

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនអនុញ្ញាតឲ្យទឹកដីកម្ពុជាក្លាយជាទីជម្រក សម្រាប់ក្រុមឧក្រិដ្ឋជនឆបោកនោះឡើយ។ ប៉ុន្តែអ្នកឃ្លាំមើល យល់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងមិនអាចបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញបានជោគជ័យឡើយ ប្រសិនបើមេខ្លោងធំៗ រួមទាំងអ្នកមានអំណាចមួយចំនួនដែលរងការចោទថា ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ មិនត្រូវបានស៊ើបអង្កេត និងបន្តរស់នៅក្រៅសំណាញ់ច្បាប់។
លោក ហ៊ុន ម៉ាណែត បានថ្លែងសន្ទរកថាក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែកញ្ញា ដោយជឿជាក់ថា កម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឱ្យអស់លើទឹកដីកម្ពុជា ហើយប្ដេជ្ញាចិត្តបន្តសហការជាមួយស្ថាប័នស៊ើបអង្កេតអន្តរជាតិ។ លោកបញ្ជាក់ថា កន្លងទៅ កម្ពុជាបានពង្រឹងយន្តការស្ថាប័ន និងក្របខ័ណ្ឌច្បាប់ ដោយចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្ត អ្នកសម្របសម្រួល និងអ្នកផ្ដល់ការការពារ ឬទទួលផលពីបណ្ដាញឧក្រិដ្ឋកម្ម រួមទាំងការរឹបអូសទ្រព្យសម្បត្តិ និងការផ្ដន្ទាទោសតាមច្បាប់។
ជាមួយគ្នានោះ លោកលើកឡើងថា ដែនដីកម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញមកបំផ្លាញវឌ្ឍនភាព និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរជាង១៧លាននាក់នោះដែរ។ ទន្ទឹមគ្នានោះ លោកក៏បានព្រមានថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មិនគួរក្លាយជាលេសសម្រាប់ប្រទេសណាមួយយកមក ដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ ឬឈ្លានពានកាន់កាប់ដែនអធិបតេយ្យប្រទេសដទៃឡើយ ព្រោះរំលោភច្បាប់អន្តរជាតិ។
លោក ហ៊ុន ម៉ាណែត៖ «កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ អំពើវិនាសកម្មឆ្លងដែននេះ ជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ–១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជនមកបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៧ លាននាក់នោះឡើយ។ ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនបានកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះដែរ»។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើងក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែលមាន អ្នកចូលរួមជាង៧០០នាក់ មកពី២៧ប្រទេស។ សន្និស័ទនេះនឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃចាប់ពីថ្ងៃទី២៣ ដល់២៤ ខែកញ្ញា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
សន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានការចូលរួមថ្លែងសន្ទរកថាបើកដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អគ្គលេខាធិការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និង សមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) តំណាងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងនាយកប្រតិបត្តិការជាន់ខ្ពស់របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ជាដើម។
ប្រធានក្រុមការងារសម្របសម្រួលនៃអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) លោក នីកូឡាស ឃត (Nicholas Court) បានលើកឡើង នៅក្នុងសន្ទរកថាបើកសន្និស័ទថា រយៈពេល២ឆ្នាំចុងក្រោយនេះ បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ មានការកើនឡើងជាង៥០% នៅទូទាំងពិភពលោក ខណៈថវិកាដែល បានបាត់បង់ប្រចាំឆ្នាំ មានជាង ៣៤០លានដុល្លារ។លោកបញ្ជាក់ថា ថ្វីត្បិតបច្ចុប្បន្នមានការបង្ក្រាប និងចាប់ខ្លួន អ្នកពាក់ព័ន្ធរាប់សិបនាក់ ហើយបានជួយសង្គ្រោះជនរងគ្រោះជាច្រើននាក់ក្ដី ការឆបោកអនឡាញនៅតែជាប្រភេទបទល្មើសច្រើនជាងគេលើពិភពលោក ដែលតម្រូវឱ្យមានការចូលរួមពីបណ្ដាប្រទេសនានាដើម្បីប្រយុទ្ធប្រឆាំង។
ទន្ទឹមគ្នានោះ នាយកប្រតិបត្តិការជាន់ខ្ពស់របស់ទីភ្នាក់ងារស៊ើបអង្កេត សហព័ន្ធ (FBI) របស់សហរដ្ឋអាម៉េរិក ស្ទីហ្វិន ហ្វ្លរីស (Stephen Flores) ក៏បានបញ្ជាក់ដែរថា រយៈពេល១៨ខែចុងក្រោយនេះ FBI បានចាប់ខ្លួនមេក្រុមឧក្រិដ្ឋជនឆបោកអនឡាញ៦នាក់ ក្នុងចំណោម១០នាក់ ដែលរត់គេចខ្លួន ក្រោយពីមានកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសមួយចំនួន។ ដូច្នេះលោកជំរុញឱ្យមេដឹកនាំនៃប្រទេសនីមួយៗ គួរតែសហការ និងផ្លាស់ប្ដូរព័ត៌មានគ្នា ដើម្បីឆ្ពោះទៅរកការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបញ្ជាក់ថា FBI មិនអាចចុះចាប់មេខ្លោងឧក្រិដ្ឋជននៅតាមបណ្ដាប្រទេសណាមួយបានទេប្រសិនបើគ្មានការអនុញ្ញាត ពីបណ្ដាមេដឹកនាំនៃប្រទេសនីមួយៗ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា យល់ថា ការបង្ហាញជំហររបស់ លោក ហ៊ុន ម៉ាណែត នៅចំពោះមុខ សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញគឺជារឿងល្អ ប៉ុន្តែ លោកជំរុញឱ្យរដ្ឋាភិបាលត្រូវបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ មកលើមេខ្លោងធំៗ ដែលកន្លងទៅសហគមន៍អន្តរជាតិរកឃើញថា មានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល។ លោកបញ្ជាក់ថាការស៊ើបអង្កេតទាំងនោះគឺត្រូវធ្វើឡើងប្រកបដោយតម្លាភាព ដែលមានការចូលរួមពីស្ថាប័នស៊ើបអង្កេតអន្តរជាតិ ដូចជាការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) អង្គការប៉ូលិសអន្តរជាតិ (INTERPOL) ជាដើម ដើម្បីបង្ហាញ លទ្ធផលជាក់ស្ដែងជាជាងការសន្យា។
លោក ឌី ថេហូយ៉ា៖ «ទី១ ត្រូវតែធានានូវការមិនឱ្យមានកន្លែងឆបោកតាមអនឡាញ កន្លែងតូចក្ដី ធំក្ដី អាហ្នឹងទីមួយ។ ទីពីរ អ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងបញ្ជីដែល FBI រកឃើញហ្នឹង ត្រូវតែស៊ើបអង្កេតឱ្យបានម៉ត់ចត់ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ជាពិសេសសហរដ្ឋអាមេរិក ក៏ដូចជាអង្គការសហប្រជាជាតិ ដែលធ្វើការក្នុងវិស័យហ្នឹង ដើម្បីធានាបាននូវដំណើរការនៃការស៊ើបអង្កេតហ្នឹង វាប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ ហើយវាចំគោលដៅដែលបានកើតឡើង»។
កាលពីថ្ងៃទី១៥ ខែកញ្ញា ប្រធានគណៈកម្មាធិការពីរនៃសភាតំណាងរាស្ត្រអាមេរិក បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយចំនួននៅកម្ពុជា ដូចជា អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង អគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ក្មួយបង្កើត លោកហ៊ុន សែនគឺ លោក ហ៊ុន តូ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ជាដើមដែលសង្ស័យជាប់ពាក់ព័ន្ធនឹង ឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។
អ្នកឃ្លាំមើលយល់ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវតែបើកការស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលទាំងអស់ ដែលសហគមន៍អន្តរជាតិ រកឃើញថា ជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោក ដើម្បីបញ្ជាក់ថា កម្ពុជាពិតជាមានឆន្ទៈពិតប្រាកដ បើពុំដូច្នោះទេ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត មិនអាចធ្វើឱ្យសហគមន៍អន្តរជាតិជឿទុកចិត្តបានឡើយ។ ជាក់ស្ដែង ករណី ក្រសួងហិរញ្ញវត្ថុអាមេរិក ក៏ធ្លាប់បានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជាពីរូប គឺសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ និង លោក កុក អាន ពាក់ព័ន្ធការឆបោកតាមអនឡាញ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបដិសេធមិនបើកការស៊ើបអង្កេត ដោយចាត់ទុកថា ជារឿងបុគ្គល៕









