហើយ​​ត្រូវ​ ពង្រឹង​ភាព​ជា​ម្ចាស់​ របស់​អាជ្ញាធរ​មូលដ្ឋាន ​ដោយ​​​ផ្ដល់​អំណាច និង​សមត្ថភាព​ដល់​អាជ្ញាធរ​ឃុំ-ស្រុក និង​មន្ទីរ​ជំនាញ​ខេត្ត ក្នុង​ការ​ផ្អាក​ការដ្ឋាន​ភ្លាម​ៗ​ពេល​ឃើញ​ខុស​បច្ចេកទេស ដោយ​មិន​ចាំ​បាច់​រង់​ចាំ​ការ​ផ្ទុះ​កំហឹង​លើ​បណ្ដាញ​សង្គម ឬ​រង់​ចាំ​ចំណាត់​ការ​​ពី​ថ្នាក់​ជាតិ។

ទន្ទឹម​គ្នា​នោះ​ លោក​​​ជំរុញ​ឱ្យ​មាន​ការ​​លើក​​កម្ពស់​តម្លាភាព​គម្រោង និង​ការ​ទទួល​ពាក្យ​បណ្ដឹង​​​​​​ជា​ពិសេស​​ គ្រប់​គម្រោង​សាង​សង់​ត្រូវ​តែ​ដាក់​ស្លាក​ព័ត៌មាន​គម្រោង ​ឱ្យ​បាន​ច្បាស់​លាស់​ ​​​​អំពី​​ថវិកា ក្រុម​ហ៊ុន​ទទួល​​​ខុស​ត្រូវ​​​ វិស្វករ​ទទួល​បន្ទុក និង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​​​ រួម​ទាំង​បង្កើត​យន្តការ​ទទួល និង​ដោះស្រាយ​បណ្ដឹង​តវ៉ា​ របស់​ពលរដ្ឋ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព។

​​ពលរដ្ឋ​​ និង​អ្នក​ឃ្លាំ​មើល​សង្កេត​ឃើញ​ថា​ ​ភាព​មិន​​ប្រក្រតី​នេះ​​ពុំ​មែន​ទើប​តែ​​កើត​មាន​នោះ​ទេ​​​គឺ​​​បញ្ហា​ផ្លូវ​​ថ្នល់​​​ ​ស្ទើរ​តែ​ទូទាំង​​ប្រទេស​កម្ពុជា​​​ ​តែងតែ​​​​មាន​បញ្ហា​​មិន​ចេះ​ចប់​​ ​​​ដោយ​​សារ​តែ​​​កង្វះ​​​​ការ​​ត្រួតពិនិត្យ និង​​ការ​​វាយ​តម្លៃ​​​ឱ្យ​បាន​​ត្រឹម​ត្រូវ ​​ពីសំណាក់​អ្នក​ជំនាញ​ឯករាជ្យ ​ទើប​ធ្វើ​ឱ្យ​ផ្លូវ​ជាច្រើន​ ប្រើ​ប្រាស់​​បាន​​តែ​ក្នុង​រយៈ​ពេល​ខ្លី​ក៏​ខូច​ខាត​​​អស់​​​​​ខណៈ​​​​ការ​ចំណាយ​ថវិកា​​នៅ​តាម​​គម្រោង​​​នីមួយ​ៗ​​​​ខ្ពស់ ​​​​។ ​​ពួក​គាត់​ថា​​​​​ផ្លូវ​​​ខ្លះ​ទៀត​ ធ្វើ​បាន​​ល្អ​​​​ ​ប៉ុន្តែ​​ក្រោយ​​មក​ក៏​ខូច​វិញ​យ៉ាង​ឆាប់រហ័ស​ ​ដោយ​សារ​តែ​​​​​​កាយ​ដី​​​​​​ដាក់​ព័ន្ធ​លូ​​​ ​​​ទើប​​​ធ្វើ​ឱ្យ​​​ខូច​ទ្រង់ទ្រាយ​​ផ្លូវ​​​​​ ដែល​រដ្ឋាភិបាល​ត្រូវ​តែ​​​ពិនិត្យ​ឡើង​វិញ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ