

ពលរដ្ឋក្រីក្រជាច្រើនបន្តត្អូញត្អែរពីជីវភាពលំបាក ខ្វះខាត និងចោទប្រកាន់មន្ត្រីមូលដ្ឋានថា រើសអើង និងបក្ខពួកនិយម ក្នុងការផ្តល់ជំនួយ និងប័ណ្ឌក្រីក្រ។ ការលើកឡើងនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ។
បើទោះបីជារាជរដ្ឋាភិបាលព្យាយាមបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រក្តី ពលរដ្ឋលើកឡើងថា ជំនួយទាំងនោះ ចែកជូនមិនចំគោលដៅពិតប្រាកដនោះទេ។
ពលរដ្ឋពិការជើងពីវ័យកុមារ លោក លីម លុច រស់នៅឃុំព្រែកអំបិល ស្រុកកោះធំ ខេត្តកណ្តាល ប្រាប់ទូរទស្សន៍អាស៊ីសេរីថា រហូតមកដល់ពេលនេះលោកមិនដែលទទួលបានប្រាក់ឧបត្ថម្ភណាមួយពីខាងរដ្ឋាភិបាលឡើយ ហើយលោកមានតែប័ណ្ឌបញ្ជាក់ពីពិការភាពរបស់លោកមួយប៉ុណ្ណោះ។ លោកថា ប័ណ្ឌពិការដែលអាជ្ញាធរមូលដ្ឋានផ្តល់ឲ្យនោះ មិនបានជួយសម្រួលអ្វីដល់ជីវភាពលោកឡើយ ពោលគឺ នៅពេលឈឺថ្កាត់ម្តងៗលោកត្រូវចំណាយប្រាក់ព្យាបាលជំងឺដោយខ្លួនឯងទាំងអស់ទោះនៅមន្ទីរពេទ្យរដ្ឋក្តី។ លោកបន្តថា លោកកំពុងជួបការលំបាកជាខ្លាំង ដោយសារលោកមិនអាចចេញធ្វើការអ្វីធ្ងន់ដូចអ្នកដទៃបាន ហើយលោកមានបន្ទុកកូន ៣នាក់ដែលត្រូវចិញ្ចឹមផងដែរ។ លោកថ្លែងថា លោកបានត្រឹមលក់ប្រហិតបន្តិចបន្តួចនៅមុខសាលារៀន ដើម្បីដោះស្រាយជីវភាពមួយគ្រាៗ ហើយពេលខ្លះខ្វះខាតក៏សុំម្តាយដែលលំបាកដូចគ្នាមកដោះស្រាយបណ្តោះអាសន្នក៏មាន។
លោក លីម លុច អះអាងថា លោកធ្លាប់បានស្នើសុំប័ណ្ឌក្រីក្រជាច្រើនលើកច្រើនសា ប៉ុន្តែមន្ត្រីភូមិឃុំទាំងនោះ មិនបានផ្តល់ជូនលោក ដើម្បីឲ្យលោកអាចដោះស្រាយបន្ទុកគ្រួសារបានបន្តិចបន្តួចឡើយ។ លោកថា នៅពេលដែលលោកស្នើសុំប័ណ្ឌក្រីក្រ មន្ត្រីទាំងនោះតែងផ្តល់ការលំបាកដល់លោកក្នុងការស្នើសុំឯកសារ ដោយរុញឲ្យលោកស្នើសុំទៅមន្ត្រីភូមិ ហើយមន្ត្រីភូមិរុញឲ្យលោកស្នើសុំពីឃុំ ឬស្រុកវិញ ហើយពេលខ្លះពួកគេ លើកឡើងថា លោកស្នើសុំមិនចំពេលវេលា និងមិនបានជូនដំណឹងឲ្យលោកបានដឹងពីការចុះឈ្មោះធ្វើប័ណ្ឌក្រីក្រឡើយ។
លោក លីម លុច៖ «បើពីលើគេប្រកាសមកហើយ ឱ្យមន្ត្រីភូមិឃុំហ្នឹងឱ្យមើលប្រជាពលរដ្ឋ តែដល់ពេលយើងស្នើសុំ គឺអត់ គេថាគេអត់ធ្វើ ដូចខ្ញុំចឹង ពិការជើងចឹង ហើយនឹងបន្ទុកកូនដល់ ៣នាក់ សង្ឃឹមថាឥឡូវមានប័ណ្ឌក្រីក្រក៏បាន មានស្អីក៏បាន ឲ្យតែអាចនឹង និយាយថា យើងអាចដោះទាល់បានហ្អា៎ បង? ហ្នឹងខ្ញុំក៏ដល់ពេលកូនខ្ញុំ ២នាក់ ឈឺគ្រុនឈាម បានម៉ែគាត់ឱ្យលុយមកឱ្យមើលចៅគាត់ទេហ្នឹង ប្អូនប្រាប់ត្រង់ហ្មង! បើចំពោះខ្លួនឯង គឺអត់ហ្មង!»។
ពលរដ្ឋរើសអេតចាយ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ លោកស្រី ប៉ាក់ ចាន់ណា ថ្លែងថា លោកស្រីធ្លាប់ទទួលបានប័ណ្ឌ «ងាយរងគ្រោះក្នុងអំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ប៉ុន្តែរយៈពេលជិត១ឆ្នាំមកហើយដែលមន្ត្រីអាជ្ញាធរបានផ្តាច់មិនផ្តល់ជំនួយដល់លោកស្រី។ លោកស្រីថា លោកស្រីជាមេបន្ទុកគ្រួសារ ចិញ្ចឹមកូន៣នាក់ ហើយប្តីលោកស្រីមានជំងឺប្រចាំកាយ ដោយត្រូវការព្យាបាលជំងឺជាប្រចាំ ប៉ុន្តែលោកស្រីមិនមានលទ្ធភាពក្នុងការបញ្ចូនប្តីលោកស្រីទៅមន្ទីរពេទ្យឡើយ។ លោកស្រីអះអាងថា ក្នុងស្ថានភាពទំនិញ និងប្រេងសាំងបន្តឡើងថ្លៃ ធ្វើឲ្យលោកស្រីជួបការលំបាកកាន់តែខ្លាំង ដោយសារលោកស្រីរកចំណូលបានតិច។ លោកស្រី ប៉ាក់ ចាន់ណា អះអាងថា លោកស្រីធ្លាប់បានស្នើសុំប័ណ្ឌក្រីក្រពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យបន្តជួយគ្រួសារលោកស្រី ដែលកំពុងខ្វះខាត ប៉ុន្តែមន្ត្រីទាំងនោះ មិនជួយលោកស្រីឡើយ។ ផ្ទុយទៅវិញបែរជាជួយដល់ខ្សែស្រឡាយបងប្អូនរបស់ពួកគេដែលមានជីវភាពធូរធារជាងលោកស្រីទៅវិញ។ លោកស្រីខកចិត្ត និងអស់សង្ឈឹមចំពោះការអនុវត្តកម្មវិធីផ្តល់ជំនួយរបស់មន្ត្រីទាំងនោះ ដែលបក្ខពួកនិយម មិនផ្តល់ជំនួយដល់ពលរដ្ឋក្រីក្រពិតប្រាកដ តែផ្តល់ឲ្យគ្នាឯងទៅវិញ។
លោកស្រី ប៉ាក់ ចាន់ណា៖ «ដូចថា… នេះខ្ញុំចង់សុំ ប័ណ្ឌក្រីក្រដូចគេចឹងណាអ្នកគ្រូ ដើម្បី ឲ្យបានមើលប្ដីខ្ញុំ ហើយឱ្យត ពេលថាដាច់ទៅតទៀត ដាច់ទៅតទៀត កុំដាច់ ហើយអត់បានត ព្រោះប្ដីខ្ញុំជំងឺគាត់ទៅមុខទៀត មានតែថ្ងៃឈឺធ្ងន់ អត់មានថ្ងៃជាទេ។ សូម្បីតែពេទ្យ ក៏ គាត់ថាដែរថា បើសាំងឡើងថ្លៃមួយ ទំនិញស្អីក៏ឡើងទាំងអស់ ហើយបើខាងអេតចាយ គឺអត់ឡើងឲ្យយើង ចឹង យើងរកបានតិច ចំណាយរឹតតែច្រើន។»
ស្ត្រីចំណាស់វ័យ ៧៨ឆ្នាំ លោកស្រី ទិញ គង់ រស់នៅស្រុកកោះធំ ខេត្តកណ្តាល រៀបរាប់ថា លោកស្រីរស់នៅស៊ីឈ្នួលចាក់អង្កាំ ចាក់ស្បៃឲ្យពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយគ្នា ដោយ១ថ្ងៃទទួលបានប្រាក់ឈ្នួល ៥០០០រៀល ហើយពេលខ្លះក៏មិនមានអ្វីធ្វើផងដែរ។ លោកស្រីរស់នៅជាមួយចៅម្នាក់ ហើយពេលទីទាល់ខ្លាំង មិនមានថវិកាចាយវាយ គឺបានអ្នកភូមិដែលជួយយកអាសារ បាយទឹក និងផ្តល់ថវិកាខ្លះពេលឈឺថ្កាត់ ដើម្បីឲ្យលោកស្រីបានទិញថ្នាំ និងព្យាបាលជំងឺជាដើម។ លោកស្រីថា រហូតមកដល់ពេលនេះ លោកស្រីមិនដែលទទួលបានជំនួយ ពីរដ្ឋាភិបាល ឬមន្ត្រីមូលដ្ឋានចុះស្រង់ឈ្មោះឲ្យលោកយាយបានទទួលជំនួយសប្បុរសធម៌អ្វីម្តងឡើយ។ លោកស្រីអះអាងថា លោកស្រីធ្លាប់សុំធ្វើប័ណ្ឌក្រីក្រ ដោយសង្ឃឹមថា អាចទទួលបានជំនួយជាស្បៀង ឬថវិកាបន្តិចបន្តួចទុកដោះបន្ទុក ប៉ុន្តែមន្ត្រីអាជ្ញាធរទាំងនោះលើកឡើងថា លោកយាយមានវ័យចាស់ជរាពេក មិនអាចចុះឈ្មោះបាននោះទេ។
លោកស្រី ទិញ គង់៖ «និយាយត្រង់ ហ្នឹងយើងអត់ពេកណា កូនអើយ! កូនឈឺផង ខ្លួនខ្ញុំហ្នឹងឈឺ ស្មានតែមិនរស់ទេដល់ ហើយ..ទៅសួរគេម្តងហើយ… គេថា យើងចាស់ហើយ គេអត់មានធ្វើទេ ចាស់ៗហួសហើយ… គេធ្វើត្រឹមអាយុស្អី ៥០ ចុះ ទៅ ៥០-៦០ ឡើងមក គេអត់មានធ្វើឲ្យទេ! ថាចឹង ខ្ញុំក៏នៅស្ងៀមទៅ ហើយលែង… ដូចថាអត់ដែរ ទៅរករឿងទៅសួរអីគេទៀតទេ ឈប់ទៅសួររហូត»។
ចំណែក អ្នកលក់ការ៉េមនៅខេត្តកំពត លោក សេង វៃ រៀបរាប់ទាំងសំឡេងខ្សឹបខ្សួលថា លោកគ្មានជំនឿនឹងរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ជំនួយចំគោលដៅ ដើម្បីសម្រួលបន្ទុកដល់ពលរដ្ឋក្រីក្រឡើយ។ លោកថា ទោះបីជាលោកជួបការលំបាកក្នុងជីវភាពស្របពេលប្រេងសាំងឡើងថ្លៃបែបនេះក្តី ប៉ុន្តែលោក នឹងមិនសុំជំនួយពីរដ្ឋាភិបាលដាច់ខាត ដោយសារលោកធ្លាប់រស់នៅក្នុងខ្ទមក្រីក្រ ធ្លុះធ្លាយពីលិចមើលឃើញទៅកើត មិនមានមន្ត្រីអាជ្ញាធរណាសួរនាំ ឬចុះឈ្មោះជួយលោកឡើយ។ លោកលើកឡើងថា មន្ត្រីទាំងនោះពុករលួយជួយតែសែស្រឡាយ សាច់ញាត្តិរបស់ពួកគេប៉ុណ្ណោះ មិនបានដល់ដៃពលរដ្ឋក្រីក្រពិតប្រាកដឡើយ។ លោកថា បច្ចុប្បន្នលោកក៏មិនមានជីវភាពធូរធារឡើយ ប៉ុន្តែលោកអាចមានមុខរបរជិះលក់ការ៉េម តាមផ្ទះ និងតាមដងផ្លូវ ពេលខ្លះលក់ដាច់ ហើយពេលខ្លះលក់ខាតក្តី ប៉ុន្តែលោកនៅតែព្យាយាមបន្តដោយមិនត្រូវការជំនួយពីរដ្ឋាភិបាលមួយនេះឡើយ។ លោកទទូចឲ្យរដ្ឋាភិបាលគួរពិនិត្យមើលមន្ត្រីមូលដ្ឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវក្នុងការផ្តល់ជំនួយទៅជនក្រីក្រ មិនមែនចែកឲ្យបក្ខពួក គ្នាឯងដែលមានជីវភាពធូរស្រាលជាងពលរដ្ឋក្រីក្រពិតប្រាកដនោះទេ។
លោក សេង វៃ៖ «អឺអ្នកដែលចង់បានហ្នឹង ដែលគាត់ក្រពិត អត់ពិតហ្នឹង គឺគាត់អត់បានចឹងណា! ចឹងបានខ្ញុំទទូចទៅដល់រាជរដ្ឋាភិបាលហ្នឹង ឱ្យគាត់ពង្រឹងទៅដល់អឺក្រសួងដែលពាក់ព័ន្ធ ដែលគាត់អឺទៅអឺផ្តល់នូវប័ណ្ឌ ប.ស.ស ឬសមធម៌ជូនដល់ប្រជាពលរដ្ឋ សុំឱ្យគាត់ពិនិត្យ ពិច្ច័យឱ្យច្បាស់លាស់ ហើយឱ្យចំគោលដៅ ថា គាត់ប្រាកដជាអត់ កុំអានៅផ្ទះក្បឿង ២-៣ខ្នង មានឡានជិះ មានម៉ូតូទំនើប ទូរស័ព្ទទំនើប គាត់មានប័ណ្ឌក្រីក្រដែរ! អានេះតាមខ្ញុំមើលឃើញជាក់ស្តែងចឹងមែន!»។
កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ។ រាជរដ្ឋាភិបាលប្រកាសថា ប្រជាពលរដ្ឋចំនួន ជាង ៤លាន ៦សែននាក់ នៅទូទាំងប្រទេសនឹងទទួលបានការឧបត្ថម្ភក្នុងគម្រោងនេះ ចំនួន៤លើក រហូតដល់ចុងឆ្នាំ២០២៦ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន៨ពាន់រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង៤ម៉ឺនរៀលសម្រាប់អ្នករស់នៅទីជនបទ។ លើសពីនេះ សមាជិកគ្រួសារម្នាក់ៗអាចទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥ពាន់រៀលទៀតផងដែរ។ គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យទាំងនោះ អាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ ពីបញ្ជរវីង (WING) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។
ជាក់ស្តែងពលរដ្ឋជាច្រើននៅតែបន្តត្អូញត្អែរនៅលើបណ្តាញសង្គមពីការប្រើប្រាស់ប័ណ្ឌក្រីក្រ ប៉ុន្តែមិនអាចដកប្រាក់បានតាមការប្រកាសរបស់រដ្ឋាភិបាល។
គណនីឈ្មោះ លំហរជីវិត មាស បានបញ្ចេញមតិយោបល់ថា «ខ្ញុំមានប័ណ្ឌងាយរងហានិភ័យនិងគេដែរតែអត់ដែលមាននរណាប្រាប់ឲ្យទៅបើកលុយនឹងគេទេទាំងដែលអ៊ំស្រីខ្ញុំខ្វិនដើរមិនរួចផងខ្ញុំលំបាកវេទនារាល់ថ្ងៃ។»
គណនីឈ្មោះ Oun Na ថា កញ្ញាក៏ដកប្រាក់ដែលរដ្ឋាភិបាលប្រកាសថា ជួយដល់ជនក្រីក្រនោះ មិនបានដែរ ហើយថ្នាក់លើ ដែលសំដៅទៅថ្នាក់ដឹកនាំថា អោយហើយ ម្តេចមិនអោយៗគ្រប់គ្នាទៅចំពោះអ្នកដែលមានប័ណ្ឌនោះ មិនថាចាស់ រឺថ្មី។
រីឯ គណនីឈ្មោះ ហេង សុវណ្ណារិទ្ធ អះអាងថា នៅថ្ងៃទី២៥ កញ្ញា ដែលជាថ្ងៃដំបូងនោះ លោកថា លោកមិនអាចបើកប្រាក់បាននោះទេ។
ចំណែក គណនីឈ្មោះ Ma Nav ថា យាយកញ្ញាមានប័ណ្ណសមធម៌ បើកបានតែលុយប្រចាំខែ៣៤០០០៛ មិនឃើញបើកបានលុយបន្ថែមដែលរដ្ឋាភិបាលផ្តល់ជូននេះទេ។
ក្រៅពីនេះ ក៏មានមតិរបស់ពលរដ្ឋជាច្រើនទៀត ចោទជាចំងល់ និងទទូចឲ្យរដ្ឋាភិបាល ពិនិត្យមើលលើករណីជនពិការដែលមិនអាចបើកប្រាក់បានដួចគ្នា។
កន្លងមករាជរដ្ឋាភិបាល ក៏ធ្លាប់មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដូចជា កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង គ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូនគ្រួសារភៀសសឹកដោយសារសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនជាដើម។ ប៉ុន្តែ កម្មវិធីផ្តល់សាច់ប្រាក់ទាំងនោះ ក៏ធ្លាប់រងការរិះគន់ពីពលរដ្ឋជាច្រើន ពីអំពើពុករលួយ បក្ខពួកនិយម ហើយសាច់ប្រាក់មិនបានដល់ដៃ ឬចំគោលដៅដល់ជនរងគ្រោះជាដើម៕









