

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា លោកអស់សំណើចជាខ្លាំងនៅពេលដែលឃើញផ្លូវបេតុងមួយខ្សែនៅស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានអាជ្ញាធរចាក់ដីពីលើ ហើយមិនព្រមកាយដីទៅសងខាងផ្លូវភ្លាមៗបង្កការលំបាកដល់ការធ្វើដំណើររបស់ពលរដ្ឋ។ លោកចាត់ទុកសកម្មភាពការងារខ្ជីខ្ជារបស់អាជ្ញាធរបែបនេះ បង្ហាញពីកង្វះការទទួលខុសត្រូវ របស់អាជ្ញាធរ ក្នុងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។
លោកបន្តថា បើទោះបីជាអាជ្ញាធរអះអាងថា ការចាក់ដីនេះ ដើម្បីបំពេញជើងទេរ ឬចាក់ដើម្បីការពារការបាក់ដីតាមជាយផ្លូវក៏ដោយ ប៉ុន្តែរូបភាពដែលបង្ហោះលើបណ្ដាញសង្គម គឺខុសទាំងស្រុងតាមបច្ចេកទេស ព្រោះអាចម៍ដីទាំងនោះ បានចាក់លុបលើផ្លូវបេតុង ស្ទើរតែពេញផ្លូវ។លោកជំរុញឱ្យរដ្ឋាភិបាលត្រូវពិនិត្យឡើងវិញ ហើយដកហូត តំណែងមន្ត្រីដែលគ្មានទំនួលខុសត្រូវ។
បណ្ឌិត មាស នី៖ «ទាក់ទងនឹងបញ្ហាដែលយើងឃើញហ្នឹងគឺវាអស់សំណើច ។ អញ្ចឹងវាត្រូវតែមានការពិនិត្យមើលឡើងវិញ ហើយមានការខុសឆ្គងហ្នឹង មន្ត្រីត្រូវរងការដាក់វិន័យ ឬក៏ដកតាមតាមច្បាប់ទៅបាទ ដកតំណែង អីចឹងទៅព្រោះអីមើលទៅដូចគេថាធ្វើដែរ ប៉ុន្តែធ្វើដោយអត់មានការទទួលខុសត្រូវ ធ្វើឲ្យតែរួចតែពីមាត់ ហើយវាមានមិនសមផ្នែកមហាជនហ្នឹង »។
ការលើកឡើងនេះ ក្រោយពីមហាជនបានរិះគន់ខ្លាំងរឿងផ្លូវបេតុងប្រវែង១គីឡូម៉ែត្រដែលតភ្ជាប់ពីភូមិពង្រ ទៅកាន់ភូមិស្រែអំពិល ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។ ផ្លូវបេតុងនេះ ត្រូវបានក្រុមហ៊ុនធ្វើផ្លូវយកដីមកចាក់លុបពីលើស្ទើរទាំងស្រុង ដូចជាការធ្វើផ្លូវថ្មីម្ដងទៀត ដែលធ្វើឱ្យប៉ះពាល់ការធ្វើដំណើររបស់ពលរដ្ឋ ។ ប៉ុន្តែអាជ្ញាធរខេត្តកណ្ដាល អះអាងថា ជាការចាក់ដីបំពេញជើងទេរ ដើម្បីទប់កុំឱ្យបាក់ដី ហើយអាជ្ញាធរមិនទាន់បានកាយដីទៅសងខាងផ្លូវ។
ក្រោយពីមានការរិះគន់ខ្លាំងពីពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបោសសម្អាតអាចម៍ដីទាំងនោះ ដើម្បីឱ្យពលរដ្ឋអាចធ្វើដំណើរលើផ្លូវនោះឡើងវិញ។ ប៉ុន្តែ គេនៅពុំទាន់ឃើញមានចំណាត់ការ ឬការត្រួតពិនិត្យ និងការដាក់ពិន័យមកលើមន្ត្រីពាក់ព័ន្ធណាម្នាក់នោះឡើយ រហូតមកទល់ពេលនេះ បើទោះបីជា លោក ហ៊ុន ម៉ាណែត ចាត់ទុកការធ្វើផ្លូវនោះ ខុសបច្ចេកទេសក្ដី។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី២១ ខែកញ្ញា ថា ករណីចាក់ដីលើផ្លូវបេតុងនៅឃុំឈ្វាំង ខេត្តកណ្ដាលនេះ មិនត្រឹមតែជា «ភាពមិនប្រក្រតីផ្នែកបច្ចេកទេសសាងសង់» ប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីចន្លោះប្រហោងនៃប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងគុណភាពនៅថ្នាក់មូលដ្ឋាន។
លោកថា ជារឿងគួរឱ្យកោតសរសើរចំពោះ ការឆ្លើយតបរបស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រោយពីមានការរិះគន់ពីមហាជន ប៉ុន្តែគួរជៀសវាងការដឹកនាំបែបពន្លត់ភ្លើង។ លោកបន្តថា ក្នុងប្រព័ន្ធអភិបាលកិច្ចទំនើប ថ្នាក់ដឹកនាំកម្រិតរដ្ឋមន្ត្រីមិនអាចចុះពិនិត្យផ្លូវរាល់ ១ គីឡូម៉ែត្រនៅទូទាំងប្រទេសបានឡើយ ប៉ុន្តែ ការប្រើប្រាស់ យន្តការស្ថាប័ន និងការទទួលខុសត្រូវនៅថ្នាក់ក្រោមជាតិឱ្យបានត្រឹមត្រូវ គឺជាឆ្អឹងខ្នងរឹងមាំក្នុងការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាព។.
ជាមួយគ្នានោះលោកថា ចន្លោះប្រហោងនៃការងារត្រួតពិនិត្យ និងតម្លៃថវិកាសាធារណៈ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ តែងមានកិច្ចសន្យា ជាមួយក្រុមហ៊ុនម៉ៅការ និងក្រុមវិស្វករត្រួតពិនិត្យបច្ចេកទេស។ ដូច្នេះ លោកថា នៅពេលដែលក្រុមហ៊ុនធ្វើការខុសលំដាប់បច្ចេកទេស រហូតធ្វើឱ្យផ្លូវបេតុងក្លាយជាផ្លូវភក់ បង្កការលំបាកដល់ពលរដ្ឋ បង្ហាញពីភាពធូររលុងនៃការត្រួតពិនិត្យការដ្ឋានប្រចាំថ្ងៃ ពីសំណាក់អាជ្ញាធរ។ លោកបញ្ជាក់ថា នេះមិនត្រឹមតែប្រឈមនឹងការថយនូវគុណភាពផ្លូវទេ តែជាការខ្ជះខ្ជាយថវិកាជាតិ ក្នុងការជួសជុលឡើងវិញ។
បន្ថែមពីលើនោះ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវ អនុវត្តវិន័យកិច្ចសន្យាឱ្យម៉ឺងម៉ាត់ តាមរយៈការត្រូវពិនិត្យគុណភាពបេតុងឡើងវិញឱ្យច្បាស់លាស់ និងមានវិធានការចំពោះក្រុមហ៊ុនម៉ៅការ ឬអ្នកត្រួតពិនិត្យការដ្ឋានដែលធ្វេសប្រហែស ដើម្បីកុំឱ្យកើតមានគំរូអាក្រក់នៅកន្លែងផ្សេងទៀត។ ហើយត្រូវ ពង្រឹងភាពជាម្ចាស់ របស់អាជ្ញាធរមូលដ្ឋាន ដោយផ្ដល់អំណាច និងសមត្ថភាពដល់អាជ្ញាធរឃុំ-ស្រុក និងមន្ទីរជំនាញខេត្ត ក្នុងការផ្អាកការដ្ឋានភ្លាមៗពេលឃើញខុសបច្ចេកទេស ដោយមិនចាំបាច់រង់ចាំការផ្ទុះកំហឹងលើបណ្ដាញសង្គម ឬរង់ចាំចំណាត់ការពីថ្នាក់ជាតិ។
ទន្ទឹមគ្នានោះ លោកជំរុញឱ្យមានការលើកកម្ពស់តម្លាភាពគម្រោង និងការទទួលពាក្យបណ្ដឹងជាពិសេស គ្រប់គម្រោងសាងសង់ត្រូវតែដាក់ស្លាកព័ត៌មានគម្រោង ឱ្យបានច្បាស់លាស់ អំពីថវិកា ក្រុមហ៊ុនទទួលខុសត្រូវ វិស្វករទទួលបន្ទុក និងលេខទូរស័ព្ទទាន់ហេតុការណ៍ រួមទាំងបង្កើតយន្តការទទួល និងដោះស្រាយបណ្ដឹងតវ៉ា របស់ពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព។
ពលរដ្ឋ និងអ្នកឃ្លាំមើលសង្កេតឃើញថា ភាពមិនប្រក្រតីនេះពុំមែនទើបតែកើតមាននោះទេគឺបញ្ហាផ្លូវថ្នល់ ស្ទើរតែទូទាំងប្រទេសកម្ពុជា តែងតែមានបញ្ហាមិនចេះចប់ ដោយសារតែកង្វះការត្រួតពិនិត្យ និងការវាយតម្លៃឱ្យបានត្រឹមត្រូវ ពីសំណាក់អ្នកជំនាញឯករាជ្យ ទើបធ្វើឱ្យផ្លូវជាច្រើន ប្រើប្រាស់បានតែក្នុងរយៈពេលខ្លីក៏ខូចខាតអស់ខណៈការចំណាយថវិកានៅតាមគម្រោងនីមួយៗខ្ពស់ ។ ពួកគាត់ថាផ្លូវខ្លះទៀត ធ្វើបានល្អ ប៉ុន្តែក្រោយមកក៏ខូចវិញយ៉ាងឆាប់រហ័ស ដោយសារតែកាយដីដាក់ព័ន្ធលូ ទើបធ្វើឱ្យខូចទ្រង់ទ្រាយផ្លូវ ដែលរដ្ឋាភិបាលត្រូវតែពិនិត្យឡើងវិញ៕









