

ជនរងគ្រោះ និងក្រុមគ្រួសារដែលរងគ្រោះថ្នាក់ដោយសារមន្ត្រីនគរបាលខេត្តបាត់ដំបង បើករថយន្តក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ហើយបានជ្រុលទៅបុកប្រជាពលរដ្ឋដល់ក្នុងផ្ទះបណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៥នាក់នោះ បានទទូចសុំឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងផ្តល់សំណងជំងឺចិត្តឱ្យបានសមរម្យ ខណៈពួកគេកំពុងប្រឈមមុខនឹងការខ្វះខាតថវិកាព្យាបាលមុខរបួស។ អ្នកឃ្លាំមើល ជំរុញឲ្យអាជ្ញាធរជំនាញ និងតុលាការចាត់វិធានការច្បាប់ឲ្យបានលឿន ដើម្បីឲ្យជងគ្រោះទទួលបានសំណង និងយុត្តិធម៌។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ដែលបានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា បង្កឡើងដោយមន្ត្រីនគរបាល ស្ថិតនៅចំណុចភូមិកំចាត់ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយបានបណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងមនុស្សចំនួន ៥នាក់ផ្សេងទៀតរងរបួសធ្ងន់នោះ មកទល់ពេលនេះ ជនរងគ្រោះ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។ សាច់ញាតិជនរងគ្រោះ អះអាងថា ពួកគាត់ កំពុងជួបការលំបាកក្នុងជីវភាពដោយមិនមានលុយសម្រាប់ព្យាបាលរបួសផង និងត្រូវស្វែងរកយុត្តិធម៌ផង ។
ចៅប្រុសរបស់ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ គឺលោក ភារិទ្ធ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា នៅមុនពេលកើតហេតុ រូបលោក និងអ្នកភូមិជិត ១០នាក់ បានជួបជុំគ្នានៅក្រោមផ្ទះកើតហេតុ ដើម្បីបើកប្រាក់ឈ្នួលពលកម្មដកដំឡូង និងពិសារអាហារជុំគ្នា។ រំពេចនោះ មន្ត្រីនគរបាល៤រូប ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានបើករថយន្តក្នុងល្បឿនលឿន បុកដើមអំពិល និងបង្គោលភ្លើងបាក់ រួចជ្រុលមកបុកបង់ថ្ម សសរ និងជណ្តើរផ្ទះ។ រថយន្តនោះបានបន្តបុកចំជីតារបស់លោកអាយុ៦៦ឆ្នាំ ដែលកំពុងសម្រាកលើគ្រែ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង និងបន្តបុកមនុស្សផ្សេងទៀតជាបន្តបន្ទាប់បណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួន៥នាក់ទៀត ដោយអ្នកខ្លះបាក់ភ្លៅ និងអ្នកខ្លះរហែកសាច់ក្បាលជង្គង់ជាដើម។
លោកបញ្ជាក់ថា បន្ទាប់មក ជនបង្កដែលជានគរបាលនោះ បានចុះពីលើរថយន្តក្នុងស្ថានភាពស្រវឹង និងបានមគោះស្មារបស់លោក ហើយពោលថា សុទ្ធតែជាគ្នាឯងទេ ដោយគោលបំណងមិនចង់ឲ្យក្រុមគ្រួសារជនរងគ្រោះ រករឿងពួកគេ។
លោក ភារិទ្ធ ឲ្យដឹងទៀតថា ក្រោយកើតហេតុនេះ ភាគីបង្កបានសន្យាសងសំណងចំនួន៦ពាន់ (៦,០០០) ដុល្លារអាមេរិក ប៉ុន្តែទើបតែប្រគល់ប្រាក់ឱ្យចំនួន ៤លានរៀល (ប្រហែល ១,០០០ដុល្លារ) ប៉ុណ្ណោះ។ ក្រុមគ្រួសារជនរងគ្រោះសម្តែងការព្រួយបារម្ភពីឥទ្ធិពល និងខ្សែបណ្តាញរបស់ភាគីបង្ក ដែលអាចធ្វើឱ្យពួកគេមិនទទួលបានយុត្តិធម៌ពេញលេញ។
លោក ភារិទ្ធ៖ «វាអាងតែវាប៉ូលិស ដូចថាវាចុះមក វាអង្អែលស្មាខ្ញុំ វាថា “សុទ្ធតែគ្នាឯង” ខ្ញុំថា “អត់មានគ្នាឯងទេ ហែងប៉ូលិស ហែងបង្កគ្រោះថ្នាក់” ខ្ញុំចំណាំតែអាប៉ូលិស ម្នាក់ហ្នឹងទេ។ ពេលគេបង្ហោះព័ត៌មានហ្នឹង គេឡាយ គេស៊ែរទៅ ក្រុមគ្រួសារហ្នឹងចូលទៅខមមិន ចូលទៅឆាតប្រាប់គេថាឱ្យលុបវីដេអូហ្នឹងចេញ អីចេញអ៊ីចឹងណា។ ចូលទៅឆាតឱ្យយើងលុបចេញវិញទៀត។ អ៊ីចឹងបានខ្ញុំថាអត់យល់ ព្រោះអីប្រទេសមានច្បាប់។ មិនមែនយកលុយ ៥-៦ ពាន់ ហ្នឹងមកទិញជីវិតបានទេបងអើយ! យើងមិនមែនដើរឆ្លងកាត់ផ្លូវណា! ខ្ញុំចង់ឱ្យដកតួនាទីហ្នឹងឯងបង!»។
ចំណែក ប្អូនថ្លៃប្រុសរបស់លោកស្រី តែ សម្ផស្ស ដែលរបួសបាក់ឆ្អឹងភ្លៅគឺលោក ហេង ស ថ្លែងថា រហូតមកដល់ពេលនេះ បងស្រីរបស់លោក មិនទាន់ទទួលបានសំណងពីជនបង្កនៅឡើយ ហើយលោកស្រី តែ សម្ផស្ស កំពុងជួបការលំបាកខ្លាំងក្នុងជីវភាព ពុំមានប្រាក់ព្យាបាលជំងឺនោះទេ។ លោកថា បច្ចុប្បន្នលោកស្រី កំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យធំក្នុងខេត្តបាត់ដំបង ដោយខ្ចីប្រាក់ពីឪពុក និងបងប្អូនក្នុងការព្យាបាល។
លោកទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ច ដាក់ទោសលើមន្ត្រីនគរបាលដែលបង្កហេតុនោះឲ្យបានធ្ងន់ធ្ងរ ដោយដកដំណែង និងផ្ដន្ទាទោសតាមច្បាប់ ព្រមទាំងសងសំណងមកឲ្យបងស្រីរបស់លោកឲ្យបានឆាប់ ដើម្បីមានថវិកាក្នុងការព្យាបាលរបួស។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ ដើម្បីឆ្លើយបំភ្លឺជុំវិញរឿងនេះបានទេ នៅថ្ងៃទី ២៣ កញ្ញានេះ ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។ ប៉ុន្តែលោកបានផូសនៅលើគណនីរបស់លោកកាលពីថ្ងៃទី ២២ កញ្ញាថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសំឡូតននេះ បង្កដោយមន្ត្រីនគរបាល ហើយមន្ត្រីជំនាញបានបញ្ចូនសំណុំរឿង និងមនុស្សទៅអយ្យការសាលាដំបូងខេត្តបាត់ដំបងហើយ។
ប្រភពមួយចំនួន បញ្ជាក់ថា មន្ត្រីនគរបាលដែលស្រវឹងស្រាបើករថយន្ត បុកពលរដ្ឋស្លាប់ និងរបួសជាច្រើននាក់នេះ មានឈ្មោះ សឿន ធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំមានជ័យ ស្រុកសំឡូត។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី មានប្រសាសន៍ថា តើពលរដ្ឋអាចមានសុវត្ថិភាពដោយរបៀបណា ខណៈពេលដែលពួកគេស្ថិតនៅក្នុងផ្ទះរបស់ខ្លួន ក៏ត្រូវស្លាប់ និងរងរបួសដោយសារអ្នកបើកបរស្រវឹងនិងជាមន្ត្រីរាជការ ជាអ្នកបង្កបែបនេះ។ លោករៀបរាប់ថា អាជ្ញាធរត្រូវឱ្យក្រុមស៊ើបអង្កេតដែលពាក់ព័ន្ធ ពិនិត្យកាមេរ៉ា សាក្សី និងភស្តុតាងក្នុងរថយន្ត ព្រមទាំងសាកសួរមន្ត្រីទាំងបួននាក់ ដើម្បីរកអ្នកបើកបរពិតប្រាកដ និងកំណត់ការទទួលខុសត្រូវរបស់ពួកគេម្នាក់ៗឲ្យបានច្បាស់។ លោកថា ជនរងគ្រោះត្រូវទទួលបានការព្យាបាល និងសំណងសមរម្យឱ្យបានឆាប់ ហើយមិនត្រូវទុកឱ្យគ្រួសារជនរងគ្រោះដែលបាត់បង់មនុស្សជាទីស្រឡាញ់ ត្រូវរត់សុំទាំងថ្លៃព្យាបាល ទាំងយុត្តិធម៌នោះទេ។
លោក សេង វណ្ណលី៖ «អ្នកបើកបរ ឬក៏បិទបាំងការពិតមែន នោះជាការជាន់ឈ្លីជនរងគ្រោះជាលើកទី២! មន្ត្រីដែលអាចជ្រៀតជ្រែកការស៊ើបអង្កេត គួរត្រូវផ្អាកភារកិច្ចតាមនីតិវិធី ហើយបើរកឃើញកំហុសធ្ងន់ ត្រូវដកតំណែង ឬក៏បណ្តេញចេញ អឺនិងចាត់ការតាមផ្លូវច្បាប់ រួមទាំងអ្នកនៅពីក្រោយការបិទបាំងនេះផង! ការដកតំណែងមិនអាចលាងកំហុសព្រហ្មទណ្ឌបានទេ ហើយសំណងក៏មិនគួរក្លាយជាប្រាក់បំបិទមាត់ជនរងគ្រោះដែរ! បើចង់ឱ្យប្រជាពលរដ្ឋឈប់រិះគន់ ត្រូវដោះស្រាយមូលហេតុដែលនាំឱ្យពួកគេរិះគន់ គឺត្រូវរកការពិត និងផ្តល់យុត្តិធម៌ ដោយកុំឱ្យឯកសណ្ឋាន ឋានៈ ឬក៏ខ្សែបក្សពួកក្លាយជាខែលការពារអ្នកប្រព្រឹត្តខុស បាទ!»។
កន្លងមក ក៏ធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ដែលបង្កឡើងដោយកូនចៅបក្ខពួកអ្នកមានលុយ និងអ្នកមានអំណាចបណ្ដាលឱ្យមនុស្សស្លាប់ ប៉ុន្តែ ជនបង្កទាំងនោះ តែងតែរួចផុតពីការកាត់ទោស ឬរងការផ្ដន្ទាទោសបន្តិចបន្តួចប៉ុណ្ណោះ តាមរយៈឥទ្ធិពលពុករលួយ និងអំណាចគ្រួសាររបស់ជនបង្ក។
ជនរងគ្រោះ និងអ្នកឃ្លាំមើលទទូចឲ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវលើមន្ត្រីដែលប្រព្រឹត្តកំហុសបណ្តាលឲ្យមានមនុស្សស្លាប់ ដើម្បីផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះនិងបញ្ឈប់ការរិះគន់ពីប្រជាពលរដ្ឋ៕









